គណបក្សក្រៅរដ្ឋាភិបាលចំនួន២ ចាត់ទុកការចាប់ខ្លួនសមាជិករបស់ខ្លួនចំនួន២នាក់ ក្រោមការចោទពីបទ ញុះញង់ និងក្លែងឯកសារសាធារណៈ ថាជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលការណ៍នេះ ត្រូវបានអាជ្ញាធររដ្ឋច្រានចោលដោយសំអាងថា ជាការអនុវត្តច្បាប់។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា លោក ឌឿក ឆាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន និងជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលដែលលោកត្រូវបានអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១កាលពីថ្ងៃទី០៣ ខែមិថុនា។
គណបក្សនេះ ចាត់ទុកការចាប់ខ្លួនលោក ឌឿក ឆាន ថាជាការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ដើម្បីរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជនបក្សនៅទូទាំងប្រទេស។
ស្របពេលគ្នានេះដែរ គណបក្សកម្លាំងជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញការចាប់ខ្លួនលោក ឌឹម គៀង សមាជិកក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែមិថុនានោះដែរ។
គណបក្សកម្លាំងជាតិ បានលើកឡើងថា ការចាប់ខ្លួន លោក ឌឹម គៀង គឺជារូបភាពបំភិតបំភ័យថ្មីមួយទៀត និងជាការបន្តធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និងសមាជិកបក្សដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ទាំងគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែង លោក ឌឿក ឆាន និងលោក ឌឹម គៀង រួមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សនយោបាយតទៅទៀត ដើម្បីធានានូវបរិយាកាសនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។
ចំណែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានច្រាលចោលភ្លាមៗផងដែរ។
អ្នកនាំពាក្យ បានលើកឡើងថា ការចាប់ខ្លួនលោក ឌឿក ធាន ចៅសង្កាត់រងទី២មកពីគណបក្សភ្លើងទៀន គឺអនុវត្តទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ឡេង វ៉ាន់ឌី ហើយបានធ្វើការស៊ើបអង្កេត ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាងដែរថាបុគ្គលរូបនេះពិតជាបានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសាធារណៈពិតប្រាកដមែន។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ដែរថា ការចាប់ខ្លួនជនសង្ស័យ ឌឿក ធាន គឺអនុវត្តទៅតាមអង្គហេតុ និអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
បើតាមអត្ថបទខ្លីរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនានេះ បានឱ្យដឹងថា លោក ឌឹម គៀង ដែលជាសមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ដោយចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោកកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងបន្តសាកសួរ ដោយសាលាដំបូងរាជធានីភ្នំពេញ គិតត្រឹមម៉ោងរសៀលថ្ងៃព្រហស្បតិ៍នេះ។
ចំណែក លោក ឌឿក ឆាន ជាចៅសង្កាត់រងទី២ មកពីគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនដោយចោទពីបទ «ក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន កាលពីពេលកន្លងទៅ។
អង្គការលីកាដូ បន្តថា បទចោទនេះ ធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីឃុំខ្លួនមន្រ្តីគណបក្សភ្លើងទៀនជាច្រើននាក់ នៅប៉ុន្មានឆ្នាំនេះ ហើយនិងដើម្បីលុបចោលបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើន នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕









