បទវិភាគ៖ តើកម្ពុជា​នឹង​រង​ទណ្ឌ​កម្ម​ទៀត​ទេ​បើ​មេដឹក​នាំ​នៅ​តែ​មិន​ព្រម​ស្តារ​សិទ្ធិ​មនុស្ស?

កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ២០២៥ តុលាការ​​កំពូល​​ដែល​​គេ​ដឹង​ឮ​ជា​ទូទៅ​ថា ស្ថិត​​​នៅ​​ក្រោម​​អំណាច​​គ្រួ​សា​រ​​ហ៊ុន នៃ​គណបក្ស​​ប្រជាជន​កម្ពុជា ​បា​ន​​ប្រកាស​ទទួល​​យក​ញត្តិ​របស់​​តំណាង​​អង្គ​ការ​​សង្គម​​ស៊ីវិល​ និង​​សហគ​មន៍​ចំនួន​​៥០​​អង្គ​ភាព ​ដែល​​​ស្នើ​សុំ​​ឱ្យ​តុលាការ​ជាន់​​ខ្ពស់​​​មួយ​នេះ ពិនិត្យ​​មើល​​សំណុំ​​រឿង​ក្តី ​លោក ​រ៉ុង ឈុន ​​ទីប្រឹក្សា​​គណបក្ស​​កម្លាំង​ជាតិ​ ដើម្បី​​ដក​​សិទ្ធិ​​មិន​​​ឱ្យ​​​ធ្វើ​នយោបាយ​បន្តទៀត។

 នេះ​មិន​មែនជារឿងថ្មីទេ ដែលគណបក្ស​ប្រជាជន​ ​ប្រើ​ឈ្មោះ​អង្គការ​សង្គម​​ស៊ីវិល ​ដែល​​ខ្លួន​​បង្កើត​ឡើង​​ឱ្យ​ចេញ​​បង្កើត​​ព្រឹត្តិការណ៍ ដើម្បី​ឱ្យ​តុលាការ​​ដែល​​​ក៏​​ជា​ឧបករណ៍​​នយោ​បាយ​​របស់​​ខ្លួន​​ផង​ដែរ​នោះ យក​​​ធ្វើ​​ជាលេស​ក្នុង​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ កម្ចាត់​​​អ្នក​នយោ​បាយ​​ប្រឆាំង ​ឬក៏​រំលាយ​គណបក្ស​ប្រឆាំង​​​ណា ​ដែល​លោក ​ហ៊ុន សែន​ គិត​ថា មាន​​ឥទ្ធិពលខ្លាំង ក្នុង​ការ​ប្រកួត​ប្រជែង​​ក្នុង​ការ​​បោះ​​ឆ្នោត ​ដែល​ខ្លួនមើ​ល​ឃើញ​ថា អាច​​ជា​ឧប​សគ្គ​ធ្វើ​ឱ្យ​​រាំ​ងស្ទះ​​​ដល់​ការ​​កាន់​​អំណាច​តពូជ​​របស់​​គ្រួសារ​​ហ៊ុន។

អ្នក​តាម​ដាន​​នយោ​បាយ ​សុទ្ធ​តែបាន​ដឹង​យ៉ាងច្បាស់​​តាំង​​​ពី​យូរ​​មក​​ហើយ​​ថា នៅ​កម្ពុជា​​មាន​​គណបក្ស​​ន​យោ​​​​បាយ​​រាប់​សិប ប៉ុន្តែ​​ភាគ​​ច្រើន​​លើស​លប់​​នៃ​គណ​ប​ក្ស​​នយោ​បាយ​​ទាំង​នោះ ​​គឺ​​ត្រូវ​បាន​​បង្កើត​ឡើង​​ដោយ​​​​​មានការ​គាំទ្រ​ ឬក៏ជួយ​ចិញ្ចឹម​ពីលោក ​ហ៊ុន សែន ដើម្បី​លម្អសួន​​ប្រជាធិបតេយ្យ​នៅកម្ពុជា​។

ចាប់​តាំងពីមាន​ការ​រំលាយ​គណ​បក្ស​​សង្គ្រោះ​ជាតិ ​​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជិត​កន្លះ​ប្រទេស ​កាលពីចុង​​ឆ្នាំ​២០១៧ ដែល​ធ្វើឱ្យ​បាត់​បង់ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​​តាម​បែប​ប្រជាធិប​តេយ្យ​​​មក លោក ​ហ៊ុន សែន​ ដែ​ល​​ជាជើ​ងកាងនយោបាយ​នៅកម្ពុជា បាន​បង្កើតឱ្យ​មាន​ស្ថាប័ន​ថ្មីមួយ ​គឺ​ឧត្តម​ក្រុម​ប្រឹក្សា​​ពិគ្រោះ​និង​​ផ្តល់​យោ​​ប​ល់ ​ដោយ​ប្រមូល​​គណបក្ស​នយោ​បាយ​​ដែល​មិន​បាន​​ឈ្នះ​អាសនៈ​​នៅក្នុង​រដ្ឋសភា និង​​គណ​បក្ស​​​ដែល​មិន​បាន​​ចូល​រួម​បោះ​ឆ្នោត​ចូល​រួម​ក្នុង​ស្ថាប័ន​នេះ។

នៅ​អាណត្តិ​ទី​៧​នេះ ឧត្តម​ក្រុមប្រឹក្សា​​ដែល​ស៊ីប្រាក់​ខែ​រាស្ត្រ​បង់ពន្ធ ​ប៉ុន្តែ​មិន​បានធ្វើការ​អ្វី​​​បម្រើរាស្ត្រ​​នេះ ​មាន​​គណបក្ស​​ចំនួន​២០​​ចូលរួម​​។ ដោយ​សារ​តែមាន​គណបក្ស​អាម៉ីអាថោង​ទាំងនេះហើយ​ ទើប​​លោក ​ហ៊ុន សែន​ និង​មន្ត្រី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន តែងតែនិយាយ​ផ្ចាញ់​ទៅ​សហគមន៍​អន្តរជាតិ​​ថា ប្រទេស​​កម្ពុជា​កំពុង​​គោរព​​តាម​​យ៉ាង​ពេញ​​លេញ​ ​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​​ពីព្រោះក​ម្ពុជា​​មាន​គណបក្ស​​នយោ​​បាយ​​ច្រើន​ ​កំពុង​​ធ្វើនយោបាយ​​ដោយសេរី​ លើក​​លែ​ង​​​​​តែ​គណបក្ស​ប្រឆាំង​ដែល​ជាក្រុម​ឧទ្ទាម​ក្រៅច្បាប់​​មួយក្តាប់តូច ​ដែល​តែង​តែបង្កការញុះញង់​ធ្វើឱ្យមាន​ភាពវឹកវរដល់​សង្គម។

គេកត់សម្គាល់​ឃើញ​ថា គណបក្ស​នយោបាយ ​ក៏ដូច​ជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុនទាំងនេះ​​ ក្រៅតែពី​ចេញញ្ញត្តិគាំទ្រ​និងលើក​សរសើរគ្រួសារ​ហ៊ុន​ នៃគណបក្ស​ប្រជាជន​កម្ពុជា​ និង​ធ្វើការ​វាយ​ប្រហារ​ទៅ​លើគណបក្ស​ប្រឆាំង​ ពុំ​ឃើញ​ធ្វើសកម្មភាពអ្វីជា​ដុំកំភួន ​ក្នុងនាមជាគណបក្ស​នយោបាយ ​ឬក្នុងនាម​អង្គការ​​សង្គមស៊ីវិល ​ដើម្បី​បម្រើសង្គម​នោះ​ឡើយ។

វិលទៅ​សេចក្តីប្រកាស​របស់​តុលាការ​កំពូលវិញ បាន​លើក​យកមក​បញ្ជាក់​នូវ​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិ​ល​​ទាំង​​នោះ​​ អំពី​មូលហេតុនៃ​ការ​​ស្នើ​សុំ​​ដែល​​មាន​ខ្លឹមសា​រ​ថា បន្ទាប់​​​ពី ​លោក ​រ៉ុង ឈុន ​ធ្វើការ​ញុះញង់​ពាក់​ព័ន្ធ​​ករ​​ណី​ព្រំដែន​​ ​តុលាការក្រុងភ្នំពេញ​ បាន​សម្រេចធ្វើការ​ផ្តន្ទាទោស​លោក ​ដោយ​ដក​សិទ្ធិ​នយោបាយ​។

​ប៉ុន្តែរហូតមកដល់ពេលនេះ ​លោក ​រ៉ុង ឈុន ​​មិន​​ត្រឹម​​តែ​មិន​​អនុវត្ត​​តាម​​នោះ​​ទេ​ ​ថែម​​ទាំង​​ធ្វើស​កម្ម​ភាពនយោ​បាយ​​​​ជា​បន្ត​​បន្ទាប់ ​មិន​រាងចាល​ដោយ​មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ​។ ទង្វើ​ដែល​​មើល​​ស្រាលច្បាប់​បែបនេះ ពួកគេ​ជាអង្គការ​សង្គម​ស៊ីវិល ​មានការ​ព្រួយបារម្ភ​ពីសុខសន្តិភាព ​និង​ស្ថិរភាពន​យោ​បាយ ​ដែល​ប្រជាជនកម្ពុជា​​កំពុងមាន​នាពេល​បច្ចុប្បន្ន​ ដែល​បានមក​ដោយ​លំបាក​បំផុត។ ប៉ុន្តែបែរ​ជាត្រូវបាន​​និង​កំពុងបន្តគំរាមកំហែង​​ដោយ​ក្រុម​នយោបាយ​ជ្រុល​​និយម​​របស់ ​លោក សម រង្ស៊ី។

តុលាការ​កំពូល ​បាន​ដកស្រង់ខ្លឹមសារ​នៃញ្ញត្តិ​នោះ​ទៀតថា ​ទោះបីក្រុមនេះមានទីតាំងនៅ​ក្រៅប្រទេសក៏ដោ​យ ​​ប៉ុន្តែក្រុមនេះ​បន្តសាបព្រោះមនោគមន៍​វិជ្ជាមកលើប្រជាពលរដ្ឋ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជាពិ​សេ​​​​ស​ក្រុមមនុស្ស​របស់ខ្លួន​ដែលកំពុង​ធ្វើនយោបាយ​ក្នុង​ប្រទេសកម្ពុជា​ ពិតជាបង្កគ្រោះថ្នាក់​បំផុត​ចំពោះ​ស​ន្តិ​ភាព​ និង​​ស្ថិរ​ភាព​នយោបាយ​របស់​កម្ពុជា​។

បើពិនិត្យ​​សេចក្តីប្រកាសរបស់តុលាការកំពូលនេះ​ លោក ​រ៉ុង ឈុន​ ទំនង​ជា​ចៀសមិន​ផុត​ពី​ការ​​ដកសិទ្ធិធ្វើន​យោ​បាយ​នោះឡើយ​ ហើយ​គណបក្ស​កម្លាំងជាតិ​ ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ លោក ​ជា មុនី ប្អូន​ប្រុស​លោក ជា វិជ្ជា ​​មេដឹកនាំសហជីព​ដែល​ត្រូវគេបាញ់សម្លាប់ ​ក៏​ទំនង​ជា​​​នឹងត្រូវរំលាយចោល​ក្នុងពេល​ខាងមុខផង​ដែរ ពីព្រោះ​នៅក្នុង​ញត្តិ​របស់​អង្គការ​សហគម​​ន៍​គាំទ្រ​គណបក្ស​ប្រជាជន​ទាំង​នោះ​ បាន​ភ្ជាប់គណបក្ស​កម្លាំង​ជាតិ​​ជា​មួយ ​​លោក ​សម រង្ស៊ី និង​​លោក ​អេង ឆៃអ៊ាង​ ខណៈ​ដែល​លោក ​សម រង្ស៊ី ត្រូវបាន​តុលាការ​ខ្មែរ​ ក្រោម​អំណាច​គ្រួសារ​ហ៊ុន កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​រហូត​ដល់​ជាង​១៦០​ឆ្នាំ ក្រោមការ​ចោទ​ប្រកាន់​ក្នុងសំណុំ​រឿងជាច្រើន​ពាក់​ព័ន្ធនឹងរឿង​នយោបាយ​។

ស្ថានភាព លោក ​រ៉ុង ឈុន ​នៅពេល​នេះ មិន​សូវខុសគ្នាពីស្ថានភាព លោក​ កឹម សុខា កាលពី​មុន​​នោះទេ​​។ ​អ្ន​ក​​រៀប​ចំឆាក​​ដែល​​គេ​បាន​ដឹង​ឮ​ជាទូ​ទៅ​ថា​ ជា​លោក​ ​ហ៊ុន សែន កាល​នោះ​​បាន​​លួច​​ថត​​សំឡេង​​សន្ទនា​តាម​ទូរសព្ទ​ទាំង​ខុសច្បាប់​​របស់ ​លោក​ កឹម សុខា ​និង​​បាន​ជួល​មនុស្ស​ស្រី​​២នាក់​​ឱ្យ​តាម​រំខាន ​លោក ​កឹម សុខា នៅតាម​វេទិកា​នានា។

​ទីបំផុត​ លោក ​កឹម សុខា ​ត្រូវបាន​ចាប់​ខ្លួន​ទាំង​លោក​នៅមាន​អភ័យឯកសិទ្ធិ​សភា ហើយ​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​មាន​អ្នកគាំទ្រស្ទើរ​​កន្លះប្រទេស ​ត្រូវបាន​តុលាការ​កំពូល​ដឹកនាំ​ដោយ ​លោក ​ឌិត មន្ទីរ ​សមាជិកគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជនកម្ពុជា ​សម្រេច​រំលាយ​ចោល ​ដោយ​ចោទពីបទគប់គិត​ជាមួយ​​រដ្ឋបរទេស ​បង្កើតចលនា​បដិវត្តពណ៌​ មាន​បំណង​ផ្តួល​​រំលំ​រដ្ឋាភិបាល ​ដែ​ល​ដឹកនាំដោយគណបក្ស​ប្រជាជន​កម្ពុជា​ ជាបទចោទ​ដែល​​សហគ​មន៍​អន្តរ​ជាតិ​ ចាត់ទុកថា ជាការ​ប្រឌិតមាន​ចេតនានយោបាយ​ដើម្បី​​ផ្តួលគណបក្ស​ប្រឆាំង​ ដែល​កំពុង​មានសម្ទុះកើនប្រជាប្រិយភាព។

រឿងអំពើទុច្ចរិត​ខាងនយោបាយ​ដែលធ្វើ​ឡើង​ដោយ ​លោក ​ហ៊ុន សែន នេះ​នៅ​ទីបំផុត​បាន​ធ្វើឱ្យ​សហរដ្ឋ​​​អាមេរិក​ ​កាត់ផ្តាច់​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ទូទៅ(GSP)នៅចុងឆ្នាំ២០២០ ហើយក្នុង​ឆ្នាំដដែល​នោះ​ សភា​អឺរ៉ុប​​​ក៏​បា​ន​​ប្រកាស​ព្យួរ​ជាផ្លូវ​ការ ​ការអនុគ្រោះពន្ធ២០ភាគ​រយលើ​មុខ​ទំនិញ​គ្រប់​ប្រភេទទាំងអស់​​​លើក​លែង​តែអា​វុធ​​(EBA)​ ក្រោម​ហេតុ​ផលកម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​និង​​សម្លាប់​ប្រជាធិបតេយ្យ។

៤​ឆ្នាំក្រោយ​មក​ គឺនៅ​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា ​ឆ្នាំ២០២៤ សភា​​អឹរ៉ុប​បាន​អនុម័ត​សេចក្តីសម្រេច​​​ឱ្យ​សើរើ​ប្រព័ន្ធ​អ​នុ​​គ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ដែល​នៅ​​សល់​​ចំនួន​៨០% ទៀត ​ប្រសិន​​បើ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន នៅ​​តែ​​​ព្រ​ងើ​យ​​ក​ន្តើយ​​មិន​​ព្រម​ដោះ​លែង​អ្នក​ទោស​មនសិការ​ និង​បើកលំហរ​ប្រជាធិតេយ្យ​ឡើងវិញទេនោះ​។

ជាមួយគ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​​​នៅ​ប្រទេស​ជប៉ុន​ ចាប់​ពីថ្ងៃ​ទី​២៨ ​ដល់​ថ្ងៃទី​៣១ ​ខែឧសភានេះ។

ជប៉ុន​ជាប្រទេសហត្ថ​លេខី​មួយ​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨ ​នៃកិច្ច​ព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ​​និង​​​​ក៏​ជា​ប្រទេស​ធំជាងគេ​ ដែល​បាន​​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​​សម្រាប់​កម្ពុជា​ផងដែរ។​

នៅមុន​ពេល​នៃដំណើរ​ទស្សនកិច្ចនេះ​ គឺ​កាល​ពីថ្ងៃទី​២១ ​ខែឧសភា ​លោក ​ណាអូតូ សាកាហ្គុជិ បានថ្លែង​ក្នុង​​កិច្ច​​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ជប៉ុន ​ពីការ​បន្តធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​ លើ​អ្នក​នយោ​បាយ​​​ប្រ​​​ឆាំង​​នៅកម្ពុជា​ និង​ការ​តាម​យាយី​អ្ន​ក​នយោ​បាយ​ខ្មែរ​​​ដែល​រត់​ទៅ​​សុំ​សិទ្ធិ​ជ្រក​កោន​នៅជប៉ុន ដែល​បាន​​ធ្វើ​ឱ្យលំហរប្រជាធិបតេយ្យ​នៅកម្ពុជា​​កាន់​តែរួម​តូចទៅ​ៗ​ និង​ថា ឯកអគ្គរាជទូតកម្ពុជា លោក ​ទុយ រី បាន​​គំរាម​កំហែង និង​បំពាន​សេរីភាព​នយោ​​​​បាយ​​​របស់​លោក។

សមាជិកសភាជប៉ុន​រូបនេះ​ លើកឡើងក្នុង​សម្តីដើមថា៖ «សូម្បីខ្ញុំ​ជា​សមា​ជិក​រដ្ឋសភា​​នៅតែរងការគំរាមកំ​ហែង ចុះ​ទម្រាំពលរដ្ឋជប៉ុន ឬពលរដ្ឋខ្មែរ​រស់នៅ​​ប្រទេស​​ជប៉ុន ដែល​​បញ្ចេញមតិ​ទាម​ទារ​ឱ្យមានការគោរពសិ​ទ្ធិ​មនុស្សនៅកម្ពុជា តើនឹងរង​ការ​គំរាម​បែប​ណា?»

បន្ថែមពីនេះ លោក ណាអូតូ សាកាហ្គុជិ ជំរុញ​ឱ្យ​នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា និង​រដ្ឋមន្ត្រីការបរទេស​ លោក​ IWAYA Takeshi  Iwaya លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ពិភាក្សា​ដោយ​​​ត្រង់ទៅ​ត្រង់​មក​ជាមួយ លោក ​ហ៊ុន ម៉ាណែត អំពីសារៈសំខាន់​នៃ​លទ្ធិប្រជាធិប​តេយ្យ ក្នុងការ​​ការ​ពារ​សិទ្ធិ​បុគ្គល​គ្រប់​រូប សិទ្ធិម​នុស្ស​ជា​​មូល​ដ្ឋាន​ ក្នុង​​ដំណើរ​​ទស្សន​កិច្ច​​របស់​​លោក​ ហ៊ុន ម៉ាណែត ​​នៅ​ប្រទេស​​​​​ជប៉ុន ដើម្បី​ជា​លក្ខខណ្ឌ​​សម្រាប់​ការ​ផ្តល់​ជំនួយ​​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត។

​​ជាមួយគ្នានេះ​ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់​ថុល និង​លោក​ស្រី ​​ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​នឹង​ទៅ​ចរចាជាមួយ​មន្ត្រីរដ្ឋា​ភិបាល​​សហរដ្ឋ​អា​មេរិក​​លើក​ទី​៣​នៅ​​ដើ​ម​​​ខែ​មិថុនា ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ​ទាក់​ទង​នឹងការ​ស្នើសុំ​បញ្ចុះ​ពន្ធ​​បដិការ​​ដែល​រដ្ឋាភិបាល ​លោក ​ដូ​ណាល់ ត្រាំ ​បាន​​ដំឡើងលើកម្ពុជា​រហូត​​ដល់​ ​៤៩​ភាគ​រយ ​ខ្ពស់​ជាង​បណ្តា​ប្រទេសនានា​នៅ​លើ​ពិភព​លោក។

បើទោះ​បីជាការ​ចរចាសុំបញ្ចុះ​ពន្ធបដិការ​នេះ ​ត្រូវបាន​ធ្វើឡើង​ជាធម្ម​តា​ ដូច​បណ្តាប្រទេស​ដទៃ​ទៀតយ៉ាងណា​ក៏ដោ​យ ​ក៏​កម្ពុជា​ទំនង​ជាមិន​អាច​គេច​ពីការ​ដាក់​សម្ពាធ​​ឱ្យ​គោរពសិទ្ធិមនុស្ស ​និង​បើក​លំហរ​ប្រជា​ធិប​តេ​យ្យឡើង​វិញ​​ ដូច​ដែល​​សហភាព​អឺរ៉ុប​ អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ ​​រួម​ទាំង​តំណាងរាស្ត្រ​​ជប៉ុន​ ​តែង​តែទទូចស្នើ​ឡើងនោះឡើយ។

វិល​ទៅ​សំណួរ​ខាងដើមថា​តើ​កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​ថែមទៀតទេ​​ បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ នៅ​តែច​ចេស​​​​​មិន​ព្រមស្តារ​សិទ្ធិ​មនុស្ស ​​​និង​បើក​លំហរប្រជាធិបតេយ្យ​ឡើង​វិញ​?

ដោយ​សារតែលក្ខខណ្ឌក្នុងការ​ផ្តល់​ GSPនិង​ EBA រួមទាំង​ការ​ផ្តល់​ការអនុគ្រោះ​អ្វី​ផ្សេង​ទៀត​​​របស់​ប្រទេស​លោ​ក​​សេរី ត្រូវ​បាន​ចងភ្ជាប់​ទៅនឹង​ការ​តម្រូវឱ្យ​កម្ពុជា​​ត្រូវ​គោរពសិទ្ធិ​មនុស្ស ​និងដើរតាមគន្លងប្រជាធិប​តេយ្យ​ ហេតុ​ផល​ទាំង​​អស់​នេះ ជា​មូល​ដ្ឋាន​ចង្អុល​បង្ហាញ​ថា រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​ទំនង​​​ជា​​មិន​​ត្រឹម​តែ​​មិន​ទទួល​​បាន​​ការ​​បញ្ចុះ​ពន្ធ​បដិ​កា​រ​​​​ពី​​សហរដ្ឋ​អាមេរិក ​​​​ឬក៏​​ការ​​អនុគ្រោះ​​អ្វី​​ផ្សេង​​ទៀត​​ប៉ុណ្ណោះទេ​​ ថែម​ទាំង​​អាច​​ទទួល​​រង​ទណ្ឌ​​​ក​ម្ម​​​កាន់​​តែ​​ធ្ងន់​​​បន្ថែម​​ទៀត ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ។

ដោយ​សារតែសហរដ្ឋ​អាមេរិក​ សហ​ភា​ព​អឺរ៉ុប ជប៉ុន​ និង​បណ្តា​ប្រទេស​សេរី​មួយ​ចំនួន​ទៀត គឺ​ជាស​ម្ព័ន្ធ​​មិត្តនឹង​គ្នា​​​ ទណ្ឌកម្ម​​មក​លើកម្ពុជា​លើក​ក្រោយ ​​ទំនង​​ជានឹងត្រូវ​ធ្វើឡើង​ជា​កញ្ចប់ ក្នុងនោះ​មាន​​​ការកាត់​ផ្តាច់ EBA ១០០% មិន​បញ្ចុះ​ពន្ធ​​បដិការ​នាំទំនិញ​​កម្ពុជា​ទៅ​​អាមេរិក និង​​ការ​បង្កក​​ជំនួយ​​អភិវឌ្ឍន៍ ​ឬ​ក៏​កិច្ច​​សហប្រតិ​​បត្តិ​ការណ៍​​ផ្សេងៗ​​ជាដើម ប្រសិន​បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ នៅតែចចេស​​មិ​ន​​ព្រម​​ស្តារ​សិទ្ធិ​មនុស្ស​​ ដោះ​​​​លែង​​អ្នក​​ទោស​មនសិការ​​ និង​បើកលំហរប្រជាធិបតេយ្យឡើង​វិញទេនោះ។

ចាប់តាំងពីមានការ​រំលាយគណបក្ស​សង្គ្រោះជាតិ ​ដែល​ធ្វើឱ្យមានការថ្កោលទោស​យ៉ាង​ខ្លាំង ​​ពីសហគមន៍​អន្តរជាតិ​មក​ គេមើល​ឃើញថា លោក ​ហ៊ុន សែន ​ដែលត្រូវបាន​គេផ្តល់​តួនាទី​ក្រៅផ្លូវការ​មួយទៀត​​ថា ជាប្រ​ធាន​​តុលាការគ្រប់​ជាន់​ថ្នាក់​នោះ នឹងមិនបន្ធូរដៃ​ឱ្យ​អ្នក​នយោ​បាយ​​ដែល​មាន​ប្រជាប្រិយភា​ព ​ដូចជា លោក ​រ៉ុង ឈុន ​​​ពី​គណបក្ស​​​ប្រឆាំង​​ណា​​​អាច​​ចូល​​រួម​​ប្រកួត​ក្នុង​ការ​​​បោះ​ឆ្នោត​បាន​​ឡើយ​ ហើយ​​ប្រសិន​បើមាន​គណបក្ស​ប្រឆាំង​ណា​​ឈ្នះ​​បាន​​អាសនៈ​ក្នុង​រដ្ឋសភាច្រើន​ ​អតីតមេកម្មាភិបាល​ខ្មែរក្រហមរូបនេះ ក៏នឹងរកលេស​​ផ្សេងៗ ​​​ដើម្បី​រំលាយ​ចោល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យត្រកូល​ហ៊ុន​របស់​លោក​បាន​កាន់តំណែងតពូជ។

ទោះយ៉ាងណា​ មហិច្ឆតានយោបាយ​ក្តោប​អំណាចតពូជរបស់លោក ហ៊ុន សែន ក្រៅ​ពីរង​ទណ្ឌ​កម្ម​ពីប្រទេស​លោក​សេរី ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​ធ្លាក់ចុះ​​ដុនដាប ​ប្រជាពរដ្ឋ​ទូទាំង​ប្រទេស​​បន្តរស់នៅកាន់​តែរងទុក្ខ​វេ​ទ​នា ​​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន​​ក៏ប្រឈម​នឹង​ការ​ងើបបះ​បោរ​​ទំលាក់​ពីអំណាច​ ​ពីប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មានចំ​នួន​​កាន់​តែច្រើនឡើង​ និង​ជំពាក់​បំណុលគេ​វណ្ឌក​​កាន់​​តែច្រើនឡើង​ផងដែរ ប្រសិន​បើ​មិន​ព្រមកែប្រែ​របៀ​ប​រ​បបដឹកនាំ​នាពេលបច្ចុប្បន្ន ​ដែល​រួម​រិត​ទៅ​ដោយ​អំពើ​ពុក​រលួយ ​បក្ខពួក​និយម​ ​ធ្វើឱ្យអំពើ​អយុត្តិ​ធ​ម៌​​​សង្គ​ម​​​​រី​​ករា​លដាលកាន់តែខ្លាំង ​និង​គម្លាត​រវាង​អ្នក​មាន​និងអ្នកក្រកាន់តែធំទេនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ