សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សតាមដងផ្លូវរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា មកពីកត្តាធំបី គឺចំណេះដឹងអ្នកប្រើប្រាស់ផ្លូវ អំពើពុករលួយរបស់មន្រ្តីអនុវត្តច្បាប់ និងឥទ្ធិពលគ្រឿងស្រវឹង ដែលចាំបាច់ត្រូវពង្រឹងប្រសិទ្ធិភាពទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវ ទើបអាចកាត់បន្ថយជំងឺសង្គមមួយនេះបាន។
ការសំអាងនេះ ក្រោយមានករណីបុករះសម្លាប់មនុស្សជាបន្តបន្ទាប់ រួមទាំងហេតុការណ៍កើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា បង្កឡើងដោយនាយកការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង បានបើកបរដោយអាការៈស្រវឹងបុករះបណ្តាលឱ្យមនុស្ស៥នាក់របួស និងម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ។
លើសពីនេះ កាលពីថ្ងៃទី៧ ខែឧសភា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យស្ត្រីជាកម្មកររោងចក្រម្នាក់ស្លាប់ និង៤១នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។
យ៉ាងណា ក្រុមអ្នកឃ្លាំមើល ចង្អុលបង្ហាញបានថា សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងជាច្រើនឆ្នាំ និងពេលបច្ចុប្បន្ន បង្កើតឡើងពីកត្តាចម្បងចំនួន៣ គឺអំពើពុករលួយរបស់មន្ត្រីអនុវត្តច្បាប់ ចំណេះដឹងអ្នកប្រើប្រាស់ផ្លូវ និងឥទ្ធិពលនៃគ្រឿងស្រវឹង។
សម្រាប់ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់VODនៅថ្ងៃទី២៩ ខែឧសភានេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងពីអំពើពុករលួយនោះ នៅត្រង់ថា មន្រ្តីអនុវត្តច្បាប់មួយចំនួនប្រើប្រាស់តួនាទីខ្លួន ពួនស្ទាក់ចាប់ប្រជាពលរដ្ឋផាកពិន័យ ដោយមិនពន្យល់ច្បាប់ចរាចរណ៍ទេ គឺចាំតែទារលុយពីពលរដ្ឋរងគ្រោះតែម្តង។
លោកបន្តថា បញ្ហាការប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលបើកបរនេះ ជាកត្តាធំបំផុត និងជាហានិភ័យបំផុតនៃការបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់អាយុជីវិតរបស់ពលរដ្ឋខ្មែរ ពេលធ្វើដំណើរលើដងវិថីរួមគ្នា។
លោកថា៖ «មន្ត្រីអនុវត្តច្បាប់នេះ ហាក់ដូចជាទៅជារបរ មើលទៅអនុវត្តច្បាប់មិនមានប្រសិទ្ធភាព ខំប្រឹងចុះចាប់ពលរដ្ឋ តែអត់មើលសញ្ញាភ្លើងស្តុបអីទេ អត់លើកយកទៅជជែកគ្នា ដើម្បីដោះស្រាយរបៀបម៉េចវាអត់មាន ឃើញតែចុះមកចាប់ ចុះមកឃាត់ ដើម្បីប្រមូលលុយពីប្រជាពលរដ្ឋនោះ អាហ្នឹងជារឿងមួយដែលអត់មានប្រសិទ្ធភាពទេ មន្ត្រីទាំងហ្នឹងអស់ដាក់ប្រមាណកាឆេទៀត ក៏អត់មានប្រសិទ្ធភាពដែរ ឃើញតែចុះអ៊ីចឹង ឃើញតែដាក់មន្ត្រីនោះ ដើម្បីទៅរកលុយពីប្រជាពលរដ្ឋហ្នឹង វាទៅជារបរហើយ ហើយយើងមិនខ្លាចនិយាយទេ ប្រជាពលរដ្ឋនៅស្រុកយើងរាល់ថ្ងៃនេះ អ្នកបើកបរនោះគឺខ្លាចប៉ូលិសហ្នឹង មកខ្លាចប៉ូលិសចរាចរណ៍ហ្នឹងម៉ង»។
ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និយាយថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋត្រូវផ្គត់ផ្គង់ប្រាក់បៀរវត្សរ៍មន្រ្តីរាជការឱ្យបានខ្ពស់ ដើម្បីចៀសវាងការប្រើប្រាស់តួនាទី ដើម្បីតែប្រមូលលុយសម្រាប់ដោះស្រាយជីវភាព មិនបានពង្រឹងវិធានច្បាប់ឱ្យបានតឹងរឹង ជាដើមហេតុធ្វើឱ្យអ្នកមិនគោរពច្បាប់មិនរាងចាល និងមួយវិញទៀត បញ្ហាគ្រឿងស្រវឹង ក៏ជាដើមហេតុនៃគ្រោះថ្នាក់ដែរ ព្រោះវាធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវបានបង់ស្មារតីគ្រប់គ្រងមួយផ្នែកធំ។
លោកថា៖ «ធ្វើការតាមដានត្រួតពិនិត្យក្រុមដែលធ្វើការត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវហ្នឹង គឺឲ្យមានគោលដៅដើម្បីចរាចរណ៍សុទ្ធសាត កុំដើម្បីគោលដៅដែលបុគ្គលខ្លះ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន គឺធ្វើបានអ៊ីចឹងគេអាចកាត់បន្ថយបានហើយ កុំឲ្យគាត់ធ្វើអ្វីដែលគាត់ទទួលបានគឺប្រាក់ខែកុំឲ្យ រំពឹងទៅលើការរកលុយក្រៅពីអ្នកធ្វើដំណើរ ឬក៏អ្នកដែលប្រព្រឹត្តបទល្មើសអីមួយចំនួន បើកាលណាបញ្ហាហ្នឹងនៅតែបន្ត គឺរឿងរាវនៃការកែលម្អចរាចរណ៍នៅក្នុងប្រទេសយើង ប្រហែលមានការលំបាកខ្លាំង»។
លើសពីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏អាចបង្កឡើងដោយកង្វះចំណេះដឹងរបស់ពលរដ្ឋ ជុំវិញការប្រើប្រាស់រថយន្តលើដងផ្លូវ។
លោកថា ការមិនយល់ ពីច្បាប់ចរាចរណ៍ គឺជាហានិភ័យធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ផ្លូវ ព្រោះគេមិនបានដឹងមុនថា ដើម្បីគេចផុតពីគ្រោះថា្នក់ មុនពេលបត់ មុនឆ្លងផ្លូវ និងជែង រួមទាំងការប្រើប្រាស់ល្បឿនជាដើម។ លោកថា លើសពីនេះ ពួកគេមិនយល់ដឹងពីការប្រុងប្រយ័ត្នជាមុន ដើម្បីបង្ការមូលហេតុកើតឡើង ពាក់ព័ន្ធទៅនឹងបំរាមនានា ដូចជា ហាមបត់ ជែង និងការប្រើប្រាស់ល្បឿនជាដើម។
លោកថា៖ «យើងឃើញហើយ ការអនុវត្តមួយចំនួនរបស់ប្រជាពលរដ្ឋហ្នឹង គឺដោយសារគាត់អត់បានចូលសាលាត្រឹមត្រូវ មិនយល់របៀបប្រើប្រាស់ផ្លូវថ្នល់ទៅតាមផ្លូវច្បាប់ជាក់លាក់ គឺគាត់បើកមិនត្រូវគន្លង ហើយបើកបរលើសល្បឿន ហ្នឹងបញ្ហាផ្សេងទៀតៗ ហើយរឿងដែលសំខាន់ជាងគេ គឺការអនុវត្តច្បាប់របស់មន្រ្តី គឺមិនបានពេញលេញ គឺដោយពួកគាត់ដាក់តំបន់គោលដៅដើម្បីផាកយកលុយ»។
សម្រាប់លោក សេក សុជាតិ យល់ថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សលើដងវិថីនៅកម្ពុជា ចាំបាច់ណាស់ ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺទាំងពលរដ្ឋនិងមន្រ្តីរាជការ រួមគ្នាពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ឱ្យមានប្រសិទ្ធិភាព ដើម្បីសង្គមជាតិរីកចម្រើន។
VOD មិនអាចទាក់ទង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គិមខឿន ដើម្បីការបញ្ជាក់បន្ថែមជុំវិញបញ្ហាខាងលើនេះ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក្តី បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍ បានបង្កឱ្យមានអ្នករងគ្រោះ រាប់ពាន់នាក់ក្នុង១ឆ្នាំៗ ។ ជាការសង្កេត ជំងឺសង្គមមួយនេះមិនថយចុះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បង្ហាញការព្រួយបារម្ភថា ឥទ្ធិពលនៃគ្រឿងស្រវឹង បានសម្លាប់មនុស្សនៅលំដាប់ទី២ បន្ទាប់ពីល្បឿន ដែលមន្ត្រីពាក់ព័ន្ធត្រូវពង្រឹងវិធានទប់ស្កាត់ ដើម្បីកាត់បន្ថយសោកនាដកម្មតាមដងផ្លូវ ខណៈច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅតែមិនអាចចេញរួច។
លោកថា៖ «យើងឃើញថា ៧០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍មានកត្តាច្រើន យានយន្ត បុគ្គល តែកត្តាមួយទៀត ដែលយើងមិនអាចមើលរំលងបាន គឺការប្រើប្រាស់គ្រឿងស្រវឹងនេះ ហើយខ្ញុំសូមផ្ញើសារជាថ្មីទៀតតាមរយៈវេទិកានេះ បើអាចទៅរួចសូមស្នើឲ្យឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលមានបទបញ្ជានេះពិនិត្យក្នុងការឆែកឡើងវិញ ទៅលើកុងត្រា ឬមួយការជួលដាក់ប៉ាន់ណូជាសាធារណៈ ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ឥឡូវច្បាប់វាអត់ទាន់ចេញ ចេះតែទុកៗ គេដាក់ផ្សព្វផ្សាយ ខ្ញុំគិតថាខេត្តក៏មិនបានចំណូលពីអាហ្នឹងណាស់ណាដែរ»។
ជ្រុងមួយនៃបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កើតឡើងជាង ២៨០០លើក ដែលបង្កឱ្យមានអ្នករងគ្រោះចំនួនជាង ៥.២០០ នាក់ រាប់ទាំងអ្នកស្លាប់ និងអ្នករបួស៕