តំណាងសហគមន៍ព្រៃឈើមកពីតំបន់ផ្សេងៗគ្នា រួមទាំងសកម្មជន និងមន្ត្រីអង្គការសង្គមស៊ីវិល លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមក្នុងការបញ្ចេញមតិនិងសកម្មភាព ជុំវិញបញ្ហាបរិស្ថាន និងធនធានធម្មជាតិ បន្ទាប់ពីកត់សម្គាល់ឃើញពលរដ្ឋមួយចំនួនយល់ច្រឡំថា សកម្មភាពទាំងនេះជាអំពើខុសច្បាប់ ឬប្រឆាំងនឹងរដ្ឋាភិបាល។
ក្នុងកម្មវិធីអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី៥ ខែឧសភា រៀបចំឡើងដោយអង្គការសមាគមជិត១០ស្ថាប័ន យុវជនសកម្មក្នុងការងារបរិស្ថាន កញ្ញា ធួន ស្រីពៅ ថ្លែងនៅលើវេទិកាថា ការការពារធនធានធម្មជាតិ គឺជាការងារស្ម័គ្រចិត្តដែលប្រជាពលរដ្ឋ អាចចូលរួមធ្វើបាន ដោយផ្ដើមចេញពីសកម្មភាពតិចតួច ដូចជាការបញ្ចេញមតិនៅលើបណ្ដាញសង្គមជាដើម។
កញ្ញាបន្តថា ការងារនេះអាចធ្វើទៅបាន លុះត្រាប្រជាពលរដ្ឋទម្លាក់ចោលនូវការភាពភ័យខ្លាច ឬការគិតដែលថា ការខ្វាយខ្វល់ពីបញ្ហាបរិស្ថាន គឺជារឿងខុសច្បាប់។
កញ្ញាថា៖ «ខ្ញុំគិតថា វាស្ថិតនៅក្នុងបរិបទដែលគាត់កំពុងរស់នៅ។ កន្លែងដែលគាត់រស់នៅគេប្រាប់គាត់ថា ការធ្វើការងារបរិស្ថាន ការនិយាយពីធនធានធម្មជាតិ ឬនិយាយពីសិទ្ធិមនុស្ស វាជារឿងខុសច្បាប់ កុំនិយាយ បើហ៊ាននិយាយជាប់គុក ហើយគេយកភស្តុតាងអ្នកដែលជាប់គុកផ្សេងៗ គេប្រាប់ថាអ្នកហ្នឹងសុទ្ធតែអ្នកនិយាយបំពុលសង្គម ដែលយើងតែងឃើញគេចោទប្រកាន់អ៊ីចឹង។ អ៊ីចឹងវាស្ថិតនៅក្នុងបរិបទដែលគាត់រស់នៅ និងការយល់ដឹង។ ទាំងការយល់ដឹង ទាំងច្បាប់ដែលគាត់បានរៀនហ្នឹង វាអាចផ្សេងពីយើង»។
ការលើកឡើងពីបញ្ហានេះ គឺបន្ទាប់ពីមានការសង្កេតឃើញថា ប្រជាពលរដ្ឋ និងយុវជនមួយចំនួន យល់ច្រឡំថាការឈឺឆ្អាលបញ្ហាបរិស្ថាន គឺជារឿងខុសច្បាប់ ឬប្រឆាំងរដ្ឋាភិបាល ខណៈអ្នកខ្លះមានភាពភ័យខ្លាចដោយសារឥទ្ធិពលអ្នកមានអំណាចដែលកាងពីក្រោយ។ ភាពភ័យខ្លាចទាំងនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិតពលរដ្ឋ ធ្វើឱ្យពួកគាត់បន្ទុចបង្អាក់ខ្លួនឯង ព្រមទាំងមនុស្សជុំវិញខ្លួនមិនឱ្យខ្វល់ពីបញ្ហាសកលមួយនេះ។
ជំនួយការទូទៅនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ កញ្ញា ដាំ សុស្រីនាង លើកឡើងថា ប្រជាពលរដ្ឋអាចតាមដានពីស្ថានភាពធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងការអនុវត្តគោលនយោបាយថែរក្សាបរិស្ថាន បានកាន់តែងាយស្រួល តាមរយៈការចូលរួមជាមួយអង្គការសមាគម ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលទាក់ទិននឹងប្រធានបទទាំងនេះ។ កញ្ញាបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារសំខាន់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ដែលកំពុងរងគ្រោះឥតឈប់ឈរ។
កញ្ញាថា៖ «មិនមែនទាល់តែសកម្មជនបានអាចធ្វើបាន ទាល់តែយើងអ្នកធ្វើការងាររឿងព្រៃឈើបានយើងអាចធ្វើបានទេ។ យើងជាយុវជនទូទៅ ហើយនេះជាចំណេះដឹងទូទៅ អ៊ីចឹងក្នុងនាមជាប្រជាពលរដ្ឋម្នាក់នៅក្នុងប្រទេសកម្ពុជា ពួកយើងគួរតែចំណាយពេលដើម្បីសិក្សាស្វែងយល់ពីរឿងនេះដែរ ព្រោះធនធានធម្មជាតិពិតជាសំខាន់សម្រាប់យើង សម្រាប់ពិភពលោកដែលយើងកំពុងរស់នៅ»។
កម្ពុជាមានច្បាប់ក្រមផ្សេងៗដែលចែងពីករណីយកិច្ចរបស់ពលរដ្ឋ ក្នុងការចូលរួមឈឺឆ្អាលពីបញ្ហាបរិស្ថាន ពិសេសព្រៃឈើ។ ប៉ុន្តែសកម្មជន អ្នកសារព័ត៌មាន និងពលរដ្ឋសហគមន៍មួយចំនួន បែរជារងនូវការចោទប្រកាន់ ការធ្វើទុក្ខបុកម្នេញ ការកាត់ទោសដាក់ពន្ធនាគារ និងខ្លះត្រូវគេធ្វើឃាតរហូតបាត់បង់ជីវិត នៅពេលពួកគេទម្លាយពីការកាប់ព្រៃឈើ និងការបំផ្លាញបរិស្ថាន។
ជាក់ស្ដែងករណីបាញ់សម្លាប់អ្នកសារព័ត៌មាន លោក ឈឿង ឈឹង ក្នុងពេលលោកចុះទៅយកព័ត៌មានករណីកាប់ព្រៃក្នុងខេត្តសៀមរាប ករណីលួចដុតផ្ទះ និងចាប់ខ្លួនអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ នៅខេត្តស្ទឹងត្រែង រួមទាំងការកាត់ទោសដាក់ពន្ធនាគារសកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបផងដែរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សេង សុវឌ្ឍនា ថ្លែងក្នុងវេទិកាទិវាបរិស្ថាន នៅថ្ងៃទី៥ ខែមិថុនាថា សកម្មភាពការពារបរិស្ថាន និងរាយការណ៍ពីបទល្មើសធនធានធម្មជាតិកន្លងមក មិនមែនជាបទល្មើសឡើយ តែវាជាការអនុវត្តសិទ្ធិស្របតាមច្បាប់ ជាពិសេសក្រមបរិស្ថាន។ លោកលើកទឹកចិត្តដល់យុវជន ឱ្យសិក្សាស្វែងយល់ពីចំណេះដឹងបរិស្ថាន និងច្បាប់ផ្សេងៗ ដើម្បីធានាថាការចូលរួម គឺស្របទៅតាមស្តង់ដារ និងគោលដៅការពារបរិស្ថានតែមួយជាមួយរដ្ឋាភិបាល។
លោកថា៖ «កាលណាយើងបើកចិត្តទូលាយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្លាំងស្នូលក្នុងការចូលរួមផ្នែកបរិស្ថាននេះ មានតែប្អូនៗទេ ដែលមានកម្លាំង មានបញ្ញា មានស្មារតី មានបទពិសោធន៍ ព្រោះកំពុងតែរៀនអ៊ីចឹង គឺចង់ណាស់ ចង់ធ្វើការស្រាវជ្រាវ ធ្វើការកត់ត្រា ដើម្បីបង្ហាញ ហើយក៏ជាចំណេះដឹង ដើម្បីបន្តទៅជំនាន់ក្រោយទៀតដែរ។ នេះវាមានផលប្រយោជន៍ នៅពេលដែលយើងចូលរួមហើយ ក៏ជាការសម្រេចចិត្តជាមួយភាគីពាក់ព័ន្ធ ជាមួយអាជ្ញាធររដ្ឋ ដាក់បញ្ចូលនៅក្នុងផែនការ»។
យោងតាមមាត្រា៣៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ចែងថា សហគមន៍មូលដ្ឋាន សាធារណជន និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមផ្ដល់ និងទទួលយកព័ត៌មានទាក់ទងនឹងការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ។
ចំណែកមាត្រា៣៧៥ នៃក្រមដដែលនេះ ចែងថា ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងបុគ្គលផ្សេងទៀតជាអាទិ៍ មានករណីយកិច្ចចូលរួមការពារ អភិរក្ស និងស្ដារធនធានធម្មជាតិឡើងវិញក្នុងតំបន់ការពារធម្មជាតិ៕









