លោក ហ៊ុន សែន ទម្លាយពីការ​ចង់​បញ្ចប់​ការ​បោះ​បង្គោល​​​ព្រំដែន​ជាមួយ​វៀត​ណាម​ឱ្យ​បាន​ឆាប់

មេដឹកនាំគណបក្ស​កាន់​អំណាច លោក ហ៊ុន​ សែន បាន​បញ្ចេញ​ព័ត៌​មាន​ពី​ការ​ជំរុញ​ឱ្យ​ភាគី​វៀត​ណាម ពន្លឿ​ន​កិ​​ច្ចព្រម​ព្រៀង​​ឱ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន ដែល​នៅ​សល់​១៦​ភាគរយជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​កង​ទ័ព។

បើតាម​សារលើហ្វេសប៊ុក លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ លោក​បាន​ជួប​ជាមួយ លោក ង្វៀន តិន​ គឿង(Nguyen Tan Cuong) អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម អគ្គ​សេនា​ធិការកង​ទ័ព​ប្រជាជន​វៀត​ណាម នៅ​វិមាន​​៧មក​រា ក្នុង​ក្រុង​ភ្នំពេញ។

ភាគី​វៀត​ណាម បានលើកឡើងអំពីគម្រោងនៃការសាងសង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នៅ​សារ​មន្ទីរ​នៃ​ប្រទេស​​វៀត​ណាម ដោយ​ថា គម្រោង​នៃ​ការ​សាង​សង់​ស្តូប​នេះ នឹង​បង្ហាញ​ទៅ​កាន់​ប្រទេស​ជាតិ និ​ង​អន្តរជាតិ​ឱ្យ​បាន​យល់​កាន់​តែ​ស៊ី​ជម្រៅ អំពី​ទំនាក់​ទំនង​ដ៏ស្អិត​រមួត​ រវាងកម្ពុជា​និង​វៀត​ណាម​នៅ​គ្រប់​កាលៈ​ទេសៈ ជា​ពិសេស​ក្នុង​វិស័យ​កង​ទ័ព ដែល​បាន​តវ៉ា​ងើប​ពី​អាណា​និគម​នាពេលក​ន្លង​មក។

ប្រភពនេះអះអាងផងដែថា លោក ហ៊ុន សែន ក្រៅពីលើកឡើ​ង​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិស័យ​កង​ទ័ព នៃប្រទេសទាំ​ង​ពីរ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម បាន​ប្រាប់​ភាគី​វៀត​ណាម លោក  ង្វៀន តិន គឿង ពាក់ព័ន្ធ​ទៅនឹ​ង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេស​សល់ ១៦%​ទៀត។

បើតាមប្រភពដដែល លោក ហ៊ុន សែន៖ «បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​គ្នា និង​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេស​សល់​ឲ្យ​បាន​ឆាប់​នាពេល​ខាង​មុខ​ផង​ដែរ»។

ការទម្លាយព័ត៌មាននេះ ចំពេលកម្ពុជាប្រកាសប្តឹងប្រទេសថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ) ក្នុង​សំ​ណុំ​​រឿង​ព្រំដែន ក្រោយ​កង​ទ័ព​ថៃ បើ​ក​ការ​វាយ​ប្រហារ​ទៅ​លើ​លេណ​ដ្ឋាន​កង​ទ័ព​កម្ពុជា ក្នុង​តំបន់​មុំ​៣ ស្រុក​ជាំ​​ក្សាន្ត ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃទី​២៨ ខែឧសភា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ គឺ​ព្រិន្ទបាល​ឯក សួន រ៉ោន ។

សម្រាប់តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន លោក អ៊ុំ សំអាន និយាយ​ថា ការ​ទម្លាយ​ពី​ការ​ចង់​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម ក្រោម​យន្ត​​កា​រ​ទ្វេ​​ភាគី​នេះ​​ថា កម្ពុជា​នឹង​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​វៀត​ណាម ដោយ​សំអាង​ថា​ លោក ហ៊ុន សែន ជា​​មេដឹក​នាំ​ខ្មែរ​ម្នា​​ក់​​ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ឡើង​កាន់​អំណាច​ចាប់​ពី​ឆ្នាំ​១៩៧៩​មក ហើយ​ថា​គា​​ត់មិ​​​ន​​ដែលហ៊ា​ន​​​ជំទា​ស់នឹង​វៀត​ណាម​ទេ ដែល​ថា​នេះកា​រ​ផ្តល់​ស​ញ្ញា​ហានិភ័យ​ព្រំដែន​ប៉ែក​ខាង​កើត។

លោកថា៖ «យើងដឹងហើយការបោះបង្គោលកន្លងមកនេះ បាន​ធ្វើឲ្យក​ម្ពុជា​បាត់​បង់​ទឹក​ដី​យ៉ាង​ច្រើន​ទៅ​ខាង​វៀត​ណាម​ អ៊ីចឹង​នៅ​ពេល​ដែល​បន្ត​បោះ​បង្គោល​បន្ថែម​ទៀត គឺ​លោក ហ៊ុន សែន នឹង​​កាត់​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត​ទៅ​ឲ្យ​វៀត​ណាម ដើម្បី​សង​គុណ​វៀតណាម​ដែល​ឲ្យ​ជួយ​ការ​ពារ​អំណាច​ត្រកូល​ហ៊ុន និង​បាន​លើក​បន្តុប​ឲ្យ​ លោក ហ៊ុន សែន កាន់​តំណែង​តាំង​ពី​ទសវត្ស​រ៍​ទី​៨០​មក»

ផ្ទុយទៅវិញ លោក​ថា ដើម្បី​បង្ហាញ​ថា លោក ហ៊ុន សែន ជា​អ្នកស្រឡាញ់​ទឹក​ដី​មែន ត្រូវ​​រៀបចំ​​ឯកសា​រ​ប្តឹ​ងវៀត​ណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ)​ដូច​ករណី​ប្តឹង​ប្រទេស​ថៃ​ដែរ។

លោកថា៖ «បើបន្តចរចា​ទ្វេភាគីប្រាកដ​ជាចាញ់​ប្រៀប​វៀត​ណាម​ ហើយ​នឹង​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅខាង​វៀ​ត​ណាម​ជា​មិន​ខាន​នោះ​ទេ ជាពិសេស​កោះ​ត្រល់​ កោះ​ក្រចក​សេះ និង​ដែន​សមុ​ទ្រ​ដែល​ជា​តំបន់​ទឹកប្រវត្តិ​សាស្ត្រ​ចំនួន​១០​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​ដែន​សមុទ្រ​ដែល​វៀតណាម​យក​ពី​កម្ពុជា​ចំនួន ៣០​ពាន់គីឡូ​ម៉ែត្រ​ការ៉េ គួរ​តែ​ដាក់​មួយ​សំណុំ​រឿង​ជាមួយ​ព្រំដែន​គោក និង​ទៅ​កាន់​តុលាការ​អន្ដរជាតិ​ ដូច​ដែល​ធ្វើ​ជាមួយ​ថៃ​អ៊ីចឹង កុំហ៊ា​​ន​ប្ដឹង​តែ​ជាមួយ​ថៃ​ ប៉ុន្តែ​អត់​ហ៊ាន​ជាមួយ​វៀត​ណាម»។

លោកបង្ហាញ​ការ​បារម្ភ​ថា ទឹក​ដី​កម្ពុជា​ទាំង​ដែន​ដី​គោក និង​សមុទ្រ នឹង​ធ្លាក់​ក្នុង​ដៃ​វៀតណាម​បន្ថែម​ទៀត​ បើ​​មេ​ដឹ​ក​នាំខ្មែ​រ គិត​ថា ក្នុង​កាលៈ​ទេសៈ​ដែលក​ម្ពុជា​ប្រឈម​នឹង​ថៃ កម្ពុជា​ត្រូវ​ពឹង​វៀត​ណាម ដើ​​ម្បី​​​ជា​​បង្អែ​ក ដើម្បី​ទប់​ទល់​នឹង​ថៃ​នោះ។

កម្ពុជា​មាន​ផ្ទៃដី​សរុប​ទំហំ១៨១០៣៥​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ព្រំដែន​​គោក​ជាប់​​ប្រទេស​​វៀត​ណាម​​ប្រវែង​ ១២៧០​​គីឡូ​ម៉ែត្រ។

ការបោះបង្គោលព្រំដែននាសម័យលោក ហ៊ុន សែន ​គ្រប់​គ្រង​បាន​ធ្វើ​ឡើង​ចាប់​ពី​ដើម​ឆ្នាំ​២០0៦ ពោល​គឺ​តាម​​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​សន្ធិ​សញ្ញានេះ​ លោក ហ៊ុន សែន ធ្លាប់​គំរា​មរំលាយ​របប​រាជា​និយម​​អាស្រ័យ​ធម្មនុញ្ញ​ចោល បើ​ព្រះ​មហាក្សត្រមិ​ន​ព្រម​ឡាយ​ព្រះហ​ស្ត​លេខា។

សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ត្រូវបានក្រុមអ្នក​ឃ្លាំមើល​ព្រំដែន ដែល​មិន​ចំណុះ​រដ្ឋាភិ​បាល​ចោទ​ថា ជា​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ព្រោះ​បាន​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ឆ្នាំ​១៩៨២-៨៣ និង​៨៥ រស់​ឡើ​​ង​វិញ​តាម​ការ​ចង់​បានរបស់វៀត​ណាម បំពាន​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឱ្យ​មោ​ឃ​ភាព​ចោល ព្រោះ​វា​បាន​ធ្វើ​ឡើង​អំឡុង​វៀតណាម​គ្រប់​​គ្រង​កម្ពុជា។

ចាប់ពីពេលនោះ លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​របូត​ចង្កោម​កោះ​ក្រចក​សេះ កោះ​ត្រល់ រួម​ទាំង​ដែន​ដី​គោក​ច្រើន​ទៀត​តាម​ព្រំដែន ធ្លាក់​ក្នុង​ដៃ​វៀតណាម​គ្រប់​គ្រង តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ឆ្នាំ​២០០៥​នេះ ។

យ៉ាងណា គណបក្សប្រឆាំង ត្រូវបានតុលាការកំពូល​រំលាយ​ចេញ​ពី​ឆាក​នយោបាយ នៅ​ចុង​ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន។

រីឯយន្តការនៃការបោះបង្គោលព្រំដែន ចេះ​តែដំណើរ​ការ​ទៅ ទោះក​ម្ពុជា​គ្មាន​ការ​ឯកភាព​​ក្តី ការណ៍​នេះ ហាក់​បំពាន​រដ្ឋធ​ម្ម​នុញ្ញ ដែល​ជាច្បា​ប់​កំពូល​របស់​កម្ពុជា។

មាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ ចែង​ថា សន្ធិ​សញ្ញា និង​កិច្ចព្រមព្រៀង​​ទាំងឡាយ​ណា ​ដែល​​មិ​ន​​ស្រប​នឹង​​ឯករាជ្យ អធិប​តេយ្យ បូរណ​ភាព​​ទឹ​ក​ដី អព្យា​ក្រឹត​ភាព និង​​ឯកភាព​​ជាតិ​​របស់​​កម្ពុជា ត្រូវ​លុប​ចោល។

ច្បាប់កំពូលនេះ ក៏បានតម្រង់ទិសរដ្ឋាភិបាល​ដែល​មាន​ឆន្ទៈ​ការ​ពារ​បូរណភាព​ទឹក​ដី ដោយ​ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សាកា​រ​ពារ​ឯករាជ្យ អធិប​តេយ្យ បូរណ​ភាព​ទឹក​ដី អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ពារ​ឯកភាព​ជាតិ។

លើសពីនេះ មាត្រា​៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែង​ថា បទ​ប្រគល់​​​ឱ្យ​​រដ្ឋ​បរទេស​នូវ​​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយផ្នែក​ ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ