មន្ត្រីក្រសួងមហាផ្ទៃ ឱ្យដឹងថា រយៈពេល៥ខែដើមឆ្នាំនេះ មានស្ត្រីខ្មែរជិត ១៥០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនពីប្រទេសចិន មកកម្ពុជាវិញ ក្រោយពួកគេបានចាញ់បោកមេខ្យល់នាំទៅលក់ឱ្យថៅកែ និងរៀបការជាមួយជនជាតិចិន ខណៈស្រ្តីខ្មែរជិត១០០នាក់ ដែលធ្លាក់ចូលក្នុងអន្ទាក់មេខ្យល់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ទប់ស្កាត់បានទាន់ពេល ក្នុងអំឡុងពេលពួកគេត្រៀមចេញពីកម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក សុខ វាសនា ត្រូវបានសារព័ត៌មានកម្ពុជាថ្មី ស្រង់សម្តីក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ថា សមត្ថកិច្ចកម្ពុជា បាននិងកំពុងជួយដល់ស្ត្រីខ្មែរដែលរងគ្រោះនៅក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាវិញ ខណៈមានករណីជួញដូរមនុស្សកើតឡើងច្រើន ដោយក្នុងរយៈពេលត្រឹម ៥ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ បានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ១៤៦នាក់ ដែលចាញ់បោកមេខ្យល់នាំទៅលក់ និងរៀបការជាមួយជនជាតិចិន។
លោកបន្តថា ស្ត្រីខ្មែរដែលរងគ្រោះក្នុងការជួញដូរមនុស្សទាំងនោះ គឺមានអ្នកខ្លះធ្វើដំណើរទៅក្រៅប្រទេស ទាំងគ្មានគោលដៅច្បាស់លាស់ ខណៈអ្នកខ្លះទៀតធ្វើដំណើរទៅក្រៅប្រទេស ជាមួយសង្សារជាជនជាតិចិនដែលទើបនឹងស្គាល់គ្នាត្រឹមរយៈពេល១សប្ដាហ៍ រីឯអ្នកខ្លះទៀតធ្វើដំណើរទៅប្រទេសចិន ក្នុងគោលដៅទៅរកស្វាមីជាជនជាតិចិន។
ប្រភពដដែលត្រូវបានស្រង់សម្តីដើមមកផ្សព្វផ្សាយថា៖ «ពេលយើងទប់ស្កាត់ ប្រជាពលរដ្ឋជាស្ត្រីកុំឱ្យចាញ់បោកគេនាំទៅក្រៅក៏មាន៥៦ករណី មនុស្សគឺ១០៥នាក់ ហើយក្នុងនោះស្ត្រី ៩០នាក់។ មនុស្សមួយចំនួនដែលយើងទប់ស្កាត់បាន ដោយសារតែយើងហៅសួរនាំ មើលទៅ យើងមានទិន្នន័យអីត្រឹមត្រូវ យើងសួរទៅ ទម្រង់គឺចាញ់បោកគេតែម្ដង»។
បើតាមអគ្គនាយកអន្តោប្រវេសន៍រូបនេះ ក្រៅពីការជួញដូរទៅប្រទេសចិន ក៏មានស្ត្រីខ្មែរមួយចំនួនទៀត ត្រូវមេខ្យល់ជួញដូរនាំទៅប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ហើយត្រូវបានសមត្ថកិច្ចនៃប្រទេសទាំងនោះ ជួយសង្គ្រោះបាន និងបញ្ជូនមកកម្ពុជាវិញ។
លោក សុខ វាសនា ក៏បានឱ្យដឹងដែរថា សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញ និងទប់ស្កាត់ស្ត្រីខ្មែរចំនួន ៩០នាក់ ដែលធ្លាក់ចូលក្នុងអន្ទាក់របស់មេខ្យល់ហើយធ្វើដំណើរទៅក្រៅប្រទេសផងដែរ តាមរយៈការសួរនាំលើអ្នកដំណើរជនជាតិខ្មែរដែលចេញទៅក្រៅប្រទេស៕