សភា និងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២ខែមិថុនានេះ បានអនុម័តយល់ព្រម លើសេចក្តីថ្លែងការណ៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការប្ដឹងរឿងបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ ICJ ក្រោយទាហានថៃបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់ព្រំដែនជួរមុខក្នុងតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ។
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការស្លាប់របស់ព្រិន្ទបាលឯក សួន រ៉ោន ជាយុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដោយសារទាហានថៃបានឆ្មក់វាយប្រហារ កាលព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចាត់ទុកករណីនេះថាជាទង្វើឈ្លានពានដូចដែលថៃបានធ្វើមកលើកម្ពុជាក្នុងឆ្នាំ២០០៨និងឆ្នាំ២០១១ដែរ។
លើសពីនេះ ក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូត ចុះថ្ងៃទី២៩ ខែឧសភា ចាត់ទុកការបាញ់សម្លាប់ព្រិន្ទបាលឯក សួន រ៉ោន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែននេះថា ជាការបំពានអធិបតេយ្យយ៉ាងឃោរឃៅ និងទាមទារឱ្យភាគីថៃ បើកការស៊ើបអង្កេតឱ្យបានម៉ឺងម៉ាត់ ដើម្បីនាំបុគ្គលដែលបើកការបាញ់ប្រហារនោះ មកផ្តន្ទាទោសតាមច្បាប់។
នៅព្រឹកថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ។
ភ្លាមៗតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលជាញឹកញាប់ធ្លាប់ជំរុញករណីនេះ ទៅតុលាការអន្តរជាតិនោះ បានចេញសារអបអរចំពោះដំណឹងនេះ។
លោកថា៖ «នេះជាអ្វីដែលកូនខ្មែរ និងខ្មែរគ្រប់និន្នាការនយោបាយ ចង់បាន និងសូមអបអរសាទរ» ។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកថា នេះជាលើកទី១ហើយ ដែលរដ្ឋាភិបាលកម្ពុជា ច្រើនឆ្នាំមកនេះ មិនដែលបង្ហាញស្មារតីបែបនេះទេ ពាក់ព័ន្ធនឹងជំហរការពារបូរណភាពទឹកដី។
លើសពីនេះ លោក ម៉ែន ណាត និយាយថា ខ្លួនលើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ(UNCLOS) ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍របស់កម្ពុជានៅលើដែនសមុទ្រ ខណៈថៃកំពុងគ្រប់គ្រងកោះគុតទាំងស្រុង៕









