សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣រូប បានស៊ូទ្រាំជាប់ពន្ធនាគារក្នុងស្ថានភាពដ៏ចង្អៀតណែន ដែលខ្លះលើស៨ឆ្នាំនិងខ្លះលើស៥ឆ្នាំ ដោយមិនព្រមសុំទោស ដើម្បីដោះដូរនឹងសេរីភាពឡើយ ក្នុងសំណុំរឿង ដែលគេថាជារឿងនយោបាយ ទោះក្រុមគ្រួសារពួកគេខ្លោចផ្សាផ្លូវចិត្តក៏ដោយ។
បើតាមអង្គការលីកាដូ បុរសជាសកម្មជនបក្សប្រឆាំងទាំងនោះមាន លោក កាក់ កុម្ភារ លោក អ៊ីស្មាឯល ពិនឧស្មាន និងលោក ហេង ចាន់សុធី។
បើតាមលីកាដូ លោក ហេង ចាន់សុធី គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជាប់ពន្ធនាគារជាង៥ឆ្នាំ ហើយ គិតពីថ្ងៃឃុំខ្លួន អំឡុងឆ្នាំ២០១៩ ក្នុងកម្រិត៦ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ការចាប់ខ្លួន លោក ហេង ចាន់សុធី ពាក់ព័ន្ធនឹងគម្រោងវិលចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ករណីលោក ហេង ចាន់សុធី ដូចគ្នាទៅនឹង លោក កាក់ កុម្ភារ។
ដោយឡែក លោក អ៊ីស្មាឯល ពិនឧស្មាន ទទួលទោសបានជាង៨ឆ្នាំហើយ ក្នុងចំណោមទោស១៥ឆ្នាំ ដែលលោក អ៊ីស្មាឯល ពិនឧស្មាន ត្រូវតុលាការចោទពីបទ នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំ ឆ្លងដែន យោងតាមមាត្រា១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សម្រាប់លីកាដូ ការចោទនេះ ក្រោយពេលដែល លោក អ៊ីស្មាឯល ពិនឧស្មាន បានបដិសេធច្រើនដង ដោយមិនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការបញ្ចុះបញ្ចូលរបស់បុគ្គលមួយចំនួន ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
លីកាដូថា បុរសទាំង៣រូបនេះ មិនត្រឹមតែជាសកម្មជនគណបក្សជំទាស់ទេ តែពួកគាត់ក៏ជាឪពុក និងជាសា្វមីជាទីគោរពស្រឡាញ់ចំពោះគ្រួសាររបស់ពួកគេផងដែរ ដែលការជាប់ពន្ធនាគារនេះ ធ្វើឱ្យសមាជិកគ្រួសាររបស់ពួកគេមានចិត្តខ្លោចផ្សាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
ប្រភពនោះកត់ សម្គាល់ថា ក្នុងចំណោមអ្នកទាំងនោះ មានសមាជិកមួយចំនួនត្រូវបានដោះលែងមកវិញ ប៉ុន្តែភាគច្រើននៃរបៀបដោះលែង ក្រោយពេលដែលពួកគេធ្វើការសុំទោស និងចូលរួមជាមួយនឹងគណបក្សកាន់អំណាច។
យ៉ាងណាក៏នៅមានអ្នកនយោបាយ និងសកម្មជនជាច្រើននាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសសកម្មជនជាបុរសចំនួនបីរូបនេះ បានចំណាយពេលអនុវត្តទោស ក្នុងពន្ធនាគារ អស់រយៈពេលជាងពាក់កណ្តាលទសវត្សរ៍ទៅហើយ នៅក្នុងពន្ធនាគារដ៏ចង្អៀតណែន។
បើតាមអង្គការលីកាដូ សកម្មជនគណបក្សសង្រ្គោះជាតិទាំងបីរូបនេះ ស្ថិតក្នុងចំណោមអ្នកទោសដោយប្រើសិទ្ធិ ចំនួន ៦៩នាក់ ដែលការបញ្ចេញមតិ ឬសកម្មភាពនិយមរបស់ពួកគេ ត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ។
អង្គការសិទ្ធិមនុស្សមួយនេះ សង្កត់ធ្ងន់ថា ការជាប់ក្នុងពន្ធនាគារ សូម្បីតែមួយថ្ងៃ ដោយគ្រាន់តែបញ្ចេញមតិ ឬទស្សនៈ ឬសកម្ម ក្នុងការរិះគន់ដោយអហិង្សា អំពីបញ្ហាសង្គម និងបរិស្ថាន គឺមានរយៈពេលយូរខ្លាំងណាស់ទៅហើយ ហើយចំពោះសកម្មជនទាំងបីរូបនេះ គឺរឹតតែទទួលការឈឺចាប់ខ្លាំងបន្ថែមទៀត ពេលត្រូវបានគេបំបែកចេញពីគ្រួសារដ៏កក់ក្តៅ និងសហគមន៍របស់ពួកគេរហូតដល់ទៅជាង៥ឆ្នាំ។
នៅពេលនេះ ជាពេលដែលរាជរដ្ឋាភិបាល គួរតែពិចារណាឱ្យពួកគេបានជួបជុំគ្រួសារដ៏កក់ក្តៅ និងត្រឡប់ទៅរកការរស់នៅមួយ ដោយមិនមានការភ័យខ្លាច ឬទទួលទណ្ឌកម្ម ដោយគ្រាន់តែឈរលើការអនុវត្តសិទិ្ធសេរីភាពនយោបាយរបស់ពួកគេ។
គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ទទួលបានសំឡេង៤៦ភាគរយ ក្នុងចំណោមអ្នកចេញទៅបោះឆ្នោត ជាង៨៦ភាគរយ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប )។
៤៦ភាគរយនៃចំនួនសន្លឹកឆ្នោតបានការនេះ ត្រូវបានអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលនោះថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សនេះនឹងទទួលបានសន្លឹកឆ្នោតគាំទ្រប្រមាណជា៦០ភាគរយ ដែលអាចឈ្នះបានឡើងកាន់អំណាចដឹកនាំប្រទេស។
ប៉ុន្តែតុលាការកំពូល បានរំលាយគណបក្សនេះចោល មុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់ តាមបណ្តឹងរបស់បក្សកាន់អំណាចដែលដឹកនាំដោយ លោក ហ៊ុន សែន ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម អំឡុងខែមេសា ឆ្នាំ២០២៤ថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ មានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ ការណ៍នេះធ្វើឱ្យសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយនៅក្នុងប្រទេសកម្ពុជា រងការយាយី និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ពួកគេបានគូសបញ្ជាក់ថា វិធាននេះ បានជះឥទ្ធិពលអាក្រក់ដល់អ្នកធ្វើការងារសិទ្ធិមនុស្ស និងរារាំងពលរដ្ឋ មិនឱ្យចូលរួមឈឺឆ្អាលពីបញ្ហាសង្គម៕