ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បង្ហាញការយល់ឃើញផ្សេងៗគ្នា ជុំវិញការដែលកងទ័ពជើងគោកកម្ពុជា បង្ហាញលទ្ធផលចរចាជុំវិញជម្លោះព្រំដែន ដែលទាហានថៃឆ្មក់វាយប្រហារធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់ នៅជួរមុខក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ព្រិន្ទបាលឯក សួន រ៉ោន ជាយុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ បានស្លាប់ ដែលមេទ័ពកម្ពុជា អះអាងថា ការស្លាប់នេះ ដោយសារទាហានថៃបានឆ្មក់វាយប្រហារ កាលព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្រោយផ្ទុះអាវុធមួយថៃ្ង ពោលគឺនៅថ្ងៃទី២៩ ខែឧសភា គេបញ្ជាការកងទ័ពភាគីកម្ពុជា និងភាគីថៃ បានជួយចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។
នៅថ្ងៃដដែលភាគីកម្ពុជា បានអះអាងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា៤ចំនុច ក្នុងនោះមានទាំងទុកបញ្ហាដែលមិនយល់គ្នា ឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងនេះបន្តដោះស្រាយ គោរពអធិបតេយ្យគ្នាទៅវិញទៅមក។
រីឯចំនុចទី៤ គឺ «ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជា បានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក រវាង កម្ពុជា-ថៃ»។
តែផ្ទុយពីនេះ កាសែតថៃ The Nation ចុះផ្សាយថា មេទ័ពថៃ និងកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយជម្លោះនៅតំបន់ចុងបូក(មុំបី) តាមរយៈនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនចម្រុះ(JBC) រួមទាំងដកទ័ពរៀងៗខ្លួន នៅចម្ងាយយ៉ាងហោចណាស់ ២០០ម៉ែត្រពីកន្លែងប៉ះទង្គិច។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា បើភាគីកម្ពុជា ដកទ័ពចេញពីតំបន់ប៉ះទង្គិចដូចកាសែតថៃ The Nation ចុះផ្សាយថា កម្ពុជាអាចចាញ់ល្បិចថៃ ដែលថា នៅពេលទាហានខ្មែរដកចេញរួច ទាហានថៃនឹងចូលមកកាន់កាប់តំបន់នេះ ដូចថៃធ្លាប់ឈ្លានពានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីកន្លងទៅ។
លើសពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បង្ហាញការខកចិត្ត ដោយថា លទ្ធផល៤ចំនុច មេទ័ពកម្ពុជាមិនបាននិយាយទាល់តែសោះ ពីការទាមទារឱ្យភាគីថៃ ទទួលត្រូវលើការស្លាប់របស់ទាហានខ្មែរម្នាក់ ដែល ទាហានថៃបាញ់សម្លាប់។
យ៉ាងណា ក្រសួងការពារជាតិ ក្រៅពីបង្ហោះសារគាំទ្រលទ្ធផលចរចានេះ បានអះអាងថា ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិត ដោយកងទ័ពថៃ ធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា។
ក្រៅពីនេះ ក្រសួងបានឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភព។
លើសពីនេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃទី២៨ខែឧសភា បានបង្ហាញសារលើហ្វេសប៊ុកលោក ចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ។
លោកគូសបញ្ជាក់ថា ការស្លាប់របស់ព្រិន្ទបាលឯក សួន រ៉ោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន និងថ្កោលទោសយ៉ាងហ្មឺងម៉ាត់ ចំពោះទង្វើនេះ។
សម្រាប់លោក ហ៊ុន សែន សកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។
លើសពីនេះ លោកថា លោកមិនចង់ឃើញមានការប្រយុទ្ធណាមួយកើតឡើងនោះទេ តែលោកគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។
សម្រាប់ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា(CAT)លោក ហុង លីម បានអះអាងថា ក្រុមការងារលោកសូមគោរពនិងបួងសួងដល់វិញ្ញាណក្ខន្ធព្រឹន្ទបាលឯក សួន រ៉ោន សូមឱ្យបានទៅកាន់សុគតិភព។
លោកថា លោកអំពាវនាវឱ្យខ្មែរគួរតែគោរព និងដឹងគុណអ្នកដែល «ស៊ូស្លាប់ដើម្បីជាតិរស់» តែត្រូវប្រឆាំងនឹងអ្នកដែល «ស៊ូសម្លាប់ជាតិ ដើម្បីខ្លួនរស់»។
សម្រាប់លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន បាននិយាយថា កម្ពុជាត្រូវឈប់ចរចាទ្វេភាគីជាមួយថៃតទៅទៀត ដោយការចរចាទ្វេភាគី ពីតំបន់មុំបីនេះអស់រយៈពេល២៥ឆ្នាំហើយ ជុំវិញអនុស្សារណៈយោគយល់ឆ្នាំ២០០០(MOU43)។
លោកបង្ហាញការបារម្ភថា បើនៅបន្តចរចាទ្វេភាគី អាចនឹងផ្ទុះអាវុធដាក់គ្នាម្តងទៀត កម្ពុជាអាចបាត់បង់តំបន់មុំបីនេះទៀត ដូចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំងដែនសុមុទ្រនិងកោះគុត។
ការណ៍នេះ លោកជំរុញឱ្យមេដឹកនាំកម្ពុជា ប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទើបអាចទប់ស្កាត់មហិច្ឆតាបទេសឈ្លានពានបាន។
លើសពីនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានចង្អុលបង្ហាញមាត្រា៥ នៃកិច្ចព្រមពៀងសន្តិភាពទីក្រុងប៉ារីសដែលបានចែកការពារបូរណភាពទឹកដីកម្ពុជាមិនអាចរំលោភបាន។ លោកថា កិច្ចព្រមព្រៀងទីក្នុងប៉ារីសអាចដោះស្រាយជម្លោះព្រំដែនបាន។
លោកបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមាន២ច្បាប់។ ច្បាប់ទី២ ចែងអំពីការធានាអន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
ការធានានេះចែងជាអាទ៍ថា “កម្ពុជា…សន្យាយ៉ាងឱឡារឹកថានឹងថែរក្សានិងការពារ” ហើយ “ភាគីនានានៃកិច្ចព្រមព្រៀងនេះ[ទីក្រុងប៉ារីស] … សន្យាយ៉ាងឱឡារឹកថាគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា”៕