ការដែលរដ្ឋាភិបាលគ្រួសារហ៊ុនប្រកាសបន្តប្រើយន្តការចរចាទ្វេភាគី ដើម្បីសម្របសម្រួលបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ ដោយមិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នោះ រងការរិះគន់ថា ជាបរាជ័យថ្មីទៀត ដោយសំអាងថា ជម្រើសនេះជាគ្រោះថ្នាក់របស់កម្ពុជា។
ការសំអាងបែបនេះ ក្រោយពីកាសែត The Nation Thailand សរសេរកាលពីថ្ងៃទី២៩ខែឧសភាថា មេទ័ពថៃនិងកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយជម្លោះនៅតំបន់ចុងបូក(មុំបី)នៃខេត្ត Ubon Ratchathani តាមរយៈកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) រួមទាំងការដកទ័ពរៀងៗខ្លួន នៅចម្ងាយយ៉ាងហោចណាស់ ២០០ម៉ែត្រពីកន្លែងប៉ះទង្គិច កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ។
ខណៈភាគីកម្ពុជាថា លទ្ធផលជំនួប កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពី ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ និងមួយទៀតភាគីទាំងពីរទុកឱ្យបញ្ហាមិនយល់គ្នានេះ បន្តដោះស្រាយតាមយន្តការទ្វេភាគី តាមរយៈគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។
ចំណែក អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា និយាយប្រាប់VODនៅថ្ងៃទី៣០ ខែឧសភានេះថា លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញការចុះផ្សាយរបស់កាសែតថៃនេះទេ។
លោកថា៖ «អត់អត់ដឹងដែរបង ខ្ញុំដឹងតែត្រឹមក្របខ័ណ្ឌសេចក្ដីប្រកាសរបស់អគ្គតែប៉ុណ្ណឹងឯង ខ្ញុំអត់បានដឹងលើសហ្នឹងផង ព្រោះខ្ញុំនៅភ្នំពេញដែរ អត់បានទេ បងមើលតែក្នុងសេចក្តីប្រកាសហ្នឹងទៅបង ព្រោះខ្ញុំអត់ដឹងលើសហ្នឹងទេបង»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៣០ ខែឧសភានេះថា រឿងបញ្ហាបូរណភាពទឹកដីនិងការបាត់បង់ជីវិតទាហានខ្មែរលើសមរភូមិនេះ គឺជាការឈឺចាប់របស់បងប្អូនខ្មែរស្នេហាជាតិគ្រប់និន្នាការនយោបាយ ព្រោះជារឿងជាតិមាតុភូមិរួមគ្នា។
លោកថា ជំនួបចរចាកាលពីថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ បើរដ្ឋាភិបាលព្រមដកទ័ពចេញពីកន្លែងមានជម្លោះគឺបង្ហាញពីភាពបរាជ័យដ៏ធំ ខណៈទាហានខ្មែរបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅទីនោះ។
លោកថា៖ «ខ្ញុំគិតថា ប្រទេសយើងខ្សោយ ប្រទេសយើងគេហៅថាចាញ់ប្រៀបគេទាំងផ្នែកយោធា និងសេដ្ឋកិច្ច ចឹងរឿងការចរចាវាតែងតែចាញ់ប្រៀបគេហើយ អ៊ីចឹងដើម្បីឈ្នះគេទាល់តែយើងខ្លាំងផ្នែកយោធា និងសេដ្ឋកិច្ច កាលណាយើងខ្សោយជាងគេ គឺការចរចាជាចាញ់ប្រៀបគេឯងហើយ ចឹងនៅពេលណាដែលអាចទៅចរចាជាមួយគេ គឺអ្វីដែលគេបានបំពានមកលើយើងតាមរយៈគេបាញ់សម្លាប់កងទាហានរបស់យើង ក៏យើងអត់ហ៊ានយកទៅនិយាយដាក់នៅមុខក្នុងតុចរចាទេ ហើយបែរជាហាក់ដូចជាបន្ទន់ឥរិយាបថនៅក្នុងការសម្របសម្រួលដើម្បីធ្វើម៉េច ពាក្យមួយថាបានសុខទាំងអស់គ្នា»។
សម្រាប់លោក សូរីដា យល់ថា ការបាត់បង់អាយុជីវិតទាហានខ្មែរ ហាក់បង្ហាញពីភាពកម្សោយរបស់មេដឹកនាំដែលខ្វះគំនិតជាតិនិយម ការពារទឹកដីខ្មែរ ខណៈកម្ពុជាមានម្ចាស់ហត្ថលេខី១៨ប្រទេស ក្នុងការចូលរួមការពារដែនអធិបតេយ្យរបស់ជាតិ។
លោកបន្តថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ តាមពិតភាគីកម្ពុជាមានប្រៀបខ្លាំង បើមេដឹកនាំមានឆន្ទះពិតប្រាកដ គឺពឹងប្រទេសបារាំងម្ចាស់អាណានិគមន៍ឱ្យជួយដោះស្រាយ នោះកម្ពុជាទទួលបានជោគជ័យ និងគ្មានសង្រ្គាមទៀតផង។
លោកថា៖ «បើសិនជាតានតឹង យើងអាចរកអាជ្ញាកណ្ដាលមួយទៀត តាមរយៈប្រទេសបារាំងដែលជាអ្នកធ្លាប់ជាម្ចាស់សន្ធិសញ្ញានៅក្នុងឆ្នាំ១៩០៧ហ្នឹង អាចមកធ្វើជាអ្នកគេហៅថាជាអ្នកសាក្សីផងហ្នឹង ជាអ្នកអាចចង្អុលបង្ហាញនៅក្នុងការងារបច្ចេកទេសនៃកិច្ចការព្រំដែនផង ខ្ញុំគិតថា វាជារឿងមួយដែលអាចកាត់បន្ថយដីទំនាស់ប្រដាប់អាវុធ តាមរយៈសង្គ្រាមគឺក្នុងស្ថានភាពដូចយើងបានជម្រាបខាងដើមហើយថាកាលណាយើងខ្សោយជាងគេ ទាំងសេដ្ឋកិច្ច ទាំងយោធា យើងមិនអាចទៅធ្វើសង្គ្រាមដើម្បីដោះស្រាយរឿងបញ្ហាព្រំដែនបានទេ មានតែការប្រើប្រាស់យន្តការអន្តរជាតិប៉ុណ្ណោះ»។
ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិ គឺលោក អ៊ុំ សំអាន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៣០ ខែឧសភានេះថា ការដកទាហានខ្មែរចេញពីលេណដ្ឋាន(ត្រង់សេ) ដែលជាកន្លែងឈរជើងសព្វថ្ងៃនេះ អាចចាញ់ល្បិចថៃ។
ក្នុងន័យនេះ លោកពន្យល់ថា នៅពេលទាហានខ្មែរដកចេញរួច ទាហានថៃ នឹងចូលមកកាន់កាប់ត្រង់សេនោះ ដូចចូលមកកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី។
លោកបន្តថា បើកម្ពុជា នៅបន្តចរចាទ្វេភាគីអាចនឹងផ្ទុះអាវុធដាក់គ្នាម្តងទៀត និងអាចធ្វើឱ្យកម្ពុជាបាត់បង់តំបន់មុំបីនេះ។ តំបន់ដែលអាចនឹងផ្ទុះអាវុធដាក់គ្នាបន្ទាប់ពីតំបន់មុំបី គឺតំបន់ច្រកអានសេះដែលភាសាថៃហៅថា ចុងអានម៉ា និងតំបន់ប្រាសាទតាមាន់ធំ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានលើកឡើងថា ការបាញ់សម្លាប់ទាហានខ្មែរម្នាក់ទៀត នៅពេលនេះ ជាទម្រង់ឈ្លានពាន ដូចថៃធ្លាប់ធ្វើឡើងនៅឆ្នាំ២០០៨និងឆ្នាំ២០១១ដែរ។
លោកថា៖ «ហើយអាកន្លែងបញ្ហាដែលកើតឡើងពីម្សិលនេះ ថាជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នុង! ហេតុអីបានជាទៅដីគេ ពីដើមវាមានសាលាមួយ សាលាហ្នឹង វាឆេះហើយ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹងចឹងបានខ្ញុំមិនអស់ចិត្ត! ខ្ញុំក៏មិនអស់ចិត្ត។ ហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង! កន្លែងហ្នឹងខ្ញុំទៅអង្គុយនៅកន្លែងហ្នឹង! ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅកម្តៅព្រំដែនដែលទាហានថៃបាញ់សម្លាប់ ទាហានខ្មែរនៅពេលនេះ វាដល់ពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវបង្ហាញឆន្ទៈប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ ទើបអាចទប់ស្កាត់កុំឱ្យឈាមខ្មែរហូរតទៅទៀត ដោយសារតែមហិច្ឆតាបរទេសឈ្លានពាននេះ។
លោកថា៖ «ការផ្ទុះសង្គ្រាមហ្នឹង គឺលោក ហ៊ុន សែន ជាអ្នកបង្កើតឲ្យមានកិច្ចព្រមព្រៀងជាមួយថៃផ្ដេសផ្ដាស បង្កើតឱ្យមានMOUស្ដីពីតំបន់សអីហ្នឹង ហើយបង្កើតឲ្យមានទំនាស់ ដើម្បីអី ដើម្បីលោក ហ៊ុន សែន ទាញយកប្រជាប្រិយភាពដូចរឿងសំណុំរឿងប្រាសាទព្រះវិហារអ៊ីចឹង ដល់អ៊ីចឹងទៅលោក ហ៊ុនសែន សុខចិត្តនិយាយលើកទឹកចិត្តអ្នករងគ្រោះ ទាហានរងគ្រោះបន្តិចបន្តួចទៅ ក៏ប៉ុន្ដែក្នុងន័យនេះគឺលោក ហ៊ុន សែន កំពុងតែលេងល្បែងនយោបាយអូសទាញទឹកចិត្តប្រជាពលរដ្ឋខ្មែរទេ ប៉ុន្ដែអ្វីដែលលោក ហ៊ុន សែន គួរធ្វើ លោក ហ៊ុន ម៉ាណែត គួរធ្វើហ្នឹង អត់បានធ្វើទេ»។
យ៉ាងណា កម្តៅព្រំដែននៅទិសខេត្តព្រះវិហារនេះ ត្រូវបានគណបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ប្តឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន និងទប់ស្កាត់ជម្លោះប្រដាប់អាវុធ ខណៈថៃបានដណ្តើមយកទាំងស្រុងនូវប្រាសាទតាមាន់តូច និងផ្នែកខ្លះនៃប្រាសាទមាន់ធំ និងប្រាសាទតាក្របី។
មួយវិញទៀត តំបន់ខេត្តព្រះវិហារនេះ ធ្លាប់ប៉ះទង្គិចគ្នាដោយអាវុធ នៅឆ្នាំ២០០៨ និង២០១១ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសរៀងៗខ្លួន រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ខណៈកម្ពុជានៅបន្តចរចាករណីនេះតាមយន្តការទ្វេភាគី ដោយមិនព្រមប្តឹងទៅតុលាការអន្តរជាតិនៅឡើយ ទោះកម្ពុជាបាត់ប្រាសាទតាមាន់តូច និងមួយផ្នែកនៃប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី រួមទាំងកោះគុតក្ដី៕