សភា​ស៊ី​លុយ​រាស្រ្ត​ជិត​​១លាន​​ដុល្លារ​​​ក្នុង​​​១​​ខែ​តែឈរ​មើល​កម្ពុជា​រង​គ្រោះ​ពី​បទ​ឧក្រិដ្ឋ

តំណាងរាស្រ្ត​ស៊ីប្រាក់​ខែ​ម្នាក់​៥ពាន់​ដុល្លារ ពី​ញើស​ឈាម​ម្ចាស់​ឆ្នោត​​ជា​អ្នក​បង់​ពន្ធ​នោះ រងការ​ស្តី​បន្ទោស​ថា កំពុង​ឈរ​មើល​ប្រទេស​ជាតិ ធ្លាក់​ជ្រៅក្នុ​ង​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់ ដែល​អន្តរជាតិ​រក​ឃើញ​ជា​បន្ត​បន្ទាប់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន។

ការលើកឡើងនេះ ខណៈតំណាង​រាស្ត្រ​ដែល​ជា​តួ​អង្គ​តាម​ដាន​ការ​អនុវត្ត​ច្បាប់ នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​កោះ​ហៅ​មេដឹក​នាំ ឬ​រដ្ឋ​មន្ត្រី​នៅ​ក្រសួង​ពាក់​ព័ន្ធ មក​សួរ​ដេញ​ដោល​ក្នុង​សភា ​ដើម្បី​ស្វែង​រក​ការ​ពិត និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ប្រទេស​ជាតិ ឱ្យ​សម​តួនាទី​ជា​អ្នក​ស៊ី​ប្រាក់​​ខែរាស្រ្ត​នោះ​ទេ។

គណបក្សកា​ន់​អំណាច ត្រូវ​​បាន​អន្តរ​ជាតិ​រក​ឃើញ​ថា បាន​ទទួល​លុយ​ពី​ពួក​ឧក្រិដ្ឋ​ជន​ដើម្បី​ទ្រទ្រង់​អំណាច​៤ទស្សវត្សរ៍​​ទៅ​នេះ​ ធ្វើ​ឱ្យ​កម្ពុជា​កា្លយ​ជា​ជម្រក​ពួក​ឧក្រិដ្ឋ​ជន បង្ក​ការ​ភ័យ​ខ្លាចដល់​ពិភព​លោក ខណៈ​សមាជិក​សភា​ជិត​ ២០០​នា​ក់​ នៅ​ស្ងៀម​ស្ងាត់​មិ​ន​កោះ​ហៅ​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ឱ្យ​ជម្រះ​មន្ទិល​ជុំវិ​ញ​រឿង​អាស្រូវ​នេះ។

តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយ​ថា នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ សា្ថប័ន​សភា​ក្រៅ​ពី​ជា​អ្នក​បង្កើត​ច្បាប់​ហើយ រឿង​សំខាន់​មួយ​ទៀត​គឺ​ត្រួត​ពិនិត្រ​ការដឹក​នាំ​របស់​រដ្ឋាភិបាល​ថា​តើ​បាន​បំរើ​ផល​ប្រយោជន៍​ជាតិ​ទេ ឬ​មាន​ខ្វះ​ចន្លោះ​ចំណុច​ណាដើ​ម្បី​កែល​ម្អ។

តែលោកថា ក្រោយរំលាយបក្សសង្រ្គោះជាតិ​នៅចុ​ង​ឆ្នាំ​២០១​៧​មក តំណាង​រាស្រ្ត​របស់​សភាឯកបក្ស គឺ​អង្គុយ​ចាំ​តែ​បើក​ប្រាក់​ខែ​ដែល​ការ​បង់​ពន្ធ​ពី​រាស្រ្ត​តែ​ប៉ុណ្ណោះ ទោះ​មាន​ពលរដ្ឋ​ច្រើនម៉ឺន​​នាក់​ក្លាយ​ជា​រង​គ្រោះ​ពី​អំពើ​ឆបោក​របស់​ក្រុម​ឧកញ៉ា​ខិល​ខូច​លក់​អចលន​ទ្រព្យ និង​បទឧក្រិដ្ឋ​ច្រើន​ទម្រង់​ដែល​អន្តរ​ជាតិ​រក​ឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គ្រួសារ​ហ៊ុន​ក្តី។

លោកថា៖ «ខ្ញុំគិតថា អត់​មាន​ភាព​អៀន​ខ្មាស​ទេ ពី​ព្រោះ​វា​ជា​វប្បធម៌​នៃ​ការ​ដឹក​នាំ​សព្វ​ថ្ងៃ​ទៅ​ហើយ​ គឺ​ម្នាក់ៗ​លែង​ខ្វល់​អំពី​អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ម្ចាស់​ឆ្នោត។ គិត​តែ​ផល​ប្រយោជន៍​រៀង​ខ្លួន​ គិត​តែ​សេចក្ដី​សុខ​របស់​ខ្លួន។គេយល់​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស ​គ្រា​ន់​តែ​ជា​អ្នក​បម្រើ​ចាត់​ទុក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ ជា​អ្នក​ដែល​មាន​កាតព្វ​កិច្ច​សម្រាប់​បង់​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ប៉ុណ្ណឹង។ ប៉ុន្ដែ​គាត់​អត់​យល់​ថា អាប្រាក់ខែ​និង​តួនាទី​របស់​​គាត់ គឺ​វា​ជា​ប្រាក់​ខែ​សម្រាប់ជា​ឈ្នួល គេ​ហៅ​ប្រាក់​ឈ្នួល​សម្រាប់​យក​ទៅ​បម្រើ​ពលរ​ដ្ឋដែល​ជា​ម្ចាស់។ គាត់​យល់​ថា ពលរដ្ឋ​ជា​ទាសករ​ដែល​ត្រូវ​តែបង់​លុយ​សម្រាប់​ឱ្យ​គាត់»។

លោក សូរីដា ពន្យល់​ថា បច្ចុប្បន្នអំណាចប្រមូល​ផ្តុំ​លើ​មេបក្ស​ប្រជាជន​តែ​ម្នាក់​គត់ ហើយ​អំណាច​បក្ស​ប្រជា​ជន​កម្ពុជា​ ធំ​ជាង​អំណាច​រដ្ឋ​សភា​ទៅ​ទៀត ទើប​ចង់​ឬ​មិន​ចង់ សមាជិក​សភា​មិន​ហ៊ាន​ជំទាស់ ឬ​ហៅ​មេ​ដឹក​នាំ​មក​សួរ​នាំ​ទេ ព្រោះ​តំ​ណាង​រាស្រ្ត​ទាំង​នោះ​ខ្លាច​លោក ហ៊ុន សែន ដែល​ជា​ប្រធា​ន​បក្ស​បណ្តេញ​ចេញ​ពី​បក្ស ​ឬ​ដក​តំណែង​តំណាង​រាស្រ្ត​គ្រវាត់​ចោល​។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ថាប័នអន្តរជាតិធំៗ រួម​មាន​ដូច​ជា របាយ​ការណ៍ស្រាវ​ជ្រាវ​ពី​វិទ្យា​ស្ថាន Humanity Research Consultancy របស់​សហរដ្ឋ​អាមេរិក កាសែត South China Morning Post របស់​ប្រទេស​ចិន អង្គ​ការ​សហ​ប្រជា​ជាតិ និង​ក្រសួង​​សេដ្ឋ​កិច្ច​​អាមេ​រិកជាដើម​ សុទ្ធ​តែ​រក​ឃើញ​ដូចៗ​គ្នា​ថា កម្ពុ​ជា​កំពុង​ធ្លាក់​ខ្លួន​យ៉ាង​ជ្រៅ​ជា​ជម្រក​របស់​ពួក​ឧក្រិដ្ឋ​ជន​។

វិទ្យាស្ថា​ន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែ​ឧសភា​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា នៅ​ក្រោម​អំណាច​រដ្ឋាភិបាល​គណបក្ស​ប្រ​ជាជន​កម្ពុជា នៃ​គ្រួសារ​ហ៊ុន គឺ​ជា​ទីតាំង​ស្នូល​នៃកា​រ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជាពិសេស ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

បើតាមប្រភពដដែល គណបក្សប្រជាជន​កម្ពុជា ដើរ​តួនាទី​ជា​អ្នក​ការ​ពារ​ពួក​អ្នក​មាន​អំណាច​ ឲ្យ​គប់​គិត​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​បរទេស ដើម្បី​ប្រមូល​ប្រាក់​យក​ទៅ​ចិញ្ចឹម​គណបក្ស​កាន់អំណាច ដោយ​ពួក​គេ​អាច​រក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ប្រមាណ​ពី ១២,៥ពាន់​លាន ទៅ ១៩ពាន់​លាន​ដុល្លារ នៅ​ក្នុង​១ឆ្នាំ ។

មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា​គ្រាក់ៗ ចំនួន ២៨​នាក់ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ឧកញ៉ា​​ជំនិត​របស់​គ្រួសារ​ហ៊ុន លោក លី យ៉ុង​ផាត់ និង​លោក ទ្រី ភាព ដែរ គឺ​ជា​មេ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា ហើយ​មាន​អ្នក​បម្រើ​ការ​ងារ​ក្នុង​ឧក្រិដ្ឋ​កម្ម​អនឡាញ​នេះ រហូត​ដល់​ជាង ១៥​ម៉ឺន​នាក់ ។

៦ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២៥ កាសែត South China Morning Post បាន​ចុះផ្សាយ​ដោយ​ស្រង់​សំដី​របស់ លោក នែល (Niel) សាស្រ្តា​ចារ្យ​ជាន់​ខ្ពស់​ផ្នែកនយោ​បាយ​នៅ​សាកល​វិទ្យា​ល័យ City of London និយាយ​ថា បក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈ​ពេល​៤ទស្សវត្សរ៍​ទៅ​នេះ គាំទ្រដោ​យ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ និង​ការ​ចែក​ចាយ​ទ្រព្យ​សម្បត្តិ​ពី​សេដ្ឋកិច្ច​នៃ​បទ​ល្មើស​ឧក្រិដ្ឋ ការ​ផលិត និង​ចែក​ចាយ​គ្រឿង​ញៀន ប្តូរ​ទៅ​ជា​បើក​របរ​កាស៊ីណូដោយ​គ្មាន​ច្បាប់ និង​ល្បែង​អន​ឡាញ។

តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​​ជាតិ លោក ម៉ែន សុថាវរិន្ទ ស្តី​បន្ទោស​សមាជិក​សភា​បច្ចុប្បន្នថា​ គ្មា​ន​ឃើញ​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​កោះ​ហៅមេ​​ដឹក​នាំ​គ្រួសារ​ហ៊ុន ឱ្យ​បំភ្លឺ​ជុំវិញ​ការ​រកឃើញ​របស់​អន្តរ​ជាតិ​នោះ​ទេ។

តែលោកថា​បែរជាអង្គុយ​ចាំ​តែ​លើក​ដៃ​ស៊ីប្រាក់​ខែ​ពី​រាស្រ្ត ដោយ​គ្មាន​ភាព​អៀន​ខ្មាស់​ទៅ​វិញ ជា​ក្តី​បារម្ភ​ថា​កម្ពុជា​កំពុង​រអិល​យ៉ាង​លឿន​ទៅ​រក​គ្រោះ​ថ្នាក់ ​ក្រោម​ប​ទ​ឧក្រិដ្ឋ​ឆបោក​ក្នុង​យុគសម័យ​ទំនើប​នេះ។

លោកថា៖ «ខ្ញុំយើង​មើល​ទៅអ្នក​តំណាងរាស្ត្រ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធ​សភា​ក្តី! មន្រ្តី​ជាន់​ខ្ពស់! អត់​មាន​ហើប​មាត់​ម៉ាម៉ាត់​​! អាហ្នឹង​គេ​ហៅ​ថា សភា​ទីង​មោង។ ខ្ញុំ​ថា យក​ថវិកា​ហ្នឹង ទៅ​ជួយ​ស្អី​វិញ! យក​ទៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​​អី​វិញ។ យក​ទៅ​ឲ្យ​តំណាង​រាស្ត្រឲ្យ​ព្រឹទ្ធ​សភា​អត់​បាន​ការ​អី​ទាំង​អស់ អត់​បាន​ការ! បាន​តែ​បំពេញ​តួនាទី​ធ្វើ​អី​ដើម្បីបំពេញ​កិច្ច​ឲ្យ​គេ​មើល​ឃើញ​ទូទាំង​ពិភព​លោក​ថា​ សភា​គេ​កំពុង​ទំនាក់​ទំន​ង​អញ្ចេះ​ទំនាក់​ទង​អញ្ចោះ បើអា​រឿង​អួត​ពូកែ​រឿង​អួត បើ​អា​រឿង​ធ្វើអត់​មាន​ធ្វើ​អី​ទាំង​អស់»។

បើតាម លោក សុថាវរិន្រ្ទ តំណាង​រាស្រ្ត​ស៊ី​ប្រាក់​​​ខែ​ម្នាក់​៥ពាន់​​ដុល្លារ បូក​​រួ​ម​​ទាំង​​ប្រាក់​​ចុះ​បេសក​កម្ម​​ផ្សេង​ទៀត និង​​ការ​ផ្តល់​សាំង​​ប្រមាណ​១៥០​​លីត្រ​​ក្នុង​មួយ​​ខែ ហើយ​​​បើ​​ប្រធាន​​គណៈ​ក​ម្មាធិការ​​នីមួយ​ៗ ​ក្នុង​​សភា​ មាន​​ការ​​ឧបត្ថ​ម្ភ​​ច្រើន​ជាង​​តំណាង​រាស្រ្ត​​​ជា​សមាជិក​​ធម្មតា​ទៅ​​ទៀត។

ជុំវិញ​រឿងនេះ VOD មិនអាច​សុំការឆ្លើយតប​ពីអ្ន​ក​នាំពា​ក្យ​​រដ្ឋសភា​​កម្ពុជា លោក ឡេង ប៉េង​ឡុង បាន​ទេ​​នៅ​ថ្ងៃ​​នេះ ដោយ​​ទូរសព្ទ​​ចូល​ជាច្រើន​ដង​តែ​​មិន​មាន​​អ្នក​​ទទួល។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៧ ចែងថា តំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​​ប្រជា​ជាតិ​​ខ្មែរ​ទាំង​មូល ពុំ​​មែន​​គ្រាន់​​តែ​ជា​​តំណាង​​ប្រជាពលរដ្ឋ​​ក្នុង​​មណ្ឌល​​របស់​​ខ្លួន​​នោះ​​​ទេ។

អង្គការខុមហ្វ្រែលកាល​ពី​ឆ្នាំ​២០២០ ធ្លាប់​​រក​​ឃើញ​ថា សមាជិក​​សភា​ ១២៣​រូប ​របស់​​បក្ស​​កាន់អំណាច​​ដែល​​ចុះ​មូល​​ដ្ឋាន គឺ​​ក្នុង​បំណង​​សំណេះ​​សំណាល​​ជាមួយ​​ពលរ​ដ្ឋ​ ដើម្បី​ពង្រឹង​​ផ្ទៃ​​ក្នុងរប​​ស់​​គណបក្ស និង​អម​ដំណើរ​ថ្នាក់​ដឹ​ក​នាំ​តែ​ប៉ុណ្ណោះ។

បើគេគណនាលើការចំណាយប្រាក់ខែឱ្យតំណាង​រាស្ត្រ​ទាំង​នៅ​ក្នុង​រដ្ឋ​សភា ១២៥​រូប និង​ព្រឹទ្ធ​សភា​ ៦២​រូប ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត រ​ដ្ឋ​ត្រូវ​ចំណាយ​ថវិកា​បើក​ប្រាក់ខែ​ឱ្យ​តំណាង​រាស្ត្រ​ជិត​ ១លាន​ដុល្លារ​ក្នុង​១ខែ ខណៈ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​មាន​ប្រាក់​ខែ​ម្នាក់៥០០០​ដុល្លារ។ បើក្នុង​មួយ​ឆ្នាំ​វិញ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ជាង ១១​លាន​ដុល្លារ សម្រាប់​បើកប្រាក់​ខែ​ឱ្យ​ស្ថាប័ន​ឃ្លាំមើ​ល​ការ​អនុវត្ត​ច្បាប់​ទាំង​ពីរ​នេះ។

ប្រាក់ខែតំណាងរាស្រ្តទាំងនោះ ទទួលបាន​មក​ពី​ការ​បង់​​ពន្ធ​​រាប់​ចាប់​​តាំង​​​ពី​​ក្រុម​​គណបក្ស​ប្រឆាំង ក្រុម​​រង​​គ្រោះ​​ដី​ធ្លី ក្រុម​កម្មករ មន្រ្តី​សង្គម​ស៊ីវិល​ជាដើម។

ប៉ុន្តែសមាជិកសភាទាំងនោះ រង​ការ​រិះគ​ន់​ថា អង្គុយ​​ចាំ​​​តែ​​បើក​ប្រាក់​​ខែ​​ពី​​រាស្រ្ត​​​ទាំង​ដែល​ពលរដ្ឋ​កំពុង​រង​គ្រោះ ពី​អំពើ​ឆបោក​របស់​ក្រុម​ឧកញ៉ា​លក់​ដី និង​ផ្ទះ​ខ្យល់ និង​គម្រោង​វិនិ​យោគបោក​ប្រាស់​ក្រោម​រូប​ភាព​ដាក់​លុយ​ស៊ី​ការ​ប្រាក់​ខ្ពស់ ធ្វើឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​វណ្ឌក​ ខណៈ​កម្ពុជា​ក៏កំ​ពុង​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ ជុំវិញ​ការ​រក​ឃើញ​ថា​ជា​ជម្រក​របស់​ពួក​ឧក្រិដ្ឋ​ជន​ជាដើម។

​​សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា សង្កត់​ធ្ងន់​ថា ក្នុង​ស្ថាន​ភាព​នៅ​កម្ពុជា​នេះ ទាល់​តែ​រាស្រ្ត​ហ៊ាន​ប្រើ​ប្រាស់​សិទ្ធិ​ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​ដោយ​ខ្លួន​ឯង​ ទើបអាច​ជួយ​សង្រ្គោះ​ប្រទេស​ជាតិ​ពី​គ្រោះ​ថ្នាក់​នៅ​ចំពោះ​មុខ​នេះ​​បាន។

លោកថា៖ «ក្នុងស្ថានភាពបែបហ្នឹង! តើប្រជាពលរដ្ឋនៅ​ច​ង់​ឲ្យ​សភា​បែប​ហ្នឹង​ទៀត​ដែរ​ឬ​ទេ។ ខ្ញុំ​គិត​ថា ប្រជា​ពលរដ្ឋ​ មិន​ចង់​បាន​ទេ ពីព្រោះ​ប្រជា​ពលរដ្ឋ​ចង់​ឲ្យ​សភា​ហ្នឹង បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​បម្រើ​ខ្លួន​ដែល​ជា​ម្ចាស់​របស់​សភាហ្នឹង! អ៊ីចឹ​ងចាំ​បាច់​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​ការ​ជ្រើស​រើស​អ្នក​តំណាង​របស់​ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត ៥ឆ្នាំ​ម្តង! យើង​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​យើង​គូស​ជ្រើស​រើស​បុគ្គល​ណា ឬ​ក៏​បក្ស​ណា​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​របស់​យើង​ដែល​ជា​ម្ចាស់​ឆ្នោត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ