នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរបន្តសហការជាមួយថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការទ្វេភាគី និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។
នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ ខែមិថុនានេះ។
មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ដោយយោងលើការប្រកាសរបស់ក្រសួងការពារជាតិថា ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។
ប្រភពបន្តថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។
បន្ថែមលើការប្រកាសរបស់ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជា ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
អ្នកមានបទពិសោធន៍កិច្ចការព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងថា កងទ័ពកម្ពុជាបានដកថយ និងលុបលេណដ្ឋាន(ត្រង់សេ)របស់ទាហានខ្មែរ នៅតំបន់ចុងបូកឬមុំបី។
លោកចោទជាសំណួរថា ហេតុអ្វីត្រូវដកទ័ពពីទឹកដីខ្លួនឯង? កម្ពុជាដកទ័ព២០០ម៉ែត្រពីទឹកដីខ្លួនឯង?។
លោកចាត់ទុកថា៖ «នេះជាភាពអាម៉ាស់មួយរបស់ខ្មែរ ចំពោះជនជាតិថៃ» និងថា «នេះជាបរាជ័យមួយដ៏ធំរបស់លោក ហ៊ុន ម៉ាណែត» ។
យ៉ាងណាជុំវិញបញ្ហានេះ លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តរក្សាទំនាក់ទំនងជាមួយប្រទេសថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។
យ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបានបកស្រាយជុំវិញការចុះផ្សាយរបស់សារព័ត៌មានថៃ ថា ភាគីកម្ពុជាបានលុបលាណដ្ឋាននៅទីតាំងប្រឈមនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារនោះទេ៕