ពលរដ្ឋនៅកំពង់សិលា​រក​លោក ហ៊ុន ម៉ាណែត ឱ្យ​ជួយ​ទប់​ស្កាត់​វិធាន​កាត់​ដី​សហគមន៍​ឱ្យ​ក្រុម​ហ៊ុន​ចិន

ប្រជាសហគម​ន៍ព្រៃឈើ​អ្នក​តាថ្ម​ព្រង់ ខេត្ត​ព្រះ​សីហនុ បាន​ឡើង​មក​ភ្នំពេញ ស្នើ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ជួយ​ទប់​ស្កាត់​វិធាន​កាត់​ដី​ព្រៃ​សហគមន៍ ឱ្យ​ក្រុម​ហ៊ុន​ចិន ធ្វើ​ទី​លាន​ចាក់​សម្រាម ដើម្បី​កា​រ​ពា​​រ​​ប្រយោជន៍​ពួ​ក​គេ​​​ជាង ១ពាន់​នាក់។

ការតវ៉ានេះ ធ្វើឡើង​តាម​រយៈ​ការ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន នាថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ។

អ្នកតវ៉ាម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​VOD នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ​ថា​ មូល​ហេតុ​ចម្ប​ង​នៃ​ការ​ដាក់​ញត្តិ​មក​កាន់​ថ្នាក់​ដឹ​ក​នាំ​នេះ ពួក​គេ​ចង់​ឱ្យ​រដ្ឋា​ភិបាល​រក្សា​ទុក​ព្រៃ​សហគមន៍​នៅ​ដូច​ដើម។

គាត់ថា​៖ «មូលហេតុដែលយើងក៏ចង់​ដាក់​ញតិ្ត​ខា​ង​លើ​ ទៅ​កន្លែង​ដែល​យើង​ត្រូវ​ដាក់​ហ្នឹង ដោយ​សារ​យើង​ចង់​បាន ​ទី១ ចង់​ឱ្យ​រដ្ឋាភិ​បាល​រក្សា​ទុក​ព្រៃ​សហគមន៍​ឲ្យ​នៅ​ទម្រង់​ដដែល​ ទី២​ឱ្យ​លោក​លុប​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ខុស​ច្បាប់​ ហើយ​ទី​៣​កុំ​ឱ្យ​មាន​ការ​ប្ដឹង​ផ្ដល់​ពី​សំណាក់​ក្រុម​ហ៊ុន»។

អ្នកតវ៉ាម្នាក់ទៀត សុំមិនបង្ហាញ​ឈ្មោះ បានអះអាង​មក​ថា ដីព្រៃ​សហគមន៍​នេះ រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឱ្យ​សហគមន៍​ថែ​រក្សា​ជាង​២០​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​ម្លេះ លើ​ទំហំ​ដី​ព្រៃ​ប្រមាណ ៧៩៣ហិក​តា។

គាត់បន្តថា​ ប៉ុន្តែ​ទើបតែពេលនេះអាជ្ញាធរខេត្ត បាន​យក​ទីតាំង​នោះ​ឱ្យ​ទៅ​ក្រុម​ហ៊ុន មី នើ វ៉ា អ៊ិន​វេស​ម៉ិន ឯ.ក របស់​ជន​ជាតិ​ចិន ធ្វើ​ទី​លាន​ចាក់​សម្រាម ដែល​ជា​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ព្រៃ​សហគមន៍ និងជីវភាព​ពួក​គាត់​ជាង ៣០០​គ្រួសារ។

គាត់ថា៖ «ពីព្រោះអីខ្ញុំអត់មានក្ដីសង្ឃឹម​គណៈ​កម្មការ​ និង​ប្រជាពលរដ្ឋ​សមាជិក​នេះ គឺ​អត់​មាន​ក្ដី​សង្ឃឹម​ថា​ដាក់​ទៅ​ស្ងាត់ៗ​ហើយ​ក្រោម​ការ​ដឹក​នាំ​គេ គេ​គំរាម​កំហែង​ផង​នោះ[…​]​គេថា​ដី​សហគមន៍​យើង​ទៅ​រកដំណោះ​ស្រាយ​ណា​ក៏​អត់​បាន​ដែរ ព្រោះ​អី​រដ្ឋ​ត្រូវ​ការ​[រ​ក​កិច្ច​អន្តរាគមន៍​ ]ពីព្រោះ​សម្តេច​នាយក​រដ្ឋ​មន្ត្រីចាស់​ លោក ហ៊ុន សែន ព្រោះ​អី​គាត់​អ្នក​ចុះ​បញ្ជី​ឲ្យ​យើង​កាន់​កាប់​ដី​សហគមន៍ ថែ​រក្សា​ព្រៃឈើ​សម្បត្តិ​ធម្ម​ជាតិ​ ដើម្បី​ឲ្យ​មាន​ត​ទៅ​ថ្ងៃ​អនាគត​ បើឡូវ​ហ្នឹង​គេ​ចាប់​ដឹក​លូ​ដឹក​យក​ទៅ​ដាក់​បន្ថែម​ គេ​ថែម​គ្រឿងចាក់​មួយ​ទៀត​ហើយ​អ៊ីចឹង​នាំ​គ្នា​ដេក​ពិបាក​ចិត្ត»។

ជុំវិញរឿងនេះ VOD មិនអាចសុំការ​បញ្ជាក់​ពី​អ្នកនាំ​ពាក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេគិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយឡែក អ្នកនាំពាក្យ​សមាគមការ​ពារ​​សិទ្ធិ​​​មនុស្ស​​​​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៏​​ថា​ ការស្វែង​រក​កិច្ច​អន្តរាគមន៍​រហូត​ដល់​ថ្នាក់​ជាតិ​នេះ ដោយ​សារ​ពលរដ្ឋ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យណា​មួយ​ពី​អាជ្ញាធរ​ខេត្ត។

ដូច្នេះ លោកយល់ថា រដ្ឋាភិ​បាល​គួរ​មាន​វិធាន​លើ​សំណើរ​ពលរដ្ឋ ដោយ​បញ្ជូន​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ ចុះ​មក​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ជូន​ពលរដ្ឋ ស្រប​តាម​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

លោកថា៖ «ប្រជាពលរដ្ឋលែងមានជំនឿជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ អ៊ីចឹង​គាត់​ត្រូវ​តែ​ធ្វើ​ការ​ស្វះ​ស្វែង​រក​អន្តរា​គមន៍​ពី​ថ្នាក់​ជាតិ ព្រោះ​ដី​សហគមន៍​គឺ​បាន​បញ្ជាក់​ច្បាស់​ គឺ​ជា​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ​ចឹង​រដ្ឋបាល​ខេត្ត​ ហើយ​នឹង​ជំនាញ​ត្រូវ​តែ​មាន​វិធាន​ការ​ តែ​បែរ​ជា​មាន​ការ​ឈូស​ឆាយ​ក្នុង​ដី​របស់​សហគមន៍​ហ្នឹង​ចឹ​ង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ក្រសួង​ពាក់​ព័ន្ធ​សុំ​កុំ​បង្វែ​រករណី​នេះ​ម​ក​ឲ្យ​រដ្ឋបាល​ខេត្ត​ជា​អ្នក​ដោះស្រាយ​អី ខ្ញុំគិត​ថា​ត្រូវ​តែ​ចាប់​មន្ត្រីពី​ក្រសួង​ពាក់​ព័ន្ធ​ចុះ​មក​ដើម្បីធ្វើ​ការ​ពិនិត្យ»។

បើតាមតំណាងអ្នកតវ៉ា ញត្តិដែល​ពួកគេបាន​ដាក់​នៅ​ថ្ងៃ​នេះ បាន​ទទួល​និង​ពិនិត្យ ដោយ​មន្រ្តី​ខុទ្ទកា​ល័យ​តំណាង​​ឱ្យ​រដ្ឋាភិ​បាល។

លោកថា៖ «គាត់ទទួលហើយគាត់ថាសុំពន្យារពេល​បន្តិច ព្រោះ​ដោយ​សារ​លូវ​មាន​បញ្ហា​រឿង​ព្រំដែន​ចឹង​គាត់​សុំទ​ទួល​ហើយ​គាត់​ថា​សុំ​ពន្យារ​ពេល​បន្តិច​ គាត់​នឹង​ដោះ​ស្រាយ​ឱ្យ​បាន​ ប៉ុន្តែ​ថា​ដាក់​ថ្ងៃ​ហ្នឹង​មិន​អាចថា​ដោះ​ស្រាយ​បាន​ពី​រ​បី​ថ្ងៃ​ទៀត​ គាត់​និយាយ​ប្រាប់​ចឹង»។

ញត្តិដែលប្រជាសហគមន៍បានដាក់​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​នេះ មាន​៣ចំនុច​ក្នុង​នោះ ទី១ ស្នើ​សុំបញ្ចប់​ប័ណ្ណ​កម្ម​សិទ្ធិ​​ខុស​​ច្បាប់​​ចំនួន ៦ប័ណ្ណ លើ​ដី​ព្រៃ​សហគមន៍ ទី២ បដិសេដ​លើ​ការ​រៀប​ចំ​ស្នើ​សុំ​ដី​រដ្ឋចំនួន ៩១​ហិកតា លើ​ដី​ព្រៃ​​​សហគមន៏​ព្រៃឈើ​អ្នក​តា​ថ្មព្រង់ ពី​អាជ្ញាធរ​ស្រុក សម្រាប់​ជា​កន្លែង​ចាក់​សំរាម​ឲ្យ​ក្រុម​ហ៊ុន មី នើ វ៉ា អ៊ិនវេសម៉ិន ឯ.ក និងទី៣ ចុះប​ញ្ជី​ដី​ព្រៃ​សហគមន៍​ទំហំ ៧៩៣​ហិកតា នៅ​ភូ​មិ​ថ្មី ឃុំកំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ សម្រាប់​ជា​សម្បត្តិរដ្ឋដល់​សហគមន៍។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ និងទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ប្រជា​សហគម​ន៍ស្រុ​ក​កំពង់សិលា បាន​តវ៉ា​ហាម​ឃាត់​ជាមួយ​​កម្លាំង​​សមត្ថកិច្ច​ក្នុង​តំបន់ ក្រោយ​មាន​ការ​ចូល​មក​ឈូស​ឆាយ​​​ដី​សហគមន៍​ព្រៃឈើ​អ្នក​តាថ្ម​ព្រង់។

យ៉ាងណា ក្រោយ​ការហាមមិនឱ្យឈូសដីព្រៃសហគមន៍ ប្រជា​សហគមន៍ ៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​កំពង់​សិលា កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ពីបទ ហិង្សា​លើ​អចលន​ទ្រព្យ។ នេះ​បើ​តាមលិខិ​ត​កោះ​ហៅ​​របស់​​នគរបាល​ស្រុក​កំពង់​សិលា ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា​ ឆ្នាំ​​២០២៥។

បើតាម​ចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញ​ចេញ​ដោយ​បំពាន ​គឺ​ជា​ការ​រំលោភ​បំពាន​​​ដ៏​កម្រោល លើ​​សិទ្ធិ​មនុស្ស​ជាច្រើន ដែល​​បា​ន​ទទួល​ស្គាល់ជា​អន្តរ​ជាតិ រួម​ទាំង​សិទ្ធិ​មាន​​ផ្ទះ​ស​ម្បែង អាហារ ទឹក សុខភាព ការ​អប់រំ ការ​ងារ សន្តិសុខ សេរីភាព​​ចាក​ផុត​​​ពីកា​​​រ​​ប្រព្រឹត្ត​​ឃោឃៅ អមនុស្ស​ធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទ​ទួ​​ល​ការ​ពិនិត្យ និង​​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គ​ការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ