កម្ពុជាតាមរយៈកំណត់ទូតទាមទារឱ្យភាគីថៃស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីនាំខ្លួនទាហានថៃ ដែលបានបើកការបាញ់ប្រហារសម្លាប់ទាហានខ្មែរម្នាក់ដែលឈរនៅជួរមុខក្នុងតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយចាត់ទុកថា ជាការរំលោភបូរណភាពទឹកដីកម្ពុជាយ៉ាងឃោឃៅ។
ប៉ុន្តែកម្តៅព្រំដែននេះ មេដឹកនាំកម្ពុជានៅតែបង្ហាញជំហរមិនបោះបង់ការចរចាទ្វេភាគីជាមួយថៃ ទោះបីកម្ពុជាបានបោះមួយជំហ៊ានទៅមុខ គឺប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិICJក្តី។
កាលពីថ្ងៃទី២៩ ខែឧសភា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើកំណត់ទូតជូនស្ថានទូតថៃនៅកម្ពុជា ស្តីពីការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ប្រភពបញ្ជាក់ថា ករណីប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា វេលាម៉ោងប្រមាណ ៥:៣០នាទីព្រឹក គឺកងកម្លាំងថៃបានបើកការបាញ់ប្រហារ ដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌។
រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់ និងដោយ សន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងឆ្នាំ២000។
សម្រាប់កម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២000។
ការណ៍នេះ រដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។
លើសពីនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែមិថុនានេះថា កម្ពុជាត្រូវប្ដឹងរឿងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ។
លោកបន្តថា បញ្ហាព្រំដែនកម្ពុជា-ថៃ នេះ បើមិនឱ្យតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាត់ក្ដីទេ នឹងអាចប្រឈមមុខដាក់គ្នា ដូចជានៅតំបន់ហ្គាហ្សា (Gaza) មានជម្លោះមិនចេះចប់ មិនចេះហើយ។
លោកថា៖ «ខ្ញុំក៏ចង់និយាយរឿងនេះ ជូនចំពោះពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទីបី គឺតុលាការអន្តរជាតិឡាអេដោះស្រាយទេ ជម្លោះបែបនេះគឺនឹងបន្តរាប់សិប រាប់រយឆ្នាំបន្តទៀតដោះអត់ចប់ទេ មូលហេតុអ្វីទៅបានជាដោះមិនរួច មូលហេតុត្រង់ថារដ្ឋាភិបាលប្រទេសនីមួយៗ មិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួននឹងបន្ទោសទាំងសងខាង»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២ខែមិថុនានេះថា លោកគាំទ្រចំពោះការថ្កោលទោសថៃ ជុំវិញការលួចឆ្មក់ប្រហារលើទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិតលើសមរភូមិនេះ។
លោកថា ការវាយប្រហារនេះ ជាចេតនាឈ្លានពានទឹកដីពីសំណាក់បរទេសជិតខាង ដែលចាំបាច់រដ្ឋាភិបាលកម្ពុជា ត្រូវទាមទារឱ្យភាគីថៃទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ដែលបាញ់សម្លាប់ទាហានខ្មែរនេះ។
មិនតែប៉ុណ្ណោះ លោកសាទរចំពោះមេដឹកនាំកម្ពុជានិងរដ្ឋសភាកម្ពុជា ដែលសម្រេចលើកយកបញ្ហាបូរណភាពទឹកដី រួមទាំងប្រាសាទបុរាណខ្មែរប្តឹងថៃទៅតុលាការអន្តរជាតិ ICJ ដើម្បីការពារទឹកដីខ្មែរ។
លោកថា៖ «យើងលើកទឹកចិត្ត និងជំរុញឲ្យលោក ហ៊ុន ម៉ាណែត ប្តឹងករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីហ្នឹង នៅតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ ហើយសុំឲ្យគាត់ប្តឹងបន្ថែមទៀត គឺករណីដែនសមុទ្រត្រួតស៊ីគ្នានឹងកោះគុត និងតំបន់ជម្លោះនៅច្រកអានសេះ ទៅកាន់តុលាការអន្តរជាតិដូចគ្នាផងដែរ ដើម្បីបានទឹកដីមកវិញ ហើយក្នុងនាមខ្មែរតែមួយដែលស្រឡាញ់នូវទឹកដីដូចគ្នា យើងសូមគាំទ្រនិងសាទរអ្វីដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាបានអនុម័ត»។
ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា គាំទ្រការរុញបញ្ហាទៅតុលាការអន្តជាតិICJ។ លោកថា អ្វីដែលចាំបាច់មួយទៀត គឺរដ្ឋាភិបាលកម្ពុជា ត្រូវតែងាកមកផ្សះផ្សាជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិកាទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។
លោកបន្តថា ការផ្សះផ្សាជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស វាឆ្លុះបញ្ចាំងពីភាពសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសង្គមជាតិ កុំឱ្យបរទេសជិតខាងចេះតែមើលងាយខ្មែរ។
លោកថា៖ «ការការពារបូរណភាពទឹកដី គឺជាកាតព្វកិច្ចក្នុងនាមយើងជារដ្ឋាភិបាល និងជាអ្នកនយោបាយដឹកនាំប្រទេស ប៉ុន្ដែដើម្បីការពារបូរណភាពទឹកដីហើយដែលអាចយើងខ្លាំងទៅបានហើយ យើងអាចឈ្នះគេទៅបាន ជាបឋមគឺចាំបាច់ណាស់ត្រូវតែមានការផ្សះផ្សាឯកភាពផ្ទៃក្នុងជាតិ តាមរយៈធ្វើម៉េចឲ្យរដ្ឋាភិបាលដោះស្រាយនូវវិបត្តិនយោបាយផ្ទៃក្នុងជាតិជាមុនសិន»។
ជុំវិញបញ្ហានេះ អំឡុងពេលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន នាពីថ្ងៃទី២៨ ខែឧសភានោះ ពលរដ្ឋខ្មែរមួយចំនួនដែលមាននិន្នាការប្រជាធិបតេយ្យ ក៏បានប្រមូលផ្តុំគ្នា ផ្ញើសារឱ្យលោក ហ៊ុន ម៉ាណែត យកបញ្ហាព្រំដែន ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រួមទាំងស្តារប្រជាធិបតេយ្យ និងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងរីករាលដាលផងដែរ។
បន្ថែមពីនេះ ពលករខ្មែរនៅប្រទេសជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា គាំទ្របន្ថែមទៀត ឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងករណីវៀតណាម ទៅតុលាការអន្តរជាតិផងដែរ ជុំវិញការរំលោភយកកោះត្រល់ និងចង្កោមកោះក្រចកសេះរបស់ខ្មែរ ។
អ្នកស្រីបន្តថា បើរដ្ឋាភិបាលគ្រួសារហ៊ុន ហ៊ានធ្វើបែបនេះមែន ឆ្លុះបញ្ចាំងថា ពួកគាត់ពិតជាមានស្មារតីជាតិនិយម ស្រឡាញ់ជាតិ ទឹកដី និងប្រជារាស្រ្តខ្មែរ គឺបង្ហាញពីឆន្ទៈខ្ពស់ការពារទឹកដីរបស់បុព្វបុរស។
អ្នកស្រីថា៖ «យើងនៅតែចង់ឲ្យរាជរដ្ឋាភិបាល លើកយកករណីទាំងអស់ហ្នឹងទៅប្ដឹងនៅតុលាការអន្តរជាតិ មិនថាតំបន់មុំបី ប្រាសាទតាមាន់តូចធំ រួមទាំងកោះគុត ហើយក៏ត្រូវតែបង្កើតច្បាប់សមុទ្រ ដើម្បីឲ្យវាចប់សព្វគ្រប់ ទាំងគេហៅថាបញ្ហាដីគោក បញ្ហាផ្លូវទឹកផងដែរ គឺត្រូវតែប្ដឹងទៅតុលាការអន្តរជាតិដើម្បីបញ្ចៀសនូវឲ្យជម្លោះផ្សេងៗជាមួយនឹងប្រទេសថៃ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា នេះជាលើកទី១ហើយ ដែលឃើញមេដឹកនាំគ្រួសារហ៊ុន ហ៊ានបង្ហាញជំហរប្តឹងបរទេសឈ្លានពានទឹកដី ទៅតុលាការអន្តរជាតិ។
លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងបន្តប្រើយន្តការអន្តរជាតិមួយនេះ ប្តឹងបរទេសឈ្លានពានទឹកដីរបស់ដូនតា ដូចជាប្រទេសថៃនិងវៀតណាម ទៅតុលាការអន្តរជាតិបន្តទៀត ដើម្បីការពារទឹកដីខ្មែរ។
លោកថា៖ «យើងជាពលដ្ឋខ្មែរ យើងលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា មិនត្រូវមានការស្ទាក់ស្ទើរទេ ត្រូវតែរក្សាជំហរម៉ឺងម៉ាត់ ត្រូវប្តឹងទៅតុលាការណាមួយរបស់តុលាការអន្តរជាតិ និងប្ដឹងប្រទេសថៃហ្នឹង ដើម្បីដោះស្រាយបញ្ហាហ្នឹង មួយទៀតកម្ពុជាក៏ត្រូវតែផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិUNCLOS ដើម្បីការពារអធិបតេយ្យរបស់កម្ពុជាលើដែនសមុទ្រហ្នឹង អាហ្នឹងវាជាផ្នែកសំខាន់ណាស់ សម្រាប់ការពារខ្លួនរបស់ខ្មែរ»។
ម្យ៉ាងវិញទៀត ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះក្នុងស្មារតីជាតិរួម លោកថា រដ្ឋាភិបាលកម្ពុជា គប្បីដោះលែង និងទម្លាក់ចោលសំណុំរឿងរបស់សកម្មជនសង្គម ដែលទិតៀនរឿងព្រំដែនកន្លងទៅ ហើយនិងដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា។
ករណីកម្តៅព្រំដែននេះផងដែរ ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បង្ហោះសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១ ខែមិថុនានេះ ដោយនិយាយថា ជាប្រវត្តិសាស្ត្រ ភាគីកម្ពុជាគ្មានការចាំបាច់ត្រូវបន្តចរចាទ្វេភាគី និងធ្វើសង្គ្រាមឡើយ។
ប្រភពនោះសំអាងថា តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាពុំមានប្រវត្តិចរចាទ្វេភាគី និងវិធីសង្គ្រាមណា ដែលការពារទឹកដីជាតិបានទេ។
ប្រភពអះអាងថា ជាក់ស្តែង សង្គ្រាម និងការចរចាពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ រឿងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ទីបំផុតត្រូវបញ្ចប់ដោយការជម្រះសេចក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាឈ្នះថៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
តែផ្ទុយទៅវិញ ការប្រយុទ្ធ និងការចរចាទ្វេភាគី ប្រមាណ៣ឆ្នាំ បានត្រឹមតែខាតបង់ធនធានជាតិ បាត់បង់ជីវិតយុទ្ធជនខ្មែរ ធ្វើឱ្យកម្ពុជារងគ្រោះរបូតបាត់ដែនដីបន្ថែមទៀត ជាឧទាហរណ៍ តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ និងប្រាសាទតាមាន់តូច ត្រូវថៃត្រួតត្រាទាំងស្រុង ខណៈប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវថៃលើកទ័ពមកគ្រប់គ្រងរួមជាមួយកម្ពុជា។
ការណ៍នេះ ជំរុញឱ្យរដ្ឋាភិបាល ស្នើទៅរដ្ឋសភាឱ្យផ្តល់សច្ចាប័នលើច្បាប់សមុទ្រអង្គការសហប្រជាជាតិ (UNCLOS) ដើម្បីទាមទារដែនសមុទ្រ និងប្រជុំកោះមកវិញ ដែលប្រទេសថៃ និងប្រទេសវៀតណាម ដណ្តើមគ្នាគ្រប់គ្រងក្រោមយន្តការចរចាទ្វេភាគីនេះ៕