បទវិភាគ៖ ហេតុអ្វីរដ្ឋាភិបាល​គ្រួសារ​​ហ៊ុន​​ស្ទាក់​​ស្ទើ​ប្រើ​យន្ត​ការ​​អន្តរ​ជាតិ​ដើម្បី​​​ដោះ​​ស្រាយ​បញ្ហា​​ព្រំដែន?

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​​បង្ហោះ​​សារ​ខ្លី​មួយ​​​លើ​​ហ្វេស​ប៊ុក​​របស់​​លោក​​​​​ពី​​​ទីក្រុង​​នីស ប្រទេសបារាំង នៅ​​ថ្ងៃទី​​៩​​ខែ​មិថុនា​​នេះ​​ថា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​​ចេញ​​សេច​ក្តី​ប្រកាស​ព័ត៌​មាន បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់​លាស់​របស់​កង​ទ័ព​កម្ពុជា​​​នៅ​ព្រំដែន​​កម្ពុជា-ថៃ​ថា ពុំ​មាន​ការ​ដក​កង​ទ័ព​កម្ពុជា​ចេញ​ពីតំបន់​​ដែល​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​​ភាព​​របស់​កម្ពុជា ហើយ​ដែល​កង​ទ័ព​កម្ពុជា​​បាន​ឈរ​ជើង​កាន់​កាប់​ជាយូរ​មក​ហើយ​នោះ​ទេ។

​លោក​​បន្ត​ថា​ រាល់​ការ​រៀបចំ​កម្លាំង​របស់​កង​ទ័ព​កម្ពុជា រាប់​ទាំង​ការ​ឈរ​ជើង​ ការ​ពង្រាយ​​កម្លាំង ការ​កែសម្រួល​កម្លាំង ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅក្នុង​ដែន​អធិប​តេយ្យ​ភាពរបស់​​កម្ពុជា និង​ក្នុង​គោល​ដៅ​ត្រៀម​ខ្លួន​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក​ ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​​ បាន​​បង្ហោះ​​នៅ​លើ​​ហ្វេស​ប៊ុក​​រប​ស់​​លោក​ នៅ​​យ​ប់​ថ្ងៃ​​​ទី​៨​ខែ​មិថុនា​​​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​​ពីរ​ ​កម្ពុជា-ថៃ ពិត​ជា​​ច​ង់​មាន​​សន្តិភាព​ ​​​និង​មិន​​ចង់​ឃើញ​​នូវ​​សង្គ្រាម​នោះ​ឡើយ។

ការ​ស្វែង​រក​ដំណោះ​ស្រាយ​ តាម​​រយៈ​​ការ​​ចរចា​ត្រូវបា​ន​ធ្វើ​​តាំង​ពី​​កំរិត​​ថ្នាក់​​រាជ​រដ្ឋាភិ​បាល រហូត​ដល់​មេបញ្ជា​ការ​នៅ​អង្គ​ភាព​ជួរ​មុខ​ ​ទើ​ប​​មាន​លទ្ធផល​​​កែ​​សម្រួល​​កម្លាំង​​ទ័ព​​ដូចពេល​នេះ។

លើសពីនេះ ​លោក​ ហ៊ុន សែន ​ថែម​​ទាំង​​បាន​​ផ្ញើសារ​ឱ្យ​​ប្រជាពលរដ្ឋ​​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិ​បាល​ ​ក្នុង​ការ​ដោះ​​ស្រាយ​​​ជម្លោះ​​ដោយ​សន្តិវិធី ដែ​ល​​​ជា​វិធី​​តែ​​មួយ​​គត់ ​ដើម្បី​បញ្ចៀស​សង្រ្គាម​​បង្ហូ​រ​ឈាម​ និង​​ដើម្បី​មិត្ត​ភាព និង​កិច្ច​​សហ​ប្រតិ​​បត្តិ​​ការ​​​ល្អ​ជាមួយ​ប្រទេសជិតខាង។

យ៉ាងណាក្តី ​​សារព័ត៌មាន​នានា​​នៅ​ក្នុង​​ប្រទេស​ថៃ​ រួ​ម​​ទាំង​​បណ្តាញ​សង្គម​​​ផ្លូវការ​​របស់​​ខុទ្ទកា​ល័យ​​​នាយក​រដ្ឋមន្ត្រី​​ថៃ​ ផ្នែក​​ព័ត៌​មាន​​ផង​ដែរ​ បាន​ចុះ​ផ្សាយ​​ព្រោង​ព្រាត​​ថា ​នៅ​ក្នុង​ការ​​ចរចា​​​នៅ​​ថ្ងៃទី​៨​​ខែ​មិថុនា​ កង​ទ័ព​​ថៃ​និង​​កម្ពុជា ​បាន​​យល់​​ព្រម​​ដក​កង​ទ័ព​​ចេ​ញ​ពីតំប​ន់​​​មុំ​​បី ហើយ​​ភាគី​កម្ពុជា​​ថែម​​ទាំង​​យល់​​ព្រម​​លុប​បំពេញ​ត្រង់​សេរ​ដែល​​បាន​​ជី​ក​​នៅ​​តំបន់​នោះ​ផងដែរ។

បើ​ទោះ​បីជាអ្នកគាំទ្ររដ្ឋាភិបាល​ បាន​សាទរ​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​វិវាទ​​​នៅ​ព្រំដែន​​កម្ពុជា-​​ថៃ​នេះ​ ក៏​​អ្នក​​នយោបាយ​​ប្រឆាំង​ ​​និង​​ពលរ​ដ្ឋ​ជា​ច្រើន​​បាន​​សម្តែង​​ការ​​ខក​​ចិត្ត​​យ៉ាងខ្លាំង។​​

លោក មួង ណារ៉េត​​ អ្នក​ធ្វើអត្ថាធិប្បាយ​ល្បីឈ្មោះ​លើ​បណ្តាញ​​សង្គម ​លើក​ឡើង​​ថា ​ភាគី​​ក​ម្ពុជា​ព្រម​“ដកទ័ព” ខ្មែរ​ថា កម្ពុជា​ព្រម​​កែ​សម្រួល​កម្លាំង​ទ័ព​ទាំង​សង​​ខាង ឱ្យ​​ត្រឡប់​​ចូល​តំបន់ដែលសមស្រប”។

ដូច្នេះ​មាន​ន័យ​ថា ទាំង​ទ័ព​ខ្មែរ​និង​ថៃ ព្រម​​ព្រៀង​គ្នា​ដក​​ទ័ព​រៀង​ខ្លួន ចេញ​​​ពីតំបន់​មុំ​បី ចំណុច​ដែល​កម្ពុជាអះ​អាង​ថា ទាហាន​ថៃ​​ចូល​​មក​​បាញ់​ផ្តាច់​​​ជីវិត​​ទាហាន​​ខ្មែរ លោក សួន រ៉ោន នៅ​ក្នុង​ដី​ខ្មែរ កាល​ពី​ថ្ងៃទី​​​២៨​ខែ​​ឧសភា​។

នៅ​​ពេល​​ដែល​កម្ពុជា​ព្រមដកទ័ព​ចេញ​ពីទឹកដីខ្លួនឯង លោក ​មួង​ ណារ៉េត ​ចោទសួរថា ចុះ​​ការ​ប្ដេជ្ញា​ថា នឹងយក​រឿងនេះ​ដាក់ប្ដឹង​ទៅ​​តុលា​ការ ICJ នឹង​ត្រូវ​ពន្យារពេលយូរប៉ុនណា បើ​កម្ពុជានិងថៃ​អាចត្រូវរ៉ូវគ្នា​បន្តការចរចា​ទ្វេភាគី ដូច​កាលគ្រាមុន​ផ្ទុះអាវុធ​ដដែលវិញនោះ​?

ត្រង់ចំណុចនេះ លោក ​ហ៊ុន សែន​ បាន​ឆ្លើយ​ទៅកាន់​អ្នក​ចូល​ទៅ​​ចោទសួរ​​លើ​​បណ្តាញ​​ហ្វេស​​ប៊ុក​​របស់​លោក​​ថា ការកែសម្រួលកម្លាំង​ទ័ព ​គឺមិន​ធ្វើ​ឱ្យ​រាំ​ង​ស្ទះ​​ដល់​ការ​​ដាក់​​ពាក្យ​​ប្តឹង​​របស់​​កម្ពុជា ទៅ​​តុលាការ​​អន្តរជាតិ​​​នោះ​ទេ។

លោក​ អ៊ុំ សំអាន ​អ្នក​ជំនាញកិច្ចការ​ព្រំដែន​ បាន​បង្ហោះលើ​ហ្វេសប៊ុក​របស់​​លោក​ នៅ​​ថ្ងៃ​ទី​​៩​​ខែមិថុនា​​ថា ខ្មែរលុប​លេណដ្ឋាន(ត្រង់សេ)មានន័យថា កម្ពុជា​ទទួល​ស្គាល់កំ​ហុស​ដែល​ខ្លួន​​បា​ន​ឈ្លាន​ពាន​ចូល​ដី​ថៃ​២​០០​​ម៉ែត្រ ដូច​ដែល​ថៃ​ចោទ​មែន ទើប​កង​ទ័ព​កម្ពុជា​បាន​ដក​ថយ​ ​ហើយ​​ត្រូវ​​​តែ​​លុប​ដីឱ្យ​ម្ចាស់​គេ​ដូច​ដើមវិញ ខ្លាច​ម្ចាស់​ដី​នោះ​ស្តីឱ្យ​។

លោក​​លើក​ឡើងថា៖ «ត្រកូលហ៊ុន នឹង​កាត់​ទឹក​ដី​ខ្មែរឱ្យ​ថៃ​នៅ​តំបន់​ចុង​​បូ​ក​ឬ​មុំ​បី​ ដូច​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ ​លោក សុខ អាន កាត់​កោះ​គជ់​​ឱ្យ​ថៃ​ឆ្នាំ​២០០១»

លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សា​ជាតិ​តស៊ូ​ បាន​​ថ្លែង​ថា ដើម្បី​ការពារទឹក​ដី​កម្ពុជា​​ឱ្យ​​មាន​​ប្រសិទ្ធ​ភាពគង់វង្ស​ទៅ​បាន លុះត្រា​តែ​កម្លាំង​​យុទ្ធជន​ការ​ពារ​​ជាតិ​​មាន​មេបញ្ជា​ការ​​កំពូល ​​ដែល​​​ជា​មេដឹក​នាំ​ស្មោះ​ត្រង់​​នឹង​ផល​ប្រយោជន៍​របស់​​ប្រជា​ពល​រ​ដ្ឋ​ខ្មែរ​ និង​​ស្មោះ​ត្រង់​​ឥត​​ងាក​​រេក្នុង​ការ​ការ​ពារ​ទឹក​ដី​ជាតិ​កម្ពុជា។ ប៉ុន្តែលោក​គឹម សុខ ថា មេបញ្ជាការ​កំពូល​ដែល​​ជា​ ក្រុមគ្រួសារ​​ហ៊ុន គឺ​​ជាអ្នក​ដែល​​កាត់​ទឹកដី​​ប្រទេស​កម្ពុជា​ឱ្យ​​ទាំង​​ប្រទេស​​​វៀត​ណាម​ ​និង​​ប្រទេស​ថៃ​ ​​ជា​បន្ត​បន្ទាប់ និង​​គប់​គិត​​រក​ស៊ី​ងងឹត​​ជា​មួយ​​បរទេស​ឈ្លាន​​ពាន​នៅលើ​​ទឹក​ដី​​កម្ពុជា ​ដើម្បី​តែពឹងក​ម្លាំង​ពួក​បរទេស​ឈ្លាន​ពាន​​ទាំ​ង​​នោះ ​ឱ្យ​ជួយ​ការ​ពារ​​អំណាច​ក្រុម​​គ្រួសារ​ហ៊ុន​​​តែ​ប៉ុណ្ណោះ​។

លោក​ថា៖ «វិធី​ចរចា​របស់​ក្រុមគ្រួសារ​ហ៊ុន ​ស្មើ​​នឹ​ង​ការកា​ត់​​ទឹ​ក​ដី​កម្ពុជា​​ទៅ​​​ឱ្យ​ប្រទេស​​ជិត​ខាង ​ហើយ​​ក្រុមគ្រួសារ​​ហ៊ុន​​ប្តូរ​យក​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ ​ដូច​ជា រក​ស៊ី​កាប់​​ឈើ​ក្នុង​​ទឹក​ដីខ្មែ​រ​ក្បែរ​ព្រំដែន​​ថៃ ​និង​ជំនួញ​លាងលុយ​កខ្វក់។ ជាក់ស្តែង​ សង្គ្រាម​​​ពី​ឆ្នាំ​២០០៨​​ដល់​​​ឆ្នាំ​២០១១ នៅតំប​ន់​ប្រាសាទ​​ព្រះវិហារ ​លទ្ធផល​​គឺ​កងទ័ព​​ថៃនៅ​តែ​មិន​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា ​រហូត​មក​​ដល់​​ពេល​បច្ចុប្បន្ន។ ចំណែក​​ឯ​ក្រុម​គ្រួសារ​​ហ៊ុន​​វិញ គិតតែរកស៊ីងងឹតជាមួយពួកទាហាន​​ថៃ​​ កាប់​ឈើក្នុ​ង​ទឹក​ដី​​ខ្មែរ​​ជិត​តំបន់​ព្រំដែន​ថៃ​ឡើង​វាល ​និ​ង​​ធ្វើ​ជំនួញ​ងងឹត​ផ្សេង​ទៀត ​ជាពិសេស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន»

គួរ​បញ្ជាក់​ថា ថ្មីៗនេះទាំង​ លោក​ហ៊ុន សែន និង​លោក ​ហ៊ុន ម៉ាណែត ហាក់​​ដូចជា​​បញ្ជាក់​​ជំហរ​​ដាច់​ខាត និង​ស៊ីសង្វាក់គ្នា​យ៉ាង​ខែងរ៉ែង ​ក្នុងការ​ដាក់​សំណុំ​រឿង​វិវាទ​ព្រំដែន​​នៅ​តំបន់​មុំបី ប្រាសាទ​​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្រ​បី ទៅ​​តុលាការ​អន្តរ​ជាតិ ប៉ុន្តែ​​​ថៃ​​បាន​​ប្រកាស​មិនទ​ទួល​ស្គាល់​យុត្តា​ធិការ​​តុលាការ​អន្តរ​ជាតិ ICJ និង​​បា​ន​​បិទ​ច្រក​ទ្វារ​​ព្រំដែន​​ដោយ​ឯកតោ​ភាគី។

អ្នក​នយោបាយ​ប្រឆាំង​ អ្នកច្បាប់​ និងបញ្ញវន្ត​​ខ្មែរ​ជាច្រើន ​​បាន​​ជំរុញ​តាំង​ពី​យូរ​មក​​ហើយ​​ឱ្យ​​រដ្ឋាភិ​បាល​គ្រួសារ​​ហ៊ុន​ដាក់​​បញ្ហា​​វិវា​ទ​​ព្រំដែន​​ជាមួយ​​ប្រទេស​​ជិត​​ខាង​ ទៅ​តុលាការ​អន្តរ​ជាតិ ​​ពីព្រោះកម្ពុជា​​មាន​​ប្រៀបខាង​ផ្លូវ​ច្បាប់​ ដូចជា សន្ធិសញ្ញា​បារាំង​​សៀម ​ឆ្នាំ​១៩០៤-១៩០៧ ​និង​​​សន្ធិសញ្ញា​សន្តិភាព​​ទីក្រុង​​ប៉ារីស​ លើស​ពីនេះ ​កម្ពុជា​អាចស្នើសុំឱ្យរដ្ឋាភិបាល​បារាំង ​ដែល​ជាប្រទេស​អាណានិគមន៍​ ឱ្យជួយ​​ធ្វើជា​សាក្សី​ក្នុង​រឿង​​វិវាទ​ព្រំដែននេះ ​ពីព្រោះ​បើ​បន្តធ្វើ​ការ​ចរចា​​ទ្វេភាគីតទៅទៀត ​មាន​តែ​ធ្វើឱ្យប្រទេស​កម្ពុជា​​បាត់​បង់​ទឹកដី​​ជាបន្ត​ទៅ​ទៀត​​ជាមួយ​ប្រទេស​ជិត​ខាង​តែប៉ុណ្ណោះ។

លោក​​​បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្នុង​ប៉ារីស​អាច​ដោះ​​ស្រាយ​​ជម្លោះព្រំ​​ដែន​កម្ពុជា​​ជាមួ​យ​​ប្រទេស​​ជិត​ខាង​បាន ​ដោយ​កិច្ចព្រមព្រៀងនេះ​មាន២​ច្បាប់។ ច្បាប់​ទី​២ ចែង​អំពី​ការ​​ធានា​​របស់​​អន្ត​រ​ជាតិ​ចំពោះ​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណ​ភាពទឹកដី អព្យាក្រឹត​ភាព ​និង​​ឯកភាព​ជាតិ​កម្ពុជា។

ការធានានេះ ចែងជាអាទ៍​ថា «​កម្ពុជា​…សន្យាយ៉ាងឱឡារឹកថា​ នឹ​ង​​ថែ​​រក្សា​និង​ការ​ពារ” ហើយ “ភាគី​នានា​នៃកិច្ច​ព្រម​ព្រៀង»ទី​ក្រុង​​​ប៉ារីស ដែល​​ក្នុង​នោះ​មាន​ទាំង​​វៀត​ណាម​ ថៃ និង​​ឡាវ​​ផង​ដែរ «បាន​​សន្យា​​យ៉ាង​​ឱឡា​រឹ​ក​ថា គោរពគ្រប់បែបយ៉ាងទាំងអស់ ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​​ភាព​​មិន​​អាច​​រំលោភបា​ន​នៃ​ដែនដី អព្យាក្រឹតភាព និងឯកភាព​ជាតិ​កម្ពុជា»។

តើ​ហេតុអ្វី​រដ្ឋាភិបាលគ្រួសារ​​ហ៊ុន ហាក់​ស្ទាក់​​​ស្ទើក្នុងកា​រ​​​ប្រើ​យន្ត​ការ​ច្បាប់​​អន្តរ​ជាតិ ដើម្បី​​ដោះ​​ស្រាយ​បញ្ហា​​ព្រំដែន?

ត្រង់​ចំណុចនេះ ​លោក គឹម សុខ បាន​​លើក​ឡើង​​ថា បើ​សិន​​​ជាក្រុ​ម​គ្រួសារ​ហ៊ុន​​មាន​​ឆន្ទៈ​​ការ​​ពារ​​ទឹក​ដី​ខ្មែរ​ពិត​​ប្រាកដ​មែន​ ពួក​គេ​​ប្រាកដ​​ជា​ពឹ​ង​​រដ្ឋាភិបាល​​បារាំង​ ឱ្យ​ជួយ​​​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​កម្ពុជា​​ជាមួយ​​ប្រទេស​​ជិត​ខាង​ហើយ ពីព្រោះ​​បារាំង​​រង់​ចាំជួ​យ​​ប្រទេស​កម្ពុជា​​​ជា​និច្ច បារាំង​​​ជា​​ម្ចាស់​គំនូសដើម​នៃផែនទីប្រទេសកម្ពុជា​ បារាំងក៏ជាអ្នក​បោះបង្គោល​ព្រំដែន​ដែរ ​ហើយ​ខ្សែ​បន្ទាត់​ព្រំដែន​​ជាមួយ​ថៃ ​មាន​៧៣​​បង្គោល​ និង​​ជាមួយ​វៀតណាម​មាន​១២៤បង្គោល​ គឺរដ្ឋាភិ​បាល​កម្ពុជា​គ្រាន់​តែ​ស្នើ​ឱ្យ​បារាំង​ជួយ​រក​បង្គោល​​ទាំងនោះ​​​​មក​វិញ ​ដោះស្រាយ​​បញ្ហា​​ព្រំដែន​​គោក​​បាន​​ហើយ ​មិ​ន​​ចាំបាច់​ប្រើ​កម្លាំង​អាវុធ​បាញ់​គ្នា​​នោះ​ទេ​។ ក៏​ប៉ុន្តែក្រុម​គ្រួសារ​ហ៊ុន​​ចេះ​​តែ​​បដិសេធ​តួនាទី​របស់បារាំង ហើយ​ចិញ្ចឹមសង្គ្រាម​​ ដើម្បី​ផល​​ប្រយោជន៍​នយោ​បាយ​ទុច្ចរិត​​របស់​ពួក​គេ។

ចំណែក ​លោក ​មួង​ ណារ៉េត ​ដែល​ក៏ជាអ្នកសារព័ត៌មាន​​ចាស់​វស្សាដែរនោះ កត់​សម្គាល់​ឃើញ​​ថា អ្វី​​​ដែល​ត្រកូល​ហ៊ុន​​ធ្វើទំនាក់​​ទំនង​​ជាមួយ​​ត្រកូលថាក់ស៊ីន ​មិន​មែនដើម្បី​​ជាតិ​​សាសន៍​​កម្ពុជា​​ទេ គឺដើម្បីក្រុមគ្រួសារ​ត្រកូលពួក​គាត់ ​ហើយ​អ្នកនៅថៃ​ក្រុម​អាវលឿង ​ឬក៏​ក្រុម​ប្រឆាំង​គេក៏មើល​ឃើញអ៊ីចឹងដូចគ្នា​។

គេថា នេះគឺជាការ​បង្កើន​ឥទ្ធិពល​របស់​ត្រកូល​​ថាក់ស៊ីន​ ដែល​​សេព​គប់​គ្នា​​ជាមួយ​​នឹង​ត្រកូល​ហ៊ុន ដូច្នេះ​បាន​​​ត្រកូល​ទាំង​ពីរ​នេះ​ ​​នាំ​គ្នា​​បង្កើត​​​ឱ្យ​មាន​​បញ្ហា​​ទល់​​ដែន​ ​ដើម្បី​​ពង្រឹង​​អំណាច​​ជួយ​គ្នា​ទៅ​​វិ​ញ​ទៅ​​មក​។

លោកថា៖ «គឺ​ត្រូវ​តែ​ស្អំអ៊ី​ចឹងរហូតហើយ ​ពីព្រោះ​​ដើម្បីរក្សា​ទំនាក់​ទំនង​​ជាមួយ​​គ្នា ​ដើម្បី​​ឯង​ជួយ​អញ ​អញ​​ជួយ​​ឯង​​តទៅ​ទៀត​ផង​ អ៊ីចឹង​​ហើយ​​បាន​ជាយើង​អត់ដែល​ឃើញ​​គាត់​យករឿង​ហ្នឹង ​ទៅ​​ដោះ​​ស្រាយ​ក្រៅតែពី​និយាយ​​ប្រាប់​ប្រជាពលដ្ឋថា កោះគជ់​​វាអត់បាត់ទៅណា​ រឿងប្តឹង​អត់​ដែល​មាន​​និយាយ ​គឺបកស្រាយ​​អីយ៉ាង​ម៉េច​ក៏មិន​បក​​ស្រាយ ​ក៏ប៉ុន្តែ​ចុះ​ហេតុអ្វី​ក៏នៅពេល​នេះ​​​រឿង​ប្រាសាទ​​តាមាន់​ធំ ​តាមាន់​​តូច​ ប្រាសាទតាក្របី​ ហើយ​​និង​តំបន់​មុំ​បី ​ក្លាយ​ទៅ​ជា​កម្មវត្ថុ​ដែល​រដ្ឋាភិបាល​ខែងរ៉ែង ​ក្នុងការ​ដាក់​បញ្ចូលទៅក្នុ​ងរឿងដាក់​បញ្ចូល​ទៅ​ឱ្យតុលាការ​អន្តរជាតិ​​​យកទៅ​ដោះស្រាយ​»

សម្រាប់​ ​លោក ​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​​បង្ហោះ​នៅ​លើ​​ហ្វេស​ប៊ុក​​របស់​​លោក​នៅ​ថ្ងៃ​ទី​៩ខែ​មិថុនា​នេះ​ថា លោក ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត ​«បាន​​​តែ​អួត ខ្លាំង​​បា​ន​តែ​ជាមួយ​ខ្មែរគ្នា​ឯង! ឥឡូវ​ខ្លាច​ថៃ ខ្លាច​ថៃ​​ទម្លាយ​​រឿង​ឃាតកម្ម​​លោក​​លិម គិមយ៉ា»។

លោក​បន្តក្នុង​សំណេរ​ដើម​ថា៖ «ពួកត្រកូលហ៊ុននេះ ពិបាកយកជា​ការ​បាន​​ណាស់ ពួក​នេះ​កំពុង​ស៊ុម​គ្រលំគ្នា​ហើយ។ ខ្លាំង​បាន​តែ​ជាមួយ​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់​​គ្មាន​​អាវុធ ងើប​​មួយ​វ៉ៃ​មួយ តែជា​មួយ​បរទេស​ឈ្លា​ន​ពាន ខ្លាច​គេរ​ហូត​ដល់​ដក​ទ័ព​ចេញ​ពី​ដី​ខ្មែរ​ខ្លួន​ឯង»

ត្រង់ចំណុចនេះ លោក ​អ៊ុំ សំអាន លើក​ឡើង​ថា «គេសង្ស័យ​ថា​​​លោក ថាក់ ស៊ីន ខល​​​ទៅ​​ចរចា​​ជាមួយ​​បងធម៌​របស់​គាត់​គឺ​លោក ហ៊ុន សែន ឱ្យ​មាន​​ការ​​ដក​ទ័ព​​កម្ពុជា​ចេញ​​​ពី​​ទឹក​ដី​ជម្លោះ ដើម្បី​ជួយ​កុំ​ឱ្យ​មាន​រដ្ឋប្រហារ​​ទម្លាប់​កូន​ស្រីរ​បស់​​​លោក ថាក់ ស៊ីន​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ