កសិករមួយចំនួន​មិនទាន់​ជឿ​យន្ត​ការ​សភា​ដែល​ជំរុញ​ការ​លើ​ក​កម្ពស់​វិស័យ​កសិ​កម្ម

សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា​នេះ កំពុង​ដំណើរ​ពិភា​​ក្សា​លើ​​ប្រធា​ន​​បទ​សំខាន់​ទី​បី នោះ​គឺ​​វិស័យ​កសិ​កម្ម។

កិច្ច​ប្រជុំ​នេះ​នឹង​ដំណើរ​​​កា​រ​ទៅ​រយៈ​ពេ​​ល​​មួ​​យ​​ថ្ងៃ​ពេញ ដឹក​នាំ​ដោយ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុ​ន សែន ដោយ​មាន​នាយក​រដ្ឋ​មន្ត្រី មន្ត្រី​រា​​ជការ និង​តំណាង​រាស្ត្រ​ចូល​រួម​ចំនួន​១៨២​នាក់។

អ្ន​ក​ជំនាញកសិកម្មថា នេះជាសញ្ញាល្អ​មួយ ដែល​ថ្នាក់​ដឹក​នាំកំ​ពូល លើក​យក​វិស័​​យ​នេះ​​ទៅ​ពិភាក្សា​ជា​អាទិភាព​នៅ​ថ្នាក់​ជាតិ។

ប៉ុន្តែស​ម្រាប់​កសិករ​វិញ ទាល់តែកិច្ចប្រ​ជុំនោះស្ដែ​ង​ចេញ​ឱ្យ​ឃើញ​ជា​លទ្ធផល ទើ​​ប​ពួក​​គា​ត់​ទទួ​​​ល​ស្គាល់​ថា​រដ្ឋាភិបាល​ពិត​ជា​មាន​សមត្ថ​ភាព និង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ពលរដ្ឋ។

កសិករដាំបន្លែ នៅស្រុកសំឡូត ខេត្តបាត់​ដំបង លោក ប៉ុន របាំង ប្រាប់​វីអូឌី​ថា លោ​​កមិន​ទាន់​ហ៊ា​ន​​ដាក់​ក្ដីសង្ឃឹម​លើ​សមាជ​នេះ​នៅ​​ឡើយ ព្រោះ​​កន្លង​មក​លោក​តែ​​ងសង្កេត​ឃើ​ញ​រដ្ឋាភិ​បាល​​ដោះ​​ស្រា​​យ​បញ្ហា​បាន​តែ​មួយ​ឆាវ ឬ​មិន​ចំគោល​ដៅ។

ក​សិករ​រូបនេះ បន្តថា លំហូរកសិ​ផលច្រើនលើ​​សលប់​ពី​ក្រៅ​ប្រទេស នៅ​តែ​គំរាម​កំ​ហែង​​ដល់​ទី​​ផ្សារ​​កសិករ​ក្នុង​ស្រុក ខណៈពួកគាត់ក៏កំពុងរងគ្រោះដោយសារបញ្ហាអាកាសធាតុផងនោះ។

លោកថា៖ «យើងដាំបន្លែផ្សងព្រេង​ច្រើនណាស់ ផ្សង​ព្រេង​ទីមួយ​កម្ដៅ ពីព្រោះ​សី​តុណ្ហ​​ភា​ព​​ឥលូ​វ​ពេល​ក្ដៅ ក្តៅ​ពេក ហើយ​នៅ​ពេល​ដែល​ភ្លៀង​ ភ្លៀង​ខ្លាំង។ អ៊ីចឹង​កសិ​ករ​ប្រឈ​​មមុខ​នឹ​​ង​​ការ​ខា​​ត​​ប​​ង់​​ច្រើន​ណាស់។ អ្វីដែលខ្ញុំស​ង្កេតឃើញ​​ប្រសិន​បើ​​រដ្ឋាភិបា​​ល​មាន​​វិធី​​សាស្ត្រ​​យ៉ា​ង​​ណា ទប់​​ស្កា​​​​​​ត់​បន្លែនាំចូលបាន ឬ​វិធី​សាស្ត្រ​ដែល​ល្អ​គឺ​ដំឡើង​ពន្ធ។ បើ​សិន​ជា​ប​ណ្ដោយ​ឱ្យបន្លែ​ទាំ​ង​នោះ​​​​ចូ​លមកក្នុងស្រុក អ៊ីចឹងកសិករងាប់ កសិករ​អត់​អាច​ផលិត​ឱ្យ​ចំណេញ​បាន»។

គិត​ត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧​ភាគរយ នៃផលិត​ផល​ស​រុប​ក្នុងស្រុក ក្នុង​នោះ អនុវិស័យដំណាំ រួមចំណែកច្រើនជាងគេរហូតដល់ ៦១,៣ភាគរយ ផ្នែក​ផលិតកម្ម​សត្វ ១៥,៤ភាគរយ ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ។

ដ្បិតវិស័យកសិកម្ម​ជាវិស័យឈានមុខមួយក្នុងចំណោមវិស័យទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែកសិ​ក​រ​បា​នរងទុក្ខដោយ​សារ​វិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអ្នកខ្លះ​ជំពា​ក់​បំណុ​​ល​ជុំទិស ខ្លះ​ចំណាក​ស្រុក ខ្លះផ្ដាំកូនផ្ដាំ​ចៅឈប់ប្រ​ឡូក​ក្នុងវិស័​យនេះ។  

ជាក់ស្ដែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទួញសោករបស់កសិ​ករដែលខាតបង់ក្នុ​ង​វិស័​យ​នេះ បានផ្ទុះឡើងពេញបណ្ដាញសង្គម ជាពិសេសនៅក្នុងរដូវកាលប្រមូលផល ដូចជាដំ​ណាំ​​ស្វាយ មៀន ដំឡូង គ្រាប់ស្វាយចន្ទី ជាពិសេសគឺដំណាំស្រូវ។

កសិករធ្វើស្រែនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ណាត់ អឿន អស់សង្ឃឹម​ក្នុង​វិស័យ​នេះ ដោ​យ​បច្ចុប្បន្ន​លោក​ធ្វើ​ស្រែ​គ្រាន់​ចិញ្ចឹម​ជីវិត​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ។

 លោ​កថ្លែងបែបនេះ ព្រោះអស់រយៈច្រើនឆ្នាំ​មកហើយ ដែល​ឈ្មួញ​ទម្លាក់​តម្លៃស្រូ​វតា​មអំ​ពើ​ចិត្ត និងកាងទិញស្រូវក្នុងតំបន់នេះបិទផ្លូវទីផ្សារសេរី ខណៈអាជ្ញាធរពា​ក់ព័ន្ធគ្មានអន្ត​រាគម​ន៍​ឡើ​យ។ កសិករនៅឃុំព្រែកត្រប់រូបនេះ រង់ចាំមើលលទ្ធ​ផលចេញពីកិច្ចប្រ​ជុំរបស់រដ្ឋ​សភានិ​ង​ព្រឹ​ទ្ធ​សភា ដោយលោកមិនទាន់ហ៊ានមានក្ដីសង្ឃឹមឡើយ។

លោកថា៖ «ខ្ញុំដូចជា​មិនសូវ[សង្ឃឹម]ទេ រឿង​តម្លៃ។ បើថា​រាជ​រដ្ឋាភិបាល​គាត់​បើ​កប្រជុំ​ធំ អ៊ីចឹ​​ង​បើ​​​គាត់​កំណត់​តម្លៃ​ព្រឹបៗ​មក​​​ខ្ញុំ​ជឿ​ជាក់។ បើ​គាត់​កំណត់​តម្លៃ​មក​តែ​នឹង​មាត់ តែ​គាត់​អ​​ត់​ទប់​​ស្កា​​​​​ត់ឈ្មួ​ញ​​កណ្ដាល ខ្ញុំ​មិន​ជឿ​ជាក់​ត្រង់​ចំណុច​ហ្នឹង​​ឯង»។

ក្រៅតែពីកសិផលគ្មានទីផ្សារ និងតម្លៃធ្លាក់ចុះតាមមាត់ឈ្មួញ ការចំណាយដើ​មទុនថ្លៃលើ​ស​ល​ប់លើ​​ជីថ្នាំកសិកម្មក៏ជាបញ្ហាចម្បងមួយរបស់ប្រជាកសិករផងដែរ។ ​

លោក ម៉ុង ឫទ្ធី ដែលជាសមាជិកព្រឹទ្ធសភា ក្នុងសមាជនៅព្រឹកនេះ បានស្នើ​សុំរដ្ឋា​ភិ​បាល​នាំចូ​ល​ជី ដែលមានគុណភាពឱ្យកសិករធ្វើកសិកម្ម ចៀសវាងយកជីដែលគ្មា​នគុណភាព​ល​ក់​ឱ្យក​សិ​ករ ធ្វើឱ្យពួកគាត់បានទិន្នផលតិច តែចំណាយខ្ពស់។

លើសពី​នេះ លោកក៏​ជំរុញរ​ដ្ឋា​ភិបាលឱ្យបង្កើនការត្រួ​តពិនិត្យ លើសារធា​តុគីមីដែ​លមានក្នុ​ង​ក​សិ​ផល​នាំចូល​ពីក្រៅ​ប្រទេស។

ជាការឆ្លើយតបក្នុងការប្រជុំត្រឹមពេលរសៀលថ្ងៃដដែល ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន​ ចំពោះការហូបចំណីអាហារដោយខ្លួនឯងទៅវិញ។ ជាមួយ​គ្នានេះ លោកបានណែនាំឱ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាទឹក និងឈប់កាប់បំផ្លា​ញ​ព្រៃ​ឈើ ព្រ​មទាំងបង្ហាញពីបំណងចង់បង្កើតសហគមន៍កសិកម្មទំនើប។  

មិនថាតែការដាំដំណាំឡើយដែលជួបវិបត្តិ វិស័យចិញ្ចឹមសត្វក៏ជួបបញ្ហាតម្លៃធ្លាក់ចុះ ដោយ​សារ​​​កា​រហូរចូលសាច់សត្វពីក្រៅប្រទេសផងដែរ។ កាលពីឆ្នាំមុន រដ្ឋាភិបាលធ្លាប់​ដាក់ចេ​ញ​វិធា​ន​ការហាមឃាត់បណ្ដោះអាសន្នការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងសត្វ រយៈ​ពេលមួយឆ្នាំកន្លះ។

ប្រធានបណ្ដាញកសិករខ្មែរ លោក សៀក ចំណាប់ កត់សម្គាល់ឃើ​ញពីភាពវិជ្ជមា​ននៃចំ​ណា​ត់​ការ​នេះ ដែលបានធ្វើឱ្យតម្លៃសាច់ជ្រូក និងសាច់គោក្នុងស្រុកហក់ឡើងមួយកម្រិត។ លោ​ក​​ច​​ង់ឱ្យរដ្ឋាភិបាលបន្តការអនុ​វត្តវិធានការស្រដៀងគ្នានេះ ទៅ​លើផលិតផលកសិ​កម្មដទៃទៀត ជា​ពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រល្អៗ តាមរយៈការប្រជុំក្នុងសមាជ ដើ​ម្បី​​ផ្ដ​ល់ផ​ល​ប្រ​យោ​ជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។

លោកថា៖« ខ្ញុំយល់ឃើញថា រដ្ឋាភិបាល [ត្រូវ]​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង រក្សា​ការ​ពារ​​ទ​ប់​​ស្កាត់​​កុំ​​ឱ្យ​មាន​ការ​នាំចូល​ពី​ផ្សារ​បរទេស មក​ប្រកួត​ប្រជែង​ទីផ្សារ​ក្នុង​ស្រុក។ ទីពីរ រដ្ឋាភិ​បាល​ត្រូ​​វ​បង្កើ​ន​ការ​ផ្ដល់​លទ្ធភាព​ដល់​កសិករ​ក្នុង​ការ​ផលិត​ ជាពិសេស​ជួយ​សម្រប​សម្រួល​ធ្វើ​ម៉េច ឱ្យ​ការ​ផលិត​តម្លៃ​ដើម​ហ្នឹង មាន​ការ​ចំណាយ​ទាប​ នោះ​កសិករ​នឹង​​ទទួល​បា​​នផល​យ៉ា​ង​ពិត​ប្រាកដ»។

នេះគឺជា​សមាជ ឬកិច្ចប្រជុំថ្នាក់ជាតិលើកទីមួយរបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលលើកយក​បញ្ហាកសិកម្ម ទៅជជែក​ដេញដោលរកដំណោះស្រាយជារួម ដោយមានការផ្សាយ​ផ្ទាល់លើ​បណ្ដា​ញសង្គម។

ប្រជាពលរដ្ឋរំពឹងថា លទ្ធផលនៃ​ការជជែកដេញដោលដោះស្រាយបញ្ហានេះ នឹងលេចចេ​ញ​ជា​រូប​រាង​ជាវិ​ជ្ជ​មាន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាចប​ន្ត​ធ្វើ​កសិកម្មក្នុ​ង​ជីវភាព​សមរម្យ និង​ផ្ដ​ល់​​បន្លែ​​​ត្រី​សាច់​ធម្មជាតិ​គ្មាន​ជាតិ​គីមី​ឱ្យ​អ្នក​បរិភោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ