កម្ពុជាព្រមកែសម្រួលកម្លាំងទ័ពនៅតំបន់មុំ៣ ខេត្តព្រះវិហារ ដោយសំអាងថា ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំជាមួយកងទ័ពថៃ ដែលការណ៍នេះ គណបក្សប្រឆាំងចាត់ទុកថា ជាការបរាជ័យធំធេងរបស់គណបក្សកាន់អំណាច ដែលដឹកនាំដោយគ្រួសារហ៊ុន។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកប៉ុន្មាននាទីមុននេះ នាថ្ងៃទី៨ខែមិថុនា ក្នុងន័យដើមថា៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់»។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
សម្រាប់ លោក ហ៊ុន សែន ការស្វែងរកដំណោះស្រាយតាមរយៈការចរចា ត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ ទើបមានលទ្ធផលដូចពេលនេះ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាអះអាងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើមូលដ្ឋានទ័ពកម្ពុជានៅតំបន់មុំ៣ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ គឺព្រិន្ធបាលឯក សួន រ៉ោន។
ក្រោយមកមេដឹកនាំកម្ពុជាដដែល ចាត់ទុកថា ការបើការបាញ់ប្រហារនេះជាទង្វើឈ្លានពាន ដែលការណ៍នេះកម្ពុជាសម្រេចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ក្រោយកម្ពុជាប្រកាសរុញសំណុំរឿងព្រំដែនទៅ(ICJ) ហើយភាគីថៃបានគំរាមកម្ពុជាតាមរយៈបង្ហាញសព្វាវុធទំនើបៗមានរថក្រោះ និងចល័តទ័ពមកកាន់ព្រំដែនជាដើម រួមទាំងបិទច្រកព្រំដែនដោយឯកតោភាគី ដើម្បីដាក់សម្ពាធឱ្យកម្ពុជាងាកមកចរចាទ្វេភាគី។
ក្រៅពីនេះ ភាគីថៃក៏បានទាមទារឱ្យភាគីកម្ពុជា ដកទ័ពចេញពីតំបន់ឈរជើងក្នុងទឹកដីកម្ពុជាចម្ងាយ ២០០ម៉ែត្រផងដែរ ក្រោមហេតុផលដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា។
អ្នកមានបទពិសោធន៍កិច្ចការព្រំដែន លោក អ៊ុំ សំអាន លើកឡើងថា កងទ័ពកម្ពុជាបានដកថយនិងលុបលេណដ្ឋាន(ត្រង់សេ)របស់ទាហានខ្មែរនៅតំបន់ចុងបូកឬមុំបី។ លោកចោទជាសំណួរថា ហេតុអ្វីកម្ពុជាត្រូវដកទ័ព២០០ម៉ែត្រចេញទឹកដីខ្លួនឯង?។
លោកចាត់ទុកថា៖ «នេះជាភាពអាម៉ាស់មួយរបស់ខ្មែរចំពោះជនជាតិថៃ។ ថៃសំលុតបន្តិចខ្លាចថៃ? តើហ៊ានតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? នេះជាបរាជ័យមួយដ៏ធំរបស់ លោក ហ៊ុន ម៉ាណែត។ តើកម្ពុជានៅតែបន្តចង់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬអត់? និងទាមទារឱ្យភាគីកម្ពុជាដកទ័ពចេញពីតំបន់»។
យ៉ាងណាសម្រាប់ លោក ហ៊ុន សែន វិញអំពាវនាវឱ្យបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕