សហមេធាវីថា លោក កឹម សុខា នឹង​គាំទ្រ​ការ​ប្តឹង​ថៃ​ទៅ​(ICJ)​បើ​មាន​សិទ្ធ​និយាយ

នៅចំពេលដែល​ស្ថាន​ការណ៍​នយោបាយ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ កំពុង​មាន​ភា​​ព​រង្គោះ​​រង្គើ​​សា​​រ​ជា​ថ្មី​ទៀត​នេះ សម្រាប់​សហមេ​ធាវី​តំណាង​ដោយ​អាណត្តិរ​បស់​ លោក កឹម សុខា បាន​លើក​ឡើ​ង​​ថា ​​បើ​នៅ​​ពេ​​ល​នេះ ​កូ​​ន​ក្តី​​របស់​​ខ្លួន​អាច​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​សំដែង​មតិ​បាន អំឡុង​ពេល​អនុវត្ត​ទោស ម៉្លេះ​​លោ​ក កឹម សុ​​ខា ក៏​មាន​ជំហរ​ស្របនឹ​ង​រដ្ឋាភិបាល​ដែរ ក្នុង​ការ​នាំ​យក​វិវាទ​នេះ ទៅ​ដោះ​​ស្រា​​យ​​គ្នា​​​​នៅ​​​​​​ឯតុលាកា​រ​​យុ​ត្តិ​ធម៌​អន្តរជាតិ ទីក្រុង​ឡាអេ។

ដំណាលគ្នានឹងការ​ប្រកាសរបស់រដ្ឋាភិបាលនេះ ក្រុមសហមេធាវីតំណាងដោយអាណត្តិរបស់ លោក កឹ​ម សុខា ក៏បានលើកឡើងដែរថា អ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានបំណងថា​នឹងប​ញ្ជូ​ន​សំ​ណុំ​រឿ​ង​នេះ ទៅដល់ដៃតុលាការអន្តរជាតិ ជំហរនេះ​ក៏មិនខុសគ្នាដែរ ពីកូនក្តីរបស់ខ្លួន គឺលោក កឹម សុខា។

តាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមិថុនា លោកស្រី ម៉េង សុ​ភារី ឱ្យ​ដឹ​ង​​ថា កូនក្តីរបស់លោកស្រី គឺអ្នកនយោបាយដែលមានភក្តីភាព​​ចំពោះផលប្រយោ​ជន៍ជាតិជា​ធំ​។ ជា​ង​នេះ​ទៀត​ ស្ថិតក្នុងស្ថានភាពដូចនេះ ប្រសិនបើលោក កឹម សុខា មានសេរីភាព ប្រាកដណាស់​កូ​ន​ក្តីរ​បស់​លោកស្រី នឹងចេញសារគាំទ្រ​គោល​ជំហរ​របស់​រដ្ឋាភិ​បាល ទាក់​ទង​ជម្លោះ​ព្រំដែន​នេះ តា​​​ម​​​រយៈ​​​យន្តកា​រអ​ន្ត​រ​​ជាតិមិនខានឡើយ។

សារក្នុងសម្តីថា៖ «ខ្ញុំដឹងច្បាស់ថា ឯកឧត្តម កឹម សុខា តែងតែតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេ​ស​ ការឯ​កភា​ព​ជាតិ បូរណភាពដែនដី សាមគ្គីភាពចំពោះបញ្ហាជាតិធំៗ។ ខ្ញុំយល់​ថា ក្នុង​កាលៈ​ទេសៈ​នេះ ប្រសិន​បើ​ឯកឧត្តម កឹម សុខា មាន​សេរីភាព គាត់​ច្បាស់​ជា​​ថ្លែ​ង​​សា​​រ​គាំទ្រ គោលជំហររបស់រាជរដ្ឋា​ភិបាល​​អំពី​បញ្ហាព្រំ​ដែន​តាម​រយៈ​យន្តការអន្តរជាតិជាមិនខាន »។

ហាក់មិនខុសគ្នាទេ លោកមេធាវី ចាន់ ចេន សហមេធាវីតំណាងដោយអាណត្តិម្នាក់ទៀត របស់លោក កឹម សុខា លើកឡើងតាមរយៈសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២ ខែ​មិថុនា​ដែរថា ប្រា​ក​ដ​ណាស់កូនក្តីរបស់លោក ក៏​ជាអ្នកដែលប្រ​កាន់គោល​ការណ៍ប្រ​ឆាំង​កា​រឈ្លាន​ពាន​រប​​ស់​​ប​​រទេស ដូច​គ្នា​ទៅ​​នឹ​ងបំណងរបស់រដ្ឋាភិបាលដែរ។

ជាពិសេស លោក កឹម សុខា តែ​ង​​ប្រកាន់​ជានិច្ច​នូវ​ស្មា​​រតីសមាគ្គីជាតិ ឯ​ក​ភាពជាតិ និងរក្សា​ផល​ប្រយោ​ជន៍​ជាតិជាធំ។ លើសពីនេះទៅទៀត លោក ចាន់ ចេន មានសុទិដ្ឋិនិយមថា ប្រសិនបើកូនក្តីរបស់លោក មា​ន​សេ​រីភា​ព​ក្នុង​ការសំ​ដែងមតិបាន ច្បាស់ណាស់ លោក កឹម សុខា នឹងថ្លែងសារគាំទ្រ ការសម្រេច​ចិត្តនៅ​ពេ​ល​​​នេះ​​របស់​រដ្ឋាភិ​បាល។

ប៉ុន្តែ​ស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលត្រូវ​បង្ហាញពីឯកភាពជាតិ និង​សាមគ្គី​ជា​​​ធ្លុងមួ​យផ្ទៃក្នុ​ងកម្ពុជា​នេះ បែ​រ​​ជា​ លោក កឹម សុខា ត្រូវរស់នៅដោយការហ៊ុំព័ទ្ធដោយសំណុំរឿង ហើ​យ​មិនអាចបង្ហាញ​ពីចិត្ត​ស្មោះ​ស្ម័​គ្រ​​​ពី​ការ​ឯក​ភា​ពជាតិ និងសាមគ្គីជាតិបាន។

សារក្នុងសម្តីដើម៖ «ក្នុងនាមខ្ញុំដែលធ្លាប់ជាសហការី និងជាមេធាវីរបស់ ឯកឧត្តម កឹម សុខា ខ្ញុំយល់ដឹងច្បាស់ណាស់ថា ឯកឧត្តម កឹម សុខា គឺជាមេដឹកនាំដែលប្រកាន់យកនូវគោលការណ៍ប្រឆាំងនឹងអំពើឈ្លាន​ពានរបស់បរទេស ដោយឈរលើស្មារតីសាមគ្គីជាតិ ឯកភាពជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ  ដូច្នេះ​ក្នុងកាលៈទេសនេះ ខ្ញុំជឿជាក់ថាបើសិនណាជាឯកឧត្តម កឹម សុខា មានសិទ្ធិសេរីភា គាត់ច្បាស់ជាចេញសេចក្តីថ្លែងការណ៍គាំទ្រនូវគោលជំហ៊ររបស់រាជរដ្ឋាភិបាល ដែលជ្រើសរើសយយន្តការណ៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហជម្លោះបូរណភាពទឹកដីជាមួយប្រទេសជិតខាងនេះ »។

បន្ថែមលើសារ ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើប​ទ​ទួ​ល​បា​ននៅថ្ងៃនេះ លោកស្រី ម៉េង សុភារី សហមេធាវីតំណាងដោយអាណត្តិ បាន​លើ​ក​ឡើ​​ងថា ក​ង្វ​​ល់​ដែ​លបា​ន​​ប​ង្ហាញនេះ ប្រហែល​ជាមិនអាចទៅរួច​ឡើយ។ លោកស្រីបន្តថា កុំថាឡើយសិទ្ធិ​សេ​​រីភាព​ក្នុង​កា​​រ​​សំ​ដែង​មតិពីកូនក្តីរបស់លោកស្រី ទាក់ទងផលប្រយោជន៍ជាតិ សូម្បីសិទ្ធិដទៃទៀ​ត​ទៀ​ត ដែល​ធានាដោ​យច្បា​​ប់​ក៏​ពិបាកនឹងទទួលបាន​នូវយុត្តិធម៌ណាស់ដែរ។

អ្នកស្រីថា៖ «ថ្មីៗនេះដែរភរិយារបស់ឯកឧត្តម កឹម សុខា ក៏បានត្អូញត្អែរដែរថា ឯកឧត្តម កឹម សុខា ស្នើសុំទៅ​​ពិនិត្យភ្នែក​ ហើយនិងទៅពិនិត្យត្រចៀកតាមវេជ្ជបញ្ជា។ តែតំណាងអយ្យការ នៅមិនទាន់ឆ្លើយតបជាវិជ្ជ​មាន​ណាមួយតាមការស្នើសុំពីឯកឧត្តម កឹម សុខា ដើម្បីបានទៅពិនិត្យភ្នែក និងត្រចៀក នៅឡើយដែរ »

ជុំវិញរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ជាថ្មីទៀតនៅតំបន់មុំបី ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តព្រះវិហារ និង​ទី​តាំ​​ង​​ផ្សេង​​​ទៀត នៅតាមជួរភ្នំដងរែក បានបង្ខំឱ្យលោកនាយករដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ព្រមា​ន​យក​រឿ​ង​ក្តី​នេះ ទៅដោះ​ស្រាយគ្នានៅ​តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។ ប៉ុន្តែ​ក្រោយកា​រ​ព្រ​មាន​​នេះ ភា​គី​ថៃ​បាន​ព្យាយាម​សម្រុះ​សម្រួល ដោយ​អះ​អាង​ថា​នឹង​ដោះ​ស្រាយ​​វិវាទ​នេះតា​ម​យន្តការ​ដែ​​ល​​មា​​នស្រាប់ ​​គឺ​​តាម​​រយៈ​គណៈ​​កម្ម​កា​រ​ចម្រុះព្រំដែន រវាងប្រទេសទាំងពីរ។

VOD មិនអាចស្នើសុំការអត្ថាធិប្បាយ​ទាក់ទងបញ្ហានេះ ពីអ្នកនាំពាក្យ​ក្រសួ​ង​យុ​ត្តិ​ធ​ម៌ ​លោក សេង ឌីណា បានទេ នៅថ្ងៃនេះ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាកា​រទី​ក្រុ​ងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស​ ដោយឃុំខ្លួនៅក្នុ​ងផ្ទះ ចំ​នួ​ន២៧ឆ្នាំ ខណៈស​មត្ថ​កិ​ច្ចចា​ប់ខ្លួ​​នគាត់ ទាំង​ពាក់​ក​ណ្តា​លអា​ធ្រា​ត្រ​​ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

លោកត្រូវបា​នតុលាការចោទប្រកាន់ ​ពីប​ទ​​ក្ប​​ត់ជាតិ ពាក់ព័ន្ធនឹងសំណុំរឿង​ដ៏ចម្រូងច្រាស ដែលចោទថាគ​ប់​​គិត​​ជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន។

យ៉ាងណា ភ្លាមៗ ក្រោយតុលាកាប្រកាសសាលក្រមរផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ។

បើតាមប្រភពនោះ សហរដ្ឋអាមេរិកមានការរំខានចិត្តជាខ្លាំង ចំពោះការផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការ​គោរព។

ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង​ លោក កឹម សុខា ដោយ​ផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា។

សហរដ្ឋអាមេរិក សង្កត់ធ្ងន់ថា ការបដិសេធ​សេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋ​ធម្មនុញ្ញកម្ពុជា បំណង​អន្តរជាតិ និងវឌ្ឍនភាព​កន្លងមក ដើម្បី​ក្លាយ​ជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។

សម្រាប់អាមេរិកបាន​អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកល​ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធ ប្រជាធិបតេយ្យពិតប្រាកដមួយ។

សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យ​ល់​ឃើ​ញ​​ថា តាមពិតទៅសិទ្ធិនៃការបញ្ចេញ​មតិសម្រាប់ជនជាប់ឃុំ មិនត្រូវបាន​ដក​ហូត​នោះ​​ឡើ​យ​​​។

​លោ​កបន្តថា ស្ថិតក្នុងកាលៈទេសៈដូចពេលនេះ លោក កឹម សុខា គួរត្រូវបានលើកទឹកចិត្ត ក្នុងការ​សំ​​ដែ​​ង​មតិ ព្រោះ​​លោកក៏ជាអ្នក​នយោបាយចាស់វង្សា និងមាន​ពិសោធន៍គ្រប់គ្រាន់​​ក្នុងរឿងន​យោបា​យ​​នេះ​​​​ថែ​ម​ទៀ​ត​​ផង។

លោកថា៖ «ខ្ញុំយល់ថា អត់មានអ្វីខុសទេ ពីព្រោះជាការសំដែងមតិរបស់បុគ្គលម្នាក់ៗមានគ្រប់គ្នា។ ជាធម្មតាបុគ្គលមួយរូបៗមានសិទ្ធិក្នុងការសំដែងមតិ ហើយជាពិសេសស្ថិតក្នុងកាលៈទេសៈនេះ បើប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ក៏ដូចជាអ្នកនយោបាយទាំងអស់គួរតែមានការសាមគ្គីគ្នា ហើយគាំទ្រទៅលើរាជរដ្ឋាភិបាល នៅ​ក្នុងការប្តឹងទៅតុលាការអន្តរជាតិ »។

យ៉ាងនេះក្តី បញ្ញត្តិមាត្រា១៩ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា​អន្តរ​ជា​តិ​​ស្តីពី​សិទ្ធិព​ល​រដ្ឋ​ និងសិទ្ធិនយោបាយ បាន​កំណត់ពីការ​​ធា​នា​ការពា​រ​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​សម្តែង​ម​តិ ​និង​គំ​និត​សម្រាប់​ម​នុស្សគ្រប់​រូប ​តាមមធ្យោបាយ​​ដោយ​មិន​គិត​ពី​ព្រំ​ដែន ​ដោយ​ផ្ទាល់​មាត់ ស​រ​សេរ ឬ​បោះ​​ពុម្ព​ក្តី ​តាម​ទម្រង់​សិ​ល្បៈ ឬ​តាម​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ណា​មួយ​តាម​ការជ្រើស​រើស​របស់​ខ្លួន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ