ខណៈប្រទេសថៃបង្ហាញជំហរចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនត្រឹមយន្តការទ្វេភាគីនោះ អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវប្រកាន់ជំហរប្តឹងថៃទៅតុលាការអន្តរជាតិICJ ជុំវិញសំណុំរឿងព្រំដែន ដើម្បីបង្ហាញឆន្ទៈការពារបូរណភាពទឹកដី តបតាមឆន្ទៈប្រជាពលរដ្ឋនិងការប្តេជ្ញាចិត្តថ្មីៗនេះ។
ការជំរុញនេះ ក្រោយនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី៤ ខែមិថុនានេះ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងការបរទេសថៃ ត្រៀមធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនាខាងមុននេះ ដើម្បីចរចាទ្វេភាគី រឿងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
អ្នកស្រីបន្តថា រដ្ឋាភិបាលថៃ សង្កត់ធ្ងន់លើការចរចាទ្វេភាគី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងប្រឈមមុខដាក់គ្នានេះ។
អ្នកស្រីថា៖ «យើងមានទំនុកចិត្តថា ថៃនិងកម្ពុជាអាចដោះស្រាយបញ្ហាជាមួយគ្នាជាអ្នកជិតខាងល្អ ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ ឈរលើស្មារតីអនុសញ្ញានៃការយោគយល់គ្នា»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃនេះ ក្រោយភាគីកម្ពុជា ប្រកាសរួចហើយពីការប្តឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ជុំវិញសំណុំរឿងព្រំដែននេះ ក្រោយពីទាហានថៃបើកការវាយប្រហារទៅលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ គឺព្រិន្ធបាលឯក សួន រ៉ោន ។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា កម្ពុជាមិនត្រូវដកថយជុំវិញបញ្ហានេះទេ ប្តឹងថៃទៅតុលាការអន្តរជាតិទើបអាចការពារបូរណភាពទឹកដី និងទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពានបាន។
លោកសង្កត់ធ្ងន់ថា ជាប្រវត្តិសាស្រ្ត ការចរចាតាមយន្តការទ្វេភាគី គឺកម្ពុជាចាញ់ប្រៀបថៃ ដូចពេលកន្លងទៅ ដែលភាគីថៃបានរំលោភយកដីខ្មែរជាបន្តបន្ទាប់។
លោកថា៖ «រដ្ឋាភិបាលត្រូវបង្ហាញជំហរថា ទោះបីជាថៃលួងលោមយ៉ាងម៉េច សុំចរចាយ៉ាងម៉េច គឺត្រូវតែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJ ដូច្នេះត្រូវតែដាក់ពាក្យបណ្ដឹងភ្លាមៗតែម្តងទៅ កុំនៅរុញរា បើគាត់ចង់ការពារទឹកដី ហើយបែរគាត់នៅរួញរា នៅតែចរចាជាមួយថៃហ្នឹងអាចចាញ់ល្បិចលួងលោមរបស់ថៃ ឈប់បណ្ដឹង ចឹងត្រូវបង្ហាញជំហរឲ្យបានច្បាស់លាស់ ទៅតាមការសន្យារបស់ខ្លួនចំពោះពលរដ្ឋខ្មែរនិងតាមកាលកំណត់របស់រដ្ឋសភា និងព្រឹទ្ធសភា»។
ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ជឿជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងមិនបោះបង់ជំហរប្តឹងថៃទៅអន្តរជាតិICJទេ។ តែផ្ទុយទៅវិញ បើមេដឹកនាំប្តូរជំហរនោះ មេដឹកនាំនឹងរងការស្តីបន្ទោសពីពលរដ្ឋគ្រប់និន្នាការ រួមទាំងក្បត់សេចក្តីសម្រេចរបស់សភា។
លោកថា៖ «ការចរចាវាជាដំណាក់កាលទីមួយ ចរចាក្នុងការបន្ធូរភាពតានតឹងនៃការប៉ះទង្គិចគ្នា រវាងកម្លាំងប្រដាប់អាវុធ អាហ្នឹងគឺជាការចរចាហើយ ប៉ុន្តែវាមិនអាចប្រើប្រាស់នៃការចរចានេះនៅក្នុងការដោះស្រាយនៃទំនាស់បញ្ហាព្រំដែនបានទេ អ៊ីចឹងប្រសិនបើរដ្ឋាភិបាលបញ្ចប់ត្រឹមការចរចារវាងកងទ័ពនិងកងទ័ព ដើម្បីបន្ធូរបន្ថយនៃការប៉ះទង្គិចគ្នា ហើយបញ្ចប់ត្រឹមប៉ុណ្ណេះទាំងស្រុង ដោយបានលើកយកករណីដីទៅដោះស្រាយរឿងតុលាការអន្តរជាតិអាយ.ស៊ី.ជេ បានទេ ខ្ញុំគិតថា រដ្ឋាភិបាលខ្លួនឯងនឹងទទួលបាននូវការស្ដីបន្ទោសពីប្រជាពលរដ្ឋ»។
ចំណែក ពលករខ្មែរនៅប្រទេសជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា និយាយថា អ្នកស្រីមិនគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះព្រំដែននេះ ដោយទ្វេភាគីទៀតនោះទេ ដោយថា យន្តការចរចាទ្វេភាគីជាមួយថៃនេះ កម្ពុជារងគ្រោះយូរឆ្នាំហើយ រួមទាំងការបាត់បង់អាយុជីវិត កងទ័ពដែលឈរជើងនៅជួរមុខ។
អ្នកស្រីថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើអ្វីស្របតាមឆន្ទៈរាស្ត្រ ត្រូវតែការពារបូរណភាពទឹកដី ត្រូវតែយកបញ្ហានានាដែលយើងមានជាមួយថៃ បូករួមទាំងដែនទឹក និងដែនសមុទ្រនេះ គឺត្រូវតែប្រកាសប្ដេជ្ញាចិត្តក្នុងការទៅប្ដឹងទៅតុលាការអន្តរជាតិយ៉ាងដាច់ខាត កុំឲ្យទុកបញ្ហានេះនាំទៅវេទនាដល់អ្នកជំនាន់ក្រោយ»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក្តី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរក្នុងសមាជរដ្ឋសភា កាលពីថ្ងៃទី២ ខែមិថុនាថា កម្ពុជានឹងមិនដកថយទេទោះទោះថៃបដិសេធ។ ក្នុងន័យនេះ លោកពន្យល់ថា ដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពានជាថ្មីទៀត ក៏ដូចការពារអាយុជីវិតកងកម្លាំង។
លោកថា៖ «កម្ពុជាសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិនៅក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ចៀសបញ្ហានេះ កុំឲ្យអាចក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាប្រដាប់អាវុធសារជាថ្មី ដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែន ក៏ដូចជាMOUឆ្នាំ២០០០នេះ។ កម្ពុជាសូមបញ្ជាក់ថា ហើយខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ជម្រើសតែមួយគត់របស់កម្ពុជា ពេលនេះ គឺត្រូវរុញបញ្ហាព្រំដែនឱ្យដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ ទើបអាចទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពានបាន។
លើសពីនេះ លោកថា កម្ពុជាត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOSE ផងដែរ ដើម្បីការពារដែនសមុទ្រដែលថៃ និងវៀតណាម កំពុងរំលោភបំពាន ដូចជា កោះត្រល់ និងកោះគុតជាដើម។
លោកថា៖ «ទោះបីថៃសុំការចរចាទ្វេភាគីយ៉ាងណាក៏ដោយ ភាគីកម្ពុជាចរចាចុះ ប៉ុន្តែកម្ពុជាមិនអាចរំលោភសេចក្ដីសម្រេចចិត្តរបស់អង្គសមាជសភាព្រឹទ្ធសភា ដែលជំរុញឱ្យរដ្ឋាភិបាលប្ដឹងនោះទេ គឺមិនរំលោភសេចក្ដីសម្រេចរបស់អង្គសមាជសភាព្រឹទ្ធសភានេះ បានន័យថា រដ្ឋាភិបាលកម្ពុជាត្រូវតែរក្សា ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការប្ដឹងភាគីថៃទៅតុលាការអន្តរជាតិជាចាំបាច់»។
អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញមូលដ្ឋានច្បាប់ចំនួន៣ ដែលកម្ពុជាត្រូវប្រើដើម្បីតទល់ជាមួយថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក្នុងសំណុំរឿងព្រំដែន ក្រោយទាហានថៃបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំ៣ ខេត្តព្រះវិហារ។
លោកថា អាវុធបីប្រភេទនោះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សន្ធិសញ្ញាបារាំង សៀម និងច្បាប់សមុទ្រ UNCLOS។
បើតាមសារដែលលោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ខែមិថុនានេះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ចែងថា បូរណភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា មិនអាចរំលោភបានជាដាច់ខាត។
លោកថា កិច្ចព្រមព្រៀងនេះ មានប្រទេសហត្ថលេខីទាំង១៨ រួមទាំងប្រទេសថៃ និងវៀតណាម ត្រូវតែគោរពបូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
អាវុធទីពីរគឺសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៥-១៩០៧។ បារាំងជាអាណាព្យាបាលរបស់កម្ពុជា Protectorate បានបោះបង្គោលព្រំដែនខ្មែរ-ថៃ ចំនួន ៧៣បង្គោល និងរក្សាផែនទីដើម ដែលបារាំងបានផ្តល់ច្បាប់ចម្លងផែនទីដើមជូន លោក ហ៊ុន សែន ក្នុងឆ្នាំ២០១៥ តាមរយៈស្ថានទូតបារាំងនៅភ្នំពេញ ហើយសន្យាថា នឹងបញ្ជូនក្រុមអ្នកជំនាញមកវាស់វែង និងបោះបង្គោលព្រំដែនដោយផ្ទាល់ ប្រសិនបើខ្មែរស្នើសុំ។
រីឯ អាវុធទី៣ គឺច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) គឺជាសន្ធិសញ្ញាអន្តរជាតិ ដែលបានអនុម័តនៅឆ្នាំ១៩៨២ និងចូលជាធរមាននៅឆ្នាំ១៩៩៤។
ក្នុងន័យនេះ លោក សម រង្ស៊ី ពន្យល់ថា UNCLOS វាបានកំណត់ច្បាប់ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់បណ្តាប្រទេសក្នុងការប្រើប្រាស់សមុទ្រ រួមទាំងការកំណត់ព្រំដែនសមុទ្រ សិទ្ធិសេដ្ឋកិច្ច ការការពារបរិស្ថានសមុទ្រ និងការដោះស្រាយជម្លោះដែនសមុទ្រ។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «យើងលើកទឹកចិត្ត និងជំរុញឲ្យរដ្ឋាភិបាលខ្មែរ យកករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំ៣ កោះគុត/គជ់ និងដែនសមុទ្រត្រួតស៊ីគ្នា ប្តឹងទៅតុលាការអន្តរជាតិ (ICJ) ជាផ្លូវការ ចៀសវាងគ្រាន់តែនិយាយហើយមិនធ្វើ»៕