ស្របពេលដែលកម្ពុជា ប្រកាសយកសំណុំរឿងព្រំដែនគោក ដែលកំពុងមានជម្លោះជាមួយថៃ ទៅដោះស្រាយគ្នានៅឯតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ រីឯរដ្ឋាភិបាលថៃឯណោះវិញ បានប្រកាសជំហរថាខ្លួនមិនធ្លាប់ទទួលស្គាល់សាលក្រមរបស់ ICJ ម្តងណាឡើយ តាំងពីដើមរៀងមក ហើយយុត្តាធិការរបស់ ICJ នេះក៏គ្មានឥទ្ធិពលណាមួយ គ្របដណ្តប់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃដែរ ទាំងមុន និងនៅពេលនេះ។
រដ្ឋាភិបាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលចេញកាលពីថ្ងៃទី៥ ខែមិថុនាថា តាំងពីដើមទីមក ភាគីថៃមិនដែលទទួលយកសាលក្រម ដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះឡើយ។ មួយវិញទៀត យុត្តាធិការនៃអំណាចសាលក្រមនេះ ភាគីថៃក៏មិនដែលអនុវត្តម្តងណានោះដែរ ចាប់តាំងពីឆ្នាំ១៩៦០មក។
ប្រភពបន្តថា អ្វីដែលត្រូវដោះស្រាយចំពោះមុខ ទាក់ទងជម្លោះព្រំដែនទាំងពីរនេះ គឺភាគីថៃចង់បានតែដំណោះស្រាយដែលមានស្រាប់ ត្រឹមកម្រិតការចរចាទ្វេភាគីប៉ុណ្ណោះ។
នៅមុនពេលភាគីថៃ ចង់បានដំណោះស្រាយកម្រិតទ្វេភាគី កម្ពុជាក៏បានបញ្ជាក់ពីជំហររបស់ខ្លួនរួចហើយ តាមរយៈសេចក្តីប្រកាសដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនាថា ជុំវិញជម្លោះព្រំដែនជាថ្មីទៀត នៅពេលនេះ កម្ពុជាច្បាស់ណាស់នឹងយកវិវាទនេះ ទៅដោះស្រាយគ្នានៅឯតុលាការ ICJ ហើយកម្ពុជានៅតែរក្សាការដោះស្រាយក្នុងកម្រិតទ្វេភាគី។ ប៉ុន្តែមិនយកតំបន់មុំបីស្ថិតក្នុងខេត្តព្រះវិហារ និងទីតាំងប្រាសាទមួយចំនួនទៀត នៅជួរភ្នំដងរែក ដែលកំពុងមានជម្លោះដាក់បញ្ចូលនៅក្នុងកម្មវិធីស្វែងរកដំណោះស្រាយនេះទេ។
ដោយឡែក កាសែតក្នុងស្រុករបស់ថៃ កាលពីថ្ងៃទី៥ ខែមិថុនា បានចេញស្រង់សំដីរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក វីចា យ៉ាឆៃ (Wechayachai ) មកចុះផ្សាយ ដោយលោកព្រមានថា ប្រសិនបើការចរចាកម្រិតទ្វេភាគី មិនអាចរកច្រកចេញបានទេ នោះរដ្ឋាភិបាលថៃនឹងដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយប្រគល់កិច្ចការនេះ ឱ្យទៅមេបញ្ជាការយោធភូមិភាគ២ថៃ ទទួលបន្ទុក និងពិនិត្យលទ្ធភាពក្នុងការបិទច្រកព្រំដែន ដែលកំពុងមានជម្លោះ។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ឆ្លើយតបដោយខ្លីថា ជំហររបស់ក្រសួងការបរទេស មិនខុសគ្នាពីអ្វីដែលរដ្ឋាភិបាល បានសម្រេចចិត្តហើយនោះឡើយ។ លើសពីនេះទៀត ប្រសិនបើមានការប្រែប្រួលថ្មី ទាក់ទងជម្លោះព្រំដែន ក្រសួងការបរទេសនឹងផ្តល់ដំណឹងដល់ភាគីពាក់ព័ន្ធ ជុំវិញរឿងនេះបន្ថែម។
ប្រភពបន្តថា៖ «ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ថ្ងៃទី៤ មិថុនា ២០២៥ ពេលមានអ្វីថ្មី ខ្ញុំនឹងផ្តល់ជូន »។
យ៉ាងនេះក្តី លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា តាមពិតទៅវាល្មមដល់ពេលដែលកម្ពុជាត្រូវស្វែងរកភាគីទីបី ដែលអាចផ្តល់នូវយុត្តិធម៌បាន ដើម្បីដោះស្រាយជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែននេះហើយ។ លោកបន្តថា បើទោះជានៅពេលនេះ ភាគីថៃទទួល ឬមិនទទួលស្គាល់នូវធម្មនុញ្ញជាអន្តរជាតិនេះក្តី ដើម្បីស្មារតីជាតិ កម្ពុជាមិនត្រូវផ្អាកការសម្រេចចិត្ត ក្នុងការបញ្ជូនសំណុំរឿងនេះ ឱ្យស្ថាប័ន ICJ ដោះស្រាយនោះទេ។ ការធ្វើដូចនេះ ជាការព្រមានចំពោះភាគីថៃ ដែលព្យាយាមចង់បានទឹកដីកម្ពុជាផង ហើយយន្តការនេះ ប្រៀបបាននឹងរបងដែលជួយការពារ ចំពោះការឈ្លានពាននៅថ្ងៃខាងមុខទៀតដែរ។
លោកបន្តថា៖ «ករណីបើថៃមិនទទួលស្គាល់ អាហ្នឹងគឺជារឿងរបស់ថៃ។ ប៉ុន្តែតុលាការអន្តរជាតិត្រូវតែដោះស្រាយបញ្ហា នៅពេលមានការប្តឹងពីប្រទេសសាម៉ីណាមួយ ទាក់ទងនឹងការរំលោភបំពាននៃអធិបតេយ្យភាពមួយផ្សេងទៀត ហើយបើទោះជាប្រទេសនោះ មិនមានយុត្តាធិការ និងមិនទទួលស្គាល់ក៏ដោយ ក៏វាមិនមានតម្លៃអ្វីដែរ ពីព្រោះវាគ្រាន់តែជាលេស និងជាការដោះសារ ក្នុងនាមជាប្រទេសមួយដែលដឹងថាខ្លួនមិនអាចប្រជែងជាមួយនឹងម្ចាស់ប្រទេសសាម៉ីបាន»។
ក្រោយផ្ទុះអាវុធរយៈពេលខ្លី កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ លោក ហ៊ុន សែន បានព្រមានថា បើមិនរុញបញ្ហានេះឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយទេ ជម្លោះនេះនឹងបន្តរ៉ាំរ៉ៃ មិនខុសពីតំបន់មានជម្លោះនៅតំបន់ហ្គាហ្សានោះទេ។
ជុំវិញជម្លោះព្រំដែននេះ កម្ពុជាធ្លាប់ឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារម្តងរួចមកហើយ ក្នុងឆ្នាំ១៩៦២ ដែលកាលណោះ តុលាការ ICJ បានកាត់ក្តី និងចេញសាលក្រមឱ្យកម្ពុជាឈ្នះក្តីលើភាគីថៃ។តែរឿងនេះ បានរុញទៅដល់តុលាការយុត្តិធម៌អន្តរជាតិសារជាថ្មីទៀត បន្ទាប់ពីកម្ពុជាស្នើឱ្យតុលាការបកស្រាយសាលក្រមឡើងវិញ ក្រោយពីភាគីថៃបន្តឈ្លានពាន កាលពីឆ្នាំ២០០៨។
អ្នកវិភាគនយោបាយ ចាត់ទុកថា ដោយសារភាគីថៃ មិនបានគោរពចំពោះស្មារតីនៃយុត្តាធិការជាអន្តរជាតិនេះហើយ ទើបក្រុមជាតិនិយមថៃ បន្តរុញស្ថានការណ៍នេះ មិនចប់មិនហើយ តាំងពីឆ្នាំ២០០៨មក។ ក្នុងន័យនេះ បើកម្ពុជានៅបន្តលេងល្បែងនយោបាយ ដូចអ្វីដែលភាគីថៃចង់បាន នោះជម្លោះ និងផលលំបាកនៅតាមខ្សែបន្ទាត់ព្រំដែន នឹងបន្តដល់មនុស្សជំនាន់ក្រោយ៕