តុលាការកំពូលសម្រេចឱ្យបន្តឃុំខ្លួនសកម្មជនសង្គមពីររូប ជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរដូចសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការដៅមុខសញ្ញាចោទប្រកាន់ ជុំវិញចរន្តទាមទារឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោង(CLV) កាលពីប្រមាណជា១០ខែមុន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។
នេះបើតាមការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានបង្ហោះលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
លីកាដូបាននិយាយថា តុលាការកំពូលបាន «សម្រេចច្រានចោលបណ្តឹងស្នើសុំបដិសេធសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់យុវជនពីររូប នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ មានកញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន »។
ប្រភពនោះបញ្ជាក់ថា អ្នកទាំងពីរ ជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលពួកគេបានស្នើតុលាការកំពូល បដិសេធសេចក្តីសម្រេចរបស់សាលាដំបូងភ្នំពេញ ដែលឱ្យបន្តឃុំខ្លួនពួកគេបណ្តោះអាសន្ន។ ប៉ុន្តែថា ការស្នើសុំនេះ ត្រូវបានតុលាការកំពូល បដិសេធកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្រាប់លីកាដូ កញ្ញា រតនា និងលោក ថន មានអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ នៅពេលចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់” យោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ប្រសិនបើត្រូវតុលាការផ្តន្ទាទោស សកម្មជនយុវជនទាំងពីររូបនេះ នឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេលរហូតដល់១០ឆ្នាំ។
កញ្ញារតនា និងលោកថន ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្នរយៈពេល៦ខែទៀត ក្រោយពីឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែរួចមកហើយ។ ការសម្រេចបន្តការឃុំខ្លួនបណ្តោះអាសន្នខាងលើនេះ ក្រោយមកត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
ប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” និង បទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” យោងតាមមាត្រា ៤៩៤ ៤៩៥ និងមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការបញ្ចេញមតិជុំវិញការបណ្តេញចេញយ៉ាងហិង្សាមួយនៅក្នុងខេត្តព្រះវិហារ។
កញ្ញា រតនា លោក ថន និងលោក សារ៉ាយ គឺជាអ្នកជាប់ឃុំក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិ ដែលការបញ្ចេញមតិ និងភាពសកម្មនិយមរបស់អ្នកទាំងនោះ ត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ធ្លាប់និយាយថា ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានគេរៀបចំជាប្រព័ន្ធ ដើម្បីគំរាមកំហែងសំឡេងរិះគន់ និងក្រុមអ្នកនយោបាយជំទាស់។
ប្រព័ន្ធនេះ ធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្ស ប្រកបដោយបរិយាបន្នមួយ។
ក្រោមបរិបទនេះ ការសិក្សាថ្មី ពីស្ថាប័ន្ធអន្តរជាតិនានា រកឃើញថា កម្ពុជាបានក្លាយជាដែនដីនៃបណ្តាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពល គំរាមកំហែងដល់សន្តិភាពពិភពលោក ពលរដ្ឋខ្មែររស់ក្រោមការគំរាមកំហែង ពីបណ្តាញឧក្រិដ្ឋកម្ម ក្រោមការគាំពារពីអំណាចគ្រួសារហ៊ុន៕









