រដ្ឋាភិបាល​មិនអើពើ​ថ្ងៃខួប​​បាត់​បង់​ទឹក​ដី​និង​​ការ​បន្ត​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​​លើ​​ខ្មែរ​ក្រោម

នៅក្នុង​ខួប​៧៦​ឆ្នាំនៃការ​​បាត់​បង់​ទឹក​ដី​​កម្ពុ​ជា​​ក្រោម​ចំនួន​​​២១​​ខេត្ត​​ទៅ​​​វៀត​ណាម សមាគម​​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​ បាន​រៀប​ចំ​​ពិធី​​​រំឭក​​ខួប​​​នៃ​ការ​​បាត់​បង់​ទឹក​ដី​​នេះ ​​តាម​បែប​ព្រះ​ពុទ្ធ​សា​សនា​ ដើ​​ម្បី​រំលឹក​ដល់​ការ​​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ​ដែល​​​បាត់​​បង់​សិទ្ធិ​​សេរីភាព និង​ភាព​ជាម្ចាស់​នៅ​លើ​​​ទឹ​​​កដី​​របស់​ខ្លួន ចាប់​​តាំ​ង​​ពី​អា​ណានិគមន៍​​បារាំង​​បាន​​​កាត់​​ទឹក​ដី​ខ្មែ​រ​​នេះ ​ទៅឱ្យ​វៀតណាម​ត្រួតត្រា​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​​៤​ ​ខែមិ​​ថុនា​​ ឆ្នាំ​១៩៤៩​មក។

យ៉ាងណាក្តី ​នៅក្នុងទិវានៃការ​បាត់បង់ទឹកដីកម្ពុជាក្រោម​ដ៏ឈឺចាប់នេះ គេ​មិន​ឃើញ​រដ្ឋា​ភិបាលគ្រួសារ​ហ៊ុន ជាពិសេស​លោក​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធ​សភា និងលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ ឬក៏មន្ត្រីជាន់ខ្ព​ស់​ពីគណបក្ស​ប្រជាជន​ណា​ម្នាក់ ​បង្ហោះសារលើ​បណ្តាញ​សង្គម​​របស់​ខ្លួន ​​រំឭកពីការ​បាត់បង់ទឹកដីកម្ពុជាក្រោម​​ទៅ​វៀតណាម​នោះទេ។

ប៉ុន្តែ​នៅ​ថ្ងៃទី​៤​ខែមិថុនា ​បណ្តាញ​សង្គម​របស់​លោក ​ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត​ បាន​ផ្សព្វផ្សាយ​ពីជំនួប​ជាមួយ​​នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារប្រ​ទេ​ស និងជាប្រធានអគ្គសេនាធិការ​កងទ័ពប្រជាជនវៀតណាម ដោយ​បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្ត​ភាពជាប្រពៃណី និងយូរ​អង្វែង​ រវាងវៀតណាម និង​កម្ពុជា និងបានលើកឡើងថា ជំនួបជាញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃប្រទេសទាំងពីរ បាន​និងកំពុងជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិ​បត្តិការកាន់តែ​ល្អលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ក្នុង​រយៈ​ពេល​កាន់​អំណាច​ជាង​៤០​ឆ្នាំមក​នេះ គេមិនដែល​ឃើញ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម មើល​ថែឬគោរពសិទ្ធិពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​​ម្តង​ណាឡើយ ខុសស្រឡះ​ពី​មេដឹក​នាំ​វៀត​ណាម​កំពូលៗ ជារឿយៗ​​តែងតែស្នើដល់​មេដឹកនាំ​កម្ពុជាឱ្យយកចិត្តទុកដាក់ និង​បង្ក​លក្ខណៈងាយ​ស្រួល​​ដល់ការ​រស់នៅរបស់ជនជាតិខ្លួន នៅលើទឹកដីកម្ពុជា។

ជាក់​ស្តែង​ថ្មីៗ​នេះទៀត នៅក្នុងជំនួបត្រីភាគីក្រៅផ្លូវការ នាឱកាសចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​៤៦​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នៅទីក្រុងកូឡាឡំពួ ប្រទេសម៉ាឡេស៊ី  ​ខែឧសភា​ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម បានស្នើឱ្យលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឱ្យបន្ត​មើល​ថែ​ផ្តល់ការ​គាំទ្រ​​ដល់ប្រជាជន​វៀតណាម ដែល​កំពុង​រស់នៅក្នុង​ប្រទេសកម្ពុជាជាបន្ត​ទៀត​​។ សម្រាប់​រដ្ឋាភិបាលវៀតណាម​​សុខទុក្ខ​របស់​ពល​រដ្ឋ​​វៀតណាមនៅកម្ពុជា ​មិន​ត្រឹមតែរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​​ទេ ​​តែ​វាក៏អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនងទ្វេ​ភាគី​​រវាង​កម្ពុជានិងវៀតណាមផងដែរ។ នេះ​បើ​តាម​​សារព័ត៌មាន​រដ្ឋ​វៀតណាម​ VNA ចុះផ្សាយកាលពីថ្ងៃទី​២៦ ​ខែឧសភា ​ឆ្នាំ២០២៥។

ព្រះតេជគុណ​ ថាច់ សុធន់ គ្រូសូត្រស្តាំវត្ត​សាមគ្គីរង្សី មានសង្ឃដីកាក្នុង​ពិធី​រំឭកខួប​ដែល​ធ្វើ​ឡើង​នៅការិ​យាល័​យ​សមាគមខ្មែរកម្ពុជាក្រោម ​ក្នុង​សង្កាត់​គោកឃ្លាង ​ខណ្ឌដង្កោ​​ថា ថ្ងៃ​ទី​​៤​ខែ​មិថុនា ​គឺជា​ខួប​​ឈឺ​ចាប់​របស់​ព​លរដ្ឋ​​ខ្មែរក្រោម ដែល​អាណានិគមន៍​បារាំង​បាន​ផ្ទេរទឹកដី​កម្ពុជាក្រោម​ទៅ​ឱ្យវៀតណាម​ត្រួតត្រា​ ដោយ​ពុំ​បាន​សួរខ្មែរ​ដែល​ជាម្ចាស់ទឹកដី ​​ធ្វើឱ្យមាន​សោកនាដកម្ម​​ឈឺ​ចាប់​ដ៏ធំ​ធេង​សម្រាប់​ខ្មែរគ្រប់រូប។

ព្រះ​អង្គបន្តថា ខ្មែរគ្រប់​រូប​​គួរ​ចងចាំនូវ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​នេះ ​ដែល​ជាការ​ចាប់​ផ្តើម​នូវដំណើរដ៏សែន​លំ​បាកនិង​ឈឺ​ចាប់​ ដែល​ម្ចាស់​ទឹក​ដី​បាន​បាត់​បង់​ភាព​ជា​ម្ចាស់​នៅ​លើ​ទឹកដីរបស់ខ្លួន ខណៈ​ដែល​អាជ្ញាធរ​វៀត​​ណាម ​​បាន​ប្រើគ្រប់មធ្យោបាយ ​ដើម្បី​ធ្វើ​ទុក្ខបុក​ម្នេញ​កៀបសង្កត់មក​លើ​ខ្មែរ​ក្រោម​។

ជាមួយគ្នានេះ លោក សឺន ជុំជួន អង្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម បានថ្លែង​ថា បច្ចុប្បន្នអា​ជ្ញា​ធរវៀត​​ណាមនៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងជាបន្តបន្ទាប់ មក​លើសកម្មជនខ្មែរកម្ពុជា​ក្រោម ដែលជា​អ្នកជាតិនិយម ដោយសារពួកគេ តែងតែធ្វើការផ្សព្វ​ផ្សាយពីគោលការណ៍​សិទ្ធិ​មនុស្ស សិទ្ធិជ​ន​ជាតិដើមដែលអនុម័ត​ដោយអង្គការសហប្រជា​ជាតិ។

លោក​បន្តថា ការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ មានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលបង្ហាញថា រដ្ឋាភិបាលវៀតណាម មិនត្រឹមតែមិនមានបំណងគោរពសិទ្ធិមនុស្ស បើក​លំហរសេរីភាពបញ្ចេញមតិ និងសេរីភាពខាងជំនឿសាសនា តាមការដាក់ចេញរបស់​អង្គការ​​សហប្រជាជាតិកាលពីឆ្នាំ២០២៤នោះទេ វៀតណាមថែមទាំងបានធ្វើវិសោធនកម្ម​លើមាត្រាច្បាប់មួយចំនួននៃក្រមព្រហ្មទណ្ឌរបស់ខ្លួន ដើម្បីបង្កើនការរិត​ត្បិត​សិទ្ធិ​សេរីភាព​ថែមទៀតផង។

 បើតាម លោកសឺន ជុំជួន បច្ចុប្បន្នរដ្ឋាភិបាលវៀតណាម បានចាប់ផ្សឹកព្រះ​សង្ឃខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់និងបានចាប់ឃុំខ្លួនសកម្មជនខ្មែរក្រោម​ចំនួន​១៦អង្គ/នាក់ ព្រមទាំងបានវាយកម្ទេចសាលាឆទានមួយ​ខ្នងនៅក្នុងខេត្តឡុងហោ។

លោកថា៖ «​តាម​រយៈ​ពិធីនាពេល​នេះ​អង្គការសមាគមខ្មែរកម្ពុជា​ក្រោមសូមទាមទារ​ដល់​រដ្ឋាភិបាល​វៀតណាម​ដូច​ខាងក្រោម៖ ១-គោរពលិខិតូបករណ៍សិទ្ធិមនុស្សនានាសិទ្ធិ​ជន​ជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​ដែល​បានអនុម័ត​​ហើយ​វៀតណាម​បាន​ផ្តល់​សច្ចាប័នហើយ​ត្រូវដោះ​លែង​ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម​​ចំនួន​១៦អង្គ​និងរូបឱ្យមាន​សេរីភាពឡើងវិញ។ ២-សាង​សង់​សាលា​ឆទាន​ឡើងវិញ​នៅ​ខេត្តឡុងហោ​ដែល​អាជ្ញាធរវៀតណាម​បាន​វាយ​កម្ទេច​រាប​ដល់ដីកាលពីថ្ងៃទី​១ខែមេសាឆ្នាំ២០២៤។៣-​ពិនិត្យឡើង​វិញ​និងធ្វើ​វិសោធនកម្ម​មាត្រា៣៣១​នៃក្រមព្រហ្មទណ្ឌវៀតណាមឱ្យស្របទៅ​តាម​ស្មារតី​នៃរដ្ឋធម្មនុញ្ញ​វៀតណាមនិង​គោលការ​ណ៍សិទ្ធិមនុស្ស​ដែល​វៀតណាម​បាន​ផ្តល់​សច្ចាប័ន។៤-​បញ្ឈប់​រាល់ការគំរាមកំហែង​គ្រប់​រូបភាពមកលើពលរដ្ឋខ្មែរក្រោម​ចាប់ពីពេល​នេះតទៅ​»។

 ចំណែកលោកតាំង សារៈ ប្រធាន​សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំតំបន់កម្ពុជា បានថ្លែងនៅ​ក្នុងពិធីរំឭកខួបថ្ងៃបាត់បង់ទឹកដី​កម្ពុជាក្រោមថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គណៈ​កម្មាធិការ​មជ្ឈឹមបក្សនៃបក្សកុម្មុយ​នីស្ត​វៀតណាម​ បានចេញសេចក្តីសម្រេចបំព្រួញ​រដ្ឋបាល​​ខេត្តនៃប្រទេសវៀតណាម ដែលមាន៦៣ខេត្ត ឱ្យមកនៅត្រឹម​៣៤​ខេត្ត បានធ្វើ​ឱ្យ​ប៉ះ​​ពាល់​ដល់​ឈ្មោះខេត្តខ្មែរកម្ពុជាក្រោមចំនួន១៣​ខេត្ត​។

លោកថា៖ «ការកាត់បន្ថយនោះវាប៉ះពាល់មកដល់ទឹកដីនៃកម្ពុជាក្រោម​របស់​យើងខ្ញុំដែរ។ ចឹងគឺថា រដ្ឋាភិបាល​វៀត​ណាម​​មានសិទ្ធិប្រើសិទ្ធិរបស់ខ្លួនក្នុងការ​កែប្រែការងាររដ្ឋបាល​របស់ប្រទេស​វៀតណាម តែចំពោះយើងខ្ញុំ​ជាខ្មែរកម្ពុជា​ក្រោម​មានសិទ្ធិ​ដើម្បីរក្សានូវ​ឈ្មោះ​ហើយ​និងខេត្ត​របស់​​យើងខ្ញុំដែរ។ សូមជម្រាបថា ក្នុង​សេចក្តីសម្រេច​របស់​គណកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្តវៀតណាមដែល​បំព្រួញ​ខេត្តពី៦៣មក​៣៤​ក្នុងនោះ​វាត្រូវរលាយ​ខេត្ត​បស់ខ្មែរនៅ​ដែនដី​កម្ពុជាក្រោម​ចំនួន១៣»។

លោក​បញ្ជាក់​ថា ​ខេត្ត​ទាំង​១៣នោះ​​វាមិន​បាត់ទៅណាទេ វានៅក្នុងដែនដីកម្ពុជាក្រោមនឹង​ក៏ប៉ុន្តែវាបាត់​ឋានៈ​ជារដ្ឋបាល​​ខេត្ត។​ ក្នុង​ចំណោម​ខេត្ត​ទាំង​១៣​នោះ​ មាន​ខេត្ត​ចំនួន​​៥​ ដែល​ត្រូវ​បាន​​​សម្គាល់ថា​ ជាខេត្ត​ដ៏ធំនិ​ង​​ជាខេត្ត​ដ៏ពិសេសរបស់ខ្មែរកម្ពុជាក្រោម​ទី​១​ខេត្តព្រះ​ត្រពាំង​ ២​ខេត្តឃ្លាំង ៣​ខេត្តក្រមួនស ៤ខេត្តមាត់​ជ្រូក និង៥​ខេត្ត​ពល​លាវ ខណៈ​ដែល​រដ្ឋាភិបាល​វៀម​ណាម ​ក៏លុបដ្ឋបាល​ថ្នាក់ស្រុក​ចោលទាំងអស់ផង​​ដែ​រ ដូច្នេះ​ខេត្ត​ខ្មែរ​ទាំង​នោះ​ក៏មិន​មាន​ឈ្មោះ​ត្រឹម​ជាស្រុកផងនោះទេ។

ជាមួយគ្នានេះ ​លោក គង់ មុនីកា តំណាងគណបក្សភ្លើង​ទៀន និងគណបក្សឆន្ទៈខ្មែរ ដែល​បាន​ទៅ​ចូលរួម​​ពិធី​រំលឹក​ខួប៧៦ឆ្នាំនៃការផ្ទេរទឹកដីកម្ពុជាក្រោម​ទៅក្រោមការគ្រប់គ្រង​របស់​វៀតណាម​បាន​ថ្លែង​ថា​ នេះគឺជា​មេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយ ដែលទឹកដី និង​ប្រជាជននៃ​ប្រទេស​មួយ ត្រូវបានផ្ទេរទៅឱ្យស្ថិតក្រោ​មការគ្រប់គ្រប់នៃប្រទេសមួយទៀត ដោយគ្មាន​ការ​យល់ព្រមពីម្ចាស់ទឹកម្ចាស់ដី រហូតក្លាយជាជនជាតិដើមភាគតិចលើទឹកដី​កំណើត​​​របស់​ខ្លួន។

លោក​បាន​បញ្ជាក់ក្នុងសំដីដើមថា៖ «ប្រវត្តិសាស្ត្រពិតជាស្មុគស្មាញ ប៉ុន្តែ​ការតស៊ូថែរក្សា​វប្ប​ធម៌ ប្រពៃណី ភាសា និងការបន្តកេរ​ដំណែលនេះទៅអ្នក​ជំនាន់​ក្រោយ​របស់បងប្អូន​ខ្មែរ​កម្ពុជាក្រោម គឺជាកេរ្តិ៍​ដំណែលមិនអាច​បំភ្លេចបាន ហើយបន្តស្ថិតក្នុង​បេះដូង ដួង​ព្រលឹងខ្មែរ​គ្រប់រូបជាដរាប»

បន្ថែមពីនេះ ​លោកមាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់ថ្មី បាន​ថ្លែងទៅកាន់អ្នក​សារព័ត៌​មាន​​នៅក្នុង​ពិធីប្រា​រព្ធ​ខួប៧៦ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយ​ទទួចទៅដល់ រដ្ឋាភិ​បាលក្រុងហាណូយ ប​ញ្ឈ​ប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជាន់ឈ្លីនិង​​រិតដ្បិត​សិទ្ធិសេរី​ភាពរបស់​បងប្អូនខ្មែរក្រោម មិនថា ជំនឿសាសនា ប្រ​ពៃណី វប្បធម៌ ឬក៏អក្សរ​សាស្រ្តខ្មែរ ដែលជា​អត្ត​សញ្ញាណជាតិខ្មែរកម្ពុជាក្រោមនោះទេ​។

ជាមួយគ្នានេះ លោក មាជ សុវណ្ណារ៉ា ក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជា ស្នើទៅរដ្ឋាភិបាល​វៀត​ណាម ឱ្យជួយមើ​ល​ថែបងប្អូនខ្មែរកម្ពុជាក្រោម ដូចដែលមេដឹកនាំវៀតណាម​កំពូលៗ តែង​តែ​​ស្នើដល់មេដឹកនាំកម្ពុជាជារឿយៗ ឱ្យយកចិត្តទុកដាក់ និងបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការរស់នៅរបស់ជនជាតិ​វៀតណាម​ ដែលកំពុ​ងរស់​នៅលើទឹកដីកម្ពុជា ដូចគ្នាផងដែរ។

សម្រាប់​ក្រុមប្រឹក្សាជាតិតស៊ូ(CNRC) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅថ្ងៃ​ទី​៤​ខែមិថុនា​​ដោយ​បាន​អំ​ពា​វ​នាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ មេត្តាផ្តោតការ​យកចិត្ត​ទុក​ដាក់ ចំពោះទុក្ខសោកហួ​សប្រមាណ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែល​ទទួល​រង​ការ​​រំលោភ​​បំពានដ៏ទារុណពី​អាជ្ញាធររដ្ឋាភិបាលកុម្មុយនីស្ដវៀតណាម។

រដ្ឋាភិ​បាល​កុម្មុយនីស្ដ​វៀតណាម កំពុងគ្រប់គ្រងលើទឹកដីខ្មែរកម្ពុជាក្រោម ក្នុងប្រព័ន្ធអាណា​និគម​និយមថ្មី ដែល​ធ្វើអំពើ​ឧក្រិដ្ឋកម្មបំផ្លាញពលរដ្ឋខ្មែរក្រោម ។

 CNRC បន្ត​ថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោម ត្រូវតែ​ទទួល​បានការគោរព និងមានសិទ្ធិកំណត់ជោគវាសនារបស់ខ្លួនដោយ​មិនត្រូវរងគ្រោះ​​ពី​ឧបាយកលជិះជាន់ ក្នុងប្រព័ន្ធនយោបាយកុម្មុយ​នីស្ដអាណានិគមនិយមថ្មី របស់រដ្ឋាភិ​បា​ល​វៀតណាមឡើយ ពីព្រោះវាជាការ​ឈឺចាប់ណាស់ ដែលក្នុងរយៈពេលចុងក្រោយ​នេះ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម ចំនួន ១៦រូប ដាក់ពន្ធ​នាគារ ទាំងបំពាន ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិនិយាយភាសាខ្មែរ សិទ្ធិ​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និងសិទ្ធិបង្ហាញអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ ដែលជា​សិទ្ធិ​មូលដ្ឋាន​របស់ខ្លួនជាជនជាតិដើម ។

បើ​​តាម​សហព័ន្ធខ្មែរកម្ពុជាក្រោម​​និងអង្គការUNPO​(អង្គការនៃប្រជាជាតិដែលគ្មានតំណាង​នៅអង្គការស​ហប្រជាជាតិ) គិត​ត្រឹមឆ្នាំ២០១៤ កម្ពុជាក្រោម មាន​ពលរដ្ឋខ្មែរ៧លាន​នាក់​មានព្រះ​សង្ឃ​ចំនួន​៨ ៧៥០ អង្គ និងមានវត្ត​អារាម​ព្រះពុទ្ធ​សាសនា​ខ្មែរចំនួន៤៦១វត្ត​។

សូមបញ្ជាក់ថា អាណានិគម​បារាំង​បានសម្រេច​​ផ្ទេរ​ទឹកដី​កម្ពុជាក្រោមចំនួន​២១​ខេត្ត​​ ទៅ​ឱ្យ​ប្រទេស​វៀតណាម​ត្រួត​ត្រា​​ជាផ្លូវការ​កាលពី​ថ្ងៃ​ទី៤​ខែ​មិថុនា​ឆ្នាំ​១០៤៩។​ បើ​ទោះ​បី​ជាពេល​វេលា​បាន​កន្លង​ផុត​ទៅ​អស់​​រយៈ​ពេល​​៧៦​ឆ្នាំ​មក​​ហើយក្តី​ហើយ​បើ​ទោះ​បី​អាជ្ញា​ធរ​វៀត​ណាម​​បាន​បន្ត​ធ្វើទុក្ខ​បុកម្នេញ​យ៉ាង​ខ្លាំង​ដើម្បី​រំលាយ​ពូជ​សាសន៍​ខ្មែរ​​ នៅ​ដែន​​ដី​​កម្ពុជា​ក្រោមក្តី ក៏រហូត​មក​ដល់​ពេល​នេះ​ខ្មែរ​កម្ពុជា​ក្រោម​​​នៅ​តែ​បន្ត​​រក្សា​បាន​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​វប្បធម៌​​ប្រពៃណី​ទំនៀម​ទម្លាប់​ដូនតា​ខ្មែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ