អ្នកកាសែត​​​អនឡាញម្នាក់ចូល​​​​បំ​ភ្លឺនៅតុលាការ ​ក្រោម​បណ្តឹង​​​របស់​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង

អ្នកសារព័ត៌មាន​អនឡាញម្នាក់​ នៅថ្ងៃពុធនេះ បាន​​ចូល​​ទៅ​បំភ្លឺ​នៅ​​សាលា​​ដំបូង​​ខេត្ត​ស្វាយ​​រៀង ក្រោយ​​រដ្ឋបាល​​ខេត្ត​​មួយ​នេះ បាន​ប្តឹង​រូប​គាត់ ពាក់​ព័ន្ធ​នឹង​ការ​​ចោទ​ពី​​​​បទ ញុះ​ញង់ បរិហារ​​​កេរ្តិ៍ និ​​ង​​ជេរប្រមាថ​ជាសាធារណៈ ក្រោយ​ពី​អ្នក​សារ​ព័ត៌​មាន​​រូ​ប​នោះ រាយ​ការណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​​ក្នុ​ង​​គម្រោង​​ដេញ​ថ្លៃ​​ជួសជុល​ផ្លូវ​​នៅ​ឃុំ​ច្រេស។

យោងតាមដីកា​កោះរ​បស់​តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្តស្វាយរៀង ជូរ៉ា អង្គប្រទាន ចុះថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​កោះហៅ​លោក ផាត់ ហ៊ន ជាអ្នកសារព័ត៌មាន ចូលទៅបំភ្លឺនៅថ្ងៃទី​២៨ ខែ​ឧសភា ជុំវិញ​ដំណើររឿង បរិហាកេរ្តិ៍ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់ឱ្យ​មានការ​រើស​អើង ប្រព្រឹត្ត​នៅ​ខេត្ត​ស្វាយរៀង តាមរយៈការផ្សព្វផ្សាយ​​ជា​សាធារណៈ តាមបណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក ដោយមានគណនីសារព័ត៌មាន​ឈ្មោះ KH Plus News កាលពីថ្ងៃទី​២៩​ ខែ​មេសា ឆ្នាំ​២០២៥ តាមបណ្តឹងរបស់​មេធាវី​ឈ្មោះ ជី កុសល។

លោក ផាត់ ហ៊ន ជាអ្នកសារព័ត៌មាន​អនឡាញ KH Plus News បានថ្លែង​នៅ​មុខ​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​បន្ទាប់ពីចូល​បំភ្លឺរួចថា ដើម​បណ្តឹង​​ដែល​ប្តឹង​​រូប​លោកនោះ គឺ​រដ្ឋបាល​ខេត្ត​ស្វាយ​​​រៀង ដែល​ការ​ប្តឹង​នោះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​​បា​ន​​ផ្សព្វ​ផ្សាយ​រឿង​ភាព​មិន​ប្រក្រតី​​​ក្នុងកា​រ​​ដេញ​​​ថ្លៃ​​​ធ្វើ​​ផ្លូវ​​នៅ​​​ឃុំ​ច្រេស ដែលមាន​ការ​​ចែក​លុយ​ចែក​កាក់​គ្នា​​ក្រោយ​ការ​​ដេញ​ថ្លៃ​​ធ្វើ​​ផ្លូវ។

លោក​បន្តថា ក្នុងអំឡុងពេល​សាកសួរនោះ តំណាង​​អយ្យការបាន​សួរ​ដេញ​ដោល​ជុំវិញ​ការ​ផ្សព្វផ្សាយព័ត៌​មា​ន​​របស់​លោក នៅលើគណនីហ្វេសប៊ុក​សារព័ត៌មាន KH Plus News នោះ ដែល​លោកថា លោក​បានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋ ហើយក៏បាន​ធ្វើ​សេចក្តីរាយការណ៍​​រឿង​នេះ ដើម្បីឱ្យថ្នាក់ដឹកនាំខេត្តឬស្ថាប័ន​ពាក់ព័ន្ធ​ ពិនិត្យនិងដោះស្រាយ​ជូនពលរដ្ឋ​ក្នុងមូល​ដ្ឋាន។

លោកនិយាយ​​ថា៖ «​ប្រសិន​​​បើ​ខ្ញុំ​​[ផ្សាយ​]ខុស ​ប្រាប់​​ខ្ញុំទៅ ​ខុស​​កន្លែង​ណា​​ ពេល​ខ្លះ​ខ្ញុំកូនគាត់ ខ្ញុំ​​​ម៉េច​ដឹង​កូន​ខុស ពេលខុសកន្លែងណា ប្រាប់ខ្ញុំមក ខ្ញុំសុំទោស​ ដើម្បីបញ្ចប់រឿង​ ដើម្បីធ្វើការ​ទាំងអស់គ្នា[] រឿងមិន​មែន​ធំដុំ​ណា រឿង​លុយឃុំ រឿង​យើង​ការ​ពារ​ទាំង​អស់គ្នា​តើ ប្រជាពលរដ្ឋ​មានសិទ្ធិតាមដាន និង​ការ​ពារ​ដែរ រឿង​ដេញថ្លៃ[ធ្វើ​ផ្លូវ​] គេ​ប្រកាស​ជា​សាធារណៈដើម្បីដេញ​ថ្លៃជា​សាធារណៈ ចឹងប្រជាពលរដ្ឋ​មានសិទ្ធិ​តាមដាន មានសិទ្ធិ​ថត ​ ថតហើយគាត់​មិនហ៊ានផ្សាយ ឱ្យ​អ្នក​កា​សែត​ផ្សាយ​ទៅ គាត់​តាមដានហើយការ​ពារ​​​លុយ​របស់​គាត់​តើ​ លុយឃុំរបស់គាត់ លុយការ​អភិវឌ្ឍរបស់គាត់​តើ គាត់មិនចង់បាន​ខែ​វស្សា​[ផ្លូវ​]ប៉​ប៉ិច​ប៉ប៉ាច់ ខែប្រាំង​ហ៊ុយ​ជុក គាត់មិន​ចង់​បាន​អញ្ចេះ​ទេ»

​លោក ផាត់ ហ៊ន បាន​ស្នើ​ដល់សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ទម្លាក់​ចោទ​បណ្តឹង​​នេះ កុំចាត់​ការ និង​ស្នើ​ដល់​រដ្ឋបាល​​ខេត្តស្វាយរៀង បន្ទន់​ឥរិយាបទ​ដោយ​ដកពាក្យបណ្តឹងដែល​ប្តឹង​រូប​លោក​​​នេះ​វិញផង​ដែរ។

វីអូឌី មិនអា​ចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអភិបាល​ខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា និង​មេធាវី​ដើមបណ្តឹង លោក​ ជី កុសល បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៥នេះ គណនីហ្វេសប៊ុក​ KH Plus News ព័ត៌មានសង្គម បាន​បង្ហោះសារ​​ជុំវិញកា​រដេញថ្លៃធ្វើ​ផ្លូវ​នៅឃុំច្រេសថា ក្នុងន័យ​ដើមថា៖ «តើ​ជាកំហុស​អ្នក​ណា​ ខាង​ឃុំ​ទទួលស្គាល់ថា ខាងក្រុមហ៊ុន​ឃុបឃិត​គ្នា​ធ្វើ​ស៊ីលុយ​បដិភាពឃុំសង្កាត់ ប្តឹង​ទៅ​ខេត្ត ដើម្បីសុំដេញថ្លៃ​សារជាថ្មី​ បែរ​ជា​មន្ត្រី​មួយចំនួននៅ​សាលា​ខេត្ត​កាន់​ជើង​ខា​ងក្រុមហ៊ុន​ទៅ​វិញ​ តើមូលហេតុអ្វី​បញ្ជាក់ខ្ញុំ​នឹង​តាមដាន​រឿងនេះ»។

បើតាម​លិខិតបំភ្លឺរបស់​រដ្ឋបាល​ឃុំច្រស ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានលើកឡើង​ថា ការ​ដេញថ្លៃគម្រោង​​​មូលនិធិឃុំ ជួសជុលផ្លូវ​ដីក្រាលថ្មបំបែក ប្រវែង​ ២៣០០ម៉ែត្រ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ចំនួនជាង ៣០៨លានរៀល (៣០៨ ៨៨០ ៣៨៦រៀល)នេះ នៅភូមិ​ត្រពាំង​ធ្លក​ ឃុំ​ច្រេស​ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង មានក្រុមហ៊ុនចំនួន ៣ដាក់សំណើរ ហើយជា​លទ្ធផល​បាន​ទៅក្រុមហ៊ុន ប៊ុន ថាន​ សំណង់​កូន​ខ្មែរ​ឯ.ក ដេញថ្លៃបាន​។ ការដេញថ្លៃនោះធ្លាប់បានរៀបចំម្តង​រួចមក​ហើយនៅដើមខែ​មេសា នៅសាលា​ស្រុកចន្ទ្រា ប៉ុន្តែ​មានតែ២ក្រុម​ហ៊ុន​ដែលដាក់ដេញថ្លៃ មិនគ្រប់​កូរ៉ុម ទើប​មានការ​ដេញថ្លៃជា​ថ្មីនៅ​ឃុំ​ច្រេស កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។​

រដ្ឋបាលឃុំ​ច្រេស បដិសេធទាំងស្រុង​ចំពោះការ​ផ្សាយព័ត៌មាន​មិន​ពិត​​ដែលថា ការ​ដេញថ្លៃ​ជួស​​ជុល​​​ផ្លូវ​នោះ មានការ​រៀបចំ​ទុកជាមុន និងគប់គិត​ជា​លក្ខណៈប្រព័ន្ធ​ និងមានការ​សូកប៉ាន់​ជាមួយ​ក្រុមហ៊ុន។

បើតាម​អ្នកសារព័ត៌មាន​អនឡាញ លោក ផាត់ ហ៊ន នេះមិនមែន​ជា​លើក​ទី​១ទេ ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀង បានប្តឹង​រូបលោក​ទៅតុលាការ គឺមានបណ្តឹង​ពីរបីរួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ