មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានជំរុញដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មានចំណាត់ការដោះស្រាយបញ្ហាប្រឈមរបស់ពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស ខណៈអង្គការនេះរកឃើញថា ពលរដ្ឋខ្មែរមួយចំនួន នៅតែចាញ់បោកឧក្រិដ្ឋជនដែលជាមេខ្យល់នាំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ពលរដ្ឋកម្ពុជាមួយចំនួន នៅតែបន្តចាញ់បោកមេខ្យល់ ផ្សព្វផ្សាយ ប្រើល្បិចកុហកលួងលោម អូសទាញ ដោយសន្យាថា នាំទៅធ្វើការនៅបរទេសដែលមានការងារល្អ និងមានប្រាក់ឈ្នួលខ្ពស់។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជា ជាជនរងគ្រោះចំនួន ៤៨នាក់ ក្នុងចំណោម ៣០០នាក់ ដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ និងស្នើសុំជំនួយពីអង្គការសង់ត្រាល់ ដោយពួកគេអះអាងថា បានចាញ់បោកមេខ្យល់ ដែលបានឃោសនាផ្សព្វផ្សាយ និងធានាថាជួយស្វែងរកការងារឱ្យធ្វើនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ។
ប្រភពដដែល បន្តថា ក្រុមមេខ្យល់ និងបក្សពួកទាំងនោះ បានផ្សព្វផ្សាយ និងឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា ពួកគេមានក្រុមហ៊ុនសម្រាប់ផ្តល់សេវាស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង ជូនពលរដ្ឋកម្ពុជា ដែលមានបំណងចំណាកស្រុកទៅរកការងារធ្វើ ដោយអ្នកដាក់ពាក្យទៅធ្វើការត្រូវបង់ប្រាក់ក្នុងម្នាក់ ៤០០០ដុល្លារ សម្រាប់ថ្លៃរត់ការទាំងអស់ ដោយក្នុងនោះអ្នកដាក់ពាក្យត្រូវបង់មុន ២០០០ដុល្លារ ខណៈ២០០០ដុល្លារទៀត បង់នៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ទឹកប្រាក់ដែលជនរងគ្រោះទាំង៤៨នាក់ បង់ទៅឱ្យមេខ្យល់ និងបក្សពួករបស់ពួកគេ មានចំនួនជាង ២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយបើសរុបចំនួនទឹកប្រាក់ដែលជនរងគ្រោះទាំង៣០០នាក់ បានចាញ់បោកមេខ្យល់វិញគឺមានប្រមាណ ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ តែមកដល់ពេលនេះ ពលរដ្ឋទាំងនោះ មិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដូចការសន្យារបស់មេខ្យល់នោះទេ ហើយក៏មិនទទួលបានប្រាក់សំណងត្រឡប់មកវិញផងដែរ បើទោះបីជាបញ្ហានេះត្រូវបានជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការ ហើយមានមេខ្យល់ម្នាក់ក្នុងចំណោមមេខ្លោង និងបក្សពួកផ្សេងទៀត ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅពន្ធនាគារក៏ដោយ។
សង់ត្រាល់ បានគូសបញ្ជាក់ថា៖ «ជនរងគ្រោះទាំងអស់កំពុងជួបការលំបាកជាខ្លាំង ដោយត្រូវបង់សងបំណុលដែលខ្ចីមកបង់ទៅឱ្យមេខ្យល់នោះ ខ្លះធ្លាក់ខ្លួនឈឺរ៉ាំរៃរហូតបាត់បង់ជីវិត ខ្លះទៀតលក់ផ្ទះសម្បែង និងខ្លះរត់ចោលស្រុកកំណើត ព្រាត់ប្រាស់គ្រួសារ ដើម្បីរកប្រាក់សងបំណុល និងរាប់រងជីវភាពក្រុមគ្រួសារ»។
បើតាមអង្គការដែលធ្វើការលើផ្នែកសិទ្ធិការងារនេះ ជនរងគ្រោះដែលចាញ់បោកមេខ្យល់ទាំងនោះ ជាអ្នករស់នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង តាកែវ កំពត កណ្ដាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង និងបាត់ដំបង។
ករណីនេះ អង្គការសង់ត្រាល់ បានអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីសិទ្ធិ ច្បាប់ គោលនយោបាយ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីការចំណាកស្រុកទៅធ្វើការនៅបរទេសដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពលករ ដូចជា តម្លៃសេវាខ្ពស់ និងការចំណាយពេលយូរក្នុងការស្វែងរកការងារធ្វើនៅបរទេស ភាពស្មុគស្មាញនៃដំណើរការ និងការចាញ់បោកមេខ្យល់ខុសច្បាប់។
ក្រៅពីនោះ អង្គការនេះក៏បានជំរុញឱ្យមានការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតមុខរបរក្នុងស្រុកដល់ប្រជាជនកម្ពុជា និងអតីតពលករចំណាកស្រុកដែលវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីជៀសវាងឱ្យពលរដ្ឋប្រថុយប្រថាន ក្នុងការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីនៃអង្គការសង់ត្រាល់ សង្កេតឃើញថា ជាទូទៅ ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មិនមែនជាជម្រើសរបស់ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែដោយសារកត្តាជីវភាព សេដ្ឋកិច្ច ឱកាសការងារ និងបំណុល ព្រមទាំងកង្វះព័ត៌មានជុំវិញការចំណាកស្រុកទៅធ្វើការនៅបរទេសដោយសុវត្ថិភាពផងនោះ បានធ្វើឱ្យពលរដ្ឋមួយចំនួន ជាពិសេសពលរដ្ឋនៅតំបន់ដាច់ស្រយាល ត្រូវបង្ខំជ្រើសរើសនូវមធ្យោបាយនៃការធ្វើចំណាកស្រុកទាំងប្រថុយប្រថានបែបនេះ។
លោកបន្តថា៖ «ការបញ្ជូនពលករទៅធ្វើការងារនៅប្រទេសកូរ៉េនេះ គឺគេធ្វើតាមប្រព័ន្ធរដ្ឋនិងរដ្ឋ ចឹងមានន័យថាពលករត្រូវធ្វើតាមនូវនិតិវិធីដំណើរការនៃការចុះឈ្មោះ ការប្រឡង ការជ្រើសរើសរវាងរដ្ឋនិងរដ្ឋ ហើយអាហ្នឹងអាចធ្វើទៅបាន វាទៅតាមទីភ្នាក់ងារដែលមានការចុះបញ្ជីត្រឹមត្រូវ អាហ្នឹងហា។ ចឹងបញ្ហានេះហើយដែលពលរដ្ឋនៅទីដាច់ស្រយាលជាច្រើន គាត់អត់ទទួលបានព័ត៌មាន ឬក៏គាត់កង្វះខាតនូវព័ត៌មានទាំងអស់ហ្នឹង ចឹងហើយបាននៅពេលដែលមានការប្រើប្រាស់នូវមធ្យោបាយតាមរយៈមេខ្យល់ ការផ្សព្វផ្សាយព័ត៌មាន ការអូសទាញអីជាដើម ការសន្យាជាដើមនោះ វានៅជាឧបករណ៍ក្នុងការធ្វើឱ្យពលរដ្ឋខ្មែរហ្នឹង គឺគាត់ងាយរងគ្រោះក្នុងការចាញ់បោកមេខ្យល់»។
ជាមួយគ្នានេះដែរ លោក ឃុន ថារ៉ូ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្វែងរកមេក្លោង និងបក្ខពួកបន្ថែម ដែលបានបោកប្រាស់ពលរដ្ឋប្រមាណ ៣០០នាក់នេះ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ និងផ្តល់នូវសំណងជូនពលរដ្ឋរងគ្រោះវិញ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
តែយ៉ាងណា លោកបញ្ជាក់ប្រាប់សារព័ត៌មាន FreshNews ថា ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េ ពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ ព្រោះការបញ្ជូនពលករទៅប្រទេសកូរ៉េ ជាយន្តការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជន មានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។ លោកបានបន្ដទៀតថា ក្រសួងការងារ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណា ដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។
យ៉ាងណា តាមរយៈសេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ក្រុមប្រជាពលរដ្ឋដែលរងគ្រោះ ក៏បានដាក់ចេញជាសំណូមទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដូចជា តុលាការ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ច ពន្លឿនដំណើរការនីតិវិធីទៅលើមេខ្យល់ដែលចាប់ខ្លួនបាន និងជួយដោះស្រាយស្វែងរកយុត្តិធម៌ និងផ្តល់សំណងដល់ពួកគេ ព្រោះពួកគេកំពុងជួបការលំបាកជាខ្លាំង ខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ជាពិសេសត្រូវសងបំណុលជាប្រចាំផងដែរ។
ក្រុមជនរងគ្រោះ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវឈ្វេងយល់ព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ជៀសវាងចាញ់បោកក្រុមមេខ្យល់ទុច្ចរិត៕









