ជនរងគ្រោះ​ចាញ់​បោក​អ្នក​ស្រី ឡេង ចា​ន់​ណា ឡើង​មក​ទាម​ទារ​យុត្តិធម៌​នៅ​ភ្នំពេញ

ក្រុមជនរងគ្រោះចាញ់​បោក​អតីត​ឧកញ៉ា​ ឡេង ចាន់​ណា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​ ដើម្បី​ទាម​ទារ​ឱ្យ​ពន្លឿន​យុត្តិធម៌​ពួក​គេ​ជាង​ ៥ពាន់​​គ្រួសារ បាន​សំណង​ដោះ​សា្រយ​វិបត្តិ​បំណុល ដោ​យ​​​ថា​វិបត្តិ​នេះ​កំពុង​គំរាម​ជីវិត​ពួក​គេ មាន​អ្នក​ខ្លះ​បែក​បាក់​គ្រួសារ ខ្លះ​ទៀត​ឈឺ​ធ្ងន់​ និង​កូនៗ​បោះ​បង់​ការ​សិក្សា ជាដើម។

បើតាមក្រុមជនរង​គ្រោះ ឱ្យ​ដឹង​ថា សកម្មភាព​ជួប​ជុំ​គ្នា​នេះ ធ្វើ​ឡើង​រយៈ​ពេល​២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ និង​បាន​ដាក់​លិខិត​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធិ ​អន្ត​រាគមន៍​រឿង​ក្តី​ពួក​គេ​បន្ទាន់​ផង​ដែរ។

ក្នុងលិខិតនោះ បញ្ជាក់ថា ពួកគេជាជនរ​ងគ្រោះ​​ដោយ​សារ​ក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធី​វើលដ៍ ចំនួន៥០៨០​គ្រួសារ បច្ចុប្បន្ន​មាន​ការ​លំបាក​ធ្ងន់​ធ្ងរ​ ដោយ​សារ​ពុំ​មាន​លទ្ធភាព​បង់​ប្រាក់​ទៅ​ឱ្យ​ធ​នា​គារ​​តទៅ​ទៀត​ទេ ក្រោយ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ទូទាត់​ការ​ប្រាក់​រយៈ​ពេល​២៥​ខែ​ហើយ។

ក្នុង​លិខិតនោះ​ សរសរ​ក្នុង​ន័យ​ដើម​ថា៖ «បញ្ហា​នេះហើ​យ​ដែល​ធ្វើ​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ឈឺចាប់​ជា​ពន់​ពេករក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដែល​ធ្វើ​ឱ្យ​យើង​ខ្ញុំ​បែក​បាក់​គ្រួសារ​ប្តី​ប្រពន្ធ​កូន​ចៅ ខ្លះ​ឈឺ​ស្លាប់ ខ្លះ​ឈឺ​ធ្ងន់ កូន​ចៅ​ពុំ​បាន​រៀន​សូត្រដោយ​សារ​តែ​វិបត្តិ​បំណុល​ ដោយ​សា​រក្រុម​ហ៊ុន ប៊ីលាន​ស៊ីធី​វើលដ៍ ឯ.ក នេះ»

ជន​រង​គ្រោះ​ម្នាក់ លោក អៀ សុផល ដែល​​ចាញ់​​បោក​​លុយ​​ជិត​​២ម៉ឺន​​ដុល្លារ ជា​​លុយ​​ខ្ចី​​ធនាគារ ប្រាប់​​VO​D​​បន្ថែម​ថា បច្ចុប្បន្ន​លោក​បាន​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​បាន​លុយ​ដោះស្រាយ​វិបត្តិ​បំណុល និង​ទាម​ទារ​ឱ្យ​ក្រសួង​ជួយអ​ន្តរាគមន៍​រឿ​ង​ក្តី​នេះ​បន្ទាន់​ផង​ដែរ។

លោកថា៖ «ពួក​ខ្ញុំ​ផ្ទាល់​ស្នើទៅ​កាន់ ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​គាត់​ហ្នឹង​ជួយ​ដោះ​ស្រាយ​រឿង​គម្រោង​ឧកញ៉ា ឡេង ចាន់ណា ដែល​ជន​រង​គ្រោះ​ឥលូវ​ហ្នឹង ​គឺ​មាន​​ទុក្ខ​លំបាក​ខ្លាំង​មែន​ទែន​រាល់​ថ្ងៃ​នេះ។ ខ្លះ​ទៀត​ក៏​បែក​បាក់​គ្រួសារ​ប្រពន្ធ​កូន​ចៅ មាន​អ្នក​ខ្លះ​ទៀត​ក៏​លក់​ដី​ស្រែ​ចម្ការ ​ឡាន ម៉ូតូ ផ្ទះ​សម្បែង​អស់​ហើយ! ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រា​យ​ទេ ពួក​ខ្ញុំជាជ​ន​រង​គ្រោះ​ទាំង​អស់​គ្នា​ហ្នឹង​ គឺអ​ស់​ទីលំនៅ​ហើយ»។ 
VOD មិនអាច​សុំកា​រ​ឆ្លើយ​តប​ពី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​នៅ​ឡើយទេ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ។

ជុំវិញ​រឿង​នេះ នាយក​ទទួក​បន្ទុក​កិច្ច​ការ​ទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា​ ហាក់​អស់​ការអត់​ធ្មត់​ក្នុង​ការ​រងចាំ​យុត្តិ​ធម៌​​ជា​ច្រើន​​​ឆ្នាំ​​ទៅ​នេះ ទើប​សម្រេច​ចិត្ត​ប្រមូល​ផ្តុំ​គ្នា​បែប​នេះ ហើយ​ថា​ពួក​គេ​ក្រៅ​ពី​រង​គ្រោះដោយ​សារ​ចាញ់​បោក​ហើយ ក៏​កំពុង​រង​គ្រោះ​បន្ថែម​ក្រោម​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​ផង​ដែរ។

លោក​ថា៖ «ប្រសិន​ជាការអូសបន្លាយកាន់​តែ​យូរ​ទៅ​ ពលរដ្ឋ​ដែល​ចាញ់​បោក​ហើយ​រង​គ្រោះ នឹង​កាន់​តែ​រង​គ្រោះ​បន្ត​ទៀត​ អាច​ឈាន​ទៅ​ដល់​បាត់​បង់​ទ្រព្យ​សម្បត្តិ​ដីធ្លី​ ឬ​ក៏​អាច​នឹង​ត្រូវ​បាន​លក់​ ដើម្បី​សង​ទៅ​ធនាគារ ឬ​ក៏​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ក៏ឯកជន។ ហើយ​បើសិ​ន​ជា​មិនមា​នល​ទ្ធភាព​ទៀត ពួក​គាត់​អាច​ក្លាយ​ទៅ​ជា​អ្នក​ចំណាក​ស្រុក! ឬ​ក៏​វិបត្តិ​គ្រួសារ​ដែល​អាចកើត​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ ដូច្នេះ​ករណី​នេះ ខ្ញុំ​យល់​ឃើញ​ថា តុលាការ​គួរ​តែ​ពន្លឿន​នីតិវិធី​ដើម្បី​ដោះ​ស្រាយ​សម្រាប់ពួក​គាត់»។

អតីត​ឧកញ៉ា ឡេង ចាន់​ណា ធ្លាប់​​ប្រា​ប់​​ពលរដ្ឋ​​មុន​​ពេល​​ជាប់​​ពន្ធនាគារ​​ថា ក្រុម​​ហ៊ុន​​ខ្លួន​​មាន​នាយក​​រ​ដ្ឋ​មន្រ្តី​​កម្ពុជា លោក ហ៊ុន ម៉ាណែត ជា​ខ្នង​បង្អែក។

អ្នកស្រីថា៖ «និយាយ​ពាក្យបង្ខូច​បង្កាច់​​សមាគម បង្ខូ​ច​​បង្កាច់​​ពួ​ក​ខ្ញុំ។ សូម​ពុក​ម៉ែ​បង​​ប្អូន​ថត​​រូប​​បុគ្គល​រូប​​នោះ​​ឱ្យ​​បាន​ឱ្យ​ខ្ញុំ ឱ្យ​​ពួក​ខ្ញុំ​​យល់​​ទេ ទាំង​អស់​គ្នា។ ខ្ញុំ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ហ៊ាន​និយាយ ព្រោះ​ពួក​ខ្ញុំ​ទាំង​អស់​ក៏​មាន​សិទ្ធិ​ការ​ពារ​នៅ​កេរ្តិ៍ឈ្មោះ​របស់​ពួក​ខ្ញុំ​ដែរ ជាពិសេស​សមាគម​ដែល​បង្កើត​ឡើង​ដោយ​ឯកឧត្ដម ហ៊ុន ម៉ាណែត ទៀត»។

យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត តាម​​រយៈ​សេច​​ក្តី​​បំភ្លឺ​ព័ត៌​មាន​​នៅ​ថ្ងៃ​​ទី២១ ខែ​​កុម្ភៈ ឆ្នាំ​២០២៤ បញ្ជាក់​ថា ខ្លួន​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​សកម្ម​ភាព​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់​​ណា ទេ​ខណៈ​គ្មាន​ស្ថាប័ន​ជំនាញ​​បើក​កា​រ​ស៊ើប​​អង្កេត​​លើ​​កូន​​ប្រុស លោក ហ៊ុន សែន រូប​​នេះ​​ទេ ក្រៅ​ពី​​ការ​ចេញ​​លិខិត​បំភ្លឺ​មួយ​ច្បាប់​នេះ។

ក្រោយមក លោក ហ៊ុន ម៉ាណែត ក៏បញ្ជាឱ្យ លោក គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិ​បាល ជួយ​ការ​ពារ​ក្តី​ដល់​ជន​រង​គ្រោះ​ តែ​១ឆ្នាំ​ទៅ​នេះ ជន​​រង​គ្រោះនៅ​តែ​មិន​ទទួល​បាន​សំណង​មកវិញ​ទេ ខណៈ​ពួក​គេ​បាន​លក់​ដី​ស្រែ ខ្លះចំ​ណាក​ស្រុក​ និង​ខ្លះ​ស្លាប់​ដោយ​សារ​គ្មាន​លុយព្យាបាល​ជំងឺ​ក្រោយ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ។

ដោយឡែក កាលពីសប្តាហ៍មុន ពោល​គឺ​កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា ជន​រង​គ្រោះ​ចាញ់​បោកអតីត​ឧកញ៉ា ហ៊ី គឹម​ហុង វិញ ក៏​បាន​ប្រមូល​​​ផ្តុំ​​​គ្នា​​នៅ​​មុខ​​ក្រសួង​​យុត្តិ​ធម៌ ទាម​​ទារ​​ឱ្យ​រដ្ឋាភិ​បាល​ចាប់​​បង្ខំ​​​ឱ្យ​​មេ​ឆបោក​​សង​លុយ​​ពួក​គេ​​វិញ ខណៈ​វិបត្តិ​បំណុលធ្វើ​ឱ្យ​​​​​​ពួក​​គេ​​បាន​​​ស្លាប់​​​កើន​​ដល់២៧​​នាក់ ដែល​ខ្លះ​ធ្វើ​អត្ត​ឃាត និង​ខ្លះ​ទៀត​ស្លាប់​​ដោយ​សារ​គ្មាន​លុយ​ព្យាបាល​​ជំងឺ។

ជាការកត់សម្គាល់ ក្នុងអាណត្តិដឹកនាំរបស់ លោក ហ៊ុន មាណែត ជិត​២ឆ្នាំទៅ​នេះ មាន​ករណីបោក​ប្រាស់​ធំៗ​ជាច្រើន​​​បាន​ផ្ទុះ​ឡើង ក្រោម​ដៃ​ឧកញ៉ា​ខិល​ខូច​ស្និទ្ធិ​គ្រួសារ​ហ៊ុន ធ្វើ​ឱ្យ​ជន​រងគ្រោះ​​​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​គ្មាន​ការ​ពារ​ពី​ស្ថាប័ន​រដ្ឋ។

ក្នុងនោះមានពលរដ្ឋយ៉ាង​ហោច​ណាស់ ៣ម៉ឺន​​នាក់ ​រង​គ្រោះដោយ​សារ​គម្រោង​​​អចល​​ទ្រព្យ ​ដូច​​ជា​ចាញ់​បោក​អតីត​​ឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់​ណា ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុម​ហ៊ុន CIC និង​​ក្រុម​​ហ៊ុន​​ភូមិ​​ខ្មែរ​គ្រុប​នៅ​​ខេត្ត​​ស្វាយ​រៀង ជាដើម ខណៈជនឆបោកទាំងនោះតែងតែបង្ហាញខ្លួនស្និទ្ធនឹងមេដឹកនាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ