នៅទីបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមថា នឹងយកបញ្ហាជម្លោះព្រំដែននៅតំបន់មុំ៣ បញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
នេះបើយោងតាម លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ អ្នកនយោបាយប្រឆាំង បញ្ញវន្តខ្មែរ និងពលរដ្ឋខ្មែរជាច្រើន បានទទូចតាំងពីយូរមកហើយ ទាមទារឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ប្តឹងបញ្ហាជម្លោះព្រំដែនជាមួយថៃ ជាពិសេសបញ្ហាកោះគជ់ ទៅតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងដើម្បីបញ្ចៀសសង្គ្រាមរវាងប្រទេសទាំង២។
លោក ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅព្រឹកព្រលឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ហើយក៏ត្រូវបានចែករំលែកបន្តនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរថា៖ «ខ្ញុំគាំទ្រទាំងស្រុង ព្រោះMOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់ រហូតចោទប្រកាន់គ្នានិងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ»។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជារង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន? ហើយនៅក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពានផងដែរ។
លើសពីនេះ នៅព្រឹកថ្ងៃចន្ទនេះ លោកបានបញ្ចេញសារថ្មីទៀត លើហេ្វសប៊ុករបស់លោក ដោយបញ្ជាក់ថា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ។
លោកគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣១ ខែឧសភា លោក ហ៊ុន សែន បានបញ្ជាក់ថា តំបន់មុំបី ដែលមានការប៉ះទង្គិចគ្នាដោយអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា គឺជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើង តាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅទៀត មានន័យថា នៅមុនការចុះMoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។
លោកលើកឡើងថា អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តី ក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយ កុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានបង្ហាញរូបថតជាច្រើនសន្លឹក ដែលលោកនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុនថា ជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថា តំបន់មុំ៣ជាទឹកដីកម្ពុជា និងថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួន តាមការទាមទាររបស់ភាគីថៃ ដែលជារឿងច្រំដែលនៃល្បិចកលចង់យកដីកម្ពុជានោះទេ។
ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី១ ខែមិថុនាថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជានៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។
លោកបញ្ជាក់ក្នុងសំណេរដើមថា៖ «ក្នុងន័យនេះ ខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា រៀបចំការប្រជុំ(JBC)ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBCពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ»។
យ៉ាងណាក្តី លោកបានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។
នៅក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យខ្មែរគ្រប់និន្នាការនយោបាយ ទុករឿងជម្លោះមិនចុះសម្រុងគ្នាខាងនយោបាយមួយឡែក ហើយងាកមករួបរួមគ្នាលើកទឹកចិត្តកងទ័ពដែលកំពុងការពារទឹកដី។
លោកលើកឡើងថា អ្នកនយោបាយខ្មែរ និងអ្នកគាំទ្រគ្រប់និន្នាការនយោបាយ បើស្រឡាញ់ជាតិពិតប្រាកដគួរចៀសវាងការបង្ហោះសារឬរូបភាពទាំងឡាយណា ដែលបំបាក់ដល់ទឹកចិត្តកងទ័ពដែលកំពុងត្រៀមប្រយុទ្ធនៅខ្សែត្រៀមជួរមុខ និងក៏មិនត្រូវបង្ហោះព័ត៌មានរូបភាព ឬវិដេអូបង្ហាញពីសកម្មភាពចល័តទ័ព និងសព្វាវុធដែលជាការសម្ងាត់របស់កងទ័ព ធ្វើឱ្យសត្រូវបានដឹងនោះឡើយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងសម្តីដើមថា៖ «តើខ្មែរនៅតែបំផុសស្មារតីឱ្យស្អប់គ្នាឱ្យមិនទុកចិត្តគ្នា ហើយទីបំផុតយកការខ្លាចនៃអ្នកជិតខាង ទៅជាការធ្វើឱ្យខ្មែរលាបពណ៌ខ្មែរគ្នាឯង ឈ្លោះតែគ្នាឯង ដូចកាលពីអតីតកាល។ នៅពេលនេះ ខ្ញុំគិតថា កូនខ្មែរត្រូវជឿជាក់លើខ្លួនឯង បើខ្លាចគេរំលោភបំពានយកប្រៀបលើយើងត្រូវពង្រឹងខ្លួនឯងត្រូវរួមគ្នាថែរក្សាសន្តិភាព ថែរក្សាសាមគ្គីឯកភាពជាតិផ្ទៃក្នុង កុំឱ្យវ៉ៃគ្នាបែកបាក់គ្នាទៀត ថែរក្សាទឹកដីយើងកុំឱ្យមានតំបន់អបគមន៍បែកបាក់គ្នាដូចជំនាន់មុន។ យើងរួមគ្នាការពារប្រទេសយើង សាមគ្គីឯកភាពជាតិ ហើយពង្រឹងជាតិយើងគ្រប់វិស័យ ដើម្បីធ្វើឱ្យកូនខ្មែរកាន់តែខ្លាំង»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវែស លោក ម៉ែន ណាត បានគាំទ្រជំហរចុងក្រោយរបស់រដ្ឋាភិបាលដែលព្រមយកបញ្ហាជម្លោះព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការអន្តរជាតិ។
លោកបានសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ខែមិថុនានេះថា លោកសូមលើកទឹកចិត្តដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សូមប្រកាន់ជំហរម៉ឺងម៉ាត់ ត្រូវប្តឹងប្រទេសថៃទៅតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។ ការប្តឹងនេះ ត្រូវមានទាំងសំណុំរឿងតំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងរួមទាំងសំណុំរឿងកោះគុតផងដែរ។
លោកបានលើកឡើងក្នុងសំណេរដើមថា៖ «នេះហើយគឺជាអ្វីដែលកម្ពុជា ត្រូវតែធ្វើ ពីព្រោះវាស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលថៃជាភាគីហត្ថលេខីដែរនោះ វាស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤និងឆ្នាំ១៩០៧ ហើយនិងលិខិតូបករណ៍អន្តរជាតិ ដែលពាក់ព័ន្ធច្រើនទៀត។ យើងខ្ញុំជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ រួមគ្នាលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ត្រូវតែប្តឹងប្រទេសថៃ ចៀសវាងនិយាយចោល រួចហើយមិនធ្វើ ដែលនាំឲ្យប្រទេសជិតខាង កាន់តែគឃ្លើនឈ្លានពានខ្មែរបន្តបន្ទាប់»។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១ ខែមិថុនា បានប្រាប់លោក ហ៊ុន ម៉ាណែត ថា ការប្រយុទ្ធគ្នានៅតំបន់មុំបី គឺជាការឈ្លានពានរបស់កងទ័ពថៃ ដែលជាការបំពានអធិបតេយ្យភាពជាតិកម្ពុជា និងរំលោភច្បាប់អន្តរជាតិ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ ដែលប្រទេសថៃ ក៏ជាហត្ថលេខីដែរ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ។
ក្រុមប្រឹក្សាជាតិតស៊ូ រំឭក លោក ហ៊ុន ម៉ាណែត ថា ជាប្រវត្តិសាស្ត្រ ភាគីកម្ពុជាគ្មានការចាំបាច់ត្រូវបន្ដចរចាទ្វេភាគី និងធ្វើសង្គ្រាមឡើយ ពីព្រោះ តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាពុំមានប្រវត្តិចរចាទ្វេភាគី និងវិធីសង្គ្រាមណា ដែលការពារទឹកដីជាតិបានទេ។
បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិតស៊ូ ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងប្រទេសថៃ លើបញ្ហាជម្លោះព្រំដែនទាំងអស់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងនោះមានទាំងករណីជម្លោះប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ច្រកអានសេះ តំបន់ភ្នំទ្រព្យ និងតំបន់វាលឥន្ទ្រីយ៍ និងត្រូវស្នើទៅរដ្ឋសភា ឲ្យផ្ដល់សច្ចាប័នលើច្បាប់សមុទ្រអង្គការសហប្រជាជាតិ (UNCLOS) ហើយយកសំណុំរឿងកោះគជ់ និងករណីទំហំសមុទ្រ ២៦០០០ គីឡូម៉ែត្រការ៉េ ដែលរដ្ឋាភិបាលថៃ និង រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អះអាងថាត្រួតស៊ីគ្នានោះ រួមទាំងកោះត្រល់ផងដែរ ដោយមិនត្រូវឲ្យខកខានយូរទៀតទេ ។
ប្រតិកម្មជាបន្តបន្ទាប់នេះ បានកើតមានឡើងបន្ទាប់ពីកាសែត The Nation របស់ថៃ បានស្រង់សម្តីមេទ័ពថៃចុះផ្សាយថា មេទ័ពថៃនិងកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយជម្លោះនៅតំបន់មុំបី តាមរយៈកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កាលពីថ្ងៃទី២៩ ខែឧសភា និងថា ភាគីទាំងពីរបានសម្រេចយល់ព្រមដកទ័ពរៀងៗខ្លួន នៅចម្ងាយយ៉ាងហោចណាស់ ២០០ម៉ែត្រ ពីកន្លែងប៉ះទង្គិចគ្នាដែលបានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាំងដែលកម្ពុជាមិនព្រមដកថយ ចេញពីចំណុចមានការប៉ះទង្គិចគ្នាដែលជាទឹកដីរបស់ខ្លួននោះទេ។
នៅថ្ងៃទី១ខែមិថុនា ឧត្តមសេនីយ៍ទោ Bunsin Phatklang មេបញ្ជាការភូមិភាគ២របស់ថៃ បានមកពិនិត្យប្រាសាទតាមាន់ធំ ហើយបានប្រកាសប្រាប់កងទ័ពថៃថា ប្រាសាទតាមាន់ធំ ជាកម្មសិទ្ធិរបស់ថៃ ដែលត្រូវការពារឱ្យបាន។
សម្រាប់ លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ខែមិថុនាថា ប្រាសាទតាមាន់ធំជាប្រាសាទរបស់ខ្មែរ កសាងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទសូរ្យវរ្ម័នទី១ក្នុងសតវត្សទី១១។
ជនជាតិថៃ គឺជាជនជាតិតៃលាវដែលភៀសខ្លួនមកពីខេត្តយូណាន នៃប្រទេសចិន និងដណ្តើមទឹកដីខ្មែរហើយបង្កើតរដ្ឋរបស់ខ្លួន នៅចុងសតវត្សទី១៣ និងដើមសតវត្សទី១៤ គឺជនជាតិថៃបង្កើតប្រទេសរបស់ខ្លួន ក្រោយការកសាងប្រាសាទតាមាន់ធំទៅទៀត។
ប៉ុន្តែសព្វថ្ងៃនេះ ថៃកំពុងធ្វើខ្លួនដូចជាម្ចាស់កម្មសិទ្ធិលើប្រាសាទតាមាន់ធំផ្តាច់មុខ។ បើតាមផែនទីភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីខ្មែរ១០០%។
ចំណែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា សៀមខ្លួនឯង ជាអតីតប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានប្តេជ្ញាថា «ធានា និងការពារ មិនអាចឱ្យរដ្ឋបរទេសណា មករំលោភបំពាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាបានឡើយ ប៉ុន្តែនៅពេលនេះសៀមបែរជារំលោភចូលមកក្នុងទឹកដីកម្ពុជាទៅវិញ។
នៅពេលទៅចូលរួមបុណ្យសពដោយផ្ទាល់ នៅគេហដ្ឋានរបស់ព្រិន្ទបាលឯក សួន រ៉ោន នៅស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ខែឧសភា លោកមាជ សុវណ្ណារ៉ា ដែលក៏ធ្លាប់ជាអតីតពលទាហាននៃអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយសម្ដេចបវរសេដ្ឋា សឺន នៅតាមព្រំដែនខ្មែរថៃ កាលពីអំឡុងទសវត្ស៨០ បានសម្តែងការឈឺចាប់នូវការរំលោភបំពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា ធ្វើឱ្យបាត់បង់ជីវិត លោកសួន រ៉ោន។
លោកថា៖ «នៅពេលដែលប្រទេសជាតិមានអាសន្ន ហើយសត្រូវបរទេសមើលងាយជាតិសាសន៍យើងតើយើងនៅឈរឱបគ្នា វាយប្រហារគ្នាជេរស្តីគ្នាយ៉ាងណា ក្រៅតែពីការយើងរួមគ្នាឱ្យខ្លាំង បើយើងខ្សោយសត្រូវគេនឹងមើលងាយ ហើយខ្មែរបែកបាក់ឯកភាពជាតិមិនបានទេ គឺថា កុំបន្ទោបបរទេសណា គឺគេឆ្លៀតឱកាសហើយ ហើយគេមើលងាយពូជសាសន៍យើង ដែលធ្លាប់តែថ្លៃថ្នូរ ធ្លាប់តែល្បីរុងរឿង មហាអាណាចក្រ ហើយទីបំផុតយើងនៅតែហែកហួរ នៅតែវាយប្រហារគ្នាដោយមិនឯកភាពជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិទេ ចឹងក្នុងនាមខ្ញុំប្រធានគណបក្សជំនាន់ថ្មី ខ្ញុំនឹងធ្វើយ៉ាងណាឱ្យខ្មែរឯកភាពគ្នាផ្សះផ្សាគ្នាដែលអាចធ្វើទៅតាមកាលវេលាកាលៈទេសៈនយោបាយ»។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថា គ្រប់ទិដ្ឋភាពនៃជម្លោះ មិនថាតែបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេសនោះទេ ភាគីទាំងសងខាងគឺតែងតែដណ្តើមយកត្រូវរៀងៗខ្លួន ដូច្នេះជម្រើសដែលល្អគឺរដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ។
លោកបាននិយាយក្នុងសម្តីដើមថា៖ «បើយើងមិនមានលទ្ធភាពចរចារឿងទឹកដីរឿងព្រំដែនទេ ហើយវាមានប្រៀបទៅលើខាងគេ អាហ្នឹងបើគេមានប្រៀបលើយើងពេក យើងត្រូវតែរត់ទៅរកច្បាប់ មានតែដាក់ទៅស្ថាប័នច្បាប់អន្តរជាតិទេ ទើបគេជួយដោះស្រាយយើង គេជួយការពារយើង គេជួយរកយុត្តិធម៌ភាពត្រឹមត្រូវឱ្យយើងបាន ហើយខ្ញុំសោកស្តាយដែរ ដែលយើងបណ្តោយរហូតដល់មានការផ្ទុះអាវុធនេះ ហើយបាត់បង់ជីវិតយុទ្ធជនយើងមួយរូប»។
បញ្ហាព្រំដែននេះ ក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី និយាយក្នុងលិខិតចុះថ្ងៃទី១មិថុនានេះថា តាំងពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន កម្ពុជាពុំមានប្រវត្តិចរចាទ្វេភាគី ដែលអាចការពារទឹកដីបានទេ។តែជាក់ស្តែង សង្គ្រាម និងការចរចាពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ ជាមួយថៃ រឿងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ទីបំផុតត្រូវបញ្ចប់ដោយការជម្រះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសម្រេចឱ្យកម្ពុជាឈ្នះថៃនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
រីឯការប្រយុទ្ធនិងការចរចាប្រមាណ៣ឆ្នាំ បានត្រឹមតែបាត់បង់ជីវិតយុទ្ធជនខ្មែរ កម្ពុជារងគ្រោះរបូតបាត់ដែនដីបន្ថែមទៀត ជាឧទាហរណ៍ តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ និងប្រាសាទតាមាន់តូច ត្រូវថៃត្រួតត្រាទាំងស្រុង ខណៈប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវថៃលើកទ័ពមកគ្រប់គ្រងរួមជាមួយកម្ពុជា។
ប្រភពនោះ សង្កត់ធ្ងន់ថា ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ជាដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិភាព ប្រតិបត្តិការល្អ បង្អែកច្បាប់ និងបច្ចេកទេសច្បាប់អន្តរជាតិ ដែលប្រជាពលរដ្ឋខ្មែរ ប្រាថ្នាក់ចង់បាន៕









