ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃសុក្រនេះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសរូបលោក និងដកសិទ្ធិជាពលរដ្ឋដោយមិនអនុញ្ញាតឱ្យលោកបានបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត។
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងដកសិទ្ធិប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឱ្យលោកបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ក្រោមការចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម)»។
ការរងនូវបទចោទនេះ គឺបន្ទាប់ពីលោក រ៉ុង ឈុន ដែលជាអ្នកតស៊ូមតិដ៏សកម្មរូបនេះ បាននិយាយពីបញ្ហាទាក់ទងព្រំដែនកម្ពុជា-វៀតណាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
យោងតាមពាក្យបណ្តឹងឧទ្ធរណ៍របស់ លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក រ៉ុង ឈុន ដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បញ្ជាក់ថា ប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ។
ពាក្យបណ្តឹងបន្តថា៖ «ប្តឹងឧទ្ធរណ៍ នឹងសាលក្រមត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច»។
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការជួបជុំ។
សម្រាប់សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស មាត្រា១៩ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ធ្លាប់បានគូសបញ្ជាក់នៅពេលតុលាការជាន់ទាបនេះប្រកាសសាលក្រមកាលពីថ្ងៃទី០៥ ខែឧសភានោះថា លោកនឹងបន្តនីតិវិធីក្នុងការប្តឹងឧទ្ធរណ៍បន្តទៀត ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងនេះ បើទោះជាលោកមិនមានជំនឿទៅលើប្រព័ន្ធតុលាការថានឹងផ្តល់យុត្តិធម៌ឱ្យរូបលោកក៏ដោយ។
លោក រ៉ុង ឈុន ជាអតីតអ្នកតស៊ូដ៏សកម្មសម្រាប់សំឡេងកម្មករ គ្រូបង្រៀន និងសហជីព ដែលគេចាត់ទុកថាជាបុរសស្អាតស្អំម្នាក់។ ក្រៅពីតួនាទីដែលលោកធ្លាប់ទទួលបាន ជាតំណាងសមាជិកឃ្លាំមើលកម្ពុជា ជាប្រធានសហជីព និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកក៏ធ្លាប់ទទួលបានតួនាទីជាមន្រ្តីជាន់ខ្ពស់ នៅក្នុងស្ថាប័ន គ.ជ.ប ដែរ។
ដោយមានភក្តីភាពចំពោះសេរីភាព និងប្រជាធិបតេយ្យ លោក រ៉ុង ឈុន ក៏ត្រូវបង្ខំចិត្តដើរចេញពីតួនាទីនេះ ទាំងប្រាក់បៀវត្តន៍ខ្ពស់ ឡានទំនើប និងមានអ្នកបើកឡានឱ្យស្រាប់ផង ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ នៅចុងឆ្នាំ២០១៧។
គិតមកដល់ពេលនេះ លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ។ កាលពីខែកក្កដា ឆ្នាំ២០២០ លោកត្រូវបានលោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទីក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ ខណៈមនុស្ស២នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងរឿងក្តីជាមួយគ្នានេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២០ខែ៕









