អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចេញលិខិតបំភ្លឺ ជុំវិញការយកដីសហគមន៍ទំហំជិត១០០ហិកតា ឱ្យក្រុមហ៊ុនចិន ធ្វើទីលានចាក់សំរាម ក្រោយពលរដ្ឋផ្ទុះការតវ៉ាទាមទារមេដឹកនាំមោឃភាព ឬលុបចោលគម្រោងនេះ ដើម្បីទប់ស្កាត់ការគំរាមកំហែងជីវភាពពួកគេជាង៣០០គ្រួសារ។
នេះបើតាមលិខិតបំភ្លឺ របស់រដ្ឋបាលស្រុកកំពង់សីលា ចុះថ្ងៃទី៣០ ខែឧសភា ដែលVOD ទទួលបានថ្ងៃទី៣ខែមិថុនានេះ។
រដ្ឋបាលស្រុកកំពង់សីលា អះអាងថា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានមួយចំនួន បានចុះផ្សាយពីសំណើអន្តរាគមន៍ របស់ប្រជាពលរដ្ឋចំនួន៦៦នាក់ រកយុត្តិធម៌ សុំធ្វើមោឃៈបណ្ណកម្មសិទ្ធិខុសច្បាប់ចំនួន៦ផ្សេងគ្នា និងស្នើសុំបដិសេដលើការរៀបចំដីរដ្ឋទំហំ ៩១,៩៥ហិកតា សម្រាប់ធ្វើទីលានចាក់សំរាមឱ្យក្រុមហ៊ុន មីនើវ៉ា អ៊ិនវេសមិន តាមរយៈរដ្ឋបាលស្រុកកំពង់សីលា លើដីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពនោះបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលស្រុក ស្នើសុំទៅរាជរដ្ឋាភិបាល ទំហំ ៩១,៩៥ហិកតា លើដីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ សម្រាប់ទុកធ្វើទីលានចាក់សំរាម និងចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងដោយរដ្ឋបាលស្រុកកំពង់សីលា មិនមែនដើម្បីទុកចុះបញ្ជីជាដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនទេ។
យ៉ាងណា រដ្ឋបាលស្រុកកំពង់សីលា ទទួលស្គាល់ថា បច្ចុប្បន្នទីតាំងដែលរដ្ឋបាលស្រុកបានស្នើសុំទំហំ៩១,៩៥ហិកតា លើដីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ មិនទាន់មានការសម្រេចពីក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលនោះទេ។
ប៉ុន្តែថា ដើម្បីកុំឱ្យមានការកកស្ទះសំរាម ប៉ះពាល់ដល់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងមូលដ្ឋានទើបរដ្ឋបាលស្រុក បានអនុញ្ញាតឱ្យក្រុមហ៊ុនឈូសឆាយដី និងរៀបចំទីតាំងដើម្បីធ្វើស្ថានីយ៍ទុកដាក់ និងផ្ទេរសំរាម សំណល់រឹង ទីប្រជុំជនបណ្តោះអាសន្ន ស្របតាមបទដ្ឋានបច្ចេកទេស និងអនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជុំវិញការបកស្រាយនេះ ប្រធានសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ លោក ឃុត ស៊ីនឿន បានអះអាងថា ដីទំហំជាង៩០ហិកតា ឱ្យក្រុមហ៊ុនចិន ធ្វើទីលានចាក់សម្រាមនោះ រដ្ឋបាលស្រុក នៅមិនទាន់ទទួលបានការពិនិត្យ និងការអនុញ្ញាត្ត ពីក្រសួងពាក់ព័ន្ធ ឬរដ្ឋាភិបាលឡើយ។
លោកបន្តថា សហគមន៍នេះ បង្កើតជាង២០ឆ្នាំមកហើយ ស្របតាមអនុក្រឹត្យឆ្នាំ២០០៣ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមបាត់បង់ ខណៈពួកគាត់ដែលខិតខំការពារធនធានធម្មជាតិ រួមទាំងសម្បត្តិរដ្ឋបែរជារងការចោទប្រកាន់ជាបន្តបន្ទាប់ពីអាជ្ញាធររដ្ឋ។
លោកថា៖ «សួរទៅខាងក្រសួង ក្រសួងគេអត់ទាន់ព្រមទេដី៩១ហិកតាហ្នឹង ចឹងសហគមន៍ប្ដឹងទៅខេត្តនិងតុលាការដើម្បីឱ្យអន្តរាគមន៍នៅក្នុងសហគមន៍[…]យើងហាមឃាត់គេមិនស្ដាប់ចឹងគេនៅឈូសឆាយបន្ត ខ្ញុំបារម្ភបាត់បង់ធម្មជាតិដែលខ្ញុំខំការពារ ២០ជាងឆ្នាំហើយ មានព្រៃឈើហើយនិងឈើធំៗណាស់នៅតំបន់ហ្នឹង ហើយសមាជិកដែលគេគំរាមកំហែងទាំងបួនរូបនេះ ចឹងសូមឲ្យរដ្ឋាភិបាលជួយដោះបន្ទុកដែលគាត់ការពារដីរដ្ឋ ហើយហេតុអីក៏មានគេរំលោភបំពាន ហើយមកដាក់កំហុសឲ្យគាត់អ្នកខុសជាអ្នកមានទុក្ខមានទោសទៅវិញ»។
ប្រជាសហគមន៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់VODនៅថ្ងៃទី០៣ ខែមិថុនានេះថា បន្ទាប់ពីពួកគាត់បានស្វែងរកកិច្ចអន្តរាគមន៍ដល់ថ្នាក់ដឹកនាំកំពូលកន្លងមកដល់បច្ចុប្បន្ន នៅមិនទាន់មានដំណឹងពីដំណោះស្រាយណាមួយឡើយ ។
គាត់បន្តថា បច្ចុប្បន្នដីព្រៃសហគមន៍កំពុងរងការឈូសឆាយ រួមទាំងសកម្មភាពពីខាងក្រុមហ៊ុនបាននាំយកសម្រាមមកចាក់ចោលផងនោះ ដែលពួកគាត់បារម្ភបញ្ហាសុខភាពមនុស្ស សត្វ ពិសេសព្រៃឈើសហគមន៍ ខណៈពួកគាត់ជាង ១០០០នាក់ អាស្រ័យលើអនុផលព្រៃឈើ។
គាត់ថា៖ «និយាយពីប៉ះពាល់ប្រជាពលរដ្ឋយើង ប៉ះពាល់ខ្លាំងណាស់ ភ្លៀងមកហូរទឹកទប់ណាឈ្នះ បើយកសំរាមចាក់គរអ៊ីចឹងវាហូរ ប៉ះពាល់ដល់ផលអនុផលព្រៃឈើ សត្វពាហនៈ គ្នារស់នៅមិនបានសុខ យើងក៏ធ្វើផ្អើលគ្នា គ្នានៅកំពុងមានក្ដីសុខក្នុងព្រៃសហគមន៍តាំងពីសត្វស្លាប ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋ គាត់រករបរអនុផលព្រៃឈើមានអីទៀត បើអស់ហើយ ឥឡូវឈើឈូសអស់មួយចំនួនធំហើយធំៗ មុខកាត់៤០ និង៣០ អីហ្នឹងគេកាយគល់លុបឈើដាក់ដីពីលើអស់ហើយ សំរាមហ្នឹងហូរច្រោះទៅណារួចមានតែហូរចាក់ទៅក្នុងព្រៃសហគមន៍ ចឹងធ្វើឲ្យធនធានធម្មជាតិដឹងតែបាត់បង់អស់ហើយ ហើយយើងពឹងរកអនុផលក្នុងព្រៃសហគមន៍»។
សម្រាប់ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រសាសន៍ថា ការសម្រេចផ្ដល់សិទ្ធិលើដី ដែលជាកម្មសិទ្ធិរបស់រដ្ឋ ត្រូវឆ្លងកាត់ការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលជាមុនសិន បើមិនមានការអនុញ្ញាតត្រឹមត្រូវទេ ស្មើនឹងខុសច្បាប់ មានច្បាប់រដ្ឋបាលជាដើម។
លោកបន្តថា ថ្នាក់ដឹកនាំ ត្រូវពិនិត្យលើទីតាំងជាក់ស្ដែង ក្រោយមានការស្នើសុំអន្តរាគមន៍នោះ បម្រើដល់ផលប្រយោជន៍សាធារណៈ ឬជះផលអវិជ្ជាមានបែបណាខ្លះលើប្រជាពលរដ្ឋនៅទីនោះ។
លោកថា៖ «បើសិនជាអនុញ្ញាតឲ្យប្រតិបត្តិការហើយ ហើយមិនទាន់មានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ អាហ្នឹងវាជាទង្វើខុសច្បាប់ ហើយពាក់ព័ន្ធនឹងរឿងរដ្ឋបាលទៀត អ្វីដែលជាការសម្រេចចិត្តថាពាក់ព័ន្ធទៅនឹងដីសាធារណៈរបស់រដ្ឋ ឬក៏ដីឯកជនរបស់រដ្ឋក៏ដោយ ត្រូវតែមានការសម្រេចចិត្តពីរាជរដ្ឋាភិបាលទៅចឹងហើយ ប្រសិនជាមានការសម្រេចចិត្តផ្តល់អាជ្ញាប័ណ្ណ ឬផ្តល់ការអនុញ្ញាតដោយថ្នាក់ក្រោមជាតិហ្នឹង ពួកខ្ញុំជឿថាមិនត្រឹមត្រូវទេ»។
ដោយឡែក អ្នកឯកទេសផ្នែកសង្គម គោលនយោបាយ និងសេដ្ឋកិច្ចអង្គការសាមគ្គីភាពកសិករកម្ពុជាលោក ឌី គន្ធា យល់ថា មុនសម្រេចផ្ដល់ដីត្រង់ចំនុចណាមួយទៅកាន់ភាគីពាក់ព័ន្ឋ អាជ្ញាធរស្រុក ត្រូវមានការជូនដំណឹង ឬជួបប្រជុំជាមួយប្រជាសហគមន៍ជាមុនសិន ដើម្បីតម្លាភាព។
លោកបន្តថា ការសម្រេចកាត់ឆ្វៀលដី ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនចិនបណ្ដោះអាសន្ន ដោយមិនទាន់ឆ្លងកាត់ការសម្រេចពីរដ្ឋាភិបាល ជារឿងដែលរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា៖ «សេចក្ដីសម្រេចរបស់គណៈអភិបាលស្រុកកំពង់សីលា ធ្វើការសម្រេចកាត់ឆ្វៀលដីទៅឲ្យក្រុមហ៊ុនវិនិយោគចិនធ្វើទីលានចាក់សំរាមដោយគ្មានការពិគ្រោះយោបល់ទូលំទូលាយ ជាមួយនឹងតំណាងសហគមន៍ និងអ្នកទទួលផលដែលនៅក្បែរតំបន់ទេនោះ គឺវាស្មើនឹងការរំលោភបំពានទៅលើលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងគោលការណ៍របស់សហគមន៍ការពារតំបន់ព្រៃឈើនៅទីនោះ ស្ដីពី ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ការពារគម្របព្រៃឈើ ហើយរំលោភទៅលើច្បាប់ភូមិបាលជាតិ និងរំលោភទៅលើសិទ្ធិដល់សហគមន៍ការពារព្រៃឈើ និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ»។
យ៉ាងណា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានឡើងមកដាក់ញត្តិសុំអន្តរាគមន៍ថ្នាក់ដឹកនាំ លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្រោយពួកគេប្រឈមជាប់គ្នាពីរថ្ងៃ ជំទាស់នឹងសកម្មភាពគ្រឿងចក្រដែលបានចូលទៅឈូសឆាយដីព្រៃសហគមន៍ ព្រៃឈើអ្នកតាថ្មព្រង់។
យ៉ាងណា ក្រោយការហាមមិនឱ្យឈូសដីព្រៃសហគមន៍ ប្រជាសហគមន៍ ៤នាក់ ត្រូវបាននគរបាលស្រុកកំពង់សីលា កោះហៅឱ្យចូលបំភ្លឺ ចំនួន០២ដងហើយ ពីបទ ហិង្សាលើអចលនទ្រព្យ។ នេះបើតាមលិខិតកោះហៅរបស់នគរបាលស្រុកកំពង់សិលា ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕