លោក សម រង្ស៊ី រំលេចមូលដ្ឋាន​ច្បាប់៣​ដែល​កម្ពុជា​ត្រូវ​ប្រើ​ជាមួយ​ថៃ​នៅ​(ICJ)​ក្នុង​សំណុំ​រឿង​ព្រំ​ដែន

អតីត​មេដឹមនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បាន​បង្ហាញ​មូល​ដ្ឋាន​ច្បាប់​ចំនួ​ន​៣ ដែល​កម្ពុជា​ត្រូវ​ប្រើ​​ដើ​ម្បី​តទល់​ជាមួយ​ថៃ នៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ)​ក្នុង​សំណុំ​រឿង​ព្រំដែន ក្រោយ​ទាហាន​ថៃ​បាញ់​ស​ម្លាប់​ទាហាន​ខ្មែរ​ម្នាក់ នៅ​ព្រំដែន​ជួរ​មុខ ក្នុង​តំបន់​មុំ​៣ ខេត្ត​ព្រះ​វិហារ។

លោក សម រង្ស៊ី និយាយថា អាវុធ​​បី​ប្រភេទនោះ គឺ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សន្ធិ​សញ្ញា​បារាំង​ សៀម និង​ច្បាប់​សមុទ្រ UNCLOS។

បើតាមសារដែលលោក សម រង្ស៊ី បង្ហោះលើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣ខែ​មិថុនា​នេះ សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចែង​ថា បូរណភាព អធិ​បតេ​យ្យ​ភាព និង​ឯករាជ្យ​ភាពរបស់​​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់​ខាត។

លោកថា កិច្ចព្រមព្រៀងនេះ មាន​ប្រទេស​ហត្ថលេខី​ទាំង​១៨ រួម​ទាំង​ប្រទេសថៃ​ និង​វៀត​ណាម ត្រូវ​តែគោរព​បូរណ​ភាព និង​អធិប​តេយ្យ​ភាព​របស់​កម្ពុជា។

អាវុធទីពីរ គឺ​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៥-១៩០៧។ ខ្មែរធ្លាប់​ប្តឹង​សៀម​(ថៃ) ពីរ​ដង​​ពី​​ឆ្នាំ​១៩៦២-២០១៣។ បារាំង​ជា​អាណា​ព្យាបាល​របស់​កម្ពុជា Protectorate បាន​បោះ​បង្គោល​ព្រំដែន​ខ្មែរ-ថៃ ចំនួន ៧៣​បង្គោល និង​រក្សា​ផែន​ទី​ដើម NGI 1/100,000 ( National Geography institute) ដែល​បារាំ​ង​បាន​ផ្តល់​ច្បាប់​ចម្លង​ផែន​ទី​ដើម​ជូន លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០១៥ តាម​រយៈ​ស្ថាន​ទូត​បារាំង​នៅ​ភ្នំពេញ ហើយ​សន្យា​ថា នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​វាស់​វែង និង​បោះ​បង្គោល​ព្រំដែន​ដោយ​ផ្ទាល់ ប្រសិន​បើ​ខ្មែរ​ស្នើ​សុំ។

រីឯ អាវុធ​ទី៣ គឺច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) ​គឺ​ជាសន្ធិ​សញ្ញាអ​ន្តរ​ជាតិ ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៨២ និង​ចូល​ជាធរមាន​នៅ​ឆ្នាំ​១៩៩៤។

ក្នុងន័យនេះ លោក សម រង្ស៊ី ពន្យល់ថា UNCLOS វាបានកំណត់ច្បាប់ស្តីពី​សិទ្ធិ និង​កាតព្វ​កិច្ច​របស់​បណ្តាប្រទេស​ក្នុង​ការ​ប្រើ​ប្រាស់​សមុទ្រ រួម​ទាំង​ការ​កំណត់​ព្រំដែន​សមុទ្រ សិទ្ធិ​សេដ្ឋ​កិច្ច ការ​ការ​ពារ​បរិស្ថាន​សមុទ្រ និង​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ។

លោកប​ញ្ជាក់​ក្នុងន័យ​ដើម​ថា៖ «យើង​លើក​ទឹក​ចិត្ត និងជំរុញ​ឲ្យរ​ដ្ឋាភិបាល​ខ្មែរ យ​កក​រណី​ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី តំបន់​មុំ៣ កោះ​គុត/គជ់ និង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ប្តឹង​ទៅតុលាការ​អន្តរ​ជាតិ (ICJ) ជា​ផ្លូវ​ការ ចៀស​វាង​គ្រាន់​តែ​និយាយ​ហើយ​មិន​ធ្វើ»។

ការលើក​ឡើងរបស់ លោក សម រស្ស៊ី នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភាក​ម្ពុជា បើក​អនុ​ម័ត​ឱ្យរ​ដ្ឋាភិបាល​កម្ពុជា ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរ​ជាតិ​(ICJ) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូឡង់ ក្នុង​សំណុំ​រឿង​វិវាទ​ព្រំដែន​កម្ពុជា-ថៃ ។

ការនាំ​សំណុំរឿង​ព្រំដែន​ទៅតុលាការអន្តរជាតិ​នេះ គឺក្រោយ​ទាហាន​ថៃ បើក​ការ​បាញ់​ប្រហារ មក​លើ​លេណ​ដា្ឋន​កង​ទ័ព​កម្ពុជា នៅ​តំបន់​​មុំ៣ ស្រុក​ជាំក្សាន្ត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ បណ្តាល​ឱ្យ​ទា​ហា​​ន​ខ្មែរ​ម្នា​ក់​ស្លាប់ គឺ​ព្រិន្ទបាល​ឯក សួន រ៉ោន ។

ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាជរបស់​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​កម្ពុជា បាន​អនុ​ម័ត​​​​លើ​សេចក្ដី​ថ្លែង​ការ​ណ៍​របស់​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ​(ICJ)។

ចំពោះមុខសមាជសមាជិករដ្ឋ​សភា និង​ព្រឹទ្ធសភា នា​ថ្ងៃ​នោះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ប្តឹង​ករណី​នៅចំ​ណុច​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ-តាមាន់​តូច និង​ករណី​ប្រា​សាទ​តាក្របី ទៅ​កាន់​តុ​លា​ការ​​ICJ បើ​ទោះជា​ភាគី​ថៃមិ​ន​ព្រម​ក៏ដោយ ក្នុង​គោល​បំណង​ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី ជុំវិញ​ភាពមិន​ច្បាស់​លាស់​នៃ​MOU ឆ្នាំ​២០០០។

លោកថា៖ «ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាព​ជាមួយ​យើង​ នៅ​ក្នុង​ការ​យក​បញ្ហា​នេះ​ទៅ​ICJ ក៏​កម្ពុជា​នឹង​ប្តឹង​ទៅ​ ICJ ​លើ​បញ្ហា​នេះ»។   

ប៉ុន្តែ មេដឹកនាំរូបនេះ មិនបាននិយាយ ដល់ការស្នើសុំឱ្យ​រដ្ឋ​សភា អនុម័​ត​លើ​ច្បាប់​សមុទ្រ UNCLOS នៅពេល​ណា​នោះ​ទេ បើ​ទោះ​បី​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា UNCLOS ជា​មូល​ដ្ឋាន​ច្បាប់​រឹង​មាំ​ដើម្បី​ការ​ពារ​ដែន​សមុទ្រ​កម្ពុជា ដែល​កំពុង​តែ​​រង​ការ​រំលោភ​បំពាន ​ពីសំ​ណាក់​ប្រទេស​វៀត​ណាម និង​ប្រទេស​ថៃ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក មែន ណាត ដែលមានបទពិសោធន៍​កិច្ច​ការ​ព្រំដែន ពន្យល់​ថា ការដោះស្រាយជម្លោះព្រំដែនទឹក កម្ពុជាត្រូវប្រើមូលដ្ឋានច្បាប់អន្តរជាតិ៣ដែរ គឺទី១ ច្បាប់សមុទ្រអន្តរជាតិ U​N​C​L​OS សន្ធិសញ្ញាបារាំង សៀម និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក​គូសបញ្ជាក់ថា មូលហេតុក្រុម​លោក​តែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សច្ចាប័នច្បាប់លើ UNCLOS ដែលគេហៅថាអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បា​ប់​សមុទ្រ​មួយ​នេះ សំដៅ​ទៅ​លើ​កម្ពុជាត្រូ​វ​​​ដោះ​​ស្រាយ​វិវាទព្រំដែនទឹកជាមួយប្រទេសជិតខាត រួមមាន​ វៀត​ណាម និង​ថៃ ដែល​លោក​គិត​ថា វា​ជារឿង​ចាំ​បា​​​ច់ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

លោកថា៖ «ច្បាប់ UNCLOSហ្នឹង វាមានមូលដ្ឋានគ្រឹះវា៣យ៉ាង ដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជា គឺទី១ ពាក់ព័ន្ធនឹងសមុទ្រដែនដី ទី២​ពាក់ព័ន្ធទៅ​នឹងតំបន់តភ្ជាប់ និងទី៣​ពាក់ព័ន្ធនឹង​តំបន់​សេដ្ឋកិច្ចពិសេស ។ អាតំ​បន់ពិសេស​ហ្នឹង ​វាមានជម្រៅរហូតទៅដល់ជាង​៣០០គីឡូ​ពីឆ្នេរ អាហ្នឹង​ហើយ​ដែល​អាច​ការ​ពារអត្ថ​ប្រ​យោ​ជន៍​​ប្រទេស​ដែល​ជាប់​ឆ្នេរ​​ដែល​មាន​អាទិភាព​ខ្ពស់ ទៅ​ការ​តវ៉ា​ទៅ​លើ​កោះ ដូច​ជា កោះ​ត្រល់ កោះ​ក្រចក​សេះ និង​កោះ​គុត​អី​ជា​ដើម​ហ្នឹង»។

យ៉ាងណា លោកគិតថា ការផ្លាស់ប្តូរជំហរថ្មីរបស់រដ្ឋាភិបាល ក្នុងការសម្រេចប្តឹងថៃទៅតុលាការអន្តរជាតិ​ពេ​ល​​នេះ កម្ពុជានឹងឈានទៅផ្តល់សច្ចាប័នលើច្បាប់​សមុទ្រ UNCLOS បើពួកគេគិតពីប្រយោជន៍ជាតិ។

លោកថា៖ «ខ្ញុំមើលទំនោររបស់រដ្ឋាភិបាលបច្ចុប្បន្ន អាចនឹងអាច​ពិចារណា ពីព្រោះ​វាមានសម្ពាធដែរ សម្ពាធ​​ពី​ទូត​បារាំង សម្ពាធ​ពីអតីតឯកអគ្គរាជទូតជប៉ុនអីហ្នឹង ហើយពួកហ្នឹងធ្លាប់បានជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា រហូតដល់​មាន​សិក្ខា​សាលាស្តី​អំ​ពី​ច្បាប់​សមុទ្រ កាល​ពី​ខែតុ​លា ​​ឆ្នាំ​២០២៤»។

ជម្លោះព្រំដែន វាបានកម្រើកឡើងខ្លាំងនៅក្នុងសភា ចាប់ពីឆ្នាំ២០០៥មក ក្រោយពីលោក ហ៊ុន សែន គំរាមរំលាយស្ថាប័នព្រះមហាក្សត្រ បើព្រះអង្គ​មិន​ព្រម​ឡាយ​ព្រះ​ហស្ត​លេខា លើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​សន្ធិ​សញ្ញា​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទ​ថា ជា​សន្ធិ​សញ្ញា​ខុស​ច្បាប់ ធ្វើឡើង​តាម​ការ​ចង់​បាន​របស់​វៀតណាម។

ចាប់ពីពេលនោះមក មេដឹកនាំគណបក្សប្រជាជនកម្ពុជា រងការរិះគន់ថា ធ្វើឱ្យបាត់បង់ចង្កោមកោះជាច្រើន​របស់កម្ពុជា រួមទាំងកោះត្រល់ និងព្រំដែនគោក ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រង តាមរយៈសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម​នេះ ។

ដោយឡែក នៅព្រំដែនខាងលិចវិញ ក៏ត្រូវបាន​អ្នកឃ្លាំមើល​​បញ្ហា​​ព្រំដែន ដែលមិនចំណុះ​ឱ្យរដ្ឋាភិ​បាល បាន​អះ​អាង​ថា ត្រូវបានភាគីថៃ​​រំលោភយក ក្នុងនោះរួមទាំងកោះគុតផងដែរ ដែលកម្ពុជាចាំបាច់ ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ​អន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ ។

បើតាមក្រុមអ្នកឃ្លាំមើល កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាបរទេសឈ្លា​ន​ពា​ន ដោយមិនចាំបាច់បង្ហូរឈាម នោះគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សន្ធិសញ្ញាបារាំង សៀម រួមទាំងឯកសារប្រវត្តិ​សាស្ត្រ​​មួយចំនួនទៀត ។

ការណ៍នេះ មេដឹកនាំត្រូវប្រើច្បាប់ទាំងនេះ ដើម្បីការពារទឹក​ដី ចៀសវាង​បង្ក្រាប​បំបិទ​មាត់​អ្នក​ដែល​និយាយ​លាត​ត្រដាង​​ពី​មហិច្ឆតា​ប្រទេស​ឈ្លាន ជុំវិ​ញ​ការ​ចោទ​ប្រកាន់​ថា ដើម្បី​តែ​ចង់​ការ​ពារ​អំណាច​តពូជ សុខ​ចិត្ត​កាត់​ទឹ​ក​ដី​ឱ្យ​បរទេស ក្បត់​នឹង​រដ្ឋ​ធម្ម​នុញ្ញ និង​ជាតិសាសន៍​ខ្លួន​នោះ។

មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែង​ថា បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយផ្នែក​ ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ