រដ្ឋាភិបាលរងការរិះគន់ថាមិន​ដំឡើងស័ក្តិ​​ឱ្យ​ទាហាន​ការ​ពារ​ព្រំដែន​​​តែ​​ដំឡើង​​ស័ក្តិ​កូន​មន្ត្រី​ជាន់​ខ្ពស់

ករណី​​ពលទាហាន​​លោក​ សួន រ៉ោន ​ត្រូ​វ​បាន​​ទាហាន​ថៃ លួ​ច​​ឆ្មក់​​ចូល​​មក​​បាញ់​បណ្តាល​​ឱ្យ​​ស្លាប់​ កាល​ពីព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា ឆ្នាំ​​២០២៥​ បាន​ធ្វើ​​​ឱ្យ​​​​អ្នក​នយោ​បាយ​​ប្រឆាំង ​លើក​យក​មក​​ប្រៀប​ធៀប​​ពី​ភាព​ខុស​គ្នា​​យ៉ាង​ខ្លាំង ​​រវាង​​ទាហាន​​នៅ​​សមរភូមិ​​ជួរ​​មុខ ​ដូច​ជា ​លោក ​សួន​ រ៉ោន ដែល​​​​​ធ្វើ​ទាហាន​​ស្ទើ​តែចូល​និវត្តន៍​​​ទៅ​​ហើយ​ ទទួល​​បាន​ឋានន្តរស័ក្តិ​​ត្រឹម​ព្រិន្ទ​បាល​ឯក​ ខណៈ​​កូន​មន្ត្រី​ជាន់​ខ្ពស់​​នៃ​គណ​បក្ស​​ប្រជា​ជន​មួយ​​ចំនួន​​​ ទើប​​តែ​ចូល​​បម្រើ​កង​ទ័ព​​បែរ​ជា​​ពាក់​​ដល់​​ផ្កាយ​​ព្រោង​​ព្រាត​។

គិត​មក​ដល់​ត្រឹមថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ២០២៥ ជាថ្ងៃ​ដែល​ទាហាន​ថៃ​លួច​ឆ្មក់​ចូល​មក​វាយ​ប្រហារ​ទាំង​ព្រឹកព្រលឹម លើ​កងទ័ព​កម្ពុជា​នៅ​តំបន់​មុំ​បី ​ក្នុង​ខេត្ត​ព្រះវិហារ ​​​បណ្តាល​ឱ្យ​លោក​​សួន រ៉ោន​ ​ទទួល​​​មរណភាព​ គឺ​មាន​រយៈ​ពេល​៣០​ឆ្នាំ​ហើយ​ ដែល​​​ពលទាហាន​រូបនេះ បាន​ចូល​​បម្រើយោធា ​​ឈរជើងនៅ​ខ្សែត្រៀម​ជួរមុខ ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ ថៃ។

ប៉ុន្តែ ​ឋាន្តរ​ស័ក្តិ​​ដែល​គាត់​​ទទួល​បាន គឺត្រឹម​ព្រិន្ទបាល​ឯក​​(មិន​ទាន់​បាន​ស័ក្តិ១)ផង​ទេ ដែល​វាមាន​ភាព​ខុស​​​​គ្នា​ដាច់​ស្រឡះ ​បើប្រៀបធៀប​ជាមួយ​កូនមន្ត្រីជាន់ខ្ពស់​ នៃ​គណបក្ស​ប្រជាជនកម្ពុជា ​ដែល​ទើប​តែចូល​ប​ម្រើ​​កងទ័ព​ តែ​ពួកគេ​បែ​ជាមាន​ស័ក្តិ​មាន​ផ្កាយ​ពាក់ព្រោង​ព្រាត​​ពេញ​ស្មា​ ហើយ​ថត​អួត​តាម​បណ្តាញ​សង្គម​។

​ព្រិន្ទបាល​ឯក ​​សួន រ៉ោន ជាយុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កង​​ពល​តូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ព​ជើងគោក គឺ​ជា​អតី​ត​ទាហាន​ខ្មែរក្រហម ដែល​បាន​ចូល​បម្រើកងទ័ព​ តាំង​ពី​វ័យ​១៧ឆ្នាំ​មក​ម្ល៉េះ ​ត្រូវបាន​ទាហាន​ថៃ​លួច​ឆ្មក់​ចូលមក​វាយ​​ប្រហារ​បណ្តាល​ឱ្យ​ស្លាប់ ​​កា​ល​ពីព្រឹកព្រលឹម​ថ្ងៃទី​២៨ ​ខែ​ឧសភា ​ឆ្នាំ​២០២៥។

បុរស​ដែល​មិនមានប្រពន្ធ​មិន​មានកូន​ មាន​តែម្តាយ​ពិការ​ចាស់​ជរា​រូប​នេះ​ មានទីលំនៅក្នុងភូមិ​កំពេញ ឃុំយាង ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងជំនួបសំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅប្រទេសជប៉ុន ​កាលពីថ្ងៃទី៣១ ​ខែ​ឧសភា​ ក្រៅពី​ចូ​ល​​​រួម​រំលែក​​ទុក្ខ​យ៉ាងក្រៀមក្រំ​​ចំពោះ​មរណភាព​របស់ ​លោក​សួន រ៉ោន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត បានអំពាវ​នាវ​ឱ្យ​​ខ្មែរគ្រប់និន្នាការ​នយោបាយ​ ​ទុក​រឿង​ជម្លោះ​​មិន​ចុះ​សម្រុង​គ្នា​ខាងនយោបាយ​មួយ​ឡែក ហើ​​យ​ងាក​មក​​រួប​រួមគ្នា​លើក​ទឹក​ចិត្ត​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​កងទ័ព​កម្ពុជា ​ដែល​​កំពុង​​ត្រៀម​ប្រយុទ្ធគ្រប់ពេ​ល​​វេលា​ដើម្បី​ការពារ​បូរណភាព​​ទឹកដី។

លោក​ថ្លែង​ថា អ្នកនយោបាយខ្មែរ ​និង​អ្នកគាំទ្រគ្រប់និន្នាការ​នយោបាយ បើ​ស្រឡាញ់​ជាតិ​ពិតប្រាកដ ​គួរ​ចៀសវាង​ការ​បង្ហោះ​សារ​​ ឬរូបភាពទាំងឡាយ​ណា​​​ ដែល​បំបាក់​ដល់​ទឹក​ចិត្ត​​កង​ទ័ព​ដែល​កំពុង​ត្រៀម​ប្រយុទ្ធនៅខ្សែត្រៀម​ជួរមុខ​ និងក៏មិន​ត្រូវបង្ហោះព័ត៌មាន​រូប​ភាព​​ ឬ​វីដេអូបង្ហាញ​ពីសកម្មភាពចល័តទ័ព ​​និងសព្វាវុធ​ដែល​ជាការ​សម្ងាត់​របស់​កងទ័ពធ្វើ​​ឱ្យ​សត្រូវ​​បាន​ដឹងនោះឡើយ​។

 លោក ​ហ៊ុន ម៉ាណែត បានថ្លែងក្នុងសម្តីដើម​ថា៖ «តើខ្មែរនៅ​តែបំផុសស្មារតី​ឱ្យ​ស្អប់គ្នា​ឱ្យមិន​ទុកចិត្តគ្នា​ ហើយ​ទីបំផុត​យកការខ្លាចនៃអ្នក​ជិត​ខាង​​ ទៅជាការ​ធ្វើឱ្យខ្មែរលាប​ពណ៌ខ្មែរ​គ្នា​ឯង​ឈ្លោះ​តែគ្នា​ឯង ដូចកាល​ពីអតីតកាល។ នៅពេល​នេះខ្ញុំ​គិតថា កូនខ្មែរ​ត្រូវជឿជាក់លើ​ខ្លួន​ឯង​​​បើ​ខ្លាចគេ​រំលោភបំពានយក​ប្រៀប​លើយើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ត្រូវរួម​គ្នា​ថែរក្សា​សន្តិភាព​ ថែរក្សា​សាមគ្គីឯកភាពជាតិ​ផ្ទៃក្នុង ​កុំឱ្យវ៉ៃគ្នា​បែក​បា​ក់គ្នាទៀត​​ ថែរក្សា​ទឹកដីយើង​កុំឱ្យមាន​តំបន់​អបគមន៍បែកបាក់​គ្នា​ដូចជំនាន់មុន។ យើងរួមគ្នា​ការ​ពារ​​ប្រទេស​យើង​​សាមគ្គី​ឯកភាព​ជាតិ ​ហើយ​ពង្រឹងជាតិ​យើង​គ្រប់​វិស័យ ដើម្បី​ធ្វើឱ្យ​កូនខ្មែរកាន់​តែខ្លាំង»

ទាក់​ទងទៅ​នឹងលទ្ធភាពក្នុងការ​ផ្គត់ផ្គង់​កងទ័ព និង​ទំនាក់​ទំនង​រវាង​​កងទ័ព​និង​ប្រជាជន​​ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា​ បាន​ថ្លែងក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៥​ថា ទោះបីដំឡើង​​កង​ទ័ព​១០ដង ឬ២០​ដងទៀត​ ក៏​រដ្ឋាភិបាល​មិន​ខ្វះលុយ​ចិញ្ចឹមកងទ័ពដែរ ប៉ុន្តែអ្វីដែល​ជាសេចក្តីត្រូវការ​របស់​យើងនៅពេលនេះ​ ដែល​លោក​តែងតែ​បញ្ជាក់ ​គឺខឿន​ការពារជាតិ​របស់​ប្រជាជន ការផ្សារភ្ជាប់​រវាង​ប្រជាជន និងកង​ទ័ព​គឺ​​តែមួយ ​ដូច្នេះ​ប្រសិនបើសកម្មភាព​ត្រឹមតែជាកងទ័ព គ្មានការគាំទ្រពីប្រជាជនមិនគ្រប់គ្រាន់ទេ។ នេះ​បើយោងតាម​ការចុះផ្សាយ​របស់​ស៊ីស៊ីថាមស៍។

 យ៉ាងណាក្តី បន្ទាប់​ពី​មរណភាព​របស់​ពលទាហានលោកសួន រ៉ោន លោក​សម រង្ស៊ី ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ បាន​លើកឡើង​ពីភាព​ខុស​គ្នា​រវាងកងទ័ពការ​ពារ​ជាតិ និងកង​ទ័ព​​អរគុណ​សន្តិភាព។

លោក​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា កងទ័ពអរ​គុណ​សន្តិភាព គេ​អង្គុយតែទះដៃ​នៅក្នុងអង្គ​ប្រជុំ គេ​បាន​ឡើង​បុណ្យស័ក្តិផ្កាយ​មួយដល់​ផ្កាយបួនអស់ហើយ នៅឡើយតែកងទ័ពការ​ពារ​ជាតិ ដែល​លះ​បង់អាយុជីវិត ដើម្បីការពារ​បូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពាន​ពីប្រទេសជិតខាង។

អតីតមេបក្ស​ប្រឆាំង​រូបនេះ ​បាន​សរសេរក្នុងសំណេរដើមថា៖«យើង​ត្រូវតែ​រួមគ្នាលុប​បំបាត់​​វប្បធម៌ ខ្សែរយៈ​​បក្ខ​ពួក​និយមនេះចេញ។ ជំនួសមកវិញយើងត្រូវលើកតម្កើងវប្បធម៌ “សមត្ថ​ភាពនិយម” ផ្តល់​កិត្តិយសនិងឋានន្តរស័ក្តិ ដល់ទាហានកងទ័ព ដែលមានសមត្ថភាពពិត​ប្រាកដ ដោយ​មិន​ចាំបាច់ទាល់តែមានខ្សែរយៈ ឬមានបងប្អូនគ្រួសារណាមួយ ដើម្បីបាន​ឡើង​តាមជើង​ខោ​នោះទេ»។

នៅលើ​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃកន្លងមក​នេះ គេឃើញ​មាន​ការ​បង្ហោះ​សារ​និង​រូប​ថតកូន លោក ស សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស កូនលោក​ រ័ត្ន ស្រ៊ាង​ មេបញ្ជា​ការ​រងកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស និងកូនលោក​ ​ព្រហ្ម ផេង មេបញ្ជាការ​រង​កងទ័ពជើងគោកជាដើម។ល។ ​ពួកគេ​នៅ​វ័យ​ក្មេង​ដែល​ទើប​ចូល​បម្រើ​កងទ័ព ​ប៉ុន្តែ​មាន​ពាក់​ផ្កាយ​ព្រាតនៅលើស្មា។

 អ្នក​ប្រើបណ្តាញ​សង្គមមួយ​ចំនួន បាន​ចាត់​ទុកការ​បំពាក់​ផ្កាយ​ដល់កូនមន្ត្រីជាន់​ខ្ពស់ ​ដែល​ទើប​ចូល​បម្រើកងទ័ព​​ថា ​ជាការ​បំបាក់​ស្មារតី​កងទ័ព​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ ដែល​បាន​ប្តូរជីវិត​ដើម្បីការពារជាតិ​ទឹកដី​។

សម្រាប់​​លោក​ អ៊ុំ សំអាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​បង្ហោះនៅ​លើហ្វេស​ប៊ុករប​ស់​លោក​​​កាលពីពេលថ្មីៗនេះថា លោក ព្រហ្ម លីនកាដែត នៅក្មេងសោះ​ពាក់​​ផ្កាយមួយ ដោយសារគាត់ជាកូ​ន​ប្រុសលោក ព្រហ្ម ផេង មេបញ្ជារងកងទ័ពជើងគោក និង​ជា​មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និង​បានទៅរៀន​ឬ​លាង​ខួរ​នៅប្រទេស​វៀត​ណាម។

រីឯទាហាននិងប៉ូលីសការពារទឹកដីតាមព្រំដែន ​ធ្វើការមួយជីវិតមិនបានពាក់​សក្តិ​៥ផង។ បើទាហាន ប៉ូលីស​និងប៉េអឹមរៀននៅកម្ពុជា​ ហើយមិនមែនជាកូនអ្នកធំ​ក៏​មិន​បាន​​ពាក់សក្តិ២ផងដែរ​​។

លោក​ អ៊ុំ សំអាន អះអាងថា ប៉ូលីស ទាហាន និង​ប៉េអឹមខ្មែរ ទាល់តែទៅរៀននៅប្រទេស​វៀតណាម​​​ទើបឡើង​សក្តិ​លឿន បើរៀននៅក្នុងប្រទេសឬប្រទេសផ្សេង​មិនងាយបានឡើង​សក្តិ​នោះទេ។

ក្រោមការដឹកនាំដោយ​លោក ហ៊ុន ម៉ាណែត មានយុវជនបន្តពូជតាំងពីថ្នាក់​លើ​ដល់​ថ្នាក់ក្រោម។ ប្រភពដដែល​ លើក​ឡើងថា សពលោក សួន រ៉ោន ជាព្រឹន្ទបាលឯក (មិនទាន់ពាក់សក្តិមួយ) និង​មាន​អាយុ៤៧ឆ្នាំ ​គឺ​គាត់ការពារទឹកដីជិតដល់ពេលចូល​និវត្តន៍​ នៅ​មិនទាន់បាន​ពាក់ស័ក្តិ​មួយ​​ផង រីឯក្មេងមិនទាន់គ្រប់អា​យុ​ខ្លះ​ដែលមានខ្សែជាកូនអ្នកធំ​បែរជាពាក់សក្តិបួន។ កូន​អ្នកធំ​ខ្លះនៅក្មេងសោះពាក់ផ្កាយ ហើយក្រុមគ្រួសា​រ​ខ្លះ​ពាក់ផ្កាយ​សឹង​តែមួយគ្រួសារ​ ដែល​នេះជា​ភាព​ខុសគ្នា រវាងទាហាន​ការពារទឹកដី និងទាហានការ​ពារ​​បក្ស​និង​​ការពារ​ត្រ​កូល​ហ៊ុន។

 វីអូឌី ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​លោក​ឈុំ សុជាតិ ដើម្បី​ស្នើសុំ​ធ្វើអត្ថា​ធិប្បាយ​លើ​ការលើកឡើង​របស់​អ្នកនយោបាយ​ប្រឆាំង​ខាងលើនេះបាន​ទេ ​​នៅថ្ងៃទី​៣​ខែ​មិថុនា​នេះ។

យ៉ាងណាក្តី ​បើតាម​មន្ត្រីយោធាម្នាក់​នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ព​ជើងគោក​ដែល​បដិ​សេធ​ប្រាប់​ឈ្មោះ​ បាន​អះអាង​ថា កន្លង​មក ​មេបញ្ជាការ​នៅតាម​អង្គភាពមួយ​ៗ ក៏​​ធ្លាប់​បាន​ស្នើ​សុំ​ដំឡើង​ឋានន្តរស័​ក្តិ​ដ​ល់​ពលទា​ហាន​របស់​ខ្លួនផងដែរ ប៉ុន្តែ​មិន​ទទួលបាន​ការ​យល់ព្រម​ពីថ្នាក់​លើនោះ​ទេ ​រហូតមក​ដល់ពេល​​នេះ។

លោក​ថ្លែងថា លោកមិន​ដឹងពី​ហេតុ​ផល​ដែល​កូន​មន្ត្រី​​ជាន់​ខ្ពស់​មួយ​ចំនួន ​នៅ​​វ័យ​ក្មេង​ទើប​តែចូល​បម្រើ​កងទ័ព​ ប៉ុន្តែទទួល​បាន​ឋានន្តរស័ក្តិរហូតដល់ពាក់​ផ្កាយ​ មាន​ផ្កាយ​១ ផ្កាយ២​ឬក៏ផ្កាយ៣នោះទេ។

បើ​តាម​នាយ​ទាហាន​រូបនេះ ​បច្ចុប្បន្នពល​ទាហាន​ទទួលបាន​ប្រាក់​ខែតិចបំផុត ​ចាប់​ពី ​១​លាន​​៣សែន​រៀល​ឡើង ខណៈ​ប្រពន្ធ​ទាហាន​ទទួល​បាន​១ម៉ឺន​រៀល​ និង​កូនម្នាក់​ទទួលបាន​១៥០០០​រៀល​។ លោកថា ប្រាក់​ខែទាំងនេះ​មិន​មែន​បើក​បាន​ទាំង​អស់​នោះទេ គឺ​ត្រូវគេ​កាត់​ចូល​គណបក្ស​ប្រជាជន​ក្នុង​១ខែ​ ៥ម៉ឺន​រៀល​​ កាត់​​ជួយ​ដល់​គ្រួសារ​ទាហានដែល​ទទួល​មរណភាព ​និងក៏មាន​ការ​កាត់ផ្សេងៗ​ទៀត​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ