មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជាប្រចាំទិសប្រាសាទព្រះវិហារ លោក ស្រី ឌឹក បានអះអាងថាទាហានខ្មែរម្នាក់ឈរជើងនៅជួរមុខបានស្លាប់ ដោយសារទាហានថៃបានធ្វើការវាយប្រហារ មកលើកងទ័ពកម្ពុជា នៅថ្ងៃទី២៨ខែឧសភានេះ ខណៈសារព័ត៌មានថៃមួយចំនួនចុះផ្សាយការប៉ះទង្គិចគ្នានេះ គ្មានភាគីណារងរបួស និងស្លាប់ទេ។
សារព័ត៌មានថៃ The Nation Thailand ចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភានេះថា មានករណីប៉ះទង្គិចគ្នា នៅព្រំដែនឆុងបុក ខេត្ត Ubon Ratchathani និងខេត្តព្រះវិហារ កម្ពុជា រវាងកងទ័ពថៃនិងកម្ពុជា ប៉ុន្តែមិនមានសេចក្តីរាយការណ៍ចំនួនអ្នករងរបួសទេ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ ករណីប៉ះទង្គិចគ្នា ភាគីទាំងពីរបានប្រើប្រាស់អាវុធបាញ់គ្នា រយៈពេល១០ ទៅ១៥នាទី នៅវេលាម៉ោងប្រមាណ ៥:៤០នាទី ឈានចូលថ្ងៃទី២៨ខែឧសភានេះ ប៉ុន្តែភាគីទាំងពីរមិនមានរងរបួសនោះទេ។
យ៉ាងណា ប្រភពបានអះអាងថា ហេតុការណ៍នេះ បណ្តាលមកពីភាគីទាហានថៃ រកឃើញថា ភាគីកម្ពុជាបានជីកដីឬប្រឡាយ ធ្វើឱ្យភាគីថៃមិនពេញចិត្ត។ ប៉ុន្តែករណីនេះ ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សដោយគ្មានការរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ប្រភពបន្តថា កងកម្លាំងថៃទាំងអស់ មានសុវត្ថិភាព ហើយប្តេជ្ញាដោះស្រាយដោយសន្តិវិធី និងផ្តល់តម្លៃដល់ទំនាក់ទំនងដ៏រឹងមាំជាមួយកម្ពុជា ដើម្បីរក្សាស្ថិរភាពព្រំដែន និងសន្តិភាពជូនប្រជាជននៃប្រទេសទាំងពីរ។
លើសពីនេះ សារព័ត៌មានមួយទៀតឈ្មោះ Bright TV Thai បានរាយការណ៍ដូចគ្នាពីការប៉ះទង្គិចគ្នាដោយអាវុធរយៈពេលខ្លី រវាងទាហានកម្ពុជា និងទាហានថៃ នៅតាមព្រំដែននេះ។
លោកថា៖ «ថ្មីៗនេះ មានហេតុការណ៍ការប៉ះទង្គិចគ្នាដោយអាវុធរយៈពេល១៥នាទី នៅបរិវេណព្រំដែនកម្ពុជាថៃ[ ឆុងបុក ខេត្តអ៊ុកប៊ុនរាជធានី..]. មុនឈានដល់ការព្រមព្រៀងគ្នាឈប់បាញ់ដោយទាហានថៃបន្ទាប់ពីមានភាគីមេបញ្ជាការរងទាហានកម្ពុជា លោក ថុល សុវណ្ណ បានទូរស័ព្ទមកចរចាមកខាងមេបញ្ជាការទាហានថៃ ឱ្យទាំងសងខាងបញ្ឈប់ការបាញ់ប្រហារនៅវេលាម៉ោង ៥ៈ៤៥នាទីព្រឹក ទើបទាហានទាំងសងខាងក៏បានបញ្ឈប់ការបាញ់ និងពង្រាយទាហានតាមចំនុចព្រំដែន»។
ជុំវិញការផ្ទុះអាវុធនេះ ព័ត៌មានដើមអម្ពិលបានដកស្រង់សម្តី លោក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់មកដល់ពេលនេះ ភាពស្ថិតក្នុងភាពតានតឹង ក្នុងសភាពប្រឈមមុខដាក់គ្នា។
បើតាម លោក ស្រី ឌឹក នៅព្រឹកម៉ោងប្រមាណ៥:៣០នាទី ទាហានថៃបានធ្វើការវាយប្រហារកងទ័ពកម្ពុជា ដែលឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នាប្រមាណជិតកន្លះម៉ោង។
ជុំវិញការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនេះ VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាពីលោក ឈុំ សុជាតិ បានទេគិតត្រឹមថ្ងៃទី២៨ខែឧសភានេះ។
ដោយឡែក តំណារាស្ត្រគណបក្សប្រឆាំង លោក សួន សូរីដា បានសរសេរសារបង្ហោះលើហ្វេសប៊ុកលោកនៅថ្ងៃទី២៨ ខែឧសភានេះ គាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបដើម្បីបុព្វហេតុទឹកដី។
លោកនិយាយក្នុងន័យដើមថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងជាអតីតអ្នកតំណាងរាស្ត្រ គាំទ្រដល់កងទព័កម្ពុជា និងរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតប ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរយើង»។
លើសពីនេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន ធ្លាប់បានជំរុញឱ្យមេដឹកនាំកម្ពុជា ប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទាំងដែលសមុទ្រ និងដីគោក ដើម្បីទប់ទល់មហិច្ឆតាឈ្លានពានទឹកដី ពីប្រទេសជិតខាង។
បើតាម លោក អ៊ុំ សំអាន មានតែការប្រើយន្តការអន្តរជាតិទេ ទើបអាចទប់ទល់មហិច្ឆតាបរទេសឈ្លានពានបាន និងធានាមិនឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធ ក្នុងជម្លោះព្រំដែន ដូចដែលកម្ពុជាឈ្នះក្តីថៃ នៅតុលាការអន្តរជាតិ ករណីប្រាសាទព្រះវិហារ ។
ប៉ុន្តែយ៉ាងណា បក្សកាន់អំណាចកម្ពុជា អះអាងថា បញ្ហាព្រំដែន ខ្លួននឹងបន្តប្រើយន្តការចរចាទ្វេភាគី ដូចដែលបានធ្វើជាង២០ឆ្នាំទៅនេះ ទោះគណបក្សប្រឆាំងអះអាងថា យន្តការនេះ ធ្វើឱ្យថៃលេបទឹកដីខ្មែរជាបន្តបន្ទាប់ ដូចជា រំលោភយកប្រាសាទតាមាន់តូចទាំងស្រុង និងមួយផ្នែកនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រួមទាំងកោះគុតជាដើម៕









