លោ​ក​ ហ៊ុន សែន បង្ហាញបំណង​​ចង់ឱ្យកម្ពុជា​-ថៃ យកបញ្ហា​នៅ​តំបន់​មុំ​បី​ទៅ​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​

លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បង្ហាញ​បំណងចង់ឱ្យកម្ពុជា និង​ថៃ យក​បញ្ហាព្រំដែន​​​នៅ​តំបន់​មុំបី អមជាមួយសាក្សី និង​​​ភស្តុតាង​ផែនទីផ្លូវ​ការ​ដែលអន្តរ​ជាតិ​ទទួល​ស្គាល់ ដាក់​ទៅ​តុលាកា​រយុត្តិ​ធម៌អន្តរជាតិឡាអេ​(ICJ) ដើម្បី​បញ្ចប់​ការវង្វេងប្រវត្តិសាស្ត្រ​​របស់ក្រុមជ្រុលនិយ​ម​ថៃ​មួយចំនួន និងដើម្បី​ការ​ពារ​ទឹកដីកម្ពុជា។

នេះ​បើយោង​តាមសំណេរនៅលើបណ្តាញសង្គម របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមេដឹកនាំ​គណបក្ស​កាន់​អំណាច​នៅកម្ពុជា កាលពីយប់ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥។

ក្នុងសំណេរនោះ លោក​ ហ៊ុន​ សែន បាន​លើក​ឡើង​ថា មានពួកជ្រុក​និយម​ថៃ​មួយចំនួន បាន​ចូលមក​ជេរប្រមាថ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​លោក ដែល​មាន​​ចេតនា​ចង់​បំផ្លាញ​ទំទាក់​ទំនង​ល្អរវាង​រដ្ឋាភិបា​ល និងប្រ​ជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ និង​ទាំង​ចង់​ដុត​កំដៅ​ឲ្យ​​មាន​ការប្រយុទ្ធ​គ្នារ​វាង​កងទ័​ព​ប្រទេស​ទាំង​ពីរ ហើយ​​ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​ថៃមួ​យ​ចំនួន ចង់​ឲ្យ​កម្ពុជាដក​កងទ័​ព​ចេញ​ពី​តំបន់​ដែល​កងទ័​ព​កម្ពុជា​កំពុង​ឈរ​ជើងផង​ដែរ។

ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ លោក ហ៊ុន សែន បាន​បញ្ជាក់ច្បាស់​ៗ​ថា តំបន់​មុំ​បី​នេះ ជា​ទឹកដី​កម្ពុជា និង​ត្រូវ​បាន​កង​ទ័ព​កម្ពុជា ឈរ​ជើង​តាំង​ពីមុន​កិច្ចព្រម​ព្រៀង​ប៉ារីសទៅទៀត ដែល​មានន័យថា មុន MOUឆ្នាំ​២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ ករណីនេះ លោកថា បើក្រុមជ្រុល​និយម​ថៃទាំងនោះមិនច្បាស់ប្រវត្តិសាស្ត្រ​នេះទេ កម្ពុជា និងថៃ អាច​យកបញ្ហានេះ​ដាក់ទៅតុលាការ​យុត្តិធម៌អន្តរ​ជាតិ​ឡាអេ​បាន។

លោក​បញ្ជាក់​ថា៖ «អ៊ុនតាក់​ប្រហែល​ជា​អាច​ធ្វើសា​ក្សី​បាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត»។

ជាមួយគ្នា​នោះដែរ លោក​ក៏បាន​បង្ហាញ​នូវ​ភស្តុតាង​ជារូប​ថត​ជាច្រើន​សន្លឹក ដែលលោក និ​ង​ភរិយា​ រួម​ទាំង​សហការី ដែល​​បាន​ថតនៅតំបន់​មុំ​បី​ ដែលជា​ទឹកដីកម្ពុជា​យ៉ាង​ពិត​ប្រាកដ​​ កាល​ពី​ជាង​ ១៥​ឆ្នាំ​មុន​​ផង​ដែរ​។

ក្រៅពីនោះ មេដឹកនាំ​គណបក្សកាន់​អំណាច​រូបនេះ ក៏បាន​បញ្ជាក់ជាថ្មី​ថា កម្ពុជា​​មិន​អាច​ដក​កង​ទ័ព​ចេញ​ពីទឹកដីរបស់ខ្លួន តាមការទាមទាររបស់ភាគីថៃបានឡើយ ហើយ​​ព្រឹត្តិការណ៍​ដែល​​​​បាន​​កើត​​ឡើ​ងនៅ​​​តំបន់​​​មុំ​​​បី​ ​ចំនួន៣ថ្ងៃមកនេះ គឺ​រឿង​ច្រំដែល​នៃល្បិ​ច​កល​ដែល​ចង់​យកដី​ពី​កម្ពុជា ដោយ​មេបញ្ជា​ការ​ថ្នាក់​ក្រោម ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​និយម​ជ្រុល​របស់​ថៃ។

កាលពីថ្ងៃទី២៨ ខែឧសភា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា រួម​និង​​​លោក ស្រី ឌឹក មេបញ្ជា​ការ​រង​កង​ទ័ព​​​ជើង​គោក និង​ជា​មេបញ្ជា​ការ​កង​ពលធំ​អន្ត​រាគម​ន៍​​​លេខ៣ ប្រចាំ​ទិស​ទី១ ប្រាសាទ​ព្រះ​វិហារ បាន​​បញ្ជាក់​​ថា នៅ​ព្រឹក​ម៉ោង​ប្រមាណ​​៥:៣០នាទី ទាហាន​ថៃ​បា​​ន​ធ្វើការ​វាយ​ប្រហារលើ​​កង​ទ័ព​កម្ពុជា ដែល​ឈរ​ជើង​នៅ​ជួរ​​មុខ បណ្ដាល​ឱ្យ​ទាហានកម្ពុជា​ម្នាក់ ឈ្មោះ សួន រោន បាន​បា​​ត់បង់​ជីវិត។

ក្រោយ​ហេតុការណ៍​នេះ ​កម្ពុជា​បានបញ្ជូន​សម្ភារៈ​យុទ្ធបករណ៍​ធុន​ធ្ងន់​ជា​បន្ត​បន្ទាប់ ទៅ​ព្រំដែន​ជា​​ការ​ត្រៀម​ឆ្លើយ​​តប​​ផង​ដែរ។

យ៉ាងណាកម្តៅព្រំដែន នៅ​ទិស​ខេត្ត​ព្រះវិហារ​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង ជំរុ​ញ​​ឱ្យ​​រដ្ឋាភិ​បាល​​កម្ពុជា​ប្រើ​​ប្រាស់​​យន្តកា​រ​អន្តរ​ជាតិ ប្តឹង​ភាគី​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ដើម្បី​ទប់​ស្កាត់​​មហិច្ឆតា​បរទេស​ឈ្លានពា​ន និង​ទប់​ស្កាត់​ជម្លោះប្រ​ដាប់​អាវុធ ខ​ណៈ​ថៃ​បាន​ដណ្តើម​យក​ទាំង​ស្រុង​នូវ​ប្រាសាទ​តាមាន់​តូច និង​ផ្នែ​ក​ខ្លះ​នៃ​ប្រាសាទ​មាន់ធំ និង​ប្រាសាទ​តាក្របី។

មួយវិញទៀត តំបន់ខេត្តព្រះវិហារនេះ ធ្លាប់ប៉ះទង្គិច​គ្នាដោ​យ​អាវុធ នៅ​ឆ្នាំ​២០០៨ និង​២០១១ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​រៀងៗ​ខ្លួន រវាង​កង​ទ័ព​ថៃ និង​កង​ទ័ព​កម្ពុជា ខណៈ​កម្ពុជា​នៅ​បន្ត​ចរចាករណី​នេះ​តាម​យន្ត​ការ​ទ្វេ​ភាគី ដោយ​មិន​ព្រម​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​នៅ​ឡើយ ទោះ​កម្ពុជា​បាត់ប្រាសាទ​តាមាន់​តូច និង​មួយ​ផ្នែ​ក​​នៃប្រាសាទ​តាមាន់​ធំ និ​ង​ប្រាសាទ​តាក្របី រួម​ទាំង​កោះគុត​ក្ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ