បទវិភាគ៖ តើ​លោក ហ៊ុន សែន មាន​អាថ៌កំ​បាំង​អ្វី​បាន​មិន​ព្រម​ប្តឹង​ប្រទេស​ឈ្លាន​ពាន​ទៅ​តុលាការ​(ICJ)?

ជម្លោះព្រំដែននាសម័យទំនើប ក្រោមការ​គ្រប់​គ្រង​របស់ ​លោក ហ៊ុន សែន វា​បាន​កម្រើក​ឡើង​ចាប់​តាំង​ពី​ជិត​៣០​ឆ្នាំ​ទៅ​នេះ ពោល​គឺ​ពី​មាន​ការ​គំរា​ម​រំលាយ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ចោ​ល បើព្រះ​អង្គ មិន​ព្រម​ឡាយ​ព្រះ​ហស្ត​លេខា​លើ​សន្ធិ​សញ្ញាព្រំ​ដែន​ឆ្នាំ​២០០៥ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា ជា​សន្ធិ​សញ្ញា​ខុស​ច្បាប់​ធ្វើ​ឡើង​តម្រូវ​ចិត្ត​វៀត​ណាម​នោះ។

ចំពីពេលនោះម​ក គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​ លោក ហ៊ុន សែន រ​ង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​បាត់​បង់​ចង្កោម​កោះ​ជាច្រើន​រួម​ទាំង​កោះ​ត្រល់ និង​ព្រំដែន​គោក​តាម​បន្ទាត់​ព្រំដែន​កម្ពុជា វៀត​ណាម។

ដោយ​ឡែក នៅ​ព្រំដែន​ខាង​លិច​ជាប់​ប្រទេស​ថៃ​វិញ ក៏​បាន​ផ្ទុះ​អាវុធ​ជាមួយ​ថៃ​ច្រើន​ដង​ដែរ ដូច​ជា​នៅ​ឆ្នាំ​២០០៨ និង​២០១១ រហូត​ថៃ​ដណ្តើម​គ្រប់​គ្រង​ប្រាសាទ​តាមាន់​តូច និង​មួយ​ផ្នែកនៅ​ប្រាសាទ​តាមាន់ធំ និង​តាក្របី​ជាដើម ដែល​ការណ៍​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើ​ល​មិន​ចំណុះ​ឱ្យ​បក្ស​​កាន់​​អំណាច​ថា ស្ថិត​ក្រោម​ស្នាដៃ​ លោក ហ៊ុន សែន និង​ការ​បន្ត​ចរ​ចា​ក្រោម​យន្ត​ការទ្វេ​ភាគី​ជាមួយប្រ​ទេស​ដែល​ឈ្លាន​ពាន។

បើតាមក្រុមអ្នកឃ្លាំមើលទាំងនោះ កម្ពុជា​មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំ ដើម្បី​ទប់​ទល់​ទៅ​នឹងមហិច្ឆតា​បរទេស​ឈ្លាន​ពាន​នេះ ដោយ​មិន​ចាំបាច់​បង្ហូរ​ឈាម គឺ​កិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​ច្បាប់​ច្រើ​ន​ទៀត​បន្សល់​ទុក​ពី​សម័យ​ដើម។

ប៉ុន្តែមេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្ទប់​ឱ្យ​ឡើង​កាន់​អំណាច​កំពូល​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៩​​ម​ក មិន​ប្រើ​យន្ត​ការ​អន្ត​រ​ជាតិ​ដើម្បី​ទប់​ទល់​នឹង​មហិច្ឆតា​បរទេសឈ្លាន​​ពាន​​ទាំង​ខាង​កើត និង​ខាង​លិច​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ខែឧសភា​នេះទេ។

ទាំងនេះ​ជាដើម​ហេតុ​ធ្វើ​ការ​វិភា​គថា តើ​លោក ហ៊ុន សែន មាន​អាថ៌កំបាំង​អ្វី​បាន​មិន​ព្រម​ប្តឹងបរទេស​ឈាន​ពាន​ទៅ​តុលាការ​(ICJ)?

អ្នកឃ្លាំមើលបញ្ហាព្រំដែន បាន​មើលឃើញប្រហាក់​ប្រហែល​គ្នាថា​ ការ​ដែល​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន មិន​ព្រម​ប្តឹង​ប្រទេស​ថៃ​ទៅ​តុលាការយុត្តិធ​ម៌អ​ន្តរ​ជាតិ​(IC​J​)​នោះ មូល​ហេតុចម្បង គឺ​ចង់​រក្សា​អំណាច​តពូជ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់​ថា អាថ៌កំបាំង​ដែល​លោក​ ហ៊ុន សែន មិន​ហ៊ាន​ប្តឹង​ប្រទេស​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​នេះ ព្រោះ​តែ​លោក ហ៊ុន សែន ចង់​ឱ្យ​រដ្ឋាភិបាល​ថៃ​រួម​ដៃ​ជាមួយ​ខ្លួន​បង្រ្កាប​សកម្ម​ជនបក្ស​ប្រឆាំង​ដែល​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ។

លោកថា លោក ហ៊ុន សែន​ បាន​យក​ជម្លោះព្រំ​ដែន​ជាល្បែង​នយោបាយ បំរើ​មហិច្ចតា​អំណាចរបស់​ខ្លួន​ ដោយ​មិន​គិត​ពី​អាយុ​ជីវិត​ទាហាន​ដែល​នឹង​ត្រូវ​ពលី​បន្ថែម​ទៀត បើ​នៅ​តែ​មិន​ប្រើ​ប្រាស់​យន្ត​ការ​អន្តរជាតិ​ទេ​នោះ។

លោកថា៖ «ប្រទេសថៃ​គាត់​មាន​ទំនាក់​ទំន​ងជាមួយ​រដ្ឋាភិបាល​ថៃ ដោយ​សារ​រឿង​អ្នក​គណបក្ស​ជំទាស់​ដែន​នៅ​មាន​ជន​ភៀស​ខ្លួន​ គណបក្ស​ជំទាស់​នៅ​ប្រទេស​ថៃ​ច្រើន​ណាស់។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា បើ​សិន​ជា​គាត់​អត់​សម្រប​សម្រួល​ជាមួយ​ថៃ​ទេ! ថៃ​គេ​នឹង​ឲ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​ចូល​ប្រទេស​ថៃ។ ព្រោះ​ឥលូវ​នេះ បម្រាម​គេ​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រទេស​ថៃ​ទេ មាន​ន័យ​ថា គាត់​ទំនាក់​ទំនង​គ្នា គាត់​និយាយ សហការណ៍​គ្នា ព្រោះ​ឯង​ជួយ​អញ អញជួយ​ឯង»។

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ចាត់​​ទុក​ការ​ស្លាប់​ទាហាន​ខ្មែរ ​​គឺលោ​ក​​ព្រិន្ទ​បាល​​ឯក សួន រោន ជា​​កា​រ​​ឆ្មក់​វាយ​​ប្រហារ​​ពី​​កង​​ទ័ព​​ឈ្លាន​​ពាន​​ថៃ ហើយ​ថា រូបភាព​នេះ​មាន​ទម្រង់​​ដូច​​ការ​ឈ្លាន​​ពាន​របស់​កង​ទ័ព​ថៃ​ក្នុង​ឆ្នាំ​២០០៨ និង​២០១១ នៅប្រាសាទ​ព្រះវិហារ​ដែរ។

១ថ្ងៃក្រោយនៃថ្ងៃបាញ់ប្រហារនោះ ពោលគឺនៅ​ថ្ងៃទី​២៩ ខែ​ឧសភា លោក ហ៊ុន សែន បាន​ថ្លែង​​សារ​ជិត​១ម៉ោង​នៅ​វិមាន​ព្រឹទ្ធ​​សភា អំពា​វ​នាវ​ឱ្យ​ពលរដ្ឋ​ជឿជាក់​លើ​រដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ តែ​លោក​មិន​បាន​បញ្ជាក់​ជំហរ​ប្តឹង​ទៅតុ​លាការ​អន្តរជាតិ (ICJ) តប​តាម​ការ​ជំរុ​ញ​នោះ​ទេ។ ជាង​នេះ​ទៀត លោក​ថា កម្ពុជា​ក៏បា​ន​ត្រៀម​សព្វាវុធ និង​​ក​ង​ទ័ព ដើម្បី​វាយ​បកបើ​មាន​​កា​រ​​ឈ្លាន​​ពាន​ពីប្រទេសថៃផងដែរ។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ធ្លាប់ចាត់ទុកការបាញ់សម្លាប់​ទាហានខ្មែរ​នៅពេលនេះ​ថា ជា​ទង្វើ​ឈ្លាន​ពាន មាន​ទម្រង់ដូចគ្នា​កាលពី​ឆ្នាំ​២០០៨ និង​២០១១​ដែរ ប៉ុន្តែ​លោក​មិន​បាន​ជំរុញ​ឱ្យប្រើ​ច្បាប់​អន្តរ​ជាតិ ដើម្បី​ប្តឹង​ថៃ ដូច​ករណី​ផ្ទុះអា​វុធ​នៅ​ប្រាសាទ​ព្រះ​វិហារ​ទេ។

លោកថា«ហើយ​អាកន្លែង​​បញ្ហា​​ដែល​​កើ​ត​​ឡើង​​ពី​​ម្សិល​​នេះ ​ថា​​ជា​ទីកន្លែង​​ដែល​ឆ្នាំ​​២០០៩​ ​ខ្ញុំ​​ទៅ​កន្លែង​​ហ្នុង! ហេតុ​​អីបាន​​ជា​ទៅ​​ដី​គេ ពី​​ដើម​​វា​មាន​​សាលា​មួយ សាលា​​ហ្នឹង វា​​ឆេះ​​ហើយ។ ខ្ញុំ​ទៅ​អង្គុយ​កន្លែង​ហ្នឹង​ចឹង​បាន​ខ្ញុំ​មិន​អស់​ចិត្ត! ខ្ញុំ​ក៏មិន​អស់​ចិត្ត។ ហេតុ​អី​បាន​ទាហាន​របស់​យើង​ត្រូវ​ស្លាប់​នៅ​កន្លែង​ហ្នឹង! កន្លែង​ហ្នឹង​ខ្ញុំ​ទៅ​អង្គុយ​នៅក​ន្លែង​ហ្នឹង! ខ្ញុំ​មិន​មែន​ជានា​យក​រដ្ឋមន្ត្រី​អង្គុយ​តែ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ទេ»

លើសពីនេះ ជុំវិញជម្លោះព្រំដែនជាមួយប្រទេសជិតខាង ទាំង​ព្រំដែន​គោក និង​សមុទ្រ មាន​កោះ​គុត​ជាដើម ជារឿយៗ មេដឹកនាំ​កម្ពុជា​ទាំង លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​ថាប​ន្ត​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដោយ​មិន​ប្រើ​ប្រាស់​យន្ត​ការ​ប្តឹង​ទៅ​អន្តរ​ជាតិ​ទេ។

សម្រាប់ ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន និង​រដ្ឋាភិបាល​គ្រួសារ​ថាក់​ស៊ីន​ គឺ​ជួយ​ទប់​អំណាច​គ្នាទៅ​វិញ​ទៅ​មក ទើប​លោក ហ៊ុន សែន ទុកជម្លោះ​ព្រំដែន​នេះ​ជាល្បែង​នយោបាយ​ទាញ​យក​ប្រជា​ប្រិយ​ភាព​ ដោយ​មិន​ប្រើ​ប្រាស់​យន្តការអន្តរ​ជាតិ​បញ្ចប់​ជម្លោះ​នោះ​ទេ។

លោកថា៖ «តំបន់តាមាន់តូច តំបន់​តាមាន់​ធំ និង​តំបន់​តាក្របី! ឃើញ​តើ​វាយ៉ាង​ម៉េច​រាល់​ថ្ងៃ! គឺ​កំពុង​តែ​គ្រប់​គ្រង។ឥលូវ​តំបន់​អាន​សេះ​ច្រក​ព្រំដែន​អាន​សេះ! ច្រក​ព្រំដែន​មុំ​បី​ទៀត! ឃើញ​ទេ! អាហ្នឹង! វា​ប្រឈម! ប្រឈម​ខ្លាំង​អារឿងដែល​ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គួ​រ​ធ្វើ​ហ្នឹង​អត់​នាំ​គ្នា​ធ្វើ​អត់​នាំ​គ្នា​រៀប​ចំ​ឯកសា​រ​ប្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិទេ! តែ​បណ្ដោយ​ឲ្យ​មាន​អ៊ីចឹង។ ឱ្យ​មាន​សព្វថ្ងៃ​ហ្នឹ​ង! អ៊ឺចឹង​បាន​ថា! គេស​ង្ស័យ​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត​ ហ្នឹង​ កំពុងតែ​យក​ល្បែង​ប្រជា​ពលរដ្ឋ​ ល្បែង​ផ្ទុះ​អាវុធ​ហ្នឹង ដើម្បី​​ចំណេញ​ប្រជា​ប្រិយ​ភាព​នយោបាយ​ អាហ្នឹង​ជា​រឿង​នយោ​បាយ​ទុច្ច​រិត»

ដោយឡែក ប្រធាន​អង្គការ​ប្រជាធិប​តេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្រ្តាលី លោក សឹង សែនករុណា យល់​ថា កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​ប្តឹង​ទៅតុ​លាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​ដោះ​ស្រាយ​ជម្លោះព្រំ​ដែន​ជាមួយ​​ប្រទេស​ជិត​ខាង គឺ​ជា​ខែល ឬ​អាវ​ក្រោះដ៏​សំខាន់​សម្រាប់​កម្ពុជា និង​អាច​បញ្ជៀស​ភាព​អសន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។

លោកថា«បើយើងប្រើប្រាស់នូវយន្តការ​អន្តរជាតិ គ្មាន​អ្វី​ក្រៅ​ពី​ប្រើ​តែ​ក្រដាស​និង​ប៊ិច ហើយ​នឹង​វិ​ធាន​ការ​ការទូត​ក្នុង​ការ​ទំនាក់​ទំនង ដើម្បី​ដោះ​ស្រាយ ​ហើ​​យប្ដឹង​ផ្ដល់​ទៅ​តាម​នីតិវិ​ធីរ​បស់​តុលាការអ​ន្តរជាតិ​អី​ទៅ! អ៊ឺចឹង​វិធាន​ការ​ហ្នឹង​ យើង​នឹង​មិន​ចាំបាច់​ប្រើប្រា​ស់​អាវុធ​ចំណាយ​អាយុជី​វិត​កង​ទ័ព​ ឬ​ក៏​ថវិកាជាតិ ឬ​ក៏អាវុធ​យុទ្ធ​ភណ្ឌ​ និង​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ពលរដ្ឋ​អី​ទេ»

ដោយឡែក អ្នក​វិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើ​ងលើ​ហ្វេ​សប៊ុក​លោកនាថ្ងៃ​ទី​៣០ ខែ​ឧសភា​នេះ​​ថា កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​អាច​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​បាន​ ដែល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​២ច្បាប់។

លោក​ថា ច្បាប់ទី២​ចែង​អំ​ពី​ការ​ធានា​អន្តរជាតិ​ចំពោះ​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណ​ភាព​ទឹក​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា ហើយ​មាត្រា​៥​នៃ​ច្បាប់​ទី​២​ដដែល​មាន​ចែង​អំពី​យន្ត​ការ​ដោះ​ស្រាយ​ការ​រំលោភ​បំពាន​ទឹក​ដី។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង​​២៣​តុលា បញ្ជាក់​​ថា បើ​​មាន​​ការ​​​គំរា​ម​​កំហែង​​រំលោភ​​លើអធិប​​តេយ្យ​​ភាព​​កម្ពុជា បណ្តា​​ភាគី​​ក្នុង​​កិច្ច​​ព្រម​ព្រៀង​​នេះ​ ត្រូវ​ពិគ្រោះ​​ជា​បន្ទាន់​ដើម្បី​អនុ​ម័ត​រាល់​​វិធាន​ការ​សមស្រប ដើម្បី​ដោះ​ស្រាយ​​រា​ល់កា​រ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមាន រាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​​អង្គការ​សហ​​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​មធ្យោ​បាយ​​ដំណោះ​​ស្រាយ​​នូវ​​ទំនាស់​​ដោយ​​សន្តិ​​វិធី​​យោង​​តាម​​មាត្រា​​៣៣ នៃ​​ធម្ម​នុញ្ញ​​អង្គការ​​សហប្រជាជាតិ ហើយ​​ភាគី​​ពាក់​​ព័ន្ធ​​ក៏​អាច​​សុំកា​​​រ​ឧបត្ថម្ភ​​ពី​​សហ​ប្រធាន​​នៃ​​សន្និ​សីទ​ប៉ារីស​​ស្តី​​ពី​​កម្ពុជា រួម​មានប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ​មនុស្សនៅកម្ពុជា ភាគី​នៃកិច្ចព្រម​ព្រៀង​ត្រូវ​ស្នើដល់​អង្គ​ការ​មាន​សមត្ថកិច្ច​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ ឱ្យ​ចាត់​វិធាន​ការ​ដទៃ​ទៀត ដែល​សម​ស្រប​ដើម្បីទប់​ស្កាត់​ និង​លុប​បំបាត់​ការ​រំលោភ​បំពាន ​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ។

ជុំវិញរឿងនេះដែរ ក្រុមប្រឹក្សាជាតិតស៊ូរបស់​ លោក សម រង្ស៊ី បាន​​ចេញ​​សេចក្តី​​ថ្លែង​ការណ៍កាលពី​ថ្ងៃទី​​២៨ ខែ​ឧសភា​​ថា ប្រទេស​​បារាំង​ក៏​​ចាំ​​ជួយ​ដោះ​​ស្រាយ​​បញ្ហា​​ព្រំដែន​​របស់​​ប្រទេស​កម្ពុជា​​រហូត​មក ប៉ុន្តែ​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​​មិន​​ធ្លាប់​​​ស្នើ​ម្តង​​ណា​​ឡើយ ​ដល់​រដ្ឋាភិ​បាលបារាំង ឬ​ស្ថាប័ន​ជំនាញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ឲ្យ​ចូល​រួម​ដោះស្រា​យ​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស៍នោះទេ។

​ប្រភពនោះ សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុននៅ​តែ​លេង​សើច​អូស​បន្លាយ​​​​ជម្លោះ​​ព្រំដែ​ន នោះ​​មិ​ន​ខុស​ពី​រដ្ឋាភិ​បាល​​​នេះ លេង​​សើច​នឹង​ជីវិត​យុទ្ធ​ជន​​ដែល​ស្មោះ​ត្រង់​​នឹង​​ទឹក​ដី​​ជាតិ ដូច​ជា លោក​​ព្រឹន្ធ​បាល សួន រ៉ោន ជាដើម។

ប្រភពបន្តថា ជាក់​ស្តែង យុទ្ធ​ជន​ខ្មែរ​ដ៏​ក្លាហាន​ទាំង​ឡាយ ហ៊ាន​លះ​បង់​ជីវិត ប្រឹង​ទប់​ទល់​នឹង​ការ​​ឈ្លាន​ពាន​របស់​កម្លាំង​បរទេស ប៉ុន្តែ​ពួក​មេដឹកនាំ​គ្រួសារ​ហ៊ុន បែរ​ជា​​ចិញ្ចឹម​​ជម្លោះ​ទុក​​​ធ្វើ​​ជា​ឧបករណ៍​​នយោ​​​បាយ ដើម្បី​​ប្រយោជន៍​​អំណាច​​គ្រួសារ​​ទៅ​​វិញ និង​​ពេល​​ខ្លះ បោះ​​ដៃ​ឲ្យ​​បរទេស​ជិត​ខាង​ទន្ទ្រាន​ចូល​​ទឹក​​​ដី​កម្ពុជា​​ផង។

សរុបសេចក្តីទៅបើតាមអ្នកឃ្លាំមើល បង្ហាញក្តីបារម្ភថា បើលោក ហ៊ុន សែន នៅតែលាក់អាថ៌កំបាំង​នេះ ឈាម​ខ្មែរ​នៅ​តែ​បន្ត​ហូរ ដោយ​សារ​បរទេស​ឈ្លាន​ពាន ហើយ​ទឹក​ដី​នឹង​បន្ត​បាត់​បង់ថែម​ទៀត បើ​ធន​ធាន​មនុស្ស​សំខាន់ៗ​នៅ​ក​ម្ពុជា រួមទាំង​មន្ត្រីរា​ជ​ការ មិន​នាំ​គ្នា​គិត​បែប​ស៊ីជម្រៅ​​​ជុំវិញ​ការ​ធ្វើ​នយោ​បាយ ក្រោម​ចំណង​បរទេស ដើម្បី​តែ​ចង់​ក្តោប​អំណាច​តពូជ​ទេ​នោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ