ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមិថុនានេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានមួយ ឆ្លើយតបនឹងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ដែលបានរកឃើញពីការលូតលាស់នូវឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។
ក្នុងលិខិតនេះ ក្រសួងមហាផ្ទៃ បានចាត់ទុករបាយការណ៍នេះ ថាធ្វើឡើងគ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់ មានចេតនាមូលបង្កាច់ ទម្លាក់កំហុស លាបពណ៌ បង្ខូចកិត្តិយសឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថា មានជាប់ពាក់ព័ន្ធ និងឬមិនអាចគ្រប់គ្រងការជួញដូរមនុស្ស បទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត និងសម្អាតប្រាក់ជាដើម។
ក្រសួងបន្តថា របាយការណ៍បំផ្លើសបំភ្លៃនេះ និងប្រតិដ្ឋមូលបង្កាច់មកលើកម្ពុជា ដោយផ្អែកលើតែព័ត៌មានគ្មានប្រភពច្បាស់លាស់ និងប្រតិដ្ឋឡើងតាមមហិច្ឆតាក្រុមប្រឆាំងជ្រុល ដើម្បីបម្រើរបៀបវារៈនយោបាយក្នុងការជំរុញចលនាខឹងស្អប់ខ្ពើម និងរើសអើងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លិខិតរបស់ក្រសួងគ្រប់គ្រងដោយលោក ស សុខា ដែលមានឈ្មោះក្នុងបញ្ជីអ្នកជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែនដដែលនេះ បានអះអាងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង ដើម្បីលុបបំបាត់ បទល្មើសខាងលើពីក្នុងសង្គមកម្ពុជាទាំងមូល។
ប៉ុន្តែកិច្ចការនេះមិនអាចធ្វើឱ្យបានជោគជ័យ ១០០% នោះទេ ដោយសារស្ថានភាពពិភពលោកបច្ចុប្បន្ន កំពុងមានបញ្ហាផ្ទុះសង្គ្រាមនៅបណ្តាប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ចជាសកល សង្គ្រាមពាណិជ្ជកម្ម ការដណ្តើមភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងបម្រែបម្រួលអាកាសធាតុ។
ក្រសួងមហាផ្ទៃថា បញ្ហានេះគឺជាដើមចមនៃលំហូរជនភៀសខ្លួន ភាពអត់ការងារធ្វើជាហេតុ ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសក្នុងការប្រព្រឹត្តបទល្មើសខាងលើនៅតែបន្តជាហូរហែរ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាឧបសគ្គក្នុងការរៀបចំវិធានការ និងយន្តការដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ។
ការប្រតិកម្មច្រាលចោលហូរហែររបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងក្រោយពីវិទ្យាស្ថានស្រាវជ្រាវ Humanity Research Consultancy (HRC) ចេញផ្សាយនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើង ពិសេសនៅក្នុងជួរមន្ត្រីរដ្ឋាភិបាល ដោយមានអ្នកកាងការពារឧក្រិដ្ឋជនជាន់លើច្បាប់។
ក្នុងនោះ HRC បានកំណត់មុខសញ្ញាមនុស្ស ២៨នាក់ ដែលជាប់សង្ស័យថា មានទំនាក់ទំនងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងកំពុងបង្កប់ខ្លួននៅកម្ពុជា ក្នុងនោះ មាន១៧នាក់ គឺជាជនជាតិខ្មែរ។ ក្នុងចំណោមជនជាតិខ្មែរទាំង១៧នាក់ មានមនុស្ស ១១នាក់ ជាបុគ្គលមានតំណែងធំៗក្នុងជួររដ្ឋាភិបាល ឧកញ៉ាគ្រាក់ៗ និងសាច់ញាតិនាយករដ្ឋមន្ត្រី ដោយក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នេះផងដែរ។
ទាក់ទិនរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកការច្រានចោលរបស់មន្ត្រីរដ្ឋាភិបាល និងបក្សកាន់អំណាច គ្មានប្រសិទ្ធភាពក្នុងការលាងជម្រះខ្លួនពីភាពកខ្វក់ឧក្រិដ្ឋកម្មឆ្លងដែននេះបានទេ ព្រោះប្រជាពលរដ្ឋសុទ្ធតែបានដឹង និងរងគ្រោះដោយសារអំពើទាំងនេះ។
លោកបន្តប្រាប់វីអូឌីថា ការរកឃើញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាជាបន្តបន្ទាប់ កំពុងឆ្លុះបញ្ចាំងកាន់តែច្បាស់ថា រដ្ឋាភិបាលពុំមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើទុច្ចរិតទាំងនោះឡើយ ខណៈវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋនៅក្នុងឧក្រិដ្ឋកម្មកាន់តែរុញកម្ពុជា ឱ្យធ្លាក់ក្នុងអន្លង់ឧក្រិដ្ឋកម្មកាន់តែជ្រៅបន្ថែមទៀត។
លោកថា៖«កាលណាមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រកូល «ហ៊ុន» មន្ត្រីគណបក្សប្រជាជនស្ថិតនៅពីក្រោយខ្នងនៃបណ្ដាញបទឧក្រិដ្ឋទាំងអស់នេះ វានឹងគំរាមកំហែងទៅដល់សន្តិសុខជាតិ ហើយនិងអសន្តិសុខទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយពលរដ្ឋមួយចំនួនក៏រងគ្រោះដែរ ត្រូវបានគេសម្លាប់ដោយសារពាក់ព័ន្ធទៅនឹងជនជាតិចិន ដែលមកប្រព្រឹត្តបទឧក្រិដ្ឋទាំងអស់ហ្នឹងនៅកម្ពុជា។ យើងឃើញស្ត្រីខ្មែរមួយចំនួនហ្នឹង ត្រូវបានជនជាតិចិនសម្លាប់ដោយសារតែ [ពួកគេ] ដឹងរឿងបទឧក្រិដ្ឋទាំងអស់ហ្នឹង»។
របាយការណ៍ HRC បានរកឃើញផងដែរថា កម្ពុជាមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំប្រមាណពី ១២.៥ ទៅ ១៩ពាន់លានដុល្លារដែលស្មើនឹង ៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា ដោយលុយទាំងនេះធ្លាក់ទៅក្នុងដៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។
ក្រៅពីការបើកដៃឱ្យឧក្រិដ្ឋជន បក្សកាន់អំណាចមួយនេះ គឺមានតួនាទីជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មបរទេសដែលរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
កន្លងទៅ បណ្ដាប្រទេសមួយចំនួន ដូចជា ឥណ្ឌា តៃវ៉ាន់ និងឥណ្ឌូនេស៊ី ធ្លាប់ហាមនិងព្រមានពលរដ្ឋខ្លួនពីគ្រោះថ្នាក់នៃការឆបោកតាមប្រព័ន្ធអនឡាញ និងចាប់ជំរិតក្នុងប្រទេសកម្ពុជា ដោយប្រទេសទាំងនោះបានដាក់ផ្លាកបំរាមនៅព្រលានយន្តហោះ និងតាមប្រព័ន្ធផ្សព្វផ្សាយ៕