ក្រសួងបរិស្ថាន នឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនានេះ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក។
នេះជាប្រធានបទថ្មីមួយ នៃការរៀបចំរបស់ក្រសួងក្នុងទិវាបរិស្ថានជារៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហាប្លាស្ទិកបានក្លាយជាជំងឺរ៉ាំរ៉ៃរបស់ពិភពលោក អស់រយៈពេលជាងកន្លះសតវត្សមកហើយ ក្រោយប្លាស្ទិកត្រូវបានគេបង្កើតឡើងនៅឆ្នាំ១៩០៧។
សំណល់ប្លាស្ទិក មាននៅពាសពេញពិភពលោក តែភាគច្រើននៃការបំពុល មានប្រភពចេញពីប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
យោងតាមក្រសួងបរិស្ថាន សំណល់ប្លាស្ទិកនៅក្នុងប្រទេសបានកើនឡើង ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាព និងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។
អ្នកលក់កាហ្វេនៅខេត្តបាត់ដំបង កញ្ញា បូពេជ្រ ប្រាប់វីអូឌីនៅថ្ងៃទី៤ ខែមិថុនាថា ភាគច្រើននៃអ្នកទិញកាហ្វេ គឺគ្មានដបឬកែវទឹកបរិស្ថានតាមខ្លួនឡើយ ដោយកញ្ញាតែងដាក់ភេសជ្ជៈក្នុងកែវជ័រ ហើយបន្ថែមដោយបំពង់បឺត និងថង់ប្លាស្ទិកពីក្រៅមួយជាន់ទៀត។ កញ្ញាបន្តថា ការវេចខ្ចប់បែបនេះ គឺងាយស្រួលសម្រាប់អ្នកហូប តែវាបង្កឱ្យមានសំរាមប្លាស្ទិកកើនឡើងជារៀងរាល់ថ្ងៃ។
កញ្ញាថា៖ «តម្រូវការគាត់ភាគច្រើនតែកែវជ័រហ្នឹងឯង ប្រើកែវជ័រច្រើនអ៊ីចឹងធ្វើឱ្យបរិស្ថានហ្នឹងគ្មានសោភណ្ឌភាព ចោលពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់។ យូរៗធុងសម្រាមនៅនឹងមុខក៏គាត់អត់ចោលដែរ គាត់ចោលពង្រាយពេញហ្នឹង ដាក់តាមសួនច្បារ ដាក់តាមស្មៅ»។
ជារៀងរាល់ថ្ងៃ នៅតាមគំនរសំរាម ផ្លូវ និងសួនសាធារណៈ ស្ទឹងបឹងទន្លេ សមុទ្រ គេតែងឃើញមានកាកសំណល់ច្រើនប្រភេទ តែក្នុងនោះភាគច្រើនគឺជាសំណល់ប្លាស្ទិក ដូចជា ប្រអប់ស្នោ កែវជ័រ និងថង់ នៅរាយប៉ាយ អណ្ដែតលើផ្ទៃទឹក ខ្លះហុយសំពោងទៅតាមកម្លាំងខ្យល់បក់។
សំណល់ប្លាស្ទិកទាំងនោះ បានបង្កការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សុខភាព បំផ្លាញសម្រស់ធម្មជាតិ ជាពិសេសគឺស្ថានជីវៈចម្រុះលើដី និងក្នុងទឹក។
តាមរបាយការណ៍ក្រសួងបរិស្ថាន កាលពីដើមឆ្នាំ២០២៣ បានឱ្យដឹងថា កាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
បើគិតជាមធ្យម ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជាមានសំរាមប្រហែល៤លានតោន ហើយបន្តកើនឡើងពី១០ ទៅ ១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះមានសំណល់ពី ៦០ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។
ពលរដ្ឋនៅរាជធានីភ្នំពេញ លោក សេត ស៊ាងហៃ យល់ឃើញថា ការប្រើប្រាស់ប្រអប់អាហារ ដបទឹកបរិស្ថាន និងថង់ក្រណាត់ គឺអាចចូលរួមកាត់បន្ថយកំណើនសំរាមប្លាស្ទិកបានមួយចំណែកធំ។
លោកសង្កេតឃើញថា បច្ចុប្បន្នយុវវ័យបាននាំគ្នាផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ និងទុកដាក់ប្លាស្ទិក នៅឡើយតែមនុស្សវ័យចំណាស់ដែលនិយមប្រើ ហើយបោះចោលពាសវាលពាសកាល ដោយមិនបានគិតគូរពីផលប៉ះពាល់បរិស្ថាន។
លោកថា៖ «ជាទូទៅ សិស្សសាលាគឺល្អជាង(ពលរដ្ឋ)វ័យចំណាស់។ (ពលរដ្ឋ)វ័យចំណាស់ ពេលខ្លះគាត់ហូបហើយ គាត់បោះចោលនៅកណ្ដាលផ្លូវក៏មាន។ សម្រាប់វ័យនៅជាសិស្ស និស្សិត ភាគច្រើនគាត់យកដបមកខ្លួនគាត់»។
បើតាមស្ថាប័នអន្តរជាតិមួយចំនួនដែលធ្វើការលើបរិស្ថាន ដូចជា កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងក្រុមប្រឹក្សាការពារធនធានធម្មជាតិ (NRDC) បានណែនាំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់ឡើងវិញ ការកែច្នៃ ជ្រើសរើសប្រអប់អាហារ និងដបទឹកអាចប្រើប្រាស់ច្រើនដង ជាពិសេស គឺការនិយាយថាទេចំពោះប្លាស្ទិក។
ទាក់ទិនបញ្ហាសំណល់ប្លាស្ទិកនេះដែរ កាលពីចុងឆ្នាំ២០២៤ យុវជនស្រឡាញ់បរិស្ថានមួយក្រុម ធ្លាប់នាំគ្នាដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើឱ្យមានដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិក ក្រោយសង្កេតឃើញថា បរិស្ថានកំពុងរងការបំពុលធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកាកសំណល់មិនងាយរលាយមួយនេះ។
បើតាមតារាងបង្ហាញពីកម្រិតរយៈពេលនៃការបំបែកធាតុរបស់ផលិតផលប្លាស្ទិក របស់ក្រសួងបរិស្ថាន ឱ្យដឹងថា ថង់ប្លាស្ទិកត្រូវការពេលរំលាយប្រមាណ ១០ ទៅ២០ឆ្នាំ កែវកាហ្វេខ្ចប់យកតាមខ្លួន ចំណាយពេល ៣០ឆ្នាំ បំពង់បឺតប្លាស្ទិកចំណាយពេល ២០០ឆ្នាំ និងដបប្លាស្ទិកចំណាយពេល ៤៥០ឆ្នាំ។
ជារៀងរាល់ឆ្នាំ ប្លាស្ទិកប្រមាណ ៨លានតោន ហូរចូលទៅក្នុងសមុទ្រ ស្មើនឹងឡានដឹកសំរាមធំមួយពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកក្នុងពិភពលោកប្រមាណ ៩០% បានហូរចូលសមុទ្រតាមរយៈទន្លេធំៗចំនួន១០ ហើយក្នុងនោះទន្លេចំនួន៨ គឺឋិតនៅតំបន់អាស៊ី ដែលក្នុងនោះ មានទន្លេមួយហូរកាត់ប្រទេសកម្ពុជា គឺទន្លេមេគង្គ៕









