សាលាឧទ្ធរណ៍តម្កល់​​ការ​ផ្តន្ទោទោស​​លើ​ លោក នី ណាក់ ដោយ​គ្មាន​​សម្អាង​ហេតុ

សាលាឧទ្ធរណ៍ភ្នំពេញ បាន​​​តម្កល់​សេចក្តី​សម្រេច​​របស់​សាលាដំ​បូង​​រាជធានី​ភ្នំពេញ ដែល​​ផ្តន្ទា​​​​ទោស លោក នី ណាក់ ដាក់​ពន្ធនាគារ​​​ចំនួន​២ឆ្នាំ ពាក់ព័ន្ធនឹងបទ ញុះញង់ និង​បរិហាកេរ្តិ៍  ប៉ុន្តែ​តុលាការ​មិនបានសំអាងពីមូលហេតុនៅអំឡុង​​ពេលប្រកាសសាលដីកានោះទេ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការ​ជំនុំជម្រះ​លើបណ្តឹង​សារទុក្ខរបស់ លោក នី ណាក់ សកម្មជនតស៊ូមតិ​ហ៊ានរិះគន់រឿងរ៉ាវសង្គម ដែល​បាន​ប្តឹង​ជំទាស់ទៅនឹង​សាលក្រមរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​សម្រេច​​ផ្តន្ទា​ទោស លោក នី ណាក់ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និង​បទ «​បរិហារ​កេរ្តិ៍​ជាសាធារណៈ ដោយ​កំណត់​ទោស​ដាក់​ពន្ធនា​គារ​ចំនួន ​២ឆ្នាំ ចំពោះ​ការ​បញេ្ចញ​មតិ ដែល​ត្រូវ​បាន​ធ្វើ​ឡើងលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក អំពី​ការ​ដែល​​រដ្ឋាភិ​បាល​​ផ្តល់ដី​នៅ​​ក្នុង​ខេត្ត​កំពត ទៅ​ឱ្យ​បុរសម្នាក់ ឈ្មោះ ហេង សួរ ដែលមាន​ឈ្មោះដូចទៅនឹង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួ​ង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីរៈ ដែលជា​ដើមបណ្តឹង។​

លោក ជូង ជូងី មេធាវីការ​ពារក្តីឱ្យ លោក នី ណាក់ មានប្រសាសន៍​ថា ក្រោយ​បើក​សវនាការ​សួរ​ដេញ​ដោល​លើ​សំណុំរឿងនេះ​រួច ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនៃ​សាលា​​ឧទ្ធរណ៍​ភ្នំ​ពេញលោក អ៊ិត សុធា បាន​ប្រកាស​សាលដីកា​ភ្លាមៗ​​ ដោយ​សម្រេច​តម្កល់សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​។

តែយ៉ាងណា លោក​​ថា ដោយសារ​ពេល​វេលា​ខ្លីពេក ប្រធានក្រុមប្រឹក្សា​រូបនេះ មិនបាន​បញ្ជាក់ពី​មូលហេតុ​នៃការ​សម្រេច​​​បែបនេះទេ។   

លោកមេធាវី ថ្លែង​​ថា៖ «ចំពោះករណី​របស់​លោក នី ណាក់ គឺសាលាឧទ្ធរណ៍សម្រេច​តម្កល់សាល​ក្រម​​របស់​​សា​លា​ដំបូង​រាជ​ធានីភ្នំពេញ​ដដែល។ ដោយសារ​តែ​ពេលវេលាខ្លី សាលាឧទ្ធរណ៍​​អត់បាន​ប្រកាស​សំអាងហេតុ មូលហេតុ​ទេ»។  ​

ជាមួយគ្នានោះ លោក ជូង ជូងី បង្ហាញ​ការ​សោក​ស្តាយ​ចំពោះសាលដីការបស់សាលា​ឧទ្ធរណ៍ ដោយលោកថា ជារឿង​អយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួន ដែលមិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រ​កាន់។

លោកថា៖ «គឺ​មិនបានផ្តល់យុត្តិធម៌ដល់​គាត់[លោក នី ណាក់] ពីព្រោះ​គាត់​អត់មាន​ចេត​នា​ប្រព្រឹត្ត​​អំពើ​ដែល​បំពាន​​ច្បាប់​​ហ្នឹង​​​ទេ ហើយ​​អ្វី​​ជា​ហេតុ​​ផល​ ​ខ្ញុំ​​បាន​​និយាយ​ច្រើន​ណាស់ជូនក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​​ ប៉ុន្តែអ្វីដែល​ខ្ញុំ​ស្តាយ​​គឺ​ក្រុម​ប្រឹក្សា​​ អត់​​បានពិចារ​ណាហេតុ​ផល​ដែល​ខ្ញុំ​លើក​ទៅ»។​

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះ ពី លោក ឃុន លាងម៉េង អនុ​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និងជាអ្នកនាំពាក្យ​ បានទេនៅថ្ងៃអង្គារនេះ។

លោក នី ណាក់ អ្នកអធិប្បាយបញ្ហាសង្គមដោយឥតសំចៃមាត់វ័យ ៤៤ឆ្នាំ ត្រូវ​បានឃុំ​ខ្លួន​ជាបណ្តោះ​អាសន្ន តាំង​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៤ ក្រោយ​ពី​លោក​បាន​បង្ហោះ​​សារ​​នៅ​លើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បាន​សួរ​ទៅ​កាន់​​រដ្ឋាភិ​បាល ដែល​បាន​សម្រេច​ផ្តល់​ដី​ ៩១​ហិកតា ឱ្យ​ទៅ​លោក ហេង សួរ ដែល​លោក ណាក់ បាន​បញ្ជាក់​ថា​ ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ​បច្ចុប្បន្ននេះ។

រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ លោក ហេង សួរ ជាដើ​ម​បណ្តឹង​ក្នុង​ករណី​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ និង​បាន​អះ​អាង​ថា លោក​មិន​មែន​ជា លោក ហេង សួរ ដែល​ត្រូវ​ទទួល​បាន​​ដី ៩១​ហិកតា ដូច​ការ​លើក​ឡើង​នោះ​ឡើយ។ បន្ថែ​ម​ពី​លើទោស​ដាក់​ពន្ធនាគារ លោក ណាក់ ក៏​ត្រូវ​បាន​បង្គាប់​ឱ្យ​សង​សំណង ៣​លាន​រៀល (ប្រហែល ៧៥០​ដុល្លារ) ទៅ​កាន់​តុលាការ និង​ទៅ​ដើម​បណ្តឹងដែល​ជា​រដ្ឋ​មន្ត្រី ចំនួន ២០០​លាន​រៀល (ប្រហែល ៥០ ០០០ដុល្លារ)ផង​ដែរ។ នេះ​បើតាមការ​ឱ្យ​ដឹង​ពី​អង្គការ​សិទ្ធិ​មនុស្សលីកា​ដូ។

លោក ណាក់ ធ្លាប់ត្រូវបាន​ផ្តន្ទា​ទោស និង​ដាក់ពន្ធនាគារ​ចំនួន​ ១៨ខែ រួច​មក​ហើយ ពី​បទ ញុះ​ញង់​ឱ្យ​មាន​ការ​រើង​អើង និង​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ កាល​ពីអំឡុង​​ឆ្នាំ២០២០ ចំពោះ​ការបង្ហោះវី​ដេអូ​នៅ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បែប​លេង​សើច ពី​ការ​ដាក់​មាន់​ក្នុង​ទ្រុង​របស់​លោកក្នុង​ស្ថាន​ភាព​អាសន្ន នៅ​ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយ​លោក​បាន​កែ​ប្រែ​ពាក្យ​ពេចន៍​​របស់លោក​ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងជា​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា។ ក្រោយ​មក​លោក​ត្រូវ​បាន​ដោះ​លែង ហើយ​លោក​នៅ​តែ​បន្ត​អធិប្បាយ​តាម​បណ្តាញស​ង្គម និងនៅក្នុង​ខែ​កញ្ញា ឆ្នាំ២០២៣ លោក ណាក់ ត្រូវបានវាយយ៉ាង​កំរោលដោយ​ក្រុម​បុរស ៤នាក់ ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ និង​ពាក់​មួក​សុវត្ថិ​ភាព ដែល​នេះ​ជា​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ តែ​​​មិន​​ទាន់​​មាន​​ដំណោះ​​ស្រាយ​​នៅ​ឡើយ។

ការវាយប្រហារ​ទៅលើ​លោក នី ណាក់ នាពេលនោះ ត្រូវបាន​អង្គការសង្គម​ស៊ីវិល​​​​​​ផ្នែក​សិទ្ធិមនុស្ស​ ចាត់ទុក​សកម្មភាពនេះថាជាការ​ធ្វើ​ទុក្ខបុកម្នេញ​​​ និង​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​ពិនិត្យ​មើល​ឡើង​វិញ លើ​លំហរ​សិទ្ធិ​សេរីភាព​របស់ លោក នី ណាក់ ដើម្បី​ធានា​​បា​ន​​ថា កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​តាម​រដ្ឋធម្ម​នុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ