អ្នកនៅ​ជុំវិញ​គ្រួសារ​ហ៊ុន​រង​ការ​ព្រមាន​ពី​ហានិភ័យ​ពាក់​ព័ន្ធ​នឹង​ការ​គាំ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន

ក្រុមអ្នកនយោបាយជំទាស់ ព្រមាន​ថា អ្នក​នៅ​ជុំវិ​ញគ្រួ​សារ​ហ៊ុន នឹង​រង​គ្រោះ​បើ​មិន​ប្រញាប់​ដក​ខ្លួន​ ដោយ​សំអាង​ពី​វិធាន​ពី​សហគមន៍​អន្តរ​ជាតិ ក្រោយ​គេ​រក​ឃើញ​ថា មេដឹកនាំ​កម្ពុជា​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ឧក្រិដ្ឋ​ក​​ម្ម​​​​ឆបោ​ក​ខ្នាត​អន្តរ​ជាតិ គំរាម​កំហែង​ដល់​សន្តិសុខ​អន្តរជាតិ​នោះ។

ការព្រមានបែបនេះ ក្រោយ​មាន​ការ​ទម្លាយ​ចេញ​ជា​បន្ត​បន្ទាប់ ជុំវិញ​ការ​សិក្សាស្រា​វ​ជ្រាវ​រក​ឃើញ​ថា មេដឹក​​​នាំ​កម្ពុជា​​បាន​ក្លាយ​ជា​បណ្តាញ​ឧក្រិដ្ឋ​ជន​ដ៏​មាន​ឥទ្ធិ​ពល ដើម្បី​ប្រមូល​ប្រាក់​ចន្លោះ​ពី​ ១២ពាន់​លានដុល្លារ ដល់​១៩ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំ ដើម្បី​ចិញ្ចឹម​អំណាច បំពាន​រដ្ឋ​ធម្ម​នុញ្ញ និង​បំណង​អន្តរ​ជាតិ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិ លោក សួន សូរីដា ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ​ថា​ ភស្តុតាង​ជា​បន្ត​បន្ទាប់​នេះ​ ​ក៏​ជា​សារ​ដាស់​តឿន​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ថា​ខ្លួន​កំពុង​រួម​ចំណែក​ជាមួយ​ពួក​ឧក្រិដ្ឋ​ជន បំផ្លា​ញ​ប្រជា​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង។

លោកប​ន្ត​ថា សមាជិក​នយោបាយ​បក្ស​កាន់​អំណាច ដែល​មាន​មនសិកា​រជាតិ​ មាតុភូមិ គួរ​តែ​នាំ​គ្នា​ភ្ញាក់​រឭក ធ្វើ​យ៉ាង​ណាជំ​រុញ​មេដឹក​នាំ​របស់​ខ្លួន​ឱ្យ​បញ្ឈប់​ទង្វើ​បំផ្លាញ​ប្រទេស​ជាតិ បំផ្លាញ​នគរ​ខ្មែរ​បន្ត​ទៀត។

លោកស​ង្កត់ធ្ងន់​ថា អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​អំពើ​ឧក្រិដ្ឋ​កម្ម​ដែល​អន្តរ​ជាតិ​រក​ជា​បន្ត​បន្ទាប់​នេះ មិន​មែនតែ​ពលរដ្ឋ​សាមញ្ញ​ទេ សូម្បី​តែ​សមាជិក​បក្ស​ប្រជាជន​ក៏​រងផ​ល​ប៉ះ​ពាល់​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នឹង​រងការ​ស្តី​បន្ទោស​ពី​មហាជន​ខ្មែរ​ទៀត​ផង ថា​រួម​ចំណែកគ​ប់​គិត​ជាមួយ​មេខ្លោង​ឧក្រិដ្ឋ​កម្ម​បំផ្លាញ​ជាតិ។

លោកថា៖ «ពិតមែនហើយ កាលណាគណបក្សកា​ន់អំណាច​មួយ​ ដឹក​នាំ​មិន​ល្អ ដឹក​នាំ​ដោយ​ការ​រក​ឃើញ​នៅស​ហគមន៍​អន្តរ​ជាតិ​ទាក់​ទង​ទៅ​នឹង​ជំនួញ​របរ​រក​ស៊ី​ជួញ​ដូរ​តាម​ប្រព័ន្ធ​អន​ឡាញ​ ចាក់​ស្រេះ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នេះ វាផ​ល​ប៉ះពាល់​ទៅលើ​កិត្តិយ​ស​នៃ​មេដឹកនាំ​គណបក្ស​កាន់​អំណាច ចឹង​ទី​១​វា​ធ្វើ​ឱ្យ​អន្តរ​ជាតិ​គេ​ស្អប់​ខ្ពើម ទី២​គឺ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​ និង​លែង​គាំ​ទ្រ​ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​គិត​ថា​ជា​ការ​ប៉ះ​ពាល់​ទៅ​ដល់​សមាជិក​នៃគ​ណបក្ស​កាន់​អំណាច ពីព្រោះ​វា​បញ្ហា​សំខាន់​ទាក់​ទង​ទៅនឹ​ង​កិត្តិយស​នៃ​ការរស់​នៅ​របស់​គាត់»។

សម្រាប់ លោក សូរីដា យល់ថា សមាជិ​កគណបក្ស​នយោបាយ មក​ចូល​រួម​ធ្វើ​នយោ​បាយ គោល​បំណងគឺ​ដើម្បី​បម្រើ​ជាតិ មាតុភូមិ និ​ងបម្រើ​ប្រជាព​លរដ្ឋ​ម្ចាស់​ឆ្នោត ដូច្នេះ​បើ​ឃើញ​ម្ចាស់​ឆ្នោត​រង​ទុក្ខ ជួប​គ្រោះ គួរ​ណាស់​តែ​រួម​គ្នា​រក​វិធី​ដោះ​ស្រាយ ដើម្បី​ជា​ប្រយោជន៍​សង្គម​ជាតិ និង​ប្រជា​ពលរដ្ឋ​ខ្លួន។

លោកថា៖ «ខ្ញុំគិតថា ទោះ​បី​ជា​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​នៃ​ការ​ដឹក​នាំ ក៏​គាត់​ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត ប្រសិន​បើ​ការ​ដឹក​នាំ​នោះ​វា​ខុស​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក ជាក់​ស្ដែង​ដូច​ជា​អំពើ​អយុត្តិធម៌​នៅ​ក្នុងសង្គម ដូច​ជា​ការ​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បង្ក​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស ហើយ​នឹង​ឆបោក​តាមប្រ​ព័ន្ធ​អន​ឡាញ​ ខ្ញុំ​គិត​ថា នៅ​ក្នុង​ជួរនៃ​គ​ណបក្សកា​ន់​អំណាច​ ក៏​គេ​មិន​ពេញ​ចិត្ត​នូវ​ការ​ដឹក​នាំ​បែប​នេះ​ដែរ ប៉ុន្តែ​សួរ​ថា​តើ​អាការ​មិន​ពេញ​ចិត្ត​របស់​ពួក​គាត់ វា​បាន​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​នៃ​ការ​ដឹក​នាំ​ខេត្តរបស់​មេដឹក​នាំ​គាត់​អត់ ខ្ញុំ​ថា​វា​អត់»។

ចំណែក ប្រធានចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ ដោយ​និយាយថា «សមាជិក​ប​ក្ស​​ប្រជាជន​​ទាំង​អស់ ​ត្រូវ​​ប្រយ័ត្ន​ប្រយែង ​​កុំយក​ខ្លួន​ពាក់​ព័ន្ធ ជាពិសេស​​អ្ន​ក​​នៅ​ក្រៅ​​ប្រទេស ដែល​​មាន​​ទំនាក់​ទំនង​​ជាមួយ​បក្ស​​ប្រជា​ជន មុខ​សញ្ញា​ពិ​សេស អ្នក​ដែល​បាន​ទទួល​លុយ​ពី ហ៊ុន សែន»។

ការ​ស្រាវ​ជ្រាវ​ថ្មីមួយ របស់​​វិទ្យា​ស្ថាន Humanity Research Consultancy (HRC) ចេញ​​ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​​នេះ បង្ហាញ​ថា ប្រទេស​​កម្ពុជា នៅ​ក្រោម​​អំណាច​រដ្ឋា​ភិ​បាល​​គណបក្ស​ប្រជាជន​កម្ពុជា នៃ​គ្រួសារ​ហ៊ុន គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជាពិសេស ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

របាយការណ៍នេះ ចង្អុលបញ្ជាក់​ថា គណបក្ស​ប្រជាជន​​កម្ពុជា ដើរ​​តួនាទី​ជា​អ្នក​ការ​​ពារ​ពួក​​អ្នក​មានអំណាច ឲ្យ​គប់​គិត​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​បរទេស ដើម្បី​ប្រមូល​ប្រាក់​យក​ទៅ​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ដោយ​ពួក​គេ​អាច​រក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ប្រមាណ​ពី ១២,៥​ពាន់​លាន ទៅ ១៩ពាន់​លាន​ដុល្លារ នៅ​ក្នុង​១ឆ្នាំ ។

វិទ្យាស្ថាន Humanity Research Consultancy (HRC) រកឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា​គ្រាក់ៗ ចំនួន ២៨​នាក់ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ឧកញ៉ា​ជំនិ​តរបស់​គ្រួសារហ៊ុន លោក លី យ៉ុង​ផាត់ និង​លោក ទ្រី ភាព ដែរ គឺ​ជា​មេ​បណ្តាញ​ឧក្រិដ្ឋ​កម្មឆ្ល​ង​ដែន​នៅ​កម្ពុជា ហើយ​មាន​អ្នក​បម្រើ​ការ​ងារ​ក្នុង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នេះ រហូត​ដល់​ជាង ១៥​ម៉ឺ​ន​នាក់ ។

ប្រពភពអះអាងថា មុខរបរ​សំខាន់ៗ​របស់​ពួក​គេ ដែល​កាង​ការ​ពារ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៃ​លោក ហ៊ុន សែន រួមមាន​ការ​លាង​​លុយ​​កខ្វក់ ការ​បោក​ប្រាស់​តាម​អន​ឡាញ ល្បែង​អន​ឡាញ និង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន ជាដើម។

ការរកឃើញថ្មីនេះ ហាក់ស៊ីគ្នា​ទៅនឹង​ការ​រក​ឃើញ​របស់​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​​ទទួល​​​បន្ទុក​​ប្រឆាំង​​គ្រឿង​​ញៀន និង​​បទ​​ឧក្រិដ្ឋ​​កម្ម ​(UNODC) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មុន​ដែរ។

​(UNODC) កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២៥ បាន​ចេញ​​ផ្សា​យ​​របាយ​ការណ៍​មួយ រក​​ឃើញ​ថា កម្ពុជា ជា​​មជ្ឈ​មណ្ឌល​​ឆបោក​​អន​​ឡាញ​​ធំ​ជាង​​​គេ​​នៅ​​​តំប​ន់​​អា​ស៊ាន ប្រព្រឹត្តិ​បទ​​ឧក្រិដ្ឋ​ជួញ​ដូរ​​មនុស្ស និង​លាង​​លុយ បង្ក​កា​​រ​​គំរាម​កំហែង​​ដល់​ប្រ​ទេស​ក្នុង​តំបន់ និង​ពិភព​លោក។

ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោក​ទាំង​នោះ ត្រូវ​បាន​រក​​ឃើញ​នៅ​ខេត្ត​​ព្រះ​​សី​ហនុ រាជ​ធានី​ភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និង​ខេត្ត​ពោធិ៍​សាត់ ហើយ​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​សកម្ម​ភាពឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ ភូមា និង​ហ្វីលីពីន ជាដើម។

លើសពីនេះ កាល​ពី​ថ្ងៃទី​​១ ខែ​ឧសភា ឆ្នាំ​២០២៥​ ក្រសួង​រតនា​គា​​ជាតិ​​អាមេរិក បាន​រក​​ឃើ​ញ​​ថា ក្រុម​​ហ៊ុន ហួយ​​វ័​ន​គ្រុប របស់​​ឧកញ៉ា ហ៊ុន តូ ក្មូយ​​ប្រុស លោក ហ៊ុន សែន មាន​​ជាប់​​ពាក់​​ព័ន្ធ​​​បទ​​ឧក្រិដ្ឋ​​កម្ម​លាង​​លុយ ហើយ​​ថា ក្រុម​​ហ៊ុ​ន​​នេះ​ កំពុង​​ជ្រៀត​​ចូល​​ក្នុង​​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​​អាមេរិក​​ផង​ដែរ។

បើតាមប្រភពដដែល ចាប់​​ពី​ខែ​សីហា ឆ្នាំ​​២០២១ ដល់​​ខែ​មករា ឆ្នាំ​​២០២៥ បុត្រ​​​សម្ព័ន្ធ​​របស់​​ក្រុម​ហ៊ុនអ្នកឧកញ៉ា ហ៊ុន តូ ​​នេះ បាន​​លាង​​លុយ​​កខ្វក់​​​ចំនួន​ ៤ពាន់​​លាន​​ដុល្លារ ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​​ជន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសេនត៍ បញ្ជាក់​​ក្នុង​​របាយ​​ការណ៍​​ថា ក្រុម​​ហ៊ុន​ហួយ​​វ័ន​​គ្រុប​របស់ លោក ហ៊ុន តូ ធ្វើ​​អាជីវកម្ម​​ឱ្យ​ពួ​​ក​ចោរ​​បច្ចេក​​វិទ្យា​នៅ​​កូរ៉េ​​ខាង​​ជើង និង​​ពួក​ឧក្រិដ្ឋ​ជន​​ផ្សេង​​ទៀត ដែល​លួច​​លុយ​​ពី​​​ពលរដ្ឋ​​អាមេរិក​​រាប់​​ពាន់​​លាន​​ដុល្លារ​ជា​​រៀង​​រាល់​​ថ្ងៃ។

បន្ថែមលើនេះ លោកថា ការដាក់វិធានការលើក្រុមហ៊ុន​ហួយវ័ន​​គ្រុប មិន​​ឱ្យ​​ចូល​​​ទៅ​​​ក្នុង​​​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​​អាមេរិក​​នៅ​​​ពេល​​នេះ ដើម្បី​​បិទ​​ច្រក​កុំ​​ឱ្យ​​ឧក្រិដ្ឋ​​ជន​​ធ្វើ​​សកម្មភាព​លាង​លុយ​បាន​ទៀត។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បាន​ច្រាន​ចោល។ លោក​ប្រាប់​​VOD កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ថា បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆបោក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធាន​ការ​ជាបន្ត​បន្ទាប់ គ្មាន​ហេតុ​ផល​ណា ដែល​ថា រដ្ឋាភិបាល​នៅ​ពី​ក្រោយ​បណ្តាញ​ពួក​ឧក្រិដ្ឋ​ជន​ទាំង​នោះ​ទេ។

លោកថា៖ «យើង​យក​ពាក្យ​អ្នក​ឃ្លាំមើល​នោះ​វា​អត់​បាន​ការ​ទេ ពួក​ហ្នឹង​ចេះ​តែថា​​ទេ ថា​បែប​និន្នា​ការនយោបាយ​ហ្នឹង ហើយ​ពួក​ហ្នឹង​មែន​ទើប​ថា​ណា ថា​យូរ​ហើយ​តើ ដែល​ចោទ​ឯកឧត្តម ហ៊ុន តូ គេ​ចោទ​យូរ​ហើយ បញ្ហា​សំខាន់​មិន​មែន​សំដៅ​លើ​ឯកឧត្តម ហ៊ុន តូ ទេ គឺគា​ត់​ចង់​បាញ់​មក​សម្តេច ហ៊ុន សែន»។

ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា ក្រោម​ការ​ដឹក​នាំ​របស់គ្រួសារ​ហ៊ុន មិន​ថា​តែ​ពលរដ្ឋ​ខ្មែ​រ​ស្នេហា​ជាតិ​ទេ​ដែល​រង​គ្រោះ សូម្បី​សមាជិក​បក្ស​ប្រជាជន​ផ្ទាល់ ក៏​អាច​រង​គ្រោះពី​ទ​ណ្ឌ​កម្ម​របស់​អន្តរ​ជាតិ​ផង​ដែរ។

លោកលើកជាឧទាហរណ៍ សមាជិកគណបក្ស​ប្រជាជន​កម្ពុជា មិន​ក្រោម​ពី​៣០​នាក់​ទេ ដែល​អន្តរ​ជាតិ ​ជាពិសេស​អាមេរិក​បន្ត​ដាក់​ទណ្ឌ​កម្ម បង្កក​​ទ្រព្យ​សម្បត្តិ ដូច​ជា​ឧកញ្ញា លី យ៉ុងផាត់ និង​លោក ហ៊ីង ប៊ុនហៀង​ ជាដើម។ លោកថា ទាំង​នេះ​គឺ​ជាកា​រ​រួម​ចំណែក​បំផ្លាញ​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្លួន​ឯង ដោយ​បន្តឈរ​ឱប​ដៃ​មើល​ក្រុម​គ្រួសារ​ហ៊ុន​យក​ទី​ដី​កម្ពុជា ធ្វើ​ជា​ជម្រក​ចិញ្ចឹម​ពួក​ឧក្រិដ្ឋ​ជន ដើម្បី​បំផ្លាញ​ប្រទេស​ជាតិ​ទាំង​មូល។

លោកថា៖ «ការដែលមិនហ៊ានអើពើរបស់សមាជិក​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ហ្នឹង ទៅ​លើ​ទង្វើ​មិនត្រឹម​ត្រូវ​ក្នុង​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ក្រុម​គ្រួសារ​លោក ហ៊ុន សែន ហ្នឹង​ជាក់​ស្តែង​ណាស់​ គឺចូល​រួម​ចំណែក​ក្នុង​ការ​បំផ្លិច​​បំផ្លាញ​ជាតិ​ខ្លួន​ឯង​ហើយ ឧទាហរណ៍​ដូច​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​រដ្ឋធ​ម្ម​នុញ្ញ​នៃ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជា​ធិប​តេយ្យ ដល់​ពេល​ លោក ហ៊ុន សែន រំលោភ​រដ្ឋ​ធម្ម​នុញ្ញប្រព្រឹត្ត​អំណាច​អនុវត្ត​អំណាច​តាម​ទំនើង​ចិត្ត​ អ្នក​គាំ​ទ្រ​អ្នក​សមាជិក​គណបក្ស​កាន់​អំណាច​ទៅ​មិន​មាត់មិន​ក​ទៅ​តាម​តែ​ លោក ហ៊ុន សែន ទៅ​អ៊ីចឹង​ធ្វើ​ឲ្យ​ខុស​រដ្ឋ​ធម្ម​នុញ្ញ»។

យ៉ាងណា បន្ទាត់នយោបាយគ្រួ​សារហ៊ុន ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​នេះ ត្រូវ​បាន​​គេ​មើ​​ល​​ឃើញ​​ថា​ បាន​ធ្វើ​​ឱ្យ​កម្ពុជា​​ក្លាយ​​ជាសំ​បុក​ពួក​ឧក្រិដ្ឋ​ជន បន្សល់​ទុក​ជន​រង​គ្រោះ​ច្រើន​លាន​នាក់ ពី​ប្រព័ន្ធ​យុត្តិ​ធម៌ ដែលទាំងអស់​​នេះ ត្រូវបានក្រុមអ្នកមាននិន្នាការប្រឆាំងអះអាងថា ពលរដ្ឋកម្ពុជានឹងបន្តរងគ្រោះគ្មានទីបញ្ចប់ បើគ្មានចរន្តផ្តាស់ប្តូរ តាមរយៈការ​បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​តាមគន្លងប្រជាធិបតេយ្យទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ