ការចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ពីពន្ធនាគារប្រទេសរុស្ស៊ី តែមិនចាត់ការឧកញ៉ា ហ៊ុន តូ និងមន្ត្រីគ្រាក់ៗមួយចំនួនទៀត ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោក និងលាងលុយកង្វក់ ត្រូវបានគេមើលឃើញថា ជាវិធានដែលរដ្ឋាភិបាលគ្រួសារហ៊ុនបិទបាំងបណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា បង្កគ្រោះថ្នាក់ដល់ពលរដ្ឋទាំងមូល។
ការរិះគន់នេះ ចំពេលដែលរដ្ឋាភិបាល បញ្ចេញព័ត៌មានជាសាធារណៈ ពីចំណាត់ការនាំខ្លួន លោក ហេង សិទ្ធី តាមជើងយន្តហោះពីពន្ធនាគាររុស្ស៊ី កាលពីថ្ងៃទី២៤ខែឧសភានេះ ឱ្យមកប្រឈមនឹងតុលាការកម្ពុជា តាមបណ្តឹងលោក ហ៊ុន តូ ក្រោយលោក ហេង សិទ្ធី ទំលាយរឿងអាស្រូវគ្រួសារហ៊ុនថា ជាប់ពាក់ព័ន្ធជាមួយបណ្តេញឧក្រិដ្ឋជនគ្រឿងញៀន និងឆបោកតាមអនឡាញ។
លោក ហេង សិទ្ធី ពេលនេះ ត្រូវបានតុលាការចោទ ពីបទចោទ«គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។
ប្រភពអះអាងថា ការចាប់បញ្ជូនមកកម្ពុជា គឺក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរតាមសំណើរបស់អាំងទែប៉ូល (INTERPOL) កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិក ដើម្បីផ្តល់កិច្ចសហការស្វែងរក និងឃាត់ខ្លួនបុគ្គលឈ្មោះ ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីបន្តនីតិវិធី។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៦ ខែឧសភានេះថា វិធានការចាប់ខ្លួន លោក ហេង សិទ្ធី ដែលតែងតែលាតត្រដាង ពីទង្វើទុច្ចរិតរបស់លោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន ប្រព្រឹត្តិបទល្មើសឆបោក លាងលុយកង្វក់និងបញ្ហាគ្រឿងញៀននោះ ហាក់ឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុន កំពុងកាងការពារឧក្រិដ្ឋជនឆបោកនៅកម្ពុជាយ៉ាងពិតប្រាកដ។
លោកបន្តថា វិធាននេះឆ្លុះបញ្ចាំងផងដែរ ពីអំណាចផ្តាច់ការ ដើម្បីបិទបាំងរឿងអាស្រូវរបស់គ្រួសារអ្នកមានអំណាច ដែលគេរកឃើញថាបានគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលនេះ។
លោកថា៖ «ឆ្លុះបញ្ចាំងពីគ្រួសារហ៊ុនហ្នឹង គឺដឹកនាំប្រទេសការពារពួកឧក្រិដ្ឋជនដែលឆបោកតាមអនឡាញ ឧក្រិដ្ឋជនដែលលាងលុយ ចាប់ជំរិតអ៊ីចឹងណា ហើយអ្នកណាដែលហ៊ានរិះគន់ពីបទឧក្រិដ្ឋទាំងអស់ហ្នឹង ដូចជា ឧកញ៉ា ហេង សិទ្ធី អ៊ីចឹងគឺគេចាប់ខ្លួនសូម្បីតែគាត់ទៅដល់ប្រទេសរុស្ស៊ី ក៏ចាប់បញ្ជូនមកកម្ពុជាដែរ ដូច្នេះអ្នកណាក៏ដោយដែលហ៊ានលាតត្រដាងការពិតនៃបទឧក្រិដ្ឋទាំងអស់ហ្នឹង គឺត្រូវបានរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹងគឺចាប់ខ្លួនដើម្បីមកដាក់ពន្ធនាគារនៅស្រុកខ្មែរ ព្រោះត្រកូលហ៊ុន គឺស្ថិតនៅពីក្រោយខ្នងនៃបទឧក្រិដ្ឋទាំងអស់ហ្នឹង»។
សម្រាប់លោក អ៊ុំ សំអាន បរិបទនេះ បង្កការគំរាមគំហែងដល់សន្តិសុខ សុវត្ថិភាពពលរដ្ឋកម្ពុជា ជាពិសេសបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ជុំវិញបញ្ហាសេដ្ឋកិច្ច ខណៈអន្តរជាតិដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបដឹកនាំផ្តាច់ការនេះ។
លោកថា៖ «ការដឹកនាំផ្តាច់ការរបស់ត្រកូលហ៊ុននេះ គឺជាការដឹកនាំមួយដែលការពារឧក្រិដ្ឋជននៃការឆបោកតាមអនឡាញ និងការចាប់ជំរិត និងការលាងលុយ អ៊ីចឹងវាធ្វើឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ចរបស់កម្ពុជា វាអាចបង្កអសន្តិសុខដល់ពលរដ្ឋខ្មែរនិងជនបរទេស ដែលជាភ្ញៀវទេសចរឬអ្នកវិនិយោគទុននៅកម្ពុជា ដូច្នេះនៅពេលដែលកម្ពុជាក្លាយទៅជាជម្រកនៃពួកឧក្រិដ្ឋជន ហើយជាក្រុមម៉ាហ្វីយ៉ានៅកម្ពុជាពេញទឹកពេញដីហើយ គឺវាប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋ»។
ចំណែក គេហទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី បានបង្ហោះសារនៅថ្ងៃទី២៦ ខែឧសភានេះថា ពេលនេះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដោយមេដឹកនាំបក្សកាន់អំណាចដឹកនាំប្រទេស ជាមេជំនួញឧក្រិដ្ឋកម្មអន្តរជាតិ និងជាមេម៉ាហ្វីយ៉ាស្នូលនៃការរីកសាយឧក្រិដ្ឋកម្ម ឆ្លងចូលតំបន់ និងជាអន្តរជាតិទៅហើយ ។
ប្រភពបន្តថា ជាក់ស្ដែងណាស់ថា កាលណាគណបក្សប្រជាជនកម្ពុជានៃគ្រួសារហ៊ុន នៅបន្តអំណាច នោះប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលជំនួញឧក្រិដ្ឋឆ្លងដែនដ៏ស្អុយអសោចនៅក្នុងពិភពលោក ហើយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺជាអតិថិជនរងគ្រោះនៃជំនួញឧក្រិដ្ឋរបស់គ្រួសារហ៊ុន ។
ប្រភពអះអាងថា ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋខ្មែរ រងគ្រោះកាន់តែធ្ងន់ធ្ងរ ពីជំនួញបោកប្រាស់ និង ឧក្រិដ្ឋកម្មរបស់គ្រួសារហ៊ុនផង ហើយដោយសារតែឧក្រិដ្ឋឆ្លងដែនរបស់គ្រួសារហ៊ុននេះ ប្រជាពលរដ្ឋខ្មែរក៏នឹងរងគ្រោះបន្ថែមទៀត ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម ពីសហគមន៍អន្តរជាតិសេរីប្រជាធិបតេយ្យផង ។
សេដ្ឋកិច្ចកម្ពុជា នឹងរអិលដល់ដំណាក់កាលដួលរលំឆាប់ៗ ពីព្រោះពុំមានអ្នកវិនិយោគត្រឹមត្រូវពីប្រទេសប្រជាធិបតេយ្យសេរីណា ទៅធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដែលមានមេដឹកនាំម៉ាហ្វីយ៉ា ឧក្រិដ្ឋកម្មឆ្លងដែន ដូចត្រកូលហ៊ុននៅកម្ពុជាឡើយ ។
ការណ៍នេះ ក្រុមប្រឹក្សាជាតិតស៊ូ អំពាវនាវឱ្យពលរដ្ឋខ្មែររៀបចំខ្លួន ដើម្បីធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលឧក្រិដ្ឋកម្មឆ្លងដែននៃគ្រួសារហ៊ុន ចេញពីអំណាច។
ប្រទេសកម្ពុជា គឺជារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដូច្នេះត្រូវតែមានរដ្ឋាភិបាលស្អាតស្អំ បម្រើប្រជាពលរដ្ឋខ្មែរ និងការពារជាតិកម្ពុជា ដោយសេចក្ដីស្មោះត្រង់។ រដ្ឋាភិបាលឧក្រិដ្ឋកម្មឆ្លងដែនរបស់គ្រួសារហ៊ុន ត្រូវតែចេញពីអំណាចដាច់ខាត។
VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយជុំវិញការលើកឡើងខាងលើនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ចំណែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ រុញឱ្យទៅសួរអ្នកនាំពាក្យរដ្ឋាភិបាល ដែល VOD មិនទាន់អាចទាក់ទងបាន ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការចាប់ខ្លួនលោក ហេង សិទ្ធី ហាក់បង្ហាញកាន់តែច្បាស់ថា គ្រួសារហ៊ុនកំពុងការពារឧក្រិដ្ឋកម្មឆបោក ដូចករណីអន្តរជាតិរកឃើញថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកឆ្លងដែនអន្តរជាតិ។
លោកថា៖ «យើងចង់ជម្រាបជូនពលរដ្ឋថា មេដឹកនាំក្រុមគ្រួសារហ៊ុនហ្នឹង វាជាមេដឹកនាំផ្ដាច់ការមេដឹកនាំគិតផលប្រយោជន៍ខ្លួនឯង ហើយជាមេដឹកនាំដែលនាំឲ្យប្រទេសកម្ពុជានឹងរងនូវហានិភ័យ ហើយប្រជាពលរដ្ឋរងគ្រោះតជំនាន់ ហើយកម្ពុជាគួរតែចេញក្រោកឡើងទាមទារយុត្តិធម៌ អត់អាចរំពឹងក្រុមគ្រួសារលោក ហ៊ុន សែន ដឹកនាំប្រទេសល្អបានទេ មានតែប្រជាពលរដ្ឋចេញទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង»។
ម្យ៉ាងវិញទៀត លោក ម៉ែន ណាត អះអាងថា វិធានការច្បាប់បែបនេះ ដូចគ្នាទៅនឹងការដឹកនាំផ្តាច់ការនៅប្រទេសកូរ៉េខាងជើង ការពារផលប្រយោជន៍គ្រួសារទោះក្នុងទម្រង់បទឧក្រិដ្ឋក្កី។
លោកថា៖ «ប្រទេសកម្ពុជាយើងបច្ចុប្បន្ននឹងធ្លាក់ទៅដល់ស្ថានភាពស្រដៀងគ្នា នឹងស្ថានភាពនៅកូរ៉េខាងជើង ហើយយ៉ាងហោចណាស់ក៏មានរឿងបីយ៉ាងដែលស្រដៀងគ្នាមែនទែននោះ ទីមួយគឺដឹកនាំប្រទេសបែបគ្រួសារនិយមបក្ខពួកនិយម ទីពីរគឺប្រើបណ្តាញរដ្ឋាភិបាលនិងគំរាមកំហែងឆ្លងដែនគំរាមកំហែងឆ្លងប្រទេស ជាពិសេសគឺធ្វើបាបអ្នកប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី១៩ ខែឧសភា វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយពីការសិក្សាស្រាវជ្រាវមួយរកឃើញថា បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា គាំពារដោយអំណាចគ្រួសារហ៊ុន កំពុងគំរាមកំហែងសន្តិភាពពិភពលោក។
ប្រភពបន្តថា គណបក្សប្រជាជនកម្ពុជា ពេលនេះបានដើរតួនាទីជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាច ប្រមូលលុយពីឧក្រិដ្ឋកម្ម ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុង១ឆ្នាំ ។
ប្រភពបន្តទៀតថា វិទ្យាស្ថាន Humanity Research Consultancy (HRC) រកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងឧកញ៉ាគ្រាក់ៗ ចំនួន២៨នាក់ ក្នុងនោះក៏មាន ឧកញ៉ាជំនិតរបស់គ្រួសារហ៊ុន គឺ លោក លី យ៉ុងផាត់ និងលោក ទ្រី ភាព ដែលថា គឺជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ហើយមានអ្នកបម្រើការងារ ក្នុងឧក្រិដ្ឋកម្មអនឡាញនេះ រហូតដល់ជាង១៥ម៉ឺននាក់ ។
មុខរបរសំខាន់ៗរបស់ពួកគេ ដែលកាងការពារដោយគណបក្សប្រជាជនកម្ពុជា នៃលោក ហ៊ុន សែន ដូចជាបទល្មើសលាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដូរមនុស្សឆ្លងដែន ជាដើម។
ការរកឃើញថ្មីនេះ ហាក់ស៊ីគ្នាទៅនឹងការរកឃើញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋកម្ម (UNODC) ដែលបានចេញផ្សាយកាលពីចុងខែមុនដែរ។
(UNODC) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍មួយ រកឃើញថា កម្ពុជា ជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ាន ប្រព្រឹត្តិបទឧក្រិដ្ឋជួញដូរមនុស្ស និងលាងលុយ បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោកទាំងនោះ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និងខេត្តពោធិ៍សាត់ ហើយពួកឧក្រិដ្ឋជនធ្វើសកម្មភាពឆ្លងដែនទៅប្រទេសឡាវ ភូមា និងហ្វីលីពីន ជាដើម៕









