ក្រោយមានការអះអាងថា ទាហានថៃបានបើកការបាញ់ប្រហារ សម្លាប់ទាហានខ្មែរម្នាក់ ឈរជើងនៅជួរមុខក្នុងតំបន់មុំបី ខេត្តព្រះវិហារ ក្រុមបក្សប្រឆាំងបានលើកឡើងពីភាពចាំបាច់ ដែលមេដឹកនាំកម្ពុជា ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់មហិច្ឆតា បរទេសឈ្លានពាន។
ការលើកឡើងនេះ ក្រោយកងទ័ពកម្ពុជា និងកងទ័ពថៃ បានប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលី។
នៅថ្ងៃដដែលនោះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាមរយៈសំណេរលើហ្វេសបុករបស់លោក ចាត់ទុកការស្លាប់ទាហានខ្មែរនេះ ជាការឆ្មក់វាយប្រហារពីកងទ័ពឈ្លានពានថៃ ហើយថា រូបភាពនេះមានទម្រង់ដូចការឈ្លានពានរបស់កងទ័ពថៃក្នុងឆ្នាំ២០០៨ និង២០១១ នៅប្រាសាទព្រះវិហារដែរ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា កម្ពុជាត្រូវកំណត់ទូតទៅភាគីថៃ ឱ្យទទួលខុសត្រូវចំពោះសកម្មភាពដែលលួចបាញ់លើទាហានខ្មែរ និងឱ្យថៃដកទ័ពចេញជាបន្ទាន់។ ជាងនេះទៀត អ្វីដែលត្រូវធ្វើបន្ទាប់ គឺកម្ពុជាត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ផងដែរ។
លោកថា៖ «បើសិនជាអត់ប្ដឹងទៅកាន់តុលាការអន្ដរជាតិទេ តំបន់នៅច្រកអានសេះ ក៏អាចបាញ់គ្នាក្នុងពេលឆាប់ៗ ខាងមុខដែរ។ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក៏អាចមានការផ្ទុះអាវុធនៅពេលអនាគតដែរ បើសិនជាអត់ប្ដឹងទៅកាន់តុលាការអន្តរជាតិ។ ត្រូវតែប្ដឹងករណីទាំងអស់ហ្នឹង ទៅកាន់តុលាការអន្តរជាតិ ទើបយើងបញ្ចៀសសង្គ្រាម ឬក៏ការផ្ទុះអាវុធនៅពេលអនាគត។ កុំឲ្យបាត់បង់ជីវិតទាហានទាំងសងខាងផង ហើយដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរផង។ អាហ្នឹងមានតែជម្រើសប្តឹងទៅកាន់តុលាការអន្តរជាតិនោះទេ ទើបអាចដោះស្រាយជម្លោះទាំងអស់ហ្នឹងបាន បើដោះស្រាយតាមរយៈការចរចាទ្វេភាគី! ដោះស្រាយមិនចេញទេ»។
បើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែនរូបនេះ តំបន់មុំបីមានជម្លោះតាំងពីឆ្នាំ២០០០ មកម្លេះ ដែលកាលនោះ លោក ហ៊ុន សែន បានចុះអនុស្សារៈយោគយល់ឆ្នាំ២០០០ ឬហៅថា MOU 43 ដាក់តំបន់នោះជាតំបន់ត្រួតស៊ីគ្នា ឬជាតំបន់ស ហើយប្រើយន្តការចរចា ២៥ឆ្នាំហើយមកទល់ពេលនៅតែនៅមិនដាច់ស្រេច។
លោក អ៊ុំ សំអាន ចាត់ទុកថា មូលហេតុដែលរដ្ឋាភិបាលគ្រួសារហ៊ុន មិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាចេតនាចង់ឱ្យភាគីថៃជួយបង្រ្កាបសកម្មជនបក្សប្រឆាំង ដែលរត់ទៅភៀសខ្លួននៅថៃ ដើម្បីជួយទប់អំណាចរបស់គ្រួសារហ៊ុន និងឱ្យថៃជួយបិទបាំងករណីការបាញ់សម្លាប់តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា លើទឹកដីថៃផងដែរ។
ជាមួយគ្នានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៩ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យកម្ពុជា-ថៃ ពន្លឿនដោះស្រាយទ្វេភាគីដោយប្រើប្រាស់យន្តការដែលមានស្រាប់ ឬយន្តការអន្តរជាតិតាមការចាំបាច់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា កុំឱ្យបាត់បង់ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺកងទ័ពថៃបានបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ទាហានខ្មែរដែលពលីក្នុងសមរភូមិ ក្រោមការលួចបាញ់ពីទាហានថៃនោះគឺ លោកព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៩ ខែឧសភានេះថា ការផ្ទុះអាវុធនៅពេលនេះ មិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃឡើយ តែអាចបង្កឡើងដោយបុគ្គល ឬអង្គភាព។
លោកថា៖ «ហើយអាកន្លែងបញ្ហាដែលកើតឡើងពីម្សិលនេះ ថាជាទីកន្លែងដែលឆ្នាំ២០០៩ខ្ញុំទៅកន្លែងហ្នុង! ហេតុអីបានជាទៅដីគេ ពីដើមវាមានសាលាមួយ សាលាហ្នឹង វាឆេះហើយ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹងចឹងបានខ្ញុំមិនអស់ចិត្ត! ខ្ញុំក៏មិនអស់ចិត្ត។ ហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង! កន្លែងហ្នឹងខ្ញុំទៅអង្គុយនៅកន្លែងហ្នឹង! ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេ»។
យ៉ាងណា លោកថា សព្វាវុធ និងកងទ័ព ដែលកម្ពុជាបញ្ជូនទៅកាន់ព្រំដែននៅពេលនេះ មិនមែនដើម្បីធ្វើសង្គ្រាមទេ តែករណីមានការឈ្លានពាន គឺកម្ពុជានឹងប្រើប្រាស់សិទ្ធិដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ជុំវិញរឿងនេះដែរ ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកថា ការអូសបន្លាយជម្លោះព្រំដែននេះកាន់តែយូរ កាន់តែធ្វើឲ្យប្រទេសកម្ពុជាជួបតែការប៉ះទង្គិចប្រដាប់អាវុធ បង្ហូរឈាមខ្មែរតាមព្រំដែន ការបាត់បង់ទឹកដីកម្ពុជា និងខាតថាមពលអភិវឌ្ឍន៍ជាតិ។
ក្នុងន័យនេះ ក្រុមប្រឹក្សាជាតិតស៊ូ រំលេចថា ភាគីបារាំងចាំជួយដោះស្រាយបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជារហូតមក ប៉ុន្តែរដ្ឋាភិបាលគ្រួសារហ៊ុនមិនធ្លាប់ស្នើម្តងណាឡើយដល់រដ្ឋាភិបាលបារាំង ឬស្ថាប័នជំនាញរបស់អង្គការសហប្រជាជាតិ ឲ្យចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។
ប្រភពដដែលបានស្រង់សម្តីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ីឡេ (Jacques Pellet) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតបារាំងនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភាថា រដ្ឋាភិបាលកម្ពុជា មិនដែលបានលើកឡើងអំពីបញ្ហាព្រំដែនជាមួយលោក ហ្សាក់ ប៉ីឡេ ទេ។
លោក ហ្សាក់ប៉ី ឡេ និយាយក្នុងសម្តីដើមថា៖ «ផែនទីដែលជាកម្មវត្ថុចរចាជាមួយប្រទេសជិតខាង ជាផែនទីដែលបានមកពីអាណាព្យាបាល(បារាំង)។ បញ្ហានេះ គួរតែត្រូវដោះស្រាយតាមការចរចារវាងប្រទេសពាក់ព័ន្ធ»។
ក្រុមប្រឹក្សាជាតិតស៊ូ ពន្យល់បន្ថែមថា ត្រង់ឃ្លា «ប្រទេសពាក់ព័ន្ធ» គឺ លោក ហ្សាក់ ប៉ីឡេ សំដៅលើការពាក់ព័ន្ធរបស់ប្រទេសបារាំង ដែលជាម្ចាស់គំនូសផែនទីដើមរបស់ប្រទេសកម្ពុជា និង ជាអ្នកបោះបង្គោលចំនួន ៧៣ ជាមួយថៃ និង ១២៤បង្គោល រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីនបារាំង ដែលជាទឹកដីកម្ពុជាក្រោម នៅក្រោមការត្រួតត្រាដោយប្រទេសវៀតណាមសព្វថ្ងៃ។
ប្រភពនោះថា ត្រង់ចំណុចនេះច្បាស់ណាស់ថា ការដោះស្រាយបញ្ហាព្រំដែនប្រទេសកម្ពុជា ត្រូវតែមានវត្តមានភាគីបារាំង ទើបអាចបញ្ចប់ជម្លោះបាន ដោយសន្តិវិធី។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ក្នុងស្ថានភាពកំពុងឡើងកម្តៅព្រំដែនជាមួយថៃនេះ មានតែរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJទេ ទើបអាចរក្សាបូរណភាពទឹកដីក្រោមការបំពានពីថៃ រួមទាំងបញ្ជៀសជម្លោះប្រដាប់អាវុធបានផងដែរ។
លោកថា៖ «ការប្តឹងហ្នឹង គឺបញ្ចៀសការប្រឈមមុខដាក់គ្នា! ដូចបាញ់គ្នាម្សិលមិញអ៊ីចឹង! ឃើញទេ! ទី១យើងបញ្ចៀសការប្រឈមមុខដាក់គ្នា។ ទី២ បញ្ចៀសការយល់ច្រឡំរបស់ប្រជាពលរដ្ឋដែលប្រទេសទាំងពីរហ្នឹង អាចឲ្យមានការរើសអើងស្អប់គ្នា ហើយទី៣ពាក់ព័ន្ធនឹងសេដ្ឋកិច្ច វិនិយោគ របររកស៊ីអ៊ីចឹងទៅ! កុំឲ្យប៉ះពាល់គឺមានតែរកស៊ីជាធម្មតាជាមួយគ្នាអ៊ីចឹងទៅ។ ហើយទី៤ គឺពាក់ព័ន្ធនឹងបញ្ហាពលករខ្មែរធ្វើការនៅស្រុកថៃ ឬក៏ថៃធ្វើការស្រុកខ្មែរ កុំឲ្យមានផលប៉ះពាល់។ រឿងហ្នឹង បើប្តឹងទៅដូចរឿងប្តឹងដូចករណីប្រាសាទព្រះវិហារ បើប្ដឹងទៅគ្មានទៅរឿងអីប្រឈមអ៊ីចឹងកើតឡើងទេ។ មិនបានបាញ់បោះគ្នាអ៊ីចឹងទេ។ គ្រាន់តែអានេះវាជាល្បែងលេងរបស់ លោក ហ៊ុន សែន សុទ្ធយើងមើលទៅ»។
ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានលើកឡើងលើហ្វេសប៊ុករបស់លោកដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មានប្រវត្តិជាច្រើនសត្សវត្សមកហើយ មិនមែនជារឿងថ្មីឡើយ ដោយថា បញ្ហានេះត្រូវដោះស្រាយដោយយកច្បាប់អន្តរជាតិ និងលក្ខណៈសន្តិវិធីជាគោលការណ៍ មិនប្រើកម្លាំង ឬការប្រើអំពើហិង្សាឡើយ។
សម្រាប់ លោក សុជាតិ កម្ពុជាត្រូវបន្តកសាងសមត្ថភាពការទូត និងកងកម្លាំងការពារជាតិឱ្យមានភាពរឹងមាំ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងការរំខានដោយប្រទេសជិតខាង។ នៅក្នុងយុគ្គសម័យសកលភាវូបនីយកម្មនេះ កម្ពុជាត្រូវពង្រឹងសេរីភាពសេដ្ឋកិច្ច និងការទំនាក់ទំនងអន្តរជាតិ ដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការការពារនូវដែនដី និងអធិបតេយ្យភាពជាតិ។
រីឯក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី វិញសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលគ្រួសារហ៊ុន នៅតែលេងសើចអូសបន្លាយជម្លោះព្រំដែន នោះមិនខុសពីរដ្ឋាភិបាលនេះ លេងសើចនឹងជីវិតយុទ្ធជនដែលស្មោះត្រង់នឹងទឹកដីជាតិ ដូចជា លោកព្រឹន្ធបាល សួន រោន ជាដើម។ ជាក់ស្តែង យុទ្ធជនខ្មែរដ៏ក្លាហានទាំងឡាយ ហ៊ានលះបង់ជីវិត ប្រឹងទប់ទល់នឹងការឈ្លានពានរបស់កម្លាំងបរទេស ប៉ុន្តែពួកមេដឹកនាំគ្រួសារហ៊ុន បែរជាចិញ្ចឹមជម្លោះ ទុកធ្វើជាឧបករណ៍នយោបាយ ដើម្បីប្រយោជន៍អំណាចគ្រួសារទៅវិញ និងពេលខ្លះ បោះដៃឲ្យបរទេសជិតខាងទន្ទ្រានចូលទឹកដីកម្ពុជាផង៕









