បរិយាកាសនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ជាប់ស្រុកអារញ្ញប្រះថេត ខេត្តស្រះកែវ ប្រជាពលរដ្ឋទាំងខ្មែរ ថៃ និងភ្ញៀវទេសចរបរទេសជាច្រើននាក់ ដែលធ្វើដំណើរចេញចូលមកកម្ពុជា និងថៃ បានឈរតម្រង់ជួរត្រួតពិនិត្យលិខិតឆ្លងដែន រហូតដល់ហៀរចេញក្រៅច្រក បន្ទាប់ពីពួកគេបានធ្វើដំណើរបណ្តើរៗ ដើម្បីរង់ចាំឆ្លងដែនចូលតាំងពីមុនម៉ោង ៨ព្រឹក។
អាជីវករម្នាក់ រស់នៅក្រុងប៉ោយប៉ែត លោក រិទ្ធ បូរ៉ា ប្រាប់វីអូឌីនៅថ្ងៃទី០៩ ខែមិថុនាថា ក្រោយពីអាជ្ញាធរកម្ពុជា និងថៃ បានរឹតបន្តឹងការចេញចូលមក ធ្វើឱ្យលោកពិបាកក្នុងការដឹកជញ្ជូនទំនិញចេញចូល ស្របពេលការលក់ដូរ កាន់តែធ្លាក់ចុះជាងមុន ដោយសារមិនសូវមានមនុស្សឆ្លងកាត់ច្រើនដូចមុន។
លោក រិទ្ធ បូរ៉ា លើកឡើងថា យុទ្ធសាស្រ្តរឹតបន្តឹងច្រកព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងរឿងជម្លោះព្រំដែននេះ គឺជាវិធីសាច់កម្ម ដែលធ្វើឱ្យខាតបង់ទាំងពលរដ្ឋខ្មែរ និងពលរដ្ឋដែលរស់នៅជាប់ព្រំដែន។
លោក រិទ្ធ បូរ៉ា និយាយថា៖ «ប្រជាជនថៃ ដែលត្រូវមករកស៊ីដឹកជញ្ជូននៅក្នុងស្រុកខ្មែរ ត្រូវដឹកចេញដឹកចូលប្រចាំថ្ងៃដែរ។ នៅពេលប្ដូរម៉ោងអ៊ីចឹងទៅ វាប្រថុចញ៉ុចពេក។ គ្រាន់តែយើងវាយត្រាលើកាតចូលហ្នឹង ម៉ោង ០៩ព្រឹក ហើយទម្រង់ជួរចូល រាប់រយរាប់ពាន់នាក់ ទម្រាំតែបានចូលហ្នឹង ដល់ម៉ោង ១១ថ្ងៃត្រង់ ម៉ោងបាយបាត់ហើយ។ ម៉ោងបាយហើយ រៀបចំអីវ៉ាន់មួយភ្លែត ដល់ម៉ោង ២រសៀល ត្រូវរៀបចំអីវ៉ាន់ចេញមកវិញ ម៉ោងជិត ៤រសៀលបាត់។ អ៊ីចឹងវាខ្លីមែនទែន ដោយសារតែភាពចលាចលមួយប្រាវនេះ»។
ថៃបានសម្រេចបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី កាលពីថ្ងៃទី០៧ ខែមិថុនា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជា ត្រូវបានយោធាថៃដាក់កំហិតម៉ោងចេញចូល ដោយបើកចាប់ពីម៉ោង ៨ ព្រឹក ខណៈភាគីកម្ពុជាបានផ្អាកការបើកច្រកព្រំដែន យឺតជាងភាគីថៃ ១ម៉ោង ពោលគឺនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច ខុសពីពេលធម្មតា ដែលបើកនៅម៉ោង ៦ព្រឹក និងបិទនៅម៉ោង ១០យប់។ ទន្ទឹមគ្នានេះ ភាគីថៃ បានកាត់បន្ថយទិដ្ឋាការ ឬវីសាឆ្លងដែនរបស់ពលរដ្ឋខ្មែរ ពី ១៤ថ្ងៃ មកនៅត្រឹម ០៧ថ្ងៃវិញ។
តែយ៉ាងណា នៅតាមមាត់ច្រកទ្វារចេញចូល ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលភាគច្រើនជាអាជីវករ និងពលករ មិនអាចចូលទៅលក់ដូរ និងធ្វើការតាមពេលកំណត់ ដែលធ្វើឱ្យផ្សារឡុងគឺ មានសភាពស្ងាត់ជាងមុន ខណៈការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញផ្សេងៗ ទាំងនៅខាងទឹកដីកម្ពុជា និងទឹកដីថៃត្រូវកកស្ទះ។
ទោះជាយ៉ាងណា ការកាត់បន្ថយពេលចេញចូលព្រំដែននេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីប៉ុណ្ណោះទេ ប៉ុន្តែបានបង្កការលំបាកដល់សិស្សសាលា ដែលត្រូវចេញចូលប្រចាំថ្ងៃផងដែរ។
គ្រូបង្រៀននៅសាលាឯកជនមួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កញ្ញា រិន ចាន់ធី ឱ្យដឹងថា ការកាត់បន្ថយម៉ោងឆ្លងកាត់ព្រំដែន បានធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្សមួយចំនួន ដែលមានអាណាព្យាបាលស្នាក់នៅឬលក់ដូរក្នុងផ្សារថៃ ដោយពួកគេបារម្ភពីសុវត្ថិភាព និងពិបាកចេញចូល។
កញ្ញា រិន ចាន់ធី និយាយថា៖ «មានសិស្សគាត់នៅក្នុងផ្សារថៃដែរ អ៊ីចឹងវាអាចប៉ះពាល់ខ្លះដែរ ដោយសារសិស្សដែលគាត់ស្នាក់នៅក្នុងផ្សារថៃតែម្ដង គាត់ឲ្យកូនគាត់សម្រាកសិន។ សម្រាកមើលស្ថានភាពពេលណាវាស្ងប់ស្ងាត់ ហើយគេបើកធម្មតាវិញ»។
ការរឹតបន្តឹងការចេញចូលនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារមកលើទាហានកម្ពុជា ដែលបណ្ដាលឱ្យទាហានខ្មែរស្លាប់ម្នាក់ នៅព្រឹកព្រលឹម កាលថ្ងៃទី២៨ ខែឧសភា ត្រង់ចំណុចមុំបី ក្នុងតំបន់ចុងបូក ខេត្តព្រះវិហារ។ ក្រោយហេតុការណ៍ប៉ះទង្គិចគ្នានេះ បានធ្វើឱ្យស្ថានភាពនៅតាមព្រំដែន បានឡើងកម្ដៅភ្លាមៗ ដោយកម្ពុជា និងថៃ បានចល័តទ័ព និងសព្វាវុធធន់ធ្ងន់ ទៅឈរជើងនៅតាមបន្ទាត់ខ្សែព្រំដែនរៀងៗខ្លួន។
វីអូឌី មិនអាចទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ដើម្បីសុំការធ្វើបច្ចុប្បន្នភាពពីស្ថានភាពនៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ បានទេនៅថ្ងៃចន្ទនេះ។
មិនខុសពីច្រកព្រំដែននៅក្រុងប៉ោយប៉ែតឡើយ នៅឯច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ជាប់ខេត្តសុរិន្ទ របស់ថៃវិញ មានការកកស្ទះតាំងពីម៉ោង ០៨ព្រឹក រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ដោយមានទាំង អាជីវករ ពលករ សិស្សនិស្សិត អ្នកជំងឺ និងស្រ្តីមានផ្ទៃពោះ បានឈរតម្រង់ជួររង់ចាំអាជ្ញាធរកម្ពុជា បើកទ្វារនៅម៉ោង ០៩ព្រឹក ដើម្បីឆ្លងចូលទឹកដីថៃ។
ជុំវិញបញ្ហានេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែព្រមព្រៀងគ្នាដោះស្រាយបញ្ហាជម្លោះរឿងព្រំដែន ដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាជាងការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋទាំងសងខាង។ លោកលើកឡើងថា ការរឹតបន្តឹងច្រកព្រំដែននេះ ភាគីថៃ គឺជាអ្នកខាតបង់ច្រើនជាងកម្ពុជា។
លោក ឌិន ពុទ្ធី និយាយថា៖ «ភាពពិតទៅ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ មានផលប៉ះពាល់ដូចគ្នា ដោយសារតែតម្រូវការរៀងខ្លួន។ ខាងថៃតម្រូវការនាំចូលមកខ្មែរ រីឯខ្មែរក៏មានតម្រូវការនាំចូលសម្ភារៈគ្រឿងសំណង់ ឬក៏គ្រឿងឧបករណ៍ និងគ្រឿងឧបភោគបរិភោគផ្សេងៗ យកមកប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃផងដែរ»។
កាលពីថ្ងៃទី៧ ខែមិថុនា កងទ័ពថៃបានចេញសេចក្តីប្រកាសថា ពួកគេបានទទួលការគ្រប់គ្រងលើ “ការបើក និងបិទ” ច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ការពារពីការគំរាមកំហែងណាមួយ មកលើអធិបតេយ្យភាព និងសន្តិសុខរបស់ថៃ។
យ៉ាងណាក៏ដោយ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែត ជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ។
លោកបានក្រើនរំលឹកពលរដ្ឋនៃប្រទេសទាំងពីរថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។
លោក ហ៊ុន សែន បានកត់សម្គាល់ថា តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង ១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥.២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ៕