ថៃប្រតិកម្ម​​បែប​គំរាម​លើ​កម្ពុជា​ជុំវិញ​ការ​រុញ​ជម្លោះ​ព្រំដែន​​ទៅ​តុលាការ​អន្តរ​ជាតិ​(ICJ)

ភាពចម្រូងចម្រាសនៅក្នុងប្រទេសថៃ បាន​កម្រើក​ឡើង​ដោយ​បញ្ចេញ​ប្រតិ​កម្ម​​ត​វ៉ា​បែប​គំរាម​លើ​កម្ពុជា​ ក្រោ​យ​កម្ពុជា​រុញ​សំណុំ​រឿង​ព្រំដែន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ជុំវិញ​ការ​រំលោភ​បំពាន​បូរ​ណ​​​ភា​ព​ទឹក​ដី នៅ​តំបន់​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តា​ក្របី និង​តំបន់​មុំ៣ ក្នុង​ខេត្ត​ព្រះ​វិហារ។

កម្ពុជាប្រើជម្រើស​នេះ ក្រោយ​ពី​មេ​បញ្ជា​ការ​កង​ទ័ព​របស់​កម្ពុជា អះ​អាង​ថា កង​ទ័ព​ថៃ កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​លេណ​ដ្ឋាន​ឈរ​ជើង​របស់​កម្ពុ​ជា ក្នុង​តំបន់​មុំ៣ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះ​វិហារ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​លោក​ព្រឹន្ធ​បាល​ឯក សួន​ រ៉ោន។

នៅថ្ងៃទី៦ ខែ​មិថុនា​នេះ នាយក​រដ្ឋ​មន្រ្តី​ថៃ អ្ន​​ក​​ស្រី ផែផង​ថាន ស៊ីណា​​វ៉ាត្រ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​ជា​ថ្មី​ទៀត​ថា ថៃ​​មិន​​​ទទួល​ស្គាល់​​យុត្តាធិការ​​​តុលាការ​​យុត្តិធម៌​​អន្តរ​ជាតិ ICJ ​ក្នុង​​ជម្លោះ​​ណា​មួយ​ទេ ចាប់​​តាំង​ពី​ឆ្នាំ១៩៦០ រហូត​​មក​​ដល់​​បច្ចុប្បន្ន។

អ្នកស្រីបញ្ជាក់​ថា ភាគីថៃនៅតែប្រកាន់​ខ្ជាប់​យន្តកា​រចរចា​ទ្វេ​ភាគី ស្រប​តាម​គណៈ​កម្មការ​ព្រំដែន​ចម្រុះ ​JBC ដែល​ភាគីទាំ​ងពី​រ​តែង​តែ​យល់​ព្រម​រក្សា​ទំនាក់​ទំន​ង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ស្ថេរ​ភាព។

អ្នកស្រីសង្កត់​ធ្ងន់ថា រដ្ឋាភិបាល​ថៃនឹងប្រើគ្រប់កល​វិធី​ជំរុញ​កម្ពុជា​​​ចរ​ចាត្រឹម​​ទ្វេ​​ភាគី តាម​​រយៈ​​គណៈ​​កម្មការ​​ព្រំដែន​​​​រួម (JBC) និង​​​​គណៈ​​កម្មាធិការ​​ព្រំដែន​​ទូទៅ (GBC) ដើម្បី​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន​​នេះ។

អ្នកស្រីថា៖ «រឿងការចរចាទ្វេភាគីរវាងកម្ពុជានិង​ថៃ យើង​ភាគី​ថៃ​រក្សា​ជំហរ​ប្រើ​យន្ត​ការ​គណៈ​​កម្ម​ការ​​ព្រំដែន​​​រួម (JBC) ដោយ​យើង​មិន​ទទួល​ស្គាល់​ICJ តាំង​ពី​ដើម ដូច្នេះ​ភាគី​ថៃ​ប្រកាន់​ខ្ជាប់​យន្តកា​រទ្វេ​ភាគី​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ»

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមិធម្មៈ វេឆ័យយៈឆៃ ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ថា បើ​ការ​ចរចា​ទ្វេ​ភាគី មិន​ទទួល​បាន​លទ្ធផល ថៃ​នឹង​ត្រៀម​ខ្លួន​បិទ​ច្រក​ព្រំ​ដែន ហើយ​នឹង​ផ្តល់​ច្បាប់​អាជ្ញាសឹក​ឱ្យ​មេបញ្ជា​ការ​កង​ទ័ព​ភូមិ​ភាគ​ទី២ លោក ប៊ុនស៊ិន ផាតខ្លាង ជាអ្នក​សម្រេច​ថា​«ប្រយុទ្ធ ឬ​ដក​ថយ»។

លោកអះអាងថា ភាគីថៃព្រមជានិច្ច​​ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ព្រោះ​ភាគី​ថៃ ត្រូវ​ការ​ពារ​ដែន​អធិ​ប​តេយ្យ​​របស់​ខ្លួន នៅ​តំបន់​ប្រាសាទ​តាមាន់​តូច តាមាន់ធំ បើ​ការ​ចរ​ចា​ទ្វេ​ភាគី​មិន​ទទួល​ផល ហើយ​ថា ថៃ​ដាច់ខាត​មិន​ទទួល​ស្គាល់​យុត្តា​ធិការ​តុលាការ ICJ នោះ​ទេ។

លោកថា៖ «យើងបានត្រៀមរួចជា​សម្រេច ក្នុង​ការ​ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ថៃ ទោះ​លទ្ធផល​ចរចា​យ៉ាង​ណា​ក៏​ដោយ ភាគី​ថៃ​រក្សា​ជំហរ​ជំរុញ​ឱ្យមា​ន​ដំណោះ​ស្រាយ​ទ្វេ​ភាគី​ តាម​យន្ត​ការ​គណៈ​កម្ម​ការ​ព្រំដែន​រួម​ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ»

ចំណែក មេបញ្ជាការយោធភូមិភាគទី២ លោក ប៊ុនស៊ិន ផាត់ខ្លាង បាន​បញ្ជាក់​ម្តង​ទៀត ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​លោក​នៅ​តំបន់​ឆុង​ប៊ុក​ថា «កង​ទ័ព​ថៃ​ប្តេជ្ញា​ការ​ពារ​អធិប​តេយ្យ​ភាព ដោយ​ប្រកាន់​ខ្ជាប់​នូវផែន​ទី​ប្រទេស ១៥០,០០០ (មួយសែនប្រាំម៉ឺនតារាង) ជា​គោល​ការណ៍​សំខាន់»។

លោកប​ន្ត​ថា ចំពោះសកម្មភាពផ្សេងៗទៀត ដែល​ភាគី​កម្ពុជា​នឹង​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែ​ន ស្នើ​ទៅតុលាការ​អន្តរ​​ជាតិ​ICJ​នោះ ទុក​ឱ្យ​តួនាទី​របស់​ក្រសួង​ការ​បរទេស និង​នាយក​រដ្ឋ​មន្រ្តី​ថៃ ចរ​ចា​ទ្វេ​ភាគី។

ប៉ុន្តែ​យ៉ាងណា លោក ផាត់ខ្លាង អះអាង​ថា «ប្រាសាទ​​តាមាន់​ធំ តា​មាន់តូច និង​តាក្របី ជា​កម្មសិទ្ធិ​របស់​ថៃ ដូច្នេះ​កង​ទ័ព​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ការ​ពារ​ដែន​អធិ​​បតេយ្យ​របស់​ខ្លួន បើ​មាន​ការ​ឈ្លាន​ពាន។

លោក​ថា៖ «ក្នុងនាមយើងទាហានការពារជាតិ ប្តេជ្ញា​ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ជាតិ ដែល​មាន​កំណត់​ក្នុង​ផែន​ទី​ប្រទេស​ថៃ ដោយ​ប្រាសាទ​តាមាន់​តូច តាមាន់​ធំ ជា​របស់ថៃ​ស្ថិ​ត​នៅ​ក្នុង​ដែន​ដី​ថៃ»

លើសពីនេះ ប្រធានគណបក្សកម្លាំង​ប្រឆា​រដ្ឋ លោក ប្រវីធ វង្សសុវណ្ណ បង្ហោះ​សារ​ផ្ញើ​ទៅ​នាយក​រដ្ឋ​មន្រ្តី​ថៃថា កុំ​ទន់​ភ្លន់​ជាមួយ​កម្ពុជា ថៃ​ព្រម​ជានិច្ច​ក្នុង​ការ​ទប់​ទល់​ការ​ពារ​ដែន​អធិប​តេយ្យ​ថៃ​នៅ​តំបន់​ព្រំដែន។

លោកបន្តថា បើកម្ពុជាហ៊ានឈ្លានពានដែន​អធិប​តេយ្យ​ប្រទេស​ថៃ ភាគី​ថៃ​ត្រូវ​ទប់​ទល់​ពេញ​ទំហឹង​​ដើម្បីផល​ប្រយោជន៍​​ជាតិ ការ​ពារ​ទឹក​ដី គឺ​មិន​ឱន​លំទោន​ជា​ដាច់​ខាត​ចំពោះ​ករណី​ឈ្លាន​ពាន​ណា​មួយ។

លោកនិយាយក្នុងសម្តីដើមថា៖ «ភាព​អត់ធ្មត់​មិន​មែន​មាន​ន័យ​ថា​ជាភា​ព​ទន់​ខ្សោយ​ឡើយ»។

មេដឹកនាំបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន ធ្លាប់អះអាង​ក្នុង​សមាជ​សភា​ នៅ​ថ្ងៃ​ទី​២ខែ​មិថុ​នា​នេះថា ថៃ​បាន​ប្រើ​ផែន​ទី​គូស​ដោយ​ឯក​តោ​ភាគី បំពាន​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា ដែ​ល​លោក​ហៅ​ថា ជា​ផែន​ទីចោរ។

លោកថា៖ «អ្នកមិនអាចគូសផែនទី តាម​ចិត្ត​ចង់​បាន​របស់​អ្នក​ ហើយ​បំពាន​លើ​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ទេ កម្ពុជា​មិន​មែន​ជា​ក្មេង​បៀម​ដៃ​ សម្រាប់​អ្នក​ប្រមាថ និង​បោក​បញ្ឆោត​​ឈ្លាន​ពាន​តាម​អំពើ​ចិត្ត​ទេ ផែន​ទី​ចោរ​ដែល​ឈ្លាន​ពាន​យើង​តាំង​ពី​ឆ្នាំ​២០០៨ យើង​មិន​គម្បី​ត្រូវ​ប្រើ​ប្រាស់​ទៀត​ទេ»

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ ​លោក អ៊ុំ សំអាន ប្រាប់​VODនៅថ្ងៃទី៦ ខែ​មិថុនា​នេះ​ថា នេះ​ជា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ ដែល​ថៃ​ចង់​ទម្លាក់​គ្រួសា​រ​ថាក់​ស៊ីន ពី​អំណាច ដោយ​យក​លេស​ជំរុ​ញ​ឱ្យ​ការ​ពារ​ទឹក​ដី។

លោកបន្តថា ការដែលមេដឹកនាំថៃបដិសេធ​មិន​ព្រម​ទៅ​តុលាការ​(ICJ)​ជុំវិញ​បញ្ហា​ព្រំដែន​នេះ ដោយ​សារ​តែ​ថៃ​ដឹង​ខ្លួន​ច្បាស់​ថា មិន​ឈ្នះ​ខ្មែរ​ទេ ដោយ​ថា​តាម​ផែន​ទី​បារាំង-សៀម ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការសហ​ប្រជា​ជាតិ តំបន់​​ដែល​ថៃ​អះ​អាង​ថា​របស់​ខ្លួន តាម​ពិត​ស្ថិត​​ក្នុង​​ដែន​ដី​កម្ពុជា។

លោកសង្កត់ធ្ងន់ថា ហេតុផលនេះហើយ ទើប​ថៃ​ព្យាយាម​លួង​លោម និង​បន្ទន់​ឥរិយា​បទ​ស្នើ​សុំ​ចរចាជាមួយ​កម្ពុជា ត្រឹម​កម្រិត​ទ្វេភា​គី។

សម្រាប់​ លោក អ៊ុំ សំអាន យល់​ថា កម្តៅ​ផ្ទៃ​ក្នុង​របស់​ថៃ​នាពេល​នេះ អាច​កើត​ចេញ​ពី​ក្រុម​ពួក​អាវ​លឿង​ដែល​មាន​ការ​គាំទ្រ​ពី​ពួក​យោធា​ថៃ ដើម្បី​ចង់​ដាក់​សម្ពាធ​គ្រួសារ​ថាក់​ស៊ីន​ឱ្យ​ចុះ​ចេញ​ពី​អំណា​ច​ បើ​ការ​ពារ​ទឹក​ដី​មិន​បាន។

លោកថា៖ «បើសិនជាកម្ពុជានៅតែបន្តជំហររឹងប៉ឹ​ង​អ៊ីចឹង គឺ​ប្ដឹង​ទៅកា​ន់​តុលាការយុ​ត្តិ​ធម៌​អន្ដរ​ជាតិ ​ផ្ទៃ​ក្នុង​របស់​ថៃ​អាចនឹ​ងមា​ន​បញ្ហា​ ព្រោះ​យើង​យល់​ថា​សព្វ​ថ្ងៃ​ពួក​យោធា​និង​ពួក​អាវ​លឿង​ទេ​ ហើយ​និង​ឥឡូវ​នេះពួក​អាវ​ក្រហម​រួម​ដៃ​ជាមួ​យពួ​ក​អាវ​លឿង ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ត្រកូល​ថាក់​ស៊ីន ហើយ​ត្រកូល​ថាក់​ស៊ីនមិ​នចង់​មាន​ជម្លោះ​ជាមួយ​​ត្រកូល​ហ៊ុន ដែល​ជា​បង​ប្អូន​ធម៌​នឹង​គេ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ជាតិ​​ ហើយ​ដើម្បី​ការ​ពារទឹក​ដី​ផង ហើយ​កុំ​ឲ្យ​ពួក​យោធា​ពួក​អាវ​លឿង​ពណ៌​ក្រហម​ដាក់​សម្ពាធ​ផង គាត់​ក៏​បង្ហាញ​គំនិត​ស្នេហា​ជាតិ​ ដើម្បី​ទប់​នឹង​អំណាច​របស់​ខ្លួន»។

ចំណែក ពលករខ្មែរនៅប្រទេសថៃ លោក វ៉ាន់ តេ សង្កេត​ឃើញ​ថា សម្រែក​ក្រុម​បាតុករ​ថៃ ភាគ​ច្រើន គឺ​មាន​ទំនោរ​មិន​គាំទ្រ​រដ្ឋាភិបាល​ត្រកូល​ថាក់​ស៊ីន ដោយ​មិន​ទុក​ចិត្ត​នាយក​រដ្ឋ​មន្ត្រី​ថៃ ជុំវិញ​ការ​ការ​ពារ​ដែន​អធិប​តេយ្យ​ថៃ និ​ង​ប្រាសាទ​ជាប់​ព្រំដែន​ជាមួយ​ខ្មែរ។

លោកថា ការចូលរួមឈឺឆ្អាល​រឿង​បូរណភាព​ទឹក​ដី ជា​សិទ្ធិ​និង​ជា​កាត​ព្វ​កិច្ច​របស់​ពលរ​ដ្ឋ​គ្រប់​រូប ដែល​ស្រឡាញ់​ទឹក​ដី ជាតិ មាតុ​ភូមិ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​រក្សាជំ​ហរ​ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ខ្លួន​ផង​ដែរ។

លោកថា៖ «រឿងធ្វើបាតុកម្មមែនទែនទៅគាត់ធ្វើបាតុកម្ម​នេះ គឺ​ជា​ចេតនា​គេ​បំផុ​ស​បំផុល មាន​គំនិត​ជាតិ​និយម​របស់​ពលរដ្ឋ​គេ ខ្ញុំ​គិ​ត​ថា វា​ជារឿង​​ល្អ​សម្រាប់​ពួក​គេ ជា​ធម្មតា​ប្រទេស​គេ​ប្រកាន់​គោល​ការណ៍​ប្រជា​ធិប​តេយ្យ ចឹង​ព​លរដ្ឋ​​ចេញ​ធ្វើ​បាតុកម្ម​គ្រាន់​តែ​ជា​មតិ​របស់​ពលរដ្ឋ»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា កម្តៅ​ជាតិ​និយម​របស់​ថៃ ជាចេតនា​ចង់​ទាញ​ទម្លាក់​គ្រួសារ​ថាក់​ស៊ីន​ពី​អំណាច ព្រោះ​ពួក​យោធា​សង្កេត​ឃើញ​ថា គ្រួសារ​ថាក់​ស៊ីន មាន​ទំនាក់​ទង​ជិត​ស្និទ​ជាមួយ​​គ្រួសារ​ហ៊ុន មិន​អាច​ការ​ពារ​ទឹកដី​នៅ​ជាប់​ព្រំដែន​បាន​ទេ។

លោកថា៖ «ថៃនឹងប្រឈម​ហើយរដ្ឋាភិបាល អ្នក​ស្រី ផែផង​ថាន់ ស៊ីណា​វាត្រ នឹង​ប្រឈម​ការ​ធ្វើ​រ​ដ្ឋ​ប្រហារ​ពី​ពួក​យោធា​ហើយ ពីព្រោះ​ពួក​យោធា​គេ​ចង់​ការ​ពារ​បូរណភាព​ទឹក​ដី​ពេញ​លេញ ហើយ​ដល់​ពួក​យោធា​និង​ចង់​បាន​លេស​ថា​អ្នក​ស្រី ផែផងថាន់ នឹង​ធ្វើ​អី​មិន​បាន​សម្រេច សម្រុះ​សម្រួល​ជាមួយ​កម្ពុជា​មិន​បាន​ជោគ​ជ័យ អ៊ីចឹង​គេ​បំផុស​ទឹក​ចិត្ត​ប្រជា​ពលរ​ដ្ឋ​ថា ត្រូវ​តែ​ទម្លាក់​រដ្ឋាភិបាល​ហ្នឹង​ចោល ព្រោះ​រដ្ឋាភិបាល​ហ្នឹង​អ្នក​គប់​គិត​​​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ព្រោះ​គេ​អត់​ទុក​ចិត្ត»

កម្តៅព្រំដែននេះ នៅថ្ងៃសុក្រនេះ​ដែរ  ពលរដ្ឋថៃជាច្រើន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ។ កា​រប្រ​មូល​ផ្តុំ​នេះ ពួ​ក​គេ​ស្រែក​បំពង​សំឡេង​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា ទាម​ទារ​ឱ្យ​មាន​ការ​ចរចា​​ទ្វេ​ភាគី រវាង​កម្ពុជា និង​ថៃ ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​យោធា។

ក្នុងសម្រែកនោះផងដែរ ពលរដ្ឋថៃបានអះអាង​ថា កង​ទ័ព​កម្ពុជា បាន​ទន្រ្ទាន​ចូល​ដី​ថៃ​២០០​​ម៉ែត្រ និង​អះ​អាង​ថា ភាគី​កម្ពុជា ចង់​រំលោភ​យក​ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ​របស់​ថៃ។

ជាការឆ្លើយតប ភាគីកម្ពុជា តាមរយៈអ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ប្រកាស​ទាត់​ចោល​ការ​អះ​អាង​របស់​ភាគី​ថៃ។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ ជា​ទង្វើ​ផ្ទុយ​ពី​ការ​ពិត។

លោកបញ្ជាក់ថា ករណីផ្ទុះអាវុធមួយបានកើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​​ឧសភា ឆ្នាំ​២០២៥ គឺ​នៅ​ពេល​ដែល​កង​កម្លាំង​យោធា​ថៃ បាន​បើក​ការ​បាញ់​ប្រហារ មក​លើ​ទីតាំង​កង​ទ័ព​កម្ពុជា ក្នុង​ភូមិ​តេជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ដែល​ជា​តំប​ន់ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប៉ុស្តិ៍​យោធា​កម្ពុជា​ជាយូរ​មក​ហើយ។ ការ​ផ្ទុះ​អាវុធ​នេះ បាន​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​បាត់​បង់​ជីវិត។

លើស​ពីនេះ​ កម្ពុជាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី៤ខែ​មិថុនាថា កម្ពុ​ជា​នឹង​​មិ​ន​ដក​​ថយ​​ក្នុង​​ការ​ប្តឹង​​​ថៃ​ទៅ​តុលាការ​​អន្តរ​ជាតិ ICJ ជុំវិញ​ការ​រំលោភ​បំពាន​​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តាក្របី ​និង​តំបន់​មុំបី​ ក្នុង​ខេត្ត​ព្រះ​វិហារ ទោះ​​ភាគី​ថៃ​​បោះ​​ដៃ​សុំ​​​ដោះ​​ស្រាយ​​ត្រឹម​កម្រិត​ទ្វេ​ភាគី​ក្តី។

កម្ពុជា​សំអាង​ថា ការ​មិន​ដក​ថយ​នេះ ជា​ការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ដោយ​មិន​ញញើត​ដៃ រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី​របស់​កម្ពុជា ហើយថា ការប្រើប្រាស់យន្តការអន្តរជាតិនេះ គឺដើម្បីជាប្រយោជន៍​ដល់ការធានាបាន​​នូវ​ដំណោះស្រាយ​​​ដោយ​យុត្តិធម៌ មិនលំអៀង និងនិរន្តរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ