ប្រព័ន្ធច្បាប់នៅ​កម្ពុជា​រង​ការ​រិះ​គន់​ថា​មាន​ទម្រង់​ជា​បង​ធំ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ធ្ងន់​ធ្ងរ

វិធាន​ការ​ចាប់​ចង​អ្នក​ទម្លាយ​រឿង​អាស្រូវ​ពុក​រលួយ និង​អ្នក​រិះ​គន់​ដើម្បី​ស្ថាបនា​សង្គម ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទម្រង់​ជាក្រុម​ម៉ាហ្វី​យ៉ា ឬ​ហៅ​ថា​«ក្រុម​ជន​អន្ត​ពាល» ដែល​នឹ​ងប​ង្ក​ការ​គ្រោះ​ថ្នាក់​ដល់​អ្នក​ស្និទ្ធ​នឹង​មេដឹក​នាំ​ផង​ដែរ បើ​ពួក​មិន​ចូល​រួម​កែ​លម្អ​ប្រព័ន្ធ​យុតិ្តធម៌​ទាន់​ពេល​ទេ​នោះ។

ការ​​រិះគន់​​នេះ ចំពេល​​ដែល​​រដ្ឋាភិ​បាល​បញ្ចេញ​​ព័​ត៌មា​​​ន​​​ជា​សាធារណៈ ពី​​ចំណាត់​​ការ​​នាំ​​ខ្លួន លោក ហេង សិទ្ធី តាម​​ជើង​​យ​ន្ត​ហោះ​​ពី​ពន្ធនា​គារ​រុស្ស៊ី កាល​​ពី​ថ្ងៃទី​​២៤​​ខែ​ឧសភា​នេះ ឱ្យ​មក​ប្រឈម​នឹង​តុលា​ការ​កម្ពុជា តាម​បណ្តឹង​​លោក ហ៊ុន តូ ក្រោយ​​​លោក ហេង សិទ្ធី ទំលាយ​រឿង​​អាស្រូវ​គ្រួសារ​​ហ៊ុន​​ថា ជាប់​​ពាក់​​ព័ន្ធជា​មួយ​​បណ្តេញ​​ឧក្រិដ្ឋ​ជន​​គ្រឿង​​ញៀន និង​ឆបោក​តាម​អន​ឡាញ។

លោក ហេង សិទ្ធី ពេលនេះ ត្រូវបានតុលាការ​ចោទ ពី​បទ​​​​«គំរាម​​កំហែង​​​ហែក​​​កេរ្តិ៍ ​មាន​​​ស្ថាន​​ទម្ងន់​​ទោស» ប្រព្រឹត្ត​​​​នៅ​​ប្រទេស​​​កម្ពុជា ក្នុង​​ខែ​​វិច្ឆិកា ឆ្នាំ​​២០២៤ បទ​​ល្មើស​​ព្រហ្ម​ទណ្ឌ​​ដែល​​មាន​​ចែង​ឱ្យ​​ផ្ដន្ទាទោស​តាម​​បញ្ញត្តិ​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ។

តែយ៉ាងណា ​ករណី លី រតនរស្មី និង​ពេជ្រ គីម​ស្រ៊ិន ពាក់​​ព័ន្ធ​នឹង​​សំណុំ​​រឿង​​ឃាត​កម្ម​​បាញ់​​សម្លាប់​​តំណាង​រាស្រ្ត​ លោក លិម គិមយ៉ា លើ​​ទឹក​​​ដី​ថៃ​នោះ ជិត​៥​ខែ​​ទៅ​​នេះ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន​ ហាក់​ស្ងៀម​ស្ងាត់ គ្មាន​វិធានកា​រ​លើ​សំណុំ​រឿង​នេះ​នោះ​ទេ។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ​ថា វិធាន​ការ​ចាប់​ចង​និង​ផ្តន្ទា​ទោស​មនុស្សតា​ម​ទំនើង​ចិត្ត ​​តាម​​ការ​ចង់​បាន​របស់​ដឹក​នាំ​ដូច​បច្ចុប្បន្ន​ មិន​មែន​ជា​ទម្រង់​នៃ​ការ​អនុវត្ត​ច្បាប់​ទេ។ តែផ្ទុយវិញ លោក​ថា ប្រព័ន្ធ​នេះ វា​ដូច​ទៅ​នឹង​សង្គម​ម៉ាហ្វី​យ៉ា​ច្រើន​ជាង។

លោក​ព្រមាន​ថា ប្រព័ន្ធ​នេះ កុំ​ថា​ឡើយ​អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លា​​ប់ទម្លាយ​​រឿង​អាស្រូ​វ​ពុក​រលួ​យ​គ្រួ​សារ​​ហ៊ុន សូម្បី​មន្ត្រី​ស្និទ្ធ​នឹង​មេដឹក​នាំ ក៏​នឹង​រង​គ្រោះ​នៅ​ថ្ងៃ​ណា​មួយ​ដែរ បើ​គ្រួសារ​ហ៊ុន​លែង​ត្រូវ​ការ បើ​ពួក​គេ​មិន​ប្រញាប់​ចូល​រួម​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌​ទាន់​ពេល​ទេ​នោះ។

លោកថា៖ «ដូច​អ្វីដែលលោក កែម ឡី គាត់​ធ្លាប់​និយាយ​មុន​ចឹង អ្នក​ណា​ក៏​អាច​រង​គ្រោះ​ដែរ ក្រោយ​អំណាច​គ្រួសារ​ហ៊ុន ឱ្យ​តែ​អ្នក​នោះ​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ត្រកូល​ ហ៊ុន សែន ហ្នឹង​រង​គ្រោះ​ដូច​ឧកញ៉ា​ ហេង សិទ្ធី ជាដើ​ម បើ​មិន​ចាប់​ឃុំ​ខ្លួន​ធ្វើ​ទុក្ខ​បុក​ម្នេញ ក៏​គេ​បាញ់​សម្លា​ប់​ចោល ចឹង​ពួក​គេ​គួរ​តែ​ផ្លាស់​ប្ដូរ​ត្រកូល​ហ៊ុន​ចេញ​ទៅ ទើប​អាច​រួច​ខ្លួន»។

សម្រាប់លោក អ៊ុំ សំអាន យល់ថា ដរាបណា មេដឹកនាំផ្តាច់ការ​គ្រួសារ​ហ៊ុន​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ បាន​តាមទំនើង​​​ចិត្ត មន្ត្រីក្នុងជួររដ្ឋាភិបាលក៏រងគ្រោះដែរ បើគ្រួសារហ៊ុនចង់កម្ចាត់ ដែល​ការណ៍​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​​ត្រូវ​លុត​ក្រាប​គ្រួសារ​ហ៊ុន​តជំនាន់​ទើប​បាន​សុខ។

លោកថា៖ «លី រតន​រស្មី និង​ពេជ្រ គិម​ស្រ៊ិន ដែលគប់​គិត​​ក្នុង​​ការ​ស​ម្លាប់​លោក លិម គិម​យ៉ា គឺ​អ្នក​ណា​ក៏ដោយ​ដែល​រិះ​គន់​រដ្ឋាភិបាល​ហ្នឹង គឺ​ត្រូវ​របប​ត្រកូល​ហ៊ុនហ្នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ក៏​ចាប់​ដាក់​ពន្ធនា​គារ​ឬសម្លាប់​ចោល​ដូច​ លោក លិម គិ​ម​យ៉ា អញ្ចឹង បន្ទាប់​ពី​សម្លាប់​ហើយ​គឺ​ឃាតករ​និង​អ្នក​ដែល​គប់​គិត​ហ្នឹង​មិន​ត្រូវ​បាន​ចាប់​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ យើង​ឃើញ​ជាក់​ស្តែង​អ៊ីចឹង ហើយ​មួយ​ទៀត​ដោយ​សារ​ឧកញ៉ា ហេង សិទ្ធី ជា​អ្នក​លាត​ត្រដាង​បទ​ឧក្រិដ្ឋ​នៃ​ការ​បង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាម​អន​ឡាញ​ ការលាង​លុយ​ ការ​​ចាប់​ជំរិត​ហ្នឹង​ អ៊ីចឹង​អ្នក​ណា​ដែល​ហ៊ាន​រិះ​គន់​ពី​បទ​ឧក្រិដ្ឋ​ទាំង​នោះ គឺ​គេចា​ប់​ដាក់​គុក​ហើយ ទោះ​នៅ​ទីណា​ក៏​ដោយ»។

ចំណែក ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជាលោក ហុង លីម និយាយថា មេដឹកនាំកម្ពុជាសព្វថ្ងៃ បានក្លាយជាមេដឹកនាំម៉ាហ្វីយ៉ា ឬអន្ធពាល បំពានច្បាប់ ធ្វើអ្វីតាមទំនើងចិត្ត គឺមិនខ្វល់ពីសុខទុក្ខរបស់រាស្រ្តនោះទេ។លោកថា ទាំងនេះជាហានិភ័យសម្រាប់ពលរដ្ឋខ្មែរ។

លោកថា៖« យើង​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទៅ​ទៀត វា​អស់​ពាក្យ​និយាយ អារ​បប​ដឹក​នាំ​ក្រុង​ភ្នំពេញ​ហ្នឹង វា​មិន​មែន​ជា​របប​ទេ របប​ហ្នឹង​វា​គ្រប់​គ្រង​គ្រប់​បែប​យ៉ាង គឺ​ថា​វា​អស់​សាច់ អស់​និយាយ​ម៉ង គឺ​ថា​វា​មិន​មែន​ជា​មនុស្ស មិន​មែន​ជា​រដ្ឋាភិ​បាល គឺ​ពួ​ក​ម៉ា​ហ្វីយ៉ា បោក​ប្រាស កិប​កេង ចាប់​ចាក់​វៃ​ដំ គឺ​ថា​ស្រេច​តែ​ចិត្ត ដូច​​ករណី​សម្លាប់​លោក កេម ឡី  ជា វិជ្ជា ឈុត វុទ្ធី គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​ទេ ក្រៅ​ពី​មេដឹក​នាំ​កាន់​អំណាច ឬ​មន្រ្តី​មាន​អំណាច»។

វីអូឌី មិន​អាច​រកប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ ដោយ​លោក​​មិន​លើក​ទូរសព្ទ ប៉ុន្តែ​កន្លង​​ទៅ​លោក ហ៊ុន សែន ធ្លាប់​បង្ហាញ​ការ​ប្តេជ្ញាចិ​ត្ត​ការ​ពារ​យុត្តិធម៌ ​និង​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ។

លោក​ថា៖ «ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូល​ព្រះប​ង្គំ​ខ្ញុំ​សូម​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ ដើម្បី​ដឹក​នាំ​បច្ចុប្បន្ន​ ក្នុង​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ យើង​បាន​ការ​ពារ​យ៉ាង​មុត​មាំ​លើ​រដ្ឋ​ធម្ម​នុញ្ញ​របប​រាជា​និយមលទ្ធិ​ប្រជាធិប​តេយ្យ​ សេរី​ពហុ​បក្ស និង​នីតិ​រដ្ឋ»។

ដោយឡែក ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​លោក​ កាល​ពីថ្ងៃ​ទី​២៦ ខែ​ឧសភា​នេះ​ ដោយ​និយាយ​ថា ពលរដ្ឋ​ខ្មែរ​​មិ​ន​ពិបា​ក​​យល់​​ទេ​ អ្ន​ក​ណា​​ក៏​ដោយ ​​​​ឱ្យ​​តែ​​ប៉ះ​ពាល់​ដល់​​ផលប្រយោជន៍​​ក្រុម​គ្រួសារ​ហ៊ុន គឺ​ត្រូ​វ​​តែ​​រង​គ្រោះ​​អយុត្តិ​ធម៌​​​ជា​បន្ត​បន្ទាប់ ដូច​ជា​​ករណី​អតីត​ឧកញ៉ា ហេង សិទ្ធី ជាដើម។

​ប្រភព​បន្ត​ថា រដ្ឋាភិបាល​ត្រកូលហ៊ុន ​តាម​ចាប់​​លោក ហេង សិទ្ធី ​ពី​ប្រទេស​រុស្ស៊ី​មក​​ប្រទេស​​កម្ពុជា​ ដោយ​សារ ​លោក ហេង សិទ្ធី បើក​​កកាយ​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​របស់​ឧកញ៉ា ហ៊ុន តូ ឆបោក​អន​ឡាញ ចាប់​ជំរិត​ និង​ការ​លាង​លុយ​កខ្វក់ ។

បណ្តាញ​ព័ត៌មានចិនផ្សាយថា កម្ពុជាកំពុង​ក្លាយជាគោល​ដៅ​នៃ​ឧស្សាហ​កម្ម​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺ​ណិ​ត និង​ជា​មជ្ឈមណ្ឌល​នៃ​សេដ្ឋកិច្ច​បោក​ប្រាស​សកល ដ៏​ធំ​នៅ​តំប​ន់អា​ស៊ី​អាគ្នេយ៍ ដែល​អាច​បើក​​ផ្លូ​វ​​ឱ្យ​​​​​ម​ន្រ្តី​ក្រាក់ៗ និ​ង​​ជា​មនុស្ស​ដែល​ស្និទ្ធ​របស់​លោក ហ៊ុន សែន អាច​កើប​លុយ​បាន​រាប់​ពាន់​លា​ន​​ដុ​ល្លា​រ ពី​អំពើ​ឆបោក និង​​ឧ​ក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នេះ តាម​រយៈ​ការ​លាង​លុយ​កខ្វក់ រត់​ពន្ធ​គ្រឿង​ញៀន និ​​ង​ការ​ជួ​​ញ​​​ដូ​រ​មនុស្ស ជា​ពិសេស​ល្បែង​អន​ឡាញ។

តាមរយៈការចេញផ្សាយដោយ​កាសែត South China Morning Post កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២​០​២​៥ រក​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​​ពេ​​ល​​នេះ​ បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​​បណ្តាញ​ឧ​ក្រិដ្ឋ​​កម្ម​​​​​ដ៏​​​ធំ​បំ​​ផុត​​នៅ​លើ​ពិភព​លោក។

លោក ចាកុប ស៊ីម (Jacob Sims) ជាអ្នកជំនាញ​ខាង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​សន្តិសុខ​ក្នុង​តំបន់ ដែល​​​ចុះ​​សិ​​ក្សា​ស្រាវ​ជ្រាវ​ករណី​នេះ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ប្រឹក្សា​ស្រាវ​ជ្រាវ​មនុស្ស​ជាតិ​ ​ដែ​ល​​ផ្តល់​មូល​និធិ​ដោយ​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា យូអ៊ិន អូឌីស៊ី (UNODC) រក​ឃើញ​ថា ឧក្រិដ្ឋ​​កម្ម​ដែ​ល​ប្រើ​​​ប្រាស់​ប្រទេស​កម្ពុជា ជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស គឺ​ក្រុម​ឧក្រិដ្ឋ​ជន​បាន​វិវត្តន៍​ខ្លួន​បា​​នយ៉ា​​ង​​ឆាប់​​រ​ហ័ស​​ពី​​ការ​ផ​លិត និង​ចែក​ចាយ​​គ្រឿង​ញៀន ប្តូរ​ទៅ​ជា​បើក​របរ​កាស៊ីណូ​ដោយ​​គ្មាន​ច្បាប់ និង​​ល្បែ​ង​​អន​​ឡា​​ញ​​។

មិ​ន​ត្រឹ​​​ម​តែប៉ុ​ណ្ណោះ ពេលនេះ ប្រទសកម្ពុជាបាន​ក្លាយ​ជាទីតាំ​​ងដែល​មា​ន​កា​រ​ក្លែង​​ប​​ន្លំ និង​​កា​របោក​ប្រា​ស់​តា​ម​អ៊ីនធឺ​ណេត ទៅ​ជា​ខ្នាត​ឧស្សាហ​កម្ម​ដ៏​ធំ​ជាង​គេ​ ទាំង​នៅ​ថ្នាក់​តំបន់ និ​ង​​​ពិ​​ភព​​​លោ​ក ដែល​បើ​ក​ដំ​ណើ​រ​ការ​ដោ​យ​បណ្តាញ​អ្នក​ជួញ​ដូរ​មនុស្ស ក្រុម​អ្នក​លាង​លុយកខ្វក់ អ្នក​ជំនា​ញ​​ផ្នែ​ក​ប​ច្ចេ​ក​​វិទ្យា និង​ថែម​ទាំង​មាន​​ឈ្មួញ​កណ្តាល​ទិន្ន័យ​ថែម​ទៀត​ផង។

យ៉ាងនេះក្តី មន្ត្រីពាក់ព័ន្ធរួមទាំង លោក ហ៊ុន តូ ជា​សែ​ស្រឡាយ​គ្រួសារ​ហ៊ុន មិ​ន​ត្រូវ​បាន​ចាត់​វិ​ធាន​ការ​ច្បាប់​ទេ តែ​អ្នក​ដែល​ទម្លាយ​រឿង​អាស្រូវ​ដើម្បី​កែ​លម្អ​សង្គម​ទៅ​ជា​អ្នក​រង​គ្រោះ និង​រ​ង​ការ​ចោទ​ពី​តុលាការ​កម្ពុជា​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ