កម្ពុជាបានបញ្ជាក់ជំហរជាថ្មីទៀត ពីការមិនដកថយក្នុងការប្តឹងថៃទៅតុលាការអន្តរជាតិ ICJ ជុំវិញការរំលោភបំពានប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបីក្នុងខេត្តព្រះវិហារ ទោះភាគីថៃបោះដៃសុំដោះស្រាយត្រឹមកម្រិតទ្វេភាគីក្តី។
កម្ពុជាសំអាងថា ការមិនដកថយនេះ ជាការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយមិនញញើតដៃ រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា និយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៤ ខែមិថុនានេះថា ការជំរុញសំណុំរឿងព្រំដែនទៅកាន់(ICJ)នេះ គឺជាការប្រឆាំងទៅនឹងការវាយប្រហារដោយមិនញញើតដៃរបស់កងទ័ពថៃ ដែលថា ជាការរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២000។
បន្ថែមពីនេះ ការប្រើប្រាស់យន្តការអន្តរជាតិនេះ ដើម្បីជាប្រយោជន៍ដល់ការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ មិនលំអៀង និងនិរន្តរភាព។
កម្ពុជាគូសបញ្ជាក់ថា កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូននូវវិវាទចំនួនបួននេះ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJនៅទីក្រុងឡាអេ។
លើសពីនេះ គម្រោងជួបជាមួយភាគីថៃ នៅថ្ងៃទី១៤ ខែមិថុនាខាងមុននេះផងដែរ «កម្ពុជានឹងមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅ ICJ រួចហើយ»។
ការដែលកម្ពុជា ប្តឹងថៃទៅតុលាការអន្តរជាតិ(ICJ) នេះ ក្រោយពីមេទ័ពកម្ពុជាអះអាងថា កងទ័ពថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៥:៣០នាទីព្រឹក បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ដែលគេទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត គឺព្រឹន្ធបាលឯក សួន រ៉ោន។
ការបញ្ជាក់ជំហររបស់កម្ពុជា គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែផងថាន ស៊ីណាវ៉ាត្រ ដែលបានប្រាប់អ្នកសារព័ត៌កាលពីថ្ងៃទី៤ ខែមិថុនា ដែលថា ក្រសួងការបរទេសថៃ ត្រៀមធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ដើម្បីចរចាបញ្ហាព្រំដែនជាមួយកម្ពុជា។
អ្នកស្រីបន្តថា រដ្ឋាភិបាលថៃ សង្កត់ធ្ងន់លើការចរចាទ្វេភាគី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងប្រឈមមុខដាក់គ្នានេះ។
អ្នកស្រីថា៖ «យើងមានទំនុកចិត្តថា ថៃនិងកម្ពុជាអាចដោះស្រាយបញ្ហាជាមួយគ្នាជាអ្នកជិតខាងល្អ ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ ឈរលើស្មារតីអនុសញ្ញានៃការយោគយល់គ្នា»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៥ ខែមិថុនានេះថា លោកគាំទ្រការជំរុញសំណុំរឿងព្រំដែន ទៅតុលាការអន្តរជាតិICJ ។
លោកបញ្ជាក់ថា មានតែយន្តការអន្តរជាតិនេះទេ ទើបអាចបញ្ចប់កម្តៅព្រំដែននេះ ដោយមិនចាំបាច់បង្ហូរឈាមគ្នា និងមានទំនុចចិត្តពីប្រជាពលរដ្ឋទាំងថៃ និងកម្ពុជា។
លោកថា៖ «ហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរគាំទ្រនូវចំណាត់ការ និងវិធានការបែបហ្នឹង ពីព្រោះយើងឃើញថាមានតែយន្តការអន្តរជាតិតែមួយគត់ដែលអាចដោះស្រាយទំនាស់បាន ព្រោះការចរចាទ្វេភាគីរវាងកម្ពុជានិងថៃ យើងនឹងអាចចាញ់ប្រៀបគេចាញ់ប្រៀបគេ ដោយសារឯកសារទាក់ទងទៅនឹងភាពខ្សោយរបស់យើងទាំងសេដ្ឋកិច្ច និងយោធាចឹងកាលណាយើងខ្សោយសេដ្ឋកិច្ចនិងយោធាហើយ ភាគច្រើនយើងពឹងទៅលើគេមួយចំនួនផ្នែកសេដ្ឋកិច្ច ច្បាស់ជាការចរចាទ្វេភាគីរវាងកម្ពុជានិងថៃ បានទទួលបានជាផលប្រយោជន៍ដល់កម្ពុជាខ្លាំងទេ»។
ប្រហាក់ប្រហែលគ្នានេះដែរ ពលករខ្មែរនៅប្រទេសជប៉ុន លោក ឈិន សុធា គាំទ្ររដ្ឋាភិបាល ជុំវិញការជំរុញបញ្ហាព្រំដែននេះ ទៅតុលាការអន្តរជាតិICJ។
លើសពីនេះ លោកថា កម្ពុជាត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS ផងដែរ ដើម្បីការពារដែនសមុទ្រ និងកោះ ពិសេសកោះគុត ដែលថៃកំពុងគ្រប់គ្រង និងកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវវៀតណាមរំលោភយកគ្រប់គ្រងច្រើនឆ្នាំទៅនេះ។
លោកថា៖ «ខ្ញុំថាបើសិនជាបន្តការប្ដឹងទៅកាន់អន្តរជាតិ ខ្ញុំសូមឲ្យបន្តប្ដឹងបញ្ជូនករណីព្រំដែនទឹកជាពិសេសករណីកោះគុតហ្នឹង គឺទៅតែមួយតែម្តងទៅ ពីព្រោះយើងឃើញថាបណ្ដឹងលើកនេះ គឺពាក់ព័ន្ធជាមួយនឹងកម្ពុជានិងខាងភាគីថៃ អ៊ីចឹងនៅពេលដែលយើងប្ដឹងទៅកាន់តុលាការអន្តរជាតិ គឺដូចលោកហ៊ុន សែន ក៏បានលើកហើយគឺគាត់ឱ្យសំអាងទៅកាន់យកផែនទីបារាំងសៀម ជាផែនទីគោលនៅក្នុងការដាក់ពាក្យបណ្ដឹងហ្នឹងអ៊ីចឹង បើផែនទីបារាំងសៀមជាផែនទីគោលបានន័យថា នៅក្នុងនោះគឺព្រំដែនទឹករបស់យើង ជាពិសេសកោះគុតស្ថិតនៅក្នុងព្រំដែនបារាំងសៀមដែរ»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះថា ជារឿងត្រឹមត្រូវ ហើយបន្ថែមលើនេះ ដើម្បីបង្ហាញការឆន្ទៈការពារបូរណភាពទឹកដីមែនទែនទៀតនោះ រដ្ឋាភិបាលត្រូវស្នើរដ្ឋសភាផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOS ដើម្បីសើរើទាមទារកោះគុត កោះត្រល់ ចង្កោមកោះក្រចកចេះ រួមទាំងតំបន់ត្រួតស៊ីគ្នា ជាមួយវៀតណាម និងថៃផងដែរ។
លោកថា៖ «នៅពេលដែលកម្ពុជា រដ្ឋាភិបាលប្ដឹងសំណុំរឿងទំនាស់ព្រំដែនគោករវាងកម្ពុជាថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងប្ដឹងសំណុំរឿងសិនក៏បានដែរ អត់បញ្ហាទេ ប៉ុន្តែនៅបន្ទាប់មកទៀតកម្ពុជាមិនត្រូវភ្លេចក្នុងការផ្តល់សច្ចាប័នទៅលើច្បាប់សមុទ្រUNCLOSទេ ពេលដែលផ្តល់អាជ្ញាប័ណ្ណរួចរាល់ហើយកម្ពុជាអាចរៀបចំឯកសារប្ដឹងប្រទេសថៃ លើតំបន់កោះគុត ហើយនិងតំបន់ត្រួតស៊ីគ្នាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ»។
យ៉ាងណា បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង ដែលបានបែងចែកព្រំដែន តាំងពីអំឡុងសម័យអាណានិគមបារាំង។
ចាប់តាំងពីទទួលបានឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
កម្ពុជាបានផ្តល់អាទិភាពដល់ការដោះស្រាយដោយសន្តិវិធីនៃបញ្ហាព្រំដែន ទោះបីជាប្រឈមមុខនឹងភាពតានតឹងម្តងម្កាល និងការបាត់បង់អាយុជីវិតដ៏គួរឱ្យសោកស្ដាយក្នុងចំណោមទាហាន ដែលឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លើសពីនេះ កម្ពុជា សោកស្ដាយការបើកការវាយប្រហារ ពីសំណាក់ទាហានថៃ កាលពីថ្ងៃទី២៨ ខែឧសភា ដែលជាការរំលោភបំពានថ្មីទៀតនេះ កម្ពុជាត្រូវប្តឹងទៅតុលាការ(ICJ) ដើម្បីជាប្រយោជន៍ដល់ការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ មិនលំអៀង និងនិរន្តរភាព នៃបូរណភាពទឹកដី៕