ក្រុមជនរងគ្រោះចាញ់បោកឧកញ៉ាខិលខូច បានបង្ហាញការខកចិត្ត ក្រោយសមាជរួមគ្នារបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលបិទបញ្ចប់ក្នុងពេលថ្មីៗនេះ មិនបានលើកយកវិបត្តិបំណុលពួកគេមកដោះស្រាយ ខណៈអ្នកចាញ់បោកបានស្លាប់ជាបន្តបន្ទាប់ក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ។
ជនរងគ្រោះម្នាក់ អ្នកស្រី សា តីណាស់ បង្ហាញការខកចិត្តក្រោយសមាជិកសភាជិត ២០០នាក់ ដែលប្រជុំគ្នារយៈពេល២ថ្ងៃ តែមិនបានលើកយកករណីឧកញ៉ាឆបោកមកជជែករកយុត្តិធម៌ឱ្យពួកគេបែបនេះ។
អ្នកស្រី តីណាស់ បានចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន១ម៉ឺន៥ពាន់ដុល្លារ ធ្វើឱ្យគាត់ប្រឈមវិបត្តិជីវភាពធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ន។
អ្នកស្រីថា៖ «គឺអត់លើកឡើងទេ គាត់និយាយតែពីវិស័យផ្សេងៗ ខ្ញុំចង់ឲ្យមានការអន្តរាគមន៍ចំពោះរឿងក្ដីហ្នឹងឲ្យបានលឿនបំផុត ដោយសារឯកជនរងគ្រោះយើងរងទុក្ខវេទនា ដោយសារវ័ណ្ឌកនឹងធនាគារ។ ម្នាក់ៗដាច់ខ្យល់អស់ហើយបង! ស្ទើរតែរកលុយបង់ធនាគារមិនបាន! ហើយពិបាកណាស់រស់នៅក៏រស់នៅទាំងលំបាកដែរ ខ្លះទៅចំណាកស្រុកប្រទេសគេខ្លះទៅ! ខ្លះនៅក្នុងស្រុករកការងារធ្វើមិនបានពិបាកវេទនា»។
រីឯ ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ជិត២ម៉ឺនដុល្លារគឺលោក ប៊ុន ធឿន ប្រាប់ថា មកទល់ពេលនេះ មានអ្នកស្លាប់កើនដល់ជិត៣០នាក់ហើយ ក្រោមសម្ពាធបំណុល ក្នុងនោះមានអ្នកខ្លះធ្វើអត្តឃាត និងស្លាប់ដោយសារគ្មានលុយព្យាបាលជំងឺ ខណៈរូបលោកក៏កំពុងប្រឈមផ្លូវច្បាប់ពីធនាគារផងដែរ ក្រោយគ្មានលុយសងត្រលប់ទៅវិញ។
លោកថា៖ «ចង់តែច្បាប់ហ្នឹង! ពន្លឿនឲ្យឆាប់ៗហ្នឹងទៅ កុំឲ្យមានអ្នកស្លាប់ ចេះតែស្លាប់បន្តៗទៅទៀត។ ថ្ងៃមុនស្លាប់មួយនៅខាងតាកែវ ស្លាប់មួយទៀត ចូល២៧ (ទៅ)២៨នាក់ហើយ បើតាមស្លាប់។ មុនដូចជា២៦(នាក់)ហើយមិនដឹង! ឥលូវហ្នឹងវាជិតតែ៣០(នាក់) ព្រោះស្លាប់នៅខេត្តតាកែវថ្ងៃមុនដាក់ក្នុងគ្រុប មួយទៀតហើយ។ ប្រជាពលរដ្ឋរូបខ្ញុំផ្ទាល់ចង់តែឲ្យស្នើដល់ពន្លឿនផ្លូវច្បាប់ ហ្នឹងដើម្បីឲ្យដោះស្រាយឆាប់ៗ បានសំណងសងមកធនាគារវិញកុំឲ្យគាត់ស្មុគស្មាញរឿងលុយកើតទុក្ខឈឺស្លាប់អត់មានលុយមើល(ជំងឺ)»។
សមាជរួមគ្នាជាលើកដំបូងរបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលបានបិទបញ្ចប់ក្នុងពេលថ្មីៗនេះបានពិភាក្សាលើប្រធានបទចំនួន៣ គឺប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។
យ៉ាងណា អង្គសមាជដែលធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនានោះ មិនបានលើកយកករណីក្រុមជនរងគ្រោះចាញ់បោកក្រុមឧកញ៉ាឆបោក ស្និទ្ធិនឹងមេដឹកនាំគ្រួសារហ៊ុនមកជជែកដោះស្រាយ និងរកវិធានការទប់ស្កាត់អំពើបោកប្រាស់នោះទេ។
សមាជនោះដឹកនាំដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាប្រធានសមាជ មានការចូលរួមពីសមាជិកសភាជិត២០០នាក់ រួមទាំង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ កត់សម្គាល់ថា សមាជសភានៅពេលនេះ ហាក់គ្រាន់តែជាឆាកល្ខោនដែលបក្សកាន់អំណាច រៀបចំឡើងដើម្បីទាញយកប្រជាប្រិយភាពពីម្ចាស់ឆ្នោតប៉ុណ្ណោះ ទើបមិននិយាយពីក្រុមឧកញ៉ាឆបោកបែបនេះ។
បើតាមលោក សុថាវរិន្រ្ទ មូលហេតុដែលសមាជតំណាងរាស្រ្តជិត២០០នាក់នោះ មិនលើកយកបញ្ហាក្រុមឧកញ៉ាឆបោកមកជជែកដោះស្រាយ គឺមានជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុន ដែលនៅពីក្រោយនៃការរកស៊ីរបស់ក្រុមឧកញ៉ាឆបោកទាំងនោះ។
លោកថា៖ «សមាជហ្នឹងត្រូវតែនិយាយទាំងអស់! បើអស់អ៊ីចឹងបើបានជាជ្រុលអ៊ីចឹងហើយ យើងនិយាយរឿងព្រំដែនផង រឿងទឹកដីផង ប៉ុន្តែរឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រឿងផ្ទះសំបែងដីធ្លី ដែលក្រុមឧកញ៉ាដែលបក្ខពួកលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ហ្នឹងបានធ្វើបាបប្រជាពលរដ្ឋ ត្រូវតែនិយាយដែរ រឿងហ្នឹង ត្រូវតែដោះស្រាយបញ្ហាហ្នឹងឱ្យបាន ដើម្បីជួយដោះស្រាយគ្នាថា ត្រូវធ្វើយ៉ាងម៉េចៗ ដើម្បី(ជួយ)ដោះស្រាយគាត់!ឲ្យគាត់មានជំនឿ បើមិនដោះស្រាយទេ ខ្ញុំជឿជាក់ថា (ក្រុមជនរងគ្រោះ)ទាំងអស់ទូទាំងប្រទេសនឹងមកដល់ផ្ទះគាត់ (លោក ហ៊ុន សែន) ទាំងអស់គ្នា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថាសមាជព្រឹទ្ធសភា និងរដ្ឋសភា គឺខុសគ្នាពីសមាជជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលសមាជលើកនេះ មានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាដើម។
លោកថា ការប្រជុំនេះលើកយកតែបញ្ហាជាតិធំៗ ដូចជា រឿងព្រំដែន និងគោលនយោបាយផ្សេងៗទៀត តែលោកថារដ្ឋាភិបាលគួរយកចិត្តទុកដាក់រឿងពលរដ្ឋរងគ្រោះចាញ់បោកគម្រោងក្រុមហ៊ុនអចលនទ្រព្យ ដែលពួកគេកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិបំណុល។
លោកថា៖ «រឿងការឆបោកដោយក្រុមហ៊ុនផ្សេងៗ ហើយពលរដ្ឋរងទុក្ខដោយមិនមានដំណោះស្រាយ ហើយពលរដ្ឋជំពាក់បំណុលច្រើនវ័ណ្ឌក! អាហ្នឹងក៏ជាការមួយដែលរាជរដ្ឋាភិបាលត្រូវតែពិនិត្យមើល និងយកចិត្តទុកដាក់ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់ដែរ ព្រោះបញ្ហាទាំងអស់ហ្នឹង តែអូសបន្លាយយូរទៅ គឺវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចគ្នាស្ថិតនៅក្នុងបំណុលមួយកាន់តែវ័ណ្ឌក ដោយសារគាត់ខ្ចីធនាគារ ខ្ចីមីក្រូហិរញ្ញវត្ថុ ឬក៏ឯកជនមកធ្វើការវិនិយោគ»។
ជុំវិញរឿងនេះ VOD មិនអាសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង បានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃអំពើឆបោកពីបុគ្គលមានងារជាឧកញ៉ា និងបុគ្គលដែលស្និទ្ធិនឹងមេដឹកនាំបានកើតមានជាបន្តបន្ទាប់។
ក្នុងនោះមានពលរដ្ឋយ៉ាងហោចណាស់ ៣ម៉ឺននាក់ រងគ្រោះដោយសារគម្រោងអចលនទ្រព្យ ដូចជា ចាញ់បោកអតីតឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន CIC និងក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម ខណៈក្រុមឈ្មួញទាំងនោះតែងតែបង្ហាញខ្លួនស្និទ្ធិនឹងមេដឹកនាំ ជ្រកក្រោមស្លាកជាអ្នកគាំទ្របក្សកាន់អំណាច៕