វិភាគ៖ តើ​នរណាជា​​ឧបសគ្គ​ដល់​ការ​ផ្តល់​សុពល​ភាព​ច្បាប់​សមុទ្រ​UNCLOS?

បើគេស្តាប់ការលើក​ឡើង​របស់​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ គេ​នឹង​ដឹង​ពី​អត្ថ​ប្រយោជន៍​ដ៏សំខាន់​នៃ​ច្បា​​ប់​សមុទ្រ​អន្តរ​ជាតិ​(UNCLOS)។

(UNCLOS) ជា​មូលដ្ឋា​ន​ច្បាប់​រឹង​មាំ និង​មាន​ប្រ​យោ​​ជន៍​​ដ៏មហិមា សម្រាប់​ការ​ពារ​ដែន​សមុទ្រ​កម្ពុជា រួម​ទាំង​ការ​ដោះ​​ស្រាយ​វិវាទ​ដែន​សមុទ្រ ដើម្បី​ទប់ស្កាត់​ប្រទេស​ឈ្លាន​ពាន។

ប៉ុន្តែ​ជាចម្ងល់ហេតុអ្វីបានជាមេដឹកនាំគ្រួសារ​ហ៊ុន ដឹក​នាំ​ប្រទេស​ជាង​៤០​ឆ្នាំ​ទៅ​នេះ មិនទា​ន់រុញ​ច្បាប់​នេះ​ឱ្យ​ទៅ​សភា​អនុម័ត ដើម្បី​ការ​ពារ​ដែន​សមុទ្រ​ខ្មែរ ទោះ​មាន​ការ​ចោទ​ប្រកាន់​ថា​ថៃ និង​វៀត​ណាម បាន​រំលោភ​យកប្រ​ជុំ​កោះ និង​ដែន​សមុទ្រ​ខ្មែរ​មួយ​ចំនួន​នោះ។

បើយើង​សិក្សា​ពី​ប្រវត្តិ​មេដឹកនាំ​ចាស់​វស្សា លោក ហ៊ុន សែន ដែល​បាន​ចេញ​ដំណើរ​ពី​ការ​លើក​បន្តុប​ពីសំណាក់​មេដឹក​​នាំ​វៀត​ណាម គេ​អាច​ធ្វើការ​វិភាគ​បាន​លើប​ញ្ហា​ទាំង​នេះ ប្រទាក់​ក្រឡាគ្នា​ដែល​អាច​ជា​មូលហេ​តុ​ចម្បង​បង្ក​ជាឧ​បសគ្គ​ដល់​ការ​រុញ​សុពលភាព​លើ UNCLOS

ទាំងនេះជាចម្ងល់ថា តើនរណា​ជាឧបសគ្គដល់ការ​ផ្តល់​សុពល​ភាព​ច្បាប់​សមុទ្រ​UNCLOS?

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់​ថា ការ​យក​ច្បាប់​សមុទ្រ​មក​ប្រើប្រៀប​ដូច​ជា​លុប​ចោលស​ន្ធិ​សញ្ញា​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន ស៊ីញ៉េ​ជាមួយ​វៀត​ណាម​ នាស​ម័យ​វៀត​ណាម​ត្រួត​ត្រា​កម្ពុជា។

លោកថា ឥទ្ធិពលនេះបានស្តែងចេញ​អំឡុង​​ឆ្នាំ២០០៥ ដែល លោក ហ៊ុន សែន គំរាម​រំលាយ​ស្ថាប័ន​ព្រះមហាក្សត្រ​ចោល បើ​មិន​ព្រម​ទទួល​ស្គាល់​សន្ធិស​ញ្ញា​ខុស​ច្បាប់​មួយ​នេះ។

ក្នុងន័យនេះ លោក អ៊ុំ សំអាន វិភាគ​ថា ឧបសគ្គ​ចម្បង​មួយ​ទៀត គឺ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ស្នើ​រដ្ឋសភា​ឱ្យ​ផ្តល់​សច្ចាប័​ន​ច្បាប់​សមុទ្រ​UNCLOS​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​សន្ធិ​សញ្ញា​តំបន់​ទឹក​ប្រវត្តិ​សាស្រ្តនេះ​ ដែល​លោក ហ៊ុន សែន ធ្វើ​ឱ្យ​បាត់​បង់​កោះ​ត្រល់ កោះ​ក្រចក​សេះ រួម​ទាំង​ដាក់ដែន​សមុទ្រ​ជាមួយ​វៀតណាម​ចំនួន​១០​ពាន់​គីឡូម៉ែត្រ​ការ៉េ​ ធ្វើ​ឱ្យ​បាត់​បង់​ដែន​សមុទ្រ​ខ្មែរ​ចំនួន៣០​ពាន់​គីឡូម៉ែត្រ​ការ៉េ​ផង​ដែរ។

លោកថា«គាត់​សុខចិត្តគំរាមស្តេច​ឲ្យ​ស៊ីញ៉េ​ទៅ​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​សន្ធិ​សញ្ញា​នា​ទសវត្សទី​៨០​រស់​ឡើង​វិញ​ រឿង​អី​គាត់​ទៅ​ឲ្យ​សភា​ផ្តល់​សច្ចាប័ន​ដើម្បី​យក​ច្បាប់​សមុទ្រ​(UNCLOS) នោះ​ម​ក​ប្រើ​ដើម្បី​លុប​ចោល​អាស​ន្ធិ​សញ្ញា​ស្តីពី​តំបន់​ទឹក​ប្រវត្តិ​សាស្រ្ដ​ឆ្នាំ​១៩៨២ ដែ​លគា​ត់​ស៊ី​ញេជា​​មួយ​វៀត​ណាម!ដូច្នេះ​គាត់​មិន​ធ្វើ​ទេ ព្រោះ​កាល​​ណា​យើង​យក UNCLOS ម​ក​ប្រើដូ​ច​ជា​មក​លុប​ចោល​អាសន្ធិ​សញ្ញា ស្ដីពី​តំបន់​ទឹក​ប្រវត្តិ​សាស្រ្ដឆ្នាំ​១​៩​៨​២ ​​ដែល​គាត់​ស៊ីញ៉េ​ជា​មួយ​វៀតណាម​ដែល​កាត់​កោះ​ត្រល់​ កោះ​ក្រចក​សេះ ហើយ​នឹង​ដែន​សមុទ្រ​ខ្មែរ​ទៅ​ឲ្យ​វៀត​ណាម»

បើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែនរូបនេះ តុលាការ​យុត្តិធម៌អន្តរ​ជាតិ តម្រូវ​ឱ្យ​ផ្តល់​ស​ច្ចា​​ប័ន​ច្បាប់​សមុទ្រ​​នេះ​សិន ទើប​គេ​ព្រម​កាត់​ក្តី​ឱ្យ ហើយ​ថា កោះ​ត្រល់ កោះ​គុត តំប​ន់​សមុ​ទ្រត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ នឹង​បាន​មក​កម្ពុជា​វិញ​ បើ​កម្ពុជា​ផ្តល់​ស​ច្ចា​ប័ន​លើ​ច្បាប់​សមុទ្រ​(UNCLOS) ហើយ​ប្តឹង​ករណី​រំលោភ​បំពាន​នេះ​ទៅតុលាការ​យុត្តិធម៌​អន្តរ​ជា​តិ​​(ICJ)។

លោក​ថា៖ «លោក ហ៊ុន សែន យល់​ថា​វៀត​ណាម​ជាអ្ន​ក​មាន​គុណ​បំណាច់​ចំពោះ​ខ្លួន ដែល​បាន​លើក​បន្តុប​ឲ្យ​ខ្លួន​កាន់​អំណាច​តាំង​ពី​ទសវត្សរ៍​ទី​៨០​មក។ អ៊ីចឹង​ហើយ​ទើប​គាត់​កាន់​អំណាច​៤០​​ឆ្នាំ ហើយ​គាត់​មិន​ព្រម​ស្នើ​ទៅរ​ដ្ឋ​សភា​ ដើម្បី​ផ្តល់​សច្ចា​ប័ន​ទៅ​លើ​ច្បាប់​សមុទ្រ UNCLOS នោះ​ទេ ព្រោះ​ប៉ះ​ពាល់​ទៅដ​ល់​ចៅហ្វា​យរ​បស់​គាត់​ ជាពិសេស​ប៉ះ​ពាល់​ទៅដល់​កោះ​ត្រល់​ជា​របស់​ខ្មែរ​ដែល​វៀត​ណាម​កំពុង​កាន់​កាប់»

បើតាម លោក សំអាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពី​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ គិត​​ត្រឹម​​​ខែ​​តុលា ឆ្នាំ​​២០២៤ មាន​១៧០​​ភាគី បាន​​ផ្តល់​សច្ចា​​ប័​ន​លើ UNCLOS ក្នុង​នោះ១៦៦​ប្រទេស ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ ១៤ប្រទេស​ជា​សមាជិក​អង្គ​ការ​សហប្រជា​ជាតិ​បាន​ចុះ​​ហត្ថ​​លេខា ប៉ុន្តែ​មិន​ទាន់​ផ្តល់​​សច្ចា​​ប័ន ដែល​​ក្នុង​នោះ​​មាន​​កម្ពុជា ហើយ​​១៦​ប្រទេស​ផ្សេង​​ទៀត​​មិន​​បាន​ចុះ​​ហត្ថ​លេខា ឬ​ផ្តល់​សច្ចា​ប័ន។

ក្រុមប្រឹក្សាជាតិតស៊ូដឹកនាំដោយ លោក សម រង្ស៊ី ក៏​បាន​ចេញ​សេចក្តី​​ថ្លែង​​ការ​ណ៍​ ជំរុញ​ឱ្យ​នាយ​ក​រដ្ឋ​មន្រ្តី​​កម្ពុជា លោក ហ៊ុន ម៉ាណែត ស្នើ​​ទៅ​​រដ្ឋ​​សភា​​ឲ្យ​​ផ្តល់​​សច្ចា​​ប័ន​​លើ​ច្បាប់​​សមុទ្រ​UNCLOS ហើយ​​យក​​សំណុំ​​រឿង​​កោះ​​គុត និង​​ករណី​​​សមុទ្រ​ទំហំ ២៦០០០​គីឡូ​​ម៉ែត្រ​​ការ៉េ ដែល​​រដ្ឋាភិ​បាល​​ថៃ និង​​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត អះ​​អាង​​ថា ត្រួត​​ស៊ី​​​គ្នា​​​នោះ រួម​​​ទាំង​​កោះ​ត្រល់​​ផង ទៅ​​ប្តឹង​​នៅ​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​​ជាតិ​(ICJ​)​ដោយ​​មិន​​ត្រូវ​​ឲ្យ​​ខក​​ខាន​​​ទៀត​​ទេ។

ដោយឡែក គ​ណបក្សកម្លាំងជាតិ កាលពី​ថ្ងៃ​ទី​១៩ ខែ​​ឧសភា ឆ្នាំ​២០២៥​នេះ​ តាម​រយៈ​លិខិត​ចំហរ​មួយ​ស្នើ​​ឲ្យ​​រដ្ឋាភិបាល​​​ដាក់​​បញ្ជូល​​អនុ​​សញ្ញា​​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ ស្តី​​ពី​ច្បាប់​​សមុទ្រ (UNCLOS) ជូន​រដ្ឋ​សភា​ដើម្បី​ផ្តល់​សច្ចា​ប័ន។

សម្រាប់គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ  (UNCLOS) ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​ពារ​បូរ​ណ​ភាព​ព្រំ​ដែន​សមុទ្រ ព្រម​ទាំង​ជា​បទ​ដ្ឋាន​គតិ​យុត្តិ​អន្តរ​ជាតិ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​​សមុទ្រ​ដោ​យ​ស​ន្តិ​វិធី និង​យុត្តិ​ធម៌​តាម​​គោល​ការណ៍​ជាមួយ​ប្រទេស​ជិត​ខាង​ទៀត​ផង។

ជាងនេះទៅទៀត ចៅក្រមអន្តរជាតិ​ដែន​សមុទ្រ លោក ហឺរីនូស៊ី អតីត​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​​លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន (UNCLOS) នេះ​​​ឲ្យ​បាន​ឆាប់​ផង​ដែរ ដើម្បីបង្កើនភាពងាយស្រួលដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសវៀតណាម និងថៃ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​បន្ត​បិទបាំងរឿងនេះ ដើម្បី​​តែចង់ក្តោប​អំណាច​តពូជនាពេលនេះ វាហាក់មិនអាចបិទបាំងពីក្រសែភ្នែក របស់​មហាជន​​បានទេ នាសម័យបច្ចេកវិទ្យាដែលពលរដ្ឋទទួលបានព័ត៌មានពីគ្រប់ទិសទីនោះ។

លោកមើលឃើញថា ជម្រើសតែមួយគត់ ដែលលោក ហ៊ុន សែន អាចលាងជម្រះការចោទថា កាត់​ទឹកដីឱ្យបរទេស ដើម្បីតែអំណាច គឺត្រូវរុញឱ្យសភាផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOS​នេះ បើពុំនោះទេលោកថា មេដឹកនាំរូបនេះ នឹងបន្តជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាក្បត់ជាតិ។

សម្រាប់​ លោក ម៉ែន ណាត ច្បាប់សមុទ្រ UNCLOS ជាកិច្ច​ព្រម​​​ព្រៀង​​​អន្តរ​​​ជាតិ ​ដែ​ល​​​បង្កើត​​ក្រប​​ខ័ណ្ឌ​​ច្បាប់​​សម្រាប់​​រាល់​​​សកម្ម​​ភាព​​​មាន​​ជ​​ម្លោះ​​​ដែ​​​ន​​​សមុទ្រ និង​​​​ដែន​​​កោះ រវា​ង​ប្រទេស​និង​ប្រទេស ហើយថា បើកម្ពុជាមានច្បាប់នេះ កម្ពុជា​នឹងអាចប្តឹងទាមទារដែនសមុទ្រ និងកោះត្រ​​ឡប់មកវិញពីវៀតណាម និងកោះគុតពីប្រទេសថៃ។

លោកថា«រដ្ឋាភិបាលកម្ពុជាមិនទាន់លើបញ្ហាច្បាប់សមុទ្រ​មក​ជជែក​គ្នា ឬ​ក៏​ឲ្យ​រដ្ឋសភាផ្ត​ល់​សច្ចា​ប័ន​ទំនង​ជា​រដ្ឋាភិ​បាល​ លោក ហ៊ុន សែន ខ្លាច​យើង​ជំរុញ​ឲ្យ​កម្ពុជា​ប្ដឹង​វៀត​ណាម ព្រោះ​បញ្ហា​កោះ​ត្រល់និ​ង​បញ្ហាកោះ​ក្រចក​សេះ ព្រមទាំ​ង​ដែន​​សមុទ្រ​ប្រមាណ​៣ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​ យួន​ដណ្តើមកា​ន់កា​ប់​ហ្នឹង! ឥឡូវ​ហ្នឹង វា​នៅ​ក្នុង​ដែន​គ្រប់​គ្រង​របស់​យួន​នៅឡើ​យ​ ហើយ​នៅ​ក្នុង​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ​១ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត វា​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព។ ជាមួយថៃ លោក ហ៊ុន សែន ស្រួល ប៉ុន្តែជាមួយវៀតណាម ជំពាក់គុណគេ»

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប​ឱ្យ​ឡើង​កាន់​អំណាច​កំពូល​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៩​​ម​ក រងការរិះគន់ថា ធ្វើឱ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម ទាំងដីគោក និងប្រជុំកោះ មាន​កោះ​ត្រល់​ជាដើម រួមទាំងបានគំរាមរំលាយរបបរាជានិយមអាស្រ័យ​ធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតា​វៀត​ណាម​លេបទឹកដី តាមរយៈធ្វើឱ្យសន្ធិ​សញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញនៅឆ្នាំ២០០៥។

ជ្រុងមួយទៀត ដែលជាមូលដ្ឋានវិភាគជុំវិញអាថកំបាំង​ នៅពីក្រោយការមិនផ្តល់សច្ចាប័នលើច្បាប់​សមុទ្រ UNCLOS ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រនេះ គឺ លោ​ក ហ៊ុន សែន បានឡើងកាន់​តំណែងនាយក​រដ្ឋមន្ត្រីកម្ពុជា ក្រោយចាប់ខ្លួន​លោក ប៉ែន សុវណ្ណ ខណៈ លោក ប៉ែន សុវណ្ណ ត្រូវគេអះអាងថា បានប្រឆាំងខ្លាំងក្លា​ទៅនឹងការស្នើសុំឱ្យ​កាត់ដីខ្មែរផ្នែកខ្លះតាមព្រំដែនឱ្យទៅវៀតណាម និងប្រឆាំងនឹងការស្នើបញ្ជូលនិគមន៍ជនវៀតណាម ចូលកម្ពុជា។

វិទ្យុបារាំងអន្តរជាតិ បានចុះផ្សាយនៅអំឡុងខែតុលា ឆ្នាំ២០១៦ថា នៅក្នុងសម័យសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ កាន់តំណែងជានាយករដ្ឋមន្ដ្រី​បានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៨១។

លោកត្រូវបានចាប់ខ្លួនដោយជំនាញការ​វៀតណាម នៅថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​១៩៨១ និងបញ្ជូនទៅឃុំ​ខ្លួន​នៅប្រ​ទេស​វៀត​ណាម​​អស់​រយៈ​ពេល១០ឆ្នាំនិង៥២ថ្ងៃ។

ប្រភពនោះបញ្ជាក់ថា ក្នុងសៀវភៅ សុបិននិង​ការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថ ទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ ។

មួយទៀតបណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជា ពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។

ប៉ុន្តែ សំខាន់ជាងនេះ  លោក ប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោក ដែលជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហម​ភូមិភាគបូព៌ាប្រឆាំង​នឹងប៉ុលពត ដែលគេ​ស្គាល់ថា ជាក្រុមលោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន គឺទំនាស់​ប្រជែងអំណាច រវាងចរន្តទាំងពីរនេះហើយ ដែលធ្វើឲ្យ​វៀត​ណាម​​​បារម្ភ ហើយ​បង្ខំចិត្តកម្ចាត់ចោលមួយ។

ការអះអាងរបស់លោក លោក វ៉ាន់ឌី កាអុន ហាក់ស៊ីគ្នាខ្លះ ទៅនឹងការលើកឡើងរបស់ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែ​​មករា ឆ្នាំ​២០២២ ដែល លោក ហ៊ុន សែន បានប្រតិកម្ម ជុំវិញការចោទ​ពី​ការ​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ នៅ​​ឆ្នាំ​១៩៨១ ធ្វើតាម​ខ្សែ​ញាក់​របស់​វៀត​ណាម។

បើតាមលោក ហ៊ុន សែន បានប្រតិកម្មពេលនោះថា ការចាប់ខ្លួន លោក ប៉ែន សុវណ្ណ ពេលនោះ ដោយសារតែអតីតនាយករដ្ឋមន្ត្រីសម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​រូប​នោះ មានផែន​ការក្បត់បក្ស រួមទាំងការច្បាមអំណាចក្នុង​ជួរ​រដ្ឋាភិបាល និងជាមនុស្សស្អប់វៀតណាម បើទោះ​​បីលោក ប៉ែន សុវណ្ណ បានរត់ទៅនៅវៀតណាម តាំងពីអាយុ​១៥​ឆ្នាំ និង​យក​ប្រពន្ធវៀតណាម​ក៏ដោយ។

យ៉ាងណា លោក ហ៊ុន សែន បានទទួលស្គាល់ថា លោក​ជា​អ្នក​ឡើង​ទៅ​ចាប់ លោក ប៉ែន សុវណ្ណ ដល់​លើ​ផ្ទះ​ដែល​ការណ៍​នេះ​​ដូច​គ្នា​ទៅ​នឹង​ការ​បញ្ជាក់​របស់ លោក វ៉ាន់ឌី កាអុន ថា ការចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ធ្វើ​ឡើង​ដោយ​ជំនាញ​ការ​​វៀត​ណាម នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៨១។

លោក ប៉ែន សុវណ្ណ មានស្រុកកំណើតនៅខេត្តតាកែវ តែលោក​បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ ។

ភស្តុតាងខាងលើនេះ ក៏ជាជ្រុងមួយ​ដែល​លោក​អ្នក​អាច​វិភាគ​ដោយ​ខ្លួន​ឯង​បាន​ថា តើ​មូលហេតុ​នៅ​ពី​ក្រោយ​ការដែ​ល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​មិន​ព្រម​ផ្តល់​សច្ចា​ប័ន លើ​ច្បាប់​សមុទ្រUNCLOSE ដើម្បី​ការ​ពារ និ​ង​ទាម​ទារ​ដែន​សមុទ្រ និង​ប្រជុំ​កោះ ពី​​ប្រទេស​ឈ្លាន​ពាន​មក​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ