សមាគមខ្មែរកម្ពុជាក្រោម គណបក្សនយោបាយ និងក្រុមប្រឹក្សាជាតិតស៊ូ បន្តទាមទារឱ្យវៀតណាម បញ្ឈប់ការរើសអើង គាបសង្កត់ និងដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរកម្ពុជាក្រោមជាង ១០នាក់អង្គ/នាក់ ដែលកំពុងជាប់ឃុំ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់ទឹកដី។
ការទាមទារ និងការអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរមានក្តីឈឺចាប់ ដោយសារតែអាណានិគមនិយមបារាំង បានកាត់ផ្ទេរទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម របស់កម្ពុជា ទៅឱ្យស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាបាលស្តេច បាវ ដាយ នៃប្រទេសវៀតណាម កាលពី ៧៦ឆ្នាំមុន។
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានប្រសាសន៍ថា រូបលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ មិនដែលភ្លេចឡើយថ្ងៃប្រវត្តិសាស្ត្រដែលកម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមទៅលើប្រទេសវៀតណាម។ លោកបន្តថាពលរដ្ឋខ្មែរក្រោម ដែលរស់នៅទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាមបច្ចុប្បន្ន ក៏នៅបន្តរងទុក្ខវេទនា ដោយសារតែការរំលោភសិទ្ធិ ការគាបសង្កត់ ការរើសអើង និងការចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
លោកថា៖ «មកដល់ពេលនេះ គឺយើងតស៊ូរាប់ទសស្សវត្សរ៍មកហើយ ចឹងអ្វីដែលជាការតស៊ូរបស់យើង ក្តីសង្ឃឹមរបស់យើង ក្តីប្រាថ្នារបស់យើង យើងនៅតែមានសង្ឃឹម យើងនៅតែប្រាថ្នាចង់បាននូវអ្វីដែលជាសិទ្ធិ សេរីភាពរបស់យើង ឱ្យវៀតណាមហ្នឹងផ្តល់ឱ្យយើងបានពេញលេញ មិនថាសិទ្ធិសេរីភាពផ្សេងៗក្នុងនោះក៏មានសិទ្ធិសេរីភាពរបស់ជនជាតិដើម វៀតណាមត្រូវតែទទួលស្គាល់យើងជាជនជាតិដើម»។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលវៀតណាម បញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម និងដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៦អង្គ/នាក់ ដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពវិញ។
លោកថា៖«យើងត្រូវតែ នៅតែទទូចស្នើសុំឱ្យប្រទេសវៀតណាមហ្នឹង យោគយល់ ពិនិត្យឡើងវិញ កែប្រែទៅលើប្រព័ន្ធច្បាប់របស់ខ្លួន ឱ្យឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្ស ហើយបន្ធូរបន្ថយនូវការរឹតបន្តឹង ហើយដោះលែងរាល់សកម្មជន ទាំងព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្ថិតក្រោមការឃុំឃាំង ឱ្យមានសេរីភាពឡើងវិញ»។
ការថ្លែងរបស់លោ សឺន ជុំជួន បានធ្វើឡើងក្នុងពិធីរំលឹកខួប ៧៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអង្គការ-សមាគម គណបក្សនយោបាយ ព្រះសង្ឃ ស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៣០០អង្គ/នាក់។
ឧត្តមទីប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ សឺន ស៊ូបែរ្តិ៍ បានថ្លែងក្នុងពិធីនោះដែរថា ថ្ងៃទី០៤ ខែមិថុនា ជាថ្ងៃដ៏អយុត្តិធម៌មួយក្នុងប្រវត្តិសាស្រ្តដែលអាជ្ញាធរបារាំង បានប្រព្រឹត្តខុសឆ្គងចំពោះកម្ពុជា ដោយបានប្រគល់ទឹកដីកម្ពុជាក្រោម ដែលគេហៅថាទឹកដីកូសាំងស៊ីន ទៅឱ្យអធិរាជយួន បាវ ដាយ ដោយពុំបានពិគ្រោះជាមួយម្ចាស់ប្រទេសឡើយ។
លោកបន្តថា អ្វីដែលកាន់តែអយុត្តិធម៌ទៀតនោះ កម្ពុជាក៏បានបាត់បង់កោះត្រល់ទៅលើប្រទេសវៀតណាមថែមទៀត។
លោកថា៖ «បារាំងហ្នឹងឱ្យទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ទៅអធិរាជ បាវ ដាយ ក៏ប៉ុន្តែក្នុងហ្នឹង វាមានកោះត្រល់ អាហ្នឹងរឹតតែអយុត្តិធម៌ទៅទៀត ពីព្រោះកោះត្រល់ លោក វីរីយ៉េ បារាំងដែលគ្រប់គ្រងខាងហ្នឹង ថាសុំឱ្យកូសាំងសីនទៅជួយអភិវឌ្ឍន៍ ដល់គេបញ្ជូនកូសាំងស៊ីនហ្នឹងទៅអធិរាជ បាវ ដាយ ភ្ជាប់ទាំងកោះត្រង់ អាហ្នឹងអយុត្តិធម៌២ដង»។
យ៉ាងណា លោក សឺន ស៊ូបែរ្តិ៍ ក៏បានរំលឹកដល់គុណបុព្វបុរសខ្មែរក្រោម ក្នុងនោះមានលោកឧកញ្ញា សឺន គុយ ដែលបានបូជាជីវិតដើម្បីរក្សាកម្ពុជាក្រោម និងអរគុណដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាក្រោម ដែលបានបន្តជួយថែរក្សាទុកនូវប្រវត្តិសាស្ត្រខ្មែរ ប្រពៃណីទំលៀមទម្លាប់ អក្សរសាស្រ្តខ្មែរ និងសាសានា ជាដើម ដើម្បីតម្កល់ទុកជាមរតកសម្រាប់កូនចៅខ្មែរតទៅទៀត។
ស្របពេលការរំលឹកខួប៧៦ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាទៅលើប្រទេសវៀតណាម នៅថ្ងៃទី០៤ ខែមិថុនានេះដែរ ក្រុមប្រឹក្សាជាតិតស៊ូ ដែលដឹកនាំដោយលោក សម រង្ស៊ី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ផ្តោតការយកចិត្តទុកដាក់ចំពោះទុក្ខសោកហួសប្រមាណ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ពីសំណាក់ទង្វើបំពានដ៏ទារុណរបស់អាជ្ញាធររដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ដែលកំពុងគ្រប់គ្រងលើទឹកដីខ្មែរកម្ពុជាក្រោម។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោមជាង ១០លាននាក់ ដែលជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោម គួរតែទទួលបានការគោរព និងមានសិទ្ធិកំណត់ជោគវាសនារបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ បែរជា រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៥រូប ដាក់ពន្ធនាគារ ទាំងបំពាន ដោយគ្រាន់តែពួកគេអនុវត្តសិទ្ធិនិយាយភាសាខ្មែរ សិទ្ធិប្រតិបត្តិព្រះពុទ្ធសាសនា និងសិទ្ធិបង្ហាញអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ។
ករណីនេះ ក្រុមប្រឹក្សាជាតិតស៊ូ បានស្នើដល់សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស ជប៉ុន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងបណ្តារដ្ឋទាំងឡាយ ដែលផ្តល់តម្លៃដល់សិទ្ធិសេរីភាពមនុស្សជាតិ និងកំពុងដាក់ទុកក្នុងគម្រោងវិនិយោគធំៗ តម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាមនោះ មិនគួរណាមើលរំលងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់រដ្ឋាភិបាលវៀតណាម ទៅលើប្រជាពលរដ្ឋខ្មែរក្រោមឡើយ។
ពួកគេក៏បានទទូចដល់បណ្តាប្រទេសទាំងនោះ ជំរុញទៅរដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៥រូប ពីពន្ធនាគារ និងផ្តល់សេរីភាពដល់ប្រជាពលរដ្ឋខ្មែរក្រោម ឱ្យសមតម្លៃជាជនជាតិដើមម្ចាស់ទឹកដី។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូ បានសរសេរក្នុងសំណេរដើមថា៖ «ប្រជាពលរដ្ឋខ្មែរក្រោម ពិតជាត្រូវការជំនួយអន្តរាគមន៍យ៉ាងហ្មត់ចត់ ដ៏ម៉ឹងម៉ាត់ និងជាចាំបាច់របស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងរដ្ឋបរទេសនានា ដែលលើកកម្ពស់សិទ្ធិសេរីភាពមនុស្សជាតិ»។
ចំណែក គណបក្សកម្លាំងជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញការរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមផងដែរ ដោយគណបក្សនេះកត់សម្គាល់ថា រយៈពេល ៧៦ឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទឹកដីកម្ពុជាក្រោម បាននិងកំពុងរងទុក្ខវេទនាលើទឹកដីកំណើតរបស់ខ្លួន ដោយមានការធ្វើទុក្ខបុកម្នេញ រើសអើង ជិះជាន់ បំបិទសិទ្ធិសេរីភាព ប្រើអំពើហិង្សា និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរវៀតណាម។
ស្របពេលគ្នានេះ គណបក្សកម្លាំងជាតិ បានអំពាវនាវដល់រដ្ឋាភិបាលវៀតណាម បញ្ឈប់ការរើសអើង និងដោះលែងព្រះសង្ឃ សកម្មជនខ្មែរក្រោម ដែលបានចាប់ឃុំយ៉ាងអយុត្តិធម៌ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម បើកលំហសេរីភាពឱ្យបានពេញលេញ ផ្នែកវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំអក្សរសាស្ត្រជាតិខ្មែរ និងការពារទ្រព្យសម្បត្តិដូនតា។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានទេ នៅថ្ងៃពុធនេះ។
គិតមកដល់ពេលនេះ បារាំងបានកាត់ទឹកដីកម្ពុជាក្រោមសរុប ២៤ខេត្តក្រុង ទៅឱ្យវៀតណាមគ្រប់គ្រង អស់រយៈពេល៧៦ឆ្នាំហើយ។ រយៈពេលជិត១០០ឆ្នាំនេះ ខ្មែរក្រោមដែលរស់នៅលើទឹកដីកំណើត រងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ពីសំណាក់អាជ្ញាធរវៀតណាម ដែលរកគ្រប់មធ្យោបាយបំបាត់អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសាសនាខ្មែរ៕









