សេចក្តីរាយការណ៍នានា បានរាយការណ៍ថា ពលរដ្ឋ៧៥គ្រួសារ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ជម្លៀសចេញពីស្រុកជាំក្សាន្ត ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ក្រោយទាហានខ្មែរម្នាក់ឈរនៅជួរមុខ បានស្លាប់ ដោយការវាយប្រហារពីកងទ័ពថៃ កាលពីថ្ងៃម្សិលមិញ។
សារព័ត៌មានក្នុងស្រុកមួយចំនួន បានរាយការណ៍ថា អាជ្ញាធរខេត្តព្រះវិហារបានជម្លៀសពលរដ្ឋចេញពីភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទីកន្លែងសុវត្ថិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីស្ថានការណ៍ព្រំដែនកំពុងកើនកម្ដៅ។
ពលរដ្ឋទាំងនោះ ត្រូវបញ្ជូនទៅស្នាក់នៅចំណុចទីធ្លាមណ្ឌលសុវត្ថិភាពតាកឹង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការគាំទ្រសម្ភារៈ និងអាហារពីកាកបាទក្រហមកម្ពុជា និងមន្ទីរសង្គមកិច្ចខេត្តផងដែរ។
វីអូឌី មិនអាចរកការបញ្ជាក់ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានទេនៅថ្ងៃទី២៩ខែឧសភានេះ ដោយឡែក អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា អះអាងថា មិនទាន់ដឹងរឿងនេះ។
លោកថា៖ «ខ្ញុំអត់ដឹងដែរ[…] ប៉ុន្តែខ្ញុំសួរសភាពការណ៍ដូចអត់មានអីប្រែប្រួលផង ពាក្យចចាមអារាម ខ្ញុំមើលព័ត៌មានឃើញមានយាយអ៊ីចឹងមែន តែខ្ញុំសួរទៅមុខអត់មានអីផង»។
យ៉ាងណា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងពិធីមួយនៅក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៩ខែឧសភានេះ បានបង្ហើបរឿងនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ចំនួនពលរដ្ឋដែលត្រូវបានអាជ្ញាធរជម្លៀសចេញទេ។
លោកថា៖ «ពិតមែនហើយឥឡូវមានប្រជាជនជម្លៀសភៀសខ្លួន ដែលអភិបាលខេត្តព្រះវិហារ បានរាយការណ៍មកឱ្យខ្ញុំដែរ ព្រោះក្រៅពីរាយការណ៍ទៅរាជរដ្ឋាភិបាល គេក៏រាយការណ៍មកឱ្យខ្ញុំដែរ បានថតទាំងរូបភាពដែលត្រូវជម្លៀសប្រជាជនចេញពីភូមិ ហើយខ្ញុំក៏បានទទួលព្រឹកមិញ»។
កាលពីថ្ងៃទី២៨ ខែឧសភា លោក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់ថា នៅព្រឹកម៉ោងប្រមាណ៥:៣០នាទី ទាហានថៃបានធ្វើការវាយប្រហារលើកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត។ ទាហានខ្មែរម្នាក់ ដែលបានស្លាប់នោះ ឈ្មោះ សួន រោន មានឋានៈជា ព្រិន្ទបាលឯក។
លើសពីនេះ បានតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃទី២៨ខែឧសភានេះ ឱ្យដឹងថា ការស្លាប់ទាហានខ្មែរ លោក សួន រោន ដោយសារទាហានថៃបានឆ្មក់ចូលបាញ់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ។
ក្រោយហេតុការណ៍នេះ កម្ពុជាបានបញ្ជូនសម្ភារៈយុទ្ធបករណ៍ធុនធ្ងន់ជាបន្តបន្ទាប់ ទៅព្រំដែនជាការត្រៀមឆ្លើយតបផងដែរ។
យ៉ាងណាកម្តៅព្រំដែន នៅទិសខេត្តព្រះវិហារនេះ ត្រូវបានគណបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ប្តឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន និងទប់ស្កាត់ជម្លោះប្រដាប់អាវុធ ខណៈថៃបានដណ្តើមយកទាំងស្រុងនូវប្រាសាទតាមាន់តូច និងផ្នែកខ្លះនៃប្រាសាទមាន់ធំ និងប្រាសាទតាក្របី។
មួយវិញទៀត តំបន់ខេត្តព្រះវិហារនេះ ធ្លាប់ប៉ះទង្គិចគ្នាដោយអាវុធ នៅឆ្នាំ២០០៨ និង២០១១ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសរៀងៗខ្លួន រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ខណៈកម្ពុជានៅបន្តចរចាករណីនេះតាមយន្តការទ្វេភាគី ដោយមិនព្រមប្តឹងទៅតុលាការអន្តរជាតិនៅឡើយ ទោះកម្ពុជាបាត់ប្រាសាទតាមាន់តូច និងមួយផ្នែកនៃប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី រួមទាំងកោះគុតក្ដី៕