ការដែលពលរដ្ឋរស់​ក្រោម​សម្ពាធ​បំណុល​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​មក​ពី​ប្រព័ន្ធ​ពុក​រលួយ

ក្រុមអ្នកនយោបាយ​ជំទាស់ បាន​លើក​ឡើង​ពី​​ភា​ព​ចាំបាច់ ដែ​ល​ពលរដ្ឋ​​ខ្មែរ​ត្រូវ​ចូល​រួម​គ្នា ជំរុញ​ច​រន្ត​​ផ្លា​​ស់ប្តូរ​​មេដឹក​នាំ ដើម្ប​រើ​ខ្លួន​ពី​ការ​គំរាម​កំហែង​ពី​បណ្តាញ​ឧក្រិដ្ឋ​ជន និង​វិបត្តិ​បំណុល ដោយ​សំអាង​ថា ពេលនេះ កម្ពុជា​បាន​ក្លាយ​​ជា​មជ្ឈ​មណ្ឌល​ឧក្រិដ្ឋ​កម្ម​ឆបោក ក្រោម​ការ​ដឹក​នាំ​​របស់​គ្រួសារ​ហ៊ុន។

ការលើក​ឡើង​នេះ ចំពេល​ដែល​ស្ថាប័ន​អន្តរជាតិ បាន​ចេញ​ផ្សាយ​របាយ​ការណ៍ក្នុ​ង​ខែ​​ឧស​ភា​​នេះ អះ​អាង​​ពី​​កា​រ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ថា កម្ពុជា​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នៃ​ឧក្រិដ្ឋ​កម្ម​ឆបោក​ឆ្លង​ដែន ក្នុង​​ទម្រង់​​ធ្ងន់​​ធ្ងរ គាំពារ​ដោយ​គ្រួសារ​ហ៊ុន។

តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយ​លើ​​ហ្វេស​ប៊ុ​​ករបស់​​លោក ​នៅ​ថ្ងៃ​ទី​​២៨ខែ​​ឧស​​ភា​នេះ​ថា កម្ពុជា​ក្រងើប​មុខ​មិន​រួច ដោយ​សារ​តែ​រដ្ឋាភិបាល ចិញ្ចឹម​មន្ត្រី​ជាន់​ខ្ពស់ រាប់​ពាន់​​នាក់ ​ ភា​គ​ច្រើ​​ន​ដេក​ស៊ី បង្កើត​ប្រព័ន្ធ​ពុក​រលួយ​ជញ្ជក់​ឈាម​រាស្ត្រ។

លោក អ៊ុំ សំអាន បាន​គូស​បញ្ជាក់​ថា សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ប្រទេស​សិង្ហ​បុរី​មាន ១៨នាក់ រីឯ​កម្ពុជា​មាន​ស​មា​ជិក​គណៈ​រដ្ឋ​មន្រ្តី​ ៤៤​នាក់ និង​រដ្ឋលេខា​ធិការ អនុ​រដ្ឋលេខាធិ​ការ ទី​ប្រឹក្សា និង​ជំនួយ​ការ​ជិត​ ១ម៉ឺន​នាក់ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​កម្ពុជា​​ក្រ​​ងើប​មុខ​មិន​រួច។

លោកសំអាងថា ក្រងើបមុខមិនរួច ដោយ​សារ​រដ្ឋាភិបាល​យក​លុយ​ជាតិ​ទៅ​បើក​ប្រាក់​ខែ ចិញ្ចឹម​មន្រ្តី​ជាន់​ខ្ពស់​រាប់​ពាន់​នាក់​ទាំង​នោះ ហើយ​ថា​ភាគ​ច្រើន​ពួក​គេ «ដេក​ស៊ី និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ជញ្ជក់​ឈាម​រាស្រ្ត ហេតុ​នេះ​ហើយ ទើប​កម្ពុជា​នៅ​តែ​ក្រី​ក្រ​និង​ងើប​មុខ​មិន​រួច»។

លើសពីនេះ លោកថា ប្រព័ន្ធដឹកនាំ​ដែលញាំញីដោយអំពើពុករលួយ និ​ង​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច ឬ​គ្មាន​ប្រជាធិប​តេយ្យ​នោះ ទ្រព្យ​សម្បត្តិ​ជាតិ​ស្ទើរ​ទាំង​អស់​រួម​ទាំង​កម្ចី​បរទេស ធ្លាក់​ក្នុង​ដៃគ្រួ​សារ​អ្នកមាន​អំណាច រីឯ​ពលរដ្ឋ​ម្ចាស់​ប្រទេស​ក្លាយជា​ជន​រងគ្រោះ​នៃ​អំពើ​ពុក​រលួយ។

លោកថា៖ «ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺ​មាន​លុយ​ហូរ​ហៀរ​ឲ្យ​កូន​ទៅ​រៀន​នៅ​បរទេស​ឡានរាប់​ភ្លេច ទ្រព្យ​សម្បត្តិ​រាប់លា​ន​ដុល្លារ​ផ្ញើនៅ​បរទេស ខ្មែរ​យើង​ដែល​ជា​ប្រជា​ពលដ្ឋ​ក្រីក្រ​អត់​មាន​ប្រាក់​ចំណូល ព្រោះ​វា​គាំង​នៅ​លើ​អស់​ហើយ​ប្រាក់​ចំណូល​របស់​ជាតិ​ហ្នឹង វា​ប៉ះ​ពាល់​ទៅ​ដល់​ឆ្នាំង​បាយ​របស់​ប្រជា​ពលរដ្ឋ»។

ប្រហាក់​ប្រហែល​នេះ​ដែរ អតី​ត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី វិញ ធ្លាប់​និយាយ​ថា លោក ហ៊ុន សែន យក​រាស្ត្រខ្មែរ​ធ្វើជា​ចំណាប់​ខ្មាំង រង​គ្រោះ​ជំនួស ដើម្បី​ឱ្យ​ត្រកូល​គាត់ បាន​បន្ត​កាន់​អំណាច​ក្បត់​ជាតិ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​វេទនា​រប​ស់​ប្រជា​រាស្ត្រ​ឡើយ។

លើសពីនេះ លោកថា យោងតាមរបាយការណ៍​របស់​វិទ្យា​ស្ថាន (HRC) បង្ហាញ​ថា ប្រទេស​កម្ពុជា គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​រក​ឃើញ​ថា មាន​អ្នក​បម្រើកា​រ​ងារ​ក្នុង​ឧក្រិដ្ឋ​កម្ម​អនឡាញ​នេះ រហូត​ដល់​លើស​ពី ១៥​ម៉ឺន​នាក់ នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា​គ្រាក់ៗ ចំនួន ២៨​នាក់ ជា​មេ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា។

លោកសង្កត់​ធ្ងន់​ថា បញ្ហានេះ​ គណបក្ស​ប្រជាជន​កម្ពុជា ជា​មេខ្លោង​ធំ​នៃ​ជំនួញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​ពេល​នេះ ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស គឺ​ជា​អតិថិជ​ន​រង​គ្រោះ​នៃ​ជំនួញ​ឧក្រិដ្ឋ​របស់​គ្រួសារ​ហ៊ុន។

ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋខ្មែរ រងគ្រោះកាន់តែធ្ងន់ធ្ងរ ពីជំនួញ​បោក​ប្រាស់ និង​ឧក្រិដ្ឋ​កម្ម​របស់​គ្រួសារ​ហ៊ុន​ផង និង​រង​​គ្រោះ​បន្ថែម​ទៀត ពី​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម ពី​សហគមន៍​អន្តរ​ជាតិសេរី​ប្រជា​ធិបតេយ្យ​ផង។

លើសពីនេះ លោកថា សេដ្ឋកិច្ច​កម្ពុជា នឹង​រអិល​ដល់​ដំណាក់​កាល​ដួល​រលំឆា​ប់ៗ ពី​ព្រោះពុំ​មាន​អ្នក​វិនិយោគ​ត្រឹម​ត្រូវ ពី​ប្រទេស​ប្រជាធិប​តេយ្យ​សេរី​ណា ទៅធ្វើ​ពាណិជ្ជក​ម្ម​នៅ​ក្នុង​ប្រទេស​ដែល​មាន​មេដឹក​នាំម៉ាហ្វី​យ៉ា​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដូច​ត្រកូល​ហ៊ុន​នៅ​កម្ពុជា​ឡើយ ដែល​ពលរដ្ឋ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ប្តួរ​មេដឹក​នាំ។

ជុំវិញរឿងនេះ VODមិនទាន់អាចសុំការឆ្លើយតបពី អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​​កម្ពុជា លោក សុខ ឥសាន បានទេគិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សម្រាប់ ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់​​ថា រដ្ឋាភិបាល​​កម្ពុជា​​គួ​រ​បង្ហាញ​ទំនួល​ខុស​​ត្រូវ​ការ​ពិត​ ជុំវិញ​របាយ​ការណ៍​ដែល​ស្ថាប័ន​អន្តរ​ជាតិ​រក​ឃើញ​បញ្ហា​នានា ពិសេស​អំពើ​ពុក​រលួយ ជា​មូល​ដ្ឋាន​ដោះ​ស្រាយ ដោយ​ថា​កម្ពុជា មិន​មាន​អ្វី​ខាត​បង់​ឡើយ។

លោកបារម្ភថា ប្រសិនបើបញ្ហានេះ​នៅបន្តរកឃើញ​ជា​បន្ត​បន្ទាប់ នោះ​កា​ន់​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មកកម្ពុជា​កាន់​តែ​ខ្លាំង ពិសេស​ប្រជាពលរដ្ឋ​កាន់​តែ​រង​គ្រោះ​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរ។

លោកថា៖ «ការរកឃើញនៅតែមានការផ្សព្វផ្សាយ ហើយ​មិន​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ឱ្យ​បាន​ល្អទេ​យើង​ដឹង​ហើយ​ថា​ការ​ជះ​ឥទ្ធិពល​មិន​ល្អ​មក​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ភ្ញៀវ​ទេស​ចរ អ្នក​វិនិយោគ​ទុន​ដែល​ចង់​មក​រក​ស៊ី​នៅ​ស្រុក​យើង ប្រជា​កសិករ​ដែល​លក់​ផលិត​ផល​ដែល​គាត់​ជា​កម្មក​រ​គាត់​មាន​ផល​វិបាក បច្ចុប្បន្ន​នេះ​ថា​ផល​វិបាក​ហ្នឹង​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់ ដូច​ជា​អ្នក​អត់​ការ​ងារ​ធ្វើឬ​ក៏​អ្នក​មាន​ការ​ងារ​ធ្វើ​ដែរ ប៉ុន្តែ​កម្រៃ​មិន​គ្រប់​គ្រាន់ ការ​បាត់​បង់​នូវ​ចំណូល​នាំ​ឱ្យ​ជំពាក់​បំណុល​ធនាគារដែល​គេបា​ន​រក​ឃើញ​កំណើន​នៃ​ការ​ជំពា​ក់​បំណុល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​កើន​ឡើង»។

វិទ្យាស្ថាន Humanity Research Consultancy (HRC) ​កាល​ពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញ​របាយ​​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​កម្រាស​ជាង​៧០​ទំព័រ បង្ហាញ​ថា ប្រទេស​កម្ពុជា គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្មឆ្ល​ង​ដែន ជាពិសេស​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

របាយការណ៍នេះ រកឃើញថា មានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្ម​អនឡាញ​នេះ រហូត​ដល់​លើស​ពី ១៥ម៉ឺន​នាក់ នៅ​លើទឹ​កដី​កម្ពុជា ហើយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ាគ្រាក់ៗ ចំនួន ២៨​នាក់ ជា​មេប​ណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៀត គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​តែម្ដ​ង ដែល​ការ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដើម្បី​ប្រមូល​ប្រាក់ យក​ទៅ​ចិញ្ចឹម​គណបក្ស​នេះ ហើយ​ពួក​គេ​អាច​រក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ប្រមាណ​ពី ១២,៥​ពាន់​លាន ទៅ ១៩ពាន់​លាន​ដុល្លារ នៅ​ក្នុង​១ឆ្នាំ ។

ជុំវិញការរកឃើញនេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់​ លោក សម រង្ស៊ី ជឿ​ជាក់​របាយ​ការ​ណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុ​ជា​តែ​ម្ដង ជា​មេខ្លោង​ធំ នៃ​ជំនួញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​បញ្ជាក់​ថា ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន កំពុង​រីក​សាយ​ចូល​តំបន់ និង​ជា​អន្តរ​ជាតិ។

ប្រភពនោះបញ្ជាក់ថា ស្ថានភាពនេះ ប្រទេស​កម្ពុជា ក្លាយ​ជា​មជ្ឈ​មណ្ឌល​ជំនួញ​ឧក្រិដ្ឋ​ឆ្លង​ដែន​ដ៏​ស្អុយអសោច​នៅ​ក្នុង​ពិភព​លោក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស គឺ​ជា​អតិថិជន​រង​គ្រោះនៃ​ជំនួញ​ឧក្រិដ្ឋ​របស់​គ្រួសារ​ហ៊ុន បើ​គ្មាន​ចរន្ត​ផ្តាស់​ប្តូរ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ