លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យវៀតណាមមានការព្រមព្រៀងដើម្បីបោះបង្គោលព្រំដែនកម្ពុជា ដែលនៅសល់ ១៦% ឲ្យបានឆាប់។
ការជំរុញរបស់មេដឹកនាំកម្ពុជានេះ ចំពេលអ្នកនយោបាយប្រឆាំងទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹងវៀតណាមទៅតុលាការអន្តរជាតិ(ICJ) ដូចប្តឹងថៃដែរជុំវិញសំណុំរឿងព្រំដែន។
ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន តិនគឿង (Nguyen Tan Cuong) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជា។
ក្នុងជួបនោះ លោក ហ៊ុន សែន ជំរុញឱ្យមានការព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បោះបង្គោលព្រំដែនដែលនៅសេសសល់ចំនួន ១៦% ទៀតឲ្យបានឆាប់នាពេលខាងមុខ។
លោក ហ៊ុន សែន ដែលត្រូវបានវៀតណាមលើកបន្តុបឱ្យកាន់អំណាចជាង៤០ឆ្នាំមកនេះ ថ្លែងប្រាប់លោក ង្វៀន តិនគឿង ថា ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរឹងមាំ និងស្អិតល្មួតផ្អែកលើស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យកងទ័ពរបស់ប្រទេសទាំងពីរ។
ក្នុងជំនួបនេះ លោក ង្វៀន តិនគឿង បានប្រាប់ លោក ហ៊ុន សែន ថា រដ្ឋាភិបាលវៀតណាម គ្រោងនឹងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរជាតិរបស់វៀតណាម ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិ ឱ្យបានយល់កាន់តែស៊ីជម្រៅពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា និងវៀតណាម នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរ ដែលបានរួមគ្នាប្រឆាំងតវ៉ានឹងរបបអាណានិគមក្នុងអតីតកាល។
លោក ង្វៀន តិនគឿង បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួប លោក ហ៊ុន សែន លោក តិនគឿង ក៏បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទផងដែរ ដើម្បីធ្វើការពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម នៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានឡើងកំដៅខ្លាំងរហូតដល់មានការផ្ទុះអាវុធនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ដែលបានបណ្តាលឱ្យពលទាហានកម្ពុជាម្នាក់ស្លាប់ និងបន្ទាប់ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានសមាជិក១៨២រូប បានលើកដៃបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យករឿងជម្លោះព្រំដែនជាមួយប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ កាលពីថ្ងៃទី២ ខែមិថុនា។
សំណុំរឿងជម្លោះព្រំដែនកម្ពុជា ថៃ បើទោះបីជារដ្ឋាភិបាលថៃ តាមរយៈសេចក្តីប្រកាសចុះថ្ងៃទី៤ ខែមិថុនាថា ខ្លួនចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងថា ខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្តី ក៏រដ្ឋាភិបាលកម្ពុជាបានប្រាប់ភាគីថៃថា កម្ពុជានៅតែរក្សាជំហរបញ្ជូនសំណុំរឿងនៅតំបន់ព្រំដែនដែលមានជម្លោះទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។
យ៉ាងណាក្តី កម្ពុជាបានយល់ព្រមជួបចរចាជាមួយភាគីថៃនៅភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ប៉ុន្តែថា ជំនួបចរចានេះ នឹងមិនដាក់បញ្ចូលរបៀបវារៈតំបន់ព្រំដែនមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របីនោះទេ។
អ្នកនយោបាយប្រឆាំង បានចាត់ទុកការសម្រេចប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិរបស់រដ្ឋាភិបាលកម្ពុជា លើសំណុំរឿងព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ថាជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើការតវ៉ាទាមទារឥតឈប់ឈរលើបញ្ហានេះ។
លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោក នៅថ្ងៃទី៦ខែមិថុនានេះថា ដោយសារតែការចរចាទ្វេភាគីនេះហើយ ដែលបានបង្កើតឲ្យមានសន្ធិសញ្ញាកម្ពុជា-វៀតណាម ក្នុងទសវត្សរ៍ទី៨០ ដែលធ្វើឲ្យកម្ពុជាបាត់កោះត្រល់ ទើបនៅពេលនេះ កម្ពុជាចាំបាច់ត្រូវតែប្តឹងប្រទេសជិតខាងទៅតុលាការអន្តរជាតិ។
បើតាមលោកសម រង្ស៊ី៖ «ការចរចាទ្វេភាគី មានន័យថា គេគំរាមផង គេលួងលោមផង គេសូកផង គេបញ្ជោរផង គេលើកបន្តុបទៀត ទីបញ្ចប់ចាញ់បោកគេ ចុះហត្ថលេខាលើសន្ធិសញ្ញាកាត់កោះត្រល់។ លោក ហ៊ុន សែន បានកាត់កោះត្រល់ឲ្យទៅប្រទេសវៀតណាមកាលពីឆ្នាំ១៩៨២»។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិតស៊ូ តាមរយៈសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ក្នុងនោះត្រូវតាមដានឱ្យសកម្មលើការអនុវត្តរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីកុំឱ្យពួកគាត់លេងល្បែងក្បត់កិច្ចសន្យា និងត្រូវជំរុញឱ្យរដ្ឋាភិបាលប្តឹងរដ្ឋាភិបាលថៃ លើសំណុំរឿងជម្លោះទឹកដីធំៗផ្សេងទៀត ដូចជា តំបន់ច្រកអានសេះ តំបន់វាលឥន្ទ្រិយ៍ តំបន់ភ្នំទ្រព្យ កោះគជ់ និងតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េជាដើម។
លើសពីនេះ ក្រុមប្រឹក្សាជាតិតស៊ូ ក៏បានជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ លើបញ្ហាកោះត្រល់ ចង្កោមកោះក្រចកសេះ និងតំបន់សមុទ្រទំហំ ៣ម៉ឺនគីឡូម៉ែត្រការ៉េ ដែលប្រទេសវៀតណាមបានឈ្លានពានកាន់កាប់ដល់សព្វថ្ងៃ ដោយប្រើសន្ធិសញ្ញាខុសច្បាប់សម័យវៀតណាមត្រួតត្រាកម្ពុជានាទសវត្សរ៍៨០។
លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បានថ្លែងថា មុននឹងដាក់ពាក្យប្តឹងថៃ និងវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវស្នើឱ្យរដ្ឋសភាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)ឆ្នាំ១៩៨២ជាមុនសិន ហើយបន្ថែមលើនេះទៀត ក្រុមប្រឹក្សាជាតិតស៊ូ ទាមទារដាច់ខាតឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្នើឱ្យរដ្ឋសភាលុបចោលសន្ធិសញ្ញាខុសច្បាប់ទាំងអស់ជាមួយវៀតណាម ដោយផ្អែកលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចជាសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ កិច្ចព្រមព្រៀងលក្ខខន្តិកៈព្រំដែនគោកឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ជាដើម។
លោកថា៖ «ការផ្តល់សច្ចាប័នលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ និងការលុបចោលសន្ធិសញ្ញាខុសច្បាប់ទាំងអស់ជាមួយវៀតណាម គឺជារឿងផ្ទៃក្នុងកម្ពុជាសុទ្ធសាត មិនទាក់ទងនឹងប្រទេសថៃ ឬភាគីវៀតណាម ឬបរទេសណាមួយឡើយ។ រឿងងាយបែបនេះ ប្រសិនបើលោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្វើមិនកើតទៀត ទាល់តែអ្នកទាំងពីរគ្មានវិញ្ញាណការពារជាតិទឹកដីកម្ពុជាពិតប្រាកដ ទាំងចំពោះការឈ្លានពានរបស់ថៃ និងទាំងចំពោះការឈ្លានពានរបស់វៀតណាម»។
បន្ថែមពីនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចាត់ទុកការចង់ពន្លឿនការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមដែលនៅសេសសល់ ១៦% របស់លោក ហ៊ុន សែន ដោយមិនប្តឹងវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថាជាការកាត់ដីខ្មែរបន្ថែមទៀតទៅឱ្យវៀតណាម។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បានជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដាក់សំណើរទៅរដ្ឋសភា ដើម្បីធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ហើយបន្ទាប់មក ត្រូវសើរើការបោះបង្គោលព្រំដែនចំនួន ៨៤% ជាមួយវៀតណាមឡើងវិញ ពីព្រោះការបោះបង្គោលព្រំដែននាពេលកន្លងមក បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីយ៉ាងច្រើនទៅវៀតណាម ។
បើតាម លោក អ៊ុំ សំអាន ការបោះបង្គោលព្រំដែនដែលរដ្ឋាភិបាលគ្រួសារហ៊ុន ធ្វើបាន៨៤ភាគរយកន្លងមកនេះ គឺធ្វើឡើងតាមបង្គោលព្រំដែនចំនួន៧២បង្គោល ដែលបោះនៅចន្លោះឆ្នាំ១៩៨៦-១៩៨៨ សម័យវៀតណាមត្រួតត្រាកម្ពុជា គឺមិនបានបោះទៅតាមបង្គោលបារាំងចំនួន១២៤បង្គោលនោះទេ។
បង្គោលព្រំដែនធំហើយថ្មី ជាបង្គោលព្រំដែនថ្មីដែលបោះសម័យបច្ចុប្បន្ន ហើយបង្គោលព្រំដែនទាំងនោះបោះនៅជាប់នឹងបង្គោលព្រំដែនតូចហើយចាស់ដែលជាបង្គោលព្រំដែនបោះចន្លោះឆ្នាំ១៩៨៦-១៩៨៨ សម័យវៀតណាមត្រួតត្រាកម្ពុជា។
ប្រភពដដែលបន្តថា ការបោះបង្គោលព្រំដែនសម័យបច្ចុប្បន្ន ដែលទើបបោះបាន៨៤% ស្មើនឹង៣១៥បង្គោល គឺបោះតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា។
លោកអះអាងថា វៀតណាមបានបោះបង្គោលព្រំដែនជាឯកតោភាគីនាទសវត្សទី៨០ ព្រោះវៀតណាមបានកាន់កាប់និងត្រួតត្រាកម្ពុជានាសម័យនោះ។ ហេតុនេះការបោះបង្គោលព្រំដែនសព្វថ្ងៃ ដែលបោះតាមបង្គោលព្រំដែនដែលវៀតណាមបោះឱ្យនាទសវត្សទី៨០ គឺធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនៅតាមព្រំដែនជាច្រើនគីឡូម៉ែត្រការ៉េ ទៅវៀតណាម។
វីអូឌី មិនអាចទាក់ទង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីស្នើសុំធ្វើការអត្ថាធិប្បាយលើការលើកឡើងរបស់ លោក អ៊ុំ សំអាន បានទេនៅថ្ងៃទី៦ខែមិថុនានេះ។
សូមបញ្ជាក់ថា បញ្ហាព្រំដែន ជាពិសេសបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម បានក្លាយជាបញ្ហារសើបយ៉ាងខ្លាំង។ លោកហ៊ុន សែន ដែលវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាចជាង៤០ឆ្នាំមកនេះ តែងតែបំបិទមាត់អ្នកដែលហ៊ាននិយាយរិះគន់ពីបញ្ហាព្រំដែនកម្ពុជា វៀតណាម ដោយប្រើប្រព័ន្ធតុលាការដែលជាឧបករណ៍នយោបាយរបស់លោក ចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្នុងនោះមានដូចជា លោក អ៊ុំ សំអាន លោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ និងលោកម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំ សង្គមប្រជាធិបតេយ្យជាដើម។ល។
បច្ចុប្បន្ន មានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន៣នាក់ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោកសាន សិទ្ធ រួមទាំងពលរដ្ឋជាច្រើនទៀត កំពុងបន្តជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយដោយសារតែពួកគាត់បានបញ្ចេញមតិរិះគន់ ចំពោះការដាក់ខេត្តកម្ពុជា នៅភាគឦសាន្តចំនួន៤ ទៅក្នុងគម្រោងអភិវឌ្ឍ CLV-DTA ជាមួយប្រទេសឡាវ និងវៀតណាម៕









