លំហូរជនជាតិវៀតណាមត្រូវបាន​គេ​រំឭក​ថា​ជាមូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឱ្យ​របូត​ទឹក​ដី​កម្ពុជា​ក្រោម

លំហូរចូ​លជ​ន​ជាតិ​វៀត​ណាម និង​ការ​បញ្ច្រាប​ចូលកា​ន់​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ ត្រូវ​បាន​គេ​រំឭក​ថា ជា​មូល​ហេតុ​ចម្បង​មួយ ធ្វើ​ឱ្យ​ខ្មែរ​របូត​ដែន​ដី​កម្ពុជា​ក្រោម ទៅ​ប្រទេស​វៀត​ណាម រហូត​បច្ចុប្បន្ន ក្រោយ​អាណា​និគម​និយម​បារាំង​ប្រគល់​ដែន​ដី​រដ្ឋ​បាល ខែ្ម​រក្រោម​ឱ្យ​ទៅ​វៀត​ណាម​គ្រប់​គ្រង។

ការរំឭកមេរៀនប្រវត្តិសាស្ត្រ នៃការបាត់បង់ទឹក​ដី​នេះ ចំពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ប្រារព្ធ​ខួប​៧៦​ឆ្នាំ នៃ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម​ទៅ​ប្រទេស​វៀត​ណាម។

ជុំវិ​ញរឿងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហោះសេចក្តីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី៣ ខែ​មិថុនា​នេះ ដោយ​និយាយ​ថា សហព័ន្ធ​ខ្មែរ​កម្ពុ​ជាក្រោ​ម និង​សាខា ព្រម​ទាំង​អ្នក​គាំទ្រ នៅ​ជុំវិញ​ពិភព​លោក បាន​មូល​មតិ​គ្នា​ប្រារព្ធ «ពិ​ធី​ខួប ៧៦​ឆ្នាំ កម្ពុជា​ក្រោម​នៅ​ក្រោម​​អាណា​និគម​យួន» ។

ប្រភពនោះអះអាងថា ការប្រារព្ធពិធីនេះ ដើម្បីរំឭកនូវ​ការ​ឈឺចាប់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្ររ​បស់​ខ្មែរ គឺ​ការ​ផ្ទេរ​ទឹក​ដី​កម្ពុជា​​ក្រោម​ដោយ​អយុត្តិ​ធម៌ ដោយ​អាជ្ញាធរ​អាណា​និគម​បារាំង ទៅ​ឱ្យ​រដ្ឋាភិបាល​រប​ស់​ស្តេច ​បាវ ដាយ នៃ​ប្រទេ​ស​វៀត​ណាម នៅថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដោយ​គ្មាន​ការ​ដឹង​ឮ ឬ​ការ​យល់​ព្រម​ណាមួ​យ​ពី​ប្រជាជន​ខ្មែរ។

បន្ថែមលើនេះ​ ប្រធាន​​នាយកដ្ឋាន​ព័ត៌មាននៃ​​សហព័ន្ធ​​ខ្មែរ​​កម្ពុជា​ក្រោម ព្រះ​តេជ​ព្រះ​គុណ សឺង យ៉ឹង​រតនា មាន​ថេរដីកា​ថា ការ​រំឭក​ខួប​៧៦​ឆ្នាំ​នៃកា​រ​បាត់​បង់​ដែន​ដី​កម្ពុជា ក៏​ជា​សារ​ដាស់​តឿន​ពលរដ្ឋ​ខ្មែរ​ និង​មេដឹកនាំ​ខ្មែរ​ផង​ដែរ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះម​ហិច្ចតា​វៀតណាម​លេប​ទឹក​ដី​កម្ពុជា។

ព្រះអង្គថា៖ «ថ្ងៃទី៤​មិថុនា​នេះ ជា​ព្រឹត្តិ​ការណ៍​ប្រ​វ​ត្តិ​សាស្ត្រ ដើម្បី​ដាស់​តឿន​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា​ហ្នឹង គឺ​ត្រូវ​តែ​ភ្ញាក់​រលឹក​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​បារាំង​បាន​ផ្ទេរ​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​របប​អាណា​និគម​យួន​ត្រួត​ត្រា លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​ហ្នឹង ការ​រំលឹក​និង​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំនិង​ត្រូវ​តែ​ភ្ញាក់​រឭក​កុំ​ឲ្យ​បាត់​បង់​នូវ​ទឹក​ដី​ប្រទេស​កម្ពុជា ដែល​សេស​សល់​បច្ចុប្ប​ន្ន​ និង​កុំ​ឲ្យ​ឋិត​នៅ​ក្រោមនឹម​អាណា​និគម​យួន​ ឬ​ក៏បាត់ប​ង់​ដូច​ជា​ទឹក​ដី​កម្ពុជា​ក្រោម»។

ម្យ៉ាងវិញទៀត ព្រះតេជគុណ យ៉ឹង​រតនា អះអាងថា មេរៀន​នៃការបាត់​បង់ទឹកដី​កម្ពុ​ជាក្រោម​មូល​ហេតុ​ចម្បង​មួយ គឺ​វៀតណាម​បង្ហូរ​ជន​ជាតិ​ខ្លួន​ចូល និង​បញ្ច្រាប​​ធន​ធាន​មនុស្ស​ចូល​ក្នុង​កិច្ច​ការ​រដ្ឋ ជាមួ​យ​មន្ត្រីអាណា​និគមន៍ ដែល​ការ​ណ៍​នេះ​ក្រោយ​ដែន​ដី​រដ្ឋ​បាល​ខ្មែរ​ក្រោម​ធ្លាក់​ក្នុង​ដៃ​វៀត​ណាម ប្រទេស​នេះ​គ្រប់​គ្រង​យ៉ាង​ណែន​ដៃ​ និង​បន្ត​យាយី​ខ្មែរ​ក្រោម​រហូត​បច្ចុប្បន្ន។

ព្រះអង្គថា៖ «មហិច្ចតារបស់គេ គឺ​គេមិនផ្លាស់​ប្តូរ​ទេ គឺ​ថា​ទោះ​បី​ឆ្នាំ​ណា​ក៏​ដោយ​ រាប់​ខែ​ណា​ក៏​ដោយ គឺ​គេ​មិន​ដែល​ភ្លេច​ទេ​ចំពោះ​ការ​ទ​ន្ទ្រាន​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ហើយ​ដូច​សព្វ​ថ្ងៃ​នេះ​គេ​តែង​តែ​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​យួន​ហ្នឹង ចូល​ទៅ​នៅ​ស្រុក​ខ្មែរ​ជា​ហូរ​ហែ​អ៊ីចឹង ហើយ​យើង​មិន​អាច​មើល​ស្រាល​បាន​ទេ តាម​ព្រំដែន​ក្ដី​ ឬ​ក៏​នៅ​ក្នុង​ស្រុក​កម្ពុជា​​នោះ​ក្ដី យើង​ឃើញ​របស់​សមាគម​យួន​២៤​ខេត្ត​ក្រុង​ មាន​រដ្ឋាភិ​បាល​ដែល​គាំ​ពារ​ក៏​គឺ​មាន​រដ្ឋាភិបាល​យួន​ហ្នឹង​ គេ​គាំទ្រ​នៅ​អង្គ​ការ​សមាគម​របស់​យួន គឺ​២៤​ខេត្ត​ក្រុង​ហ្នឹង​ អ៊ីចឹង​យើង​ឃើញ​ថា​អនាគត​ទៅ​ ប្រសិន​បើ​យើង​នៅ​តែ​ព្រងើយ​កន្តើយ​ដដែល​មើល​ស្រាល​ជន​ជាតិ​យួនគឺ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាច្រើ​ន​ និ​ងគេ​អាច​មាន​ការ​ទន្ទ្រាន​យក​ទឹ​ក​ដី​កម្ពុជា»។

ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា ការ​បាត់​បង់​ដែន​ដី​ខ្មែរ​ក្រោម​នេះ ជា​មេរៀន​ដ៏​ធំ​សម្រាប់​មេដឹក​នាំ​កម្ពុជា។

លោកថា មេរៀនប្រវត្តិសាស្ត្រនេះ កម្ពុជា​ត្រូវប្រយ័ត្ន​ពី​ការ​លំហូរ​ចូល​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម និ​ង​ការ​​បញ្ច្រាប​ធន​ធាន​មនុស្ស​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ រួម​ទាំង​សកម្ម​ភាព​នានា​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ជាង២៤​ម៉ឺន​ហិកតា ខេត្ត​ជាប់​ព្រំដែន។

លោកបារម្ភថា សព្វថ្ងៃវៀតណាមកំពុងអនុវត្តផែនការ ហូ ជីមិញ គឺ​បង្ហូរ​ជន​ជាតិ​គេ​ឱ្យ​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ជន​ជាតិ​វៀត​ណាម​មួយ​ចំនួន កំពុ​ង​កាន់​តែ​តំណាង​ក្នុង​ជួ​រ​រដ្ឋាភិបាល​ទៀត។

លោក​ថា៖ «មហិច្ចតារបស់យួន គឺ​ដូចសព្វ​ថ្ងៃ​ហ្នឹង គឺ​គាត់​បញ្ជូន​ជន​ជាតិ​គាត់​មក​កម្ពុជា​ ហើយ​ក៏​ស្នើ​ឲ្យថែ​ទាំ​កូន​ចៅ​គាត់​ ប្រជា​ពលរ​ដ្ឋ​គាត់ នៅ​ពេល​ជួប​មេដឹកនាំ​ខ្មែរ​ហ្នឹង​ ហើយ​គាត់​ព្យាយាម​ឲ្យ​ជន​ជាតិ​វៀត​ណាម​ហ្នឹង​ ក្លាយ​ទៅ​ជា​មេប៉ូលិស​ មេទាហាន​ហ្នឹង ជា​មន្ត្រី​រាជ​ការ​ជា​ទាហាន​ក្នុ​ង​ជួរ​រដ្ឋាភិបា​ល​អ៊ីចឹង​ទៅ អ៊ីចឹង​វា​គ្រោះ​ថ្នាក់​ណាស់​ថ្ងៃ​ក្រោយ គេ​នឹង​អាច​ដឹក​នាំ​ប្រទេស​ហ្នឹង​ គឺសុ​ទ្ធ​តែ​កូន​ចៅ​យួន ដូច្នេះ​រឿង​ទាំង​អស់នេះ​ហើយ ដែល​ជា​គ្រោះ​ថ្នាក់​សម្រាប់​ទឹក​ដី​របស់​កម្ពុជា​យើង»។

យ៉ាងណា ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី ធ្លាប់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០២២​ថា មាន​​ជ​ន​ជាតិ​វៀតណាម​ប្រមាណ​១០០០​គ្រួសារ ដែល​ជម្លៀស​ចេញ​ពី​ផ្ទៃ​ទឹក​​ក្នុង​រាជ​ធានីភ្នំពេញ​​នោះ គឺ​១០០​គ្រួសារ​ជាប់​គាំង​នៅ​ព្រំដែន​វៀត​ណាម ខេត្ត​កណ្ដាល​ ដោយ​អាជ្ញាធរ​វៀត​ណាម​មិនអនុញ្ញាត​ឱ្យ​ជន​ជាតិ​វៀតណាម​ត្រឡប់​ចូល​ប្រទេស​វិញ​​នោះ​ទេ។

ខណៈជាង៤០០គ្រួសារ​ឡើងគោក​​ជួលផ្ទះស្នាក់នៅក្នុងរាជធានី​ភ្នំពេញ និង​ផ្សេងៗ​ទៀត​រស់​នៅ​លើ​ផ្ទៃទឹក​​ក្នុ​ង​​ខេត្ត​​កណ្តាល ក្បែរ​ព្រំប្រ​ទល់​រាជធានី​ភ្នំពេញ។

កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរ​ខេត្ត​​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ដី​ ៤០​​ហិកតា ​ដែល​អាជ្ញាធរ​ខេត្ត​នេះ​​រៀបចំ​​ឲ្យ​ជនជាតិ​​វៀតណាម រុះ​រើ​​​ពី​​ផ្ទះ​ទឹក​ឡើង​មក​រស់​នៅ​លើគោក ​គឺជា​ដី​របស់​ជនជាតិ​​ខ្មែរ​​ឯកជន មិន​មែន​ជា​ការកាត់​ដី​ឲ្យ​ពួកគេ​នោះទេ។

អាជ្ញាធរ​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​​បន្លាស់​ទី​មាន​ចំនួន​​ជាង ៤​ពាន់​​គ្រួសារ (៤.៥៦៣​) ក្នុង​នោះ​​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​​មាន​​ជាង ២​ពា​ន់​​គ្រួសារ (២.៣៧៩​គ្រួសារ) ស្មើនឹងជាង ១ម៉ឺន​នាក់ (១០.០៨៧)។ ក្រៅ​ពីនោះ គឺជា​ប្រជាពលរដ្ឋ​​ខ្មែរ និង​ខ្មែរ​-​ឥស្លាម។

ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំកា​រ​ពន្យល់​បន្ថែម​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ប្រវត្តិសាស្រ្ត​បាន​បង្រៀន​កម្ពុជា​រួច​ហើយ​ ពីកា​រ​បាត់​បង់​ទឹក​ដី​មួយ​ផ្នែក​ធំ​នៃ​ដែន​ដី​កម្ពុជា​ក្រោម​ទៅ​លើ​​ប្រទេស​​វៀត​ណាម ដែលចាំបាច់​មេដឹក​នាំ​កម្ពុជា​និង​អ្នក​នយោបាយ​ខ្មែរ ត្រូវ​តែ​រៀន​សូត្រ​ និង​ទប់​ស្កាត់​មហិច្ចតា​វៀត​ណាម​នេះ។

លោក​បន្តថា បើមេដឹកនាំខ្មែរ ឬពលរដ្ឋខ្មែរ មិនប្រុង​ប្រយ័ត្ន ឬ​ទប់​ស្កាត់​មហិច្ចតា​ឈ្លាន​ពាន​របស់​វៀត​ណា​ម​ឱ្យ​ទាន់​ពេលទេ អនាគត​ខ្មែរ​កណ្តាលនឹ​ង​អាច​មាន​វាសនា​ដូច​នឹង​ដែន​ដី​កម្ពុជា​ក្រោម មិន​ខាន។

លោកថា៖ «កលល្បិចយួនអត់មានអីថ្មីទេ ក្នុង​ការ​ចិញ្ចឹម​ចិត្ត​លើ​ទឹក​ដី​កម្ពុជា​ហ្នឹង ទី១​គឺ​បញ្ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​នៅ​មក​រ​ស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ហ្នឹង តាំ​ងពី​សម័យ​ជ័យ​ជេដ្ឋាទី​២ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន គឺកាន់​តែ​ច្រើនៗ​ទៅ ទី២​គឺ​លើក​បន្តុប​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឲ្យ​បម្រើ​នយោបាយ​របស់​ខ្លួន​ដូច​ជាដា​ក់​កម្ពុជា​នៅក្រោម​សហព័ន្ធ​ឥណ្ឌូចិន​ ឬ​ក៏ប​ក្ស​កុម្មុយ​និស្ត​ឥណ្ឌូចិ​នអី​ចឹង ក្នុង​ពេល​បច្ចុប្បន្ន​ហ្នឹង​កម្ពុជា​នៅតែ​ទទួល​ស្គាល់​ថា​វៀតណាម​ជា​បង​ធំ​ អ្នក​ចាត់​ចែង​កិច្ចការ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ អាហ្នឹងការ​ចិញ្ចឹម​ចិត្ត​របស់​យួន ហើយ​ទី៣ យួន​ប្រើ​អំណាច​មួយ​ទៀត គឺ​អំណាច​ជា​អ្នក​មាន​គុណ​ដល់​គណបក្ស​កាន់​អំណាច​ហ្នឹង ដើម្បី​សង្កត់​មិន​ឲ្យ​គណបក្ស​កាន់​អំណាច​កម្ពុជា​សព្វ​ថ្ងៃ​ហ្នឹង​ហ៊ាន​ក្អក។

យ៉ាងណា បើតាមសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​នេះ ជា​ការ​កត់​សម្គាល់​នូ​វកា​រ​ចាប់​ផ្តើម​​នៃ​ដំណើរ​ជីវិ​ត​ដ៏វែង​ឆ្ងាយ និង​ដ៏ឈឺចាប់​មួយ ដែល​បាន​កើត​ឡើង​លើព​លរដ្ឋ​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើមនៃ​ដែន​ដី​កម្ពុជា​ក្រោម ឬ​កូសាំង​ស៊ីន ត្រូវ​បង្ខំ​ឱ្យ​បន្ត​រស់​នៅ​ក្រោម​ទម្រង់​នៃ​នឹម​អាណានិគម​ថ្មី។

ប្រភពអះអាងថា ៧៦ឆ្នាំ នៅក្រោមអាណានិគមយួន ពលរដ្ឋខ្មែរ​ក្រោម ត្រូវ​បាត់​បង់​នូវ​អធិបតេយ្យ​ភាព ត្រូវ​លុប​បាត់​នូវ​អត្ត​សញ្ញាណ​ជាតិ ត្រូវ​គាប​សង្កត់​បំបិទ​មិន​ឲ្យ​បញ្ចេញ​សំឡេង ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញរំលោភ​បំពាន​សេរីភាព សាសនា ទន្ទ្រាន​រឹប​យក​ដី​ធ្លី ប្រឈម​នឹង​ការ​រើស​អើង និង​បំបាត់​ពូជ​សាសន៍ ជាប្រព័ន្ធ ដោយ​អាជ្ញាធរ​អាណានិគម​យួន ពី​របប​មួយ​ទៅ​របប​មួយ​ឥត​ឈប់​ឈរ។

ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំង ចុះ​ហត្ថលេខា​ប្រគ​ល់​ទៅ​ឱ្យ​រដ្ឋបាល​វៀត​ណាម​​ត្រួត​ត្រាប​ន្ត​កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​ខ្មែរ​ក្រោម​ចាត់​ទុក​ថា ជា​អំពើ​ខុស​ច្បាប់។

ទឹកដីកម្ពុជាក្រោម មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូ​ម៉ែត្រ​ការ៉េ ឬ​មាន​ចំនួន​២១​ខេត្ត-ក្រុង។ គិត​ត្រឹម​ឆ្នាំ២០២៥ ទឹក​ដី​កម្ពុជា​ក្រោម​បាន​ស្ថិត​នៅក្រោ​ម​ការ​ត្រួត​ត្រារ​បស់​វៀត​ណាម​អស់​រយៈ​ពេល ៧៦​ឆ្នាំ​មកហើយ។ នៅ​កម្ពុជា​ក្រោម វត្ត​អារា​មត្រូ​វ​បាន​គេចា​ត់​ទុក​ថា​ជា​ឃ្លាំង​វប្បធម៌ ជា​ទីកន្លែង​ថែ​រក្សា ការ​ពារ​អត្តសញ្ញាណ​របស់​ខ្មែរ​ក្រោម​ទាំង​មូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ